Tuesday, October 15, 2013

ទស្សនៈ​ពលរដ្ឋ​អំពី​ឥទ្ធិពល​ព្រះ​មហា​វីរក្សត្រ​ក្រោយ​សោយ​ទិវង្គត



ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ចូល​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នៅ​ថ្ងៃ​ខួប​គម្រប់​មួយ​ឆ្នាំ ដែល​ព្រះ​អង្គបាន​សោយ​ទិវង្គត។ ពួក​គេ​នៅ​តែ​ក្ដុកក្ដួល​មិន​អស់​អាល័យ​ចំពោះ​ស្នា​ព្រះហស្ត​ព្រះអង្គ​ដែល​បាន​បន្សល់​ទុក​ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ ជា​ពិសេស​ការ​ទាមទារ​ឯករាជ្យ និង​ការ​បង្រួប​បង្រួម​ជាតិ។

ពលរដ្ឋ​ចូល​រួម​គោរព្ធ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នៅ​វិមាន​ព្រះ​បរម​រូប ក្បែរ​វិមាន​ឯករាជ្យ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៣។ RFA/Sochivy

ដោយ សុ ជីវី RFA 2013-10-15

មួយ​ឆ្នាំ​ក្រោយ​ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្ដម សីហនុ សោយ​ទិវង្គត ទស្សនៈ​ស្ដីពី​បង្រួប​បង្រួម​ជាតិ និង​ចង់​ឲ្យ​ជាតិ​មាន​សន្តិភាព​នៅ​តែ​ឋិត​ក្នុង​ការ​ចងចាំ​របស់​ពលរដ្ឋ។ ប្រជាពលរដ្ឋ​នៅ​តែ​ត្រូវ​ការ​ឲ្យ​មាន​អ្នក​បន្ត​វេន​ព្រះ​រាជកិច្ច​របស់​ព្រះអង្គ។

កំពុង​បួង​សួង​នៅ​ខាង​មុខ​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​វ័យ​ជាង ៦០​ឆ្នាំ អ្នកស្រី ខេមៈ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​ព្រះអង្គ​បាន​ចាក​ឆ្ងាយ​ពី​កម្ពុជា ក៏​ពិត​មែន តែ​ស្នាព្រះហស្ត​ព្រះអង្គ ជា​ពិសេស​ទស្សនៈ​កសាង​សន្តិភាព​នៅ​តែ​ឋិត​ក្នុង​ចិត្ត​ពលរដ្ឋ​ខ្មែរ​ស្ទើរ​គ្រប់​ទិស​ទី។

ព្រះ​ករុណា​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះអង្គ​ត្រូវ​បាន​ថ្វាយ​ព្រះ​បរម​នាម​ថា ជា​ព្រះបិតា​ឯករាជ្យ​ជាតិ ឯកភាព​ជាតិ និង​បង្រួប​បង្រួម​ជាតិ។ ព្រះអង្គ​ជា​ក្សត្រ​ឆ្នើម​ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​អាណាព្យាបាល​បារាំង ការ​ទាមទារ​ប្រាសាទ​ព្រះវិហារ និង​ការ​បង្រួប​បង្រួម​ភាគី​ជម្លោះ​ក្នុង​វិបត្តិ​សង្គ្រាម​ស៊ីវិល។



ប្រជាពលរដ្ឋ​មក​ពី​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម លោក រស់ រឿន មាន​ប្រសាសន៍​ថា អវត្តមាន​អង្គ​សម្ដេច​ឪ គួរ​ណាស់​តែ​អ្នក​នយោបាយ​គ្រប់​ភាគី​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ព្រះ​រាជ​បណ្ដាំ​របស់ ​ព្រះអង្គ ដែល​ផ្កាំ​ផ្ញើ​ជា​ចុង​ក្រោយ​ពី​រួបរួម​កម្លាំង​កសាង​ជាតិ​មាតុ​ភូមិ។

កញ្ញា ងួន ចិនអូន ដែល​ចូល​រួម​គោរព្ធ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ដែរ​នោះ មាន​ប្រសាសន៍​ថា នាង​រឹតតែ​គោរព និង​ផ្ដល់​តម្លៃ​ដល់​ព្រះអង្គ នៅ​ពេល​ដែល​កម្ពុជា បាន​ជួប​បញ្ហា​នៅ​ក្រោយ​ការ​បោះ​ឆ្នោត។ នាង​គិត​ថា ប្រសិន​បើ​ព្រះអង្គ​នៅ​មាន​ព្រះជន្ម ម្ល៉េះ​បញ្ហា​នៅ​ពេល​នេះ​ប្រហែល​អាច​ដោះស្រាយ​បាន​ដោយ​មាន​ព្រះអង្គ​គង់​ជា​​កណ្ដាល​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា។

នៅ​ក្រោយ​ការ​បោះ​ឆ្នោត​អ្នក​នយោបាយ​កំពូលៗ​នៅ​កម្ពុជា ចាប់​ផ្ដើម​មាន​គំនិត​ខ្វែង​គ្នា​ចំពោះ​លទ្ធផល​ឆ្នោត។ គណបក្ស​ប្រឆាំង​បាន​ធ្វើ​ពហិការ​ការ​ប្រជុំ​សភា​លើក​ដំបូង និង​បន្ត​កៀរគរ​សំឡេង​ពលរដ្ឋ ដើម្បី​ស្វែង​រក​ជំនួយ​ពី​បរទេស​ឲ្យ​ដាក់​សម្ពាធ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​បង្កើត​រដ្ឋាភិបាល​រួច​ជា​ស្រេច ហាក់​ដូច​មិន​ខ្វល់​ពី​ពហិការ​របស់​បក្ស​ប្រឆាំង​ឡើយ។ យ៉ាង​ណា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ទាំង​ពីរ​បាន​ប្រកាស​ហើយ​ថា ពួក​គេ​ពុំ​ដែល​បំភ្លេច​បណ្ដាំ​សម្ដេច​ព្រះ សីហនុ ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សម្ពោធ​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ថ្លែង​ថា លោក​ចង​ចាំ​មិន​ភ្លេច​ឡើយ​ពី​ព្រះរាជ​បណ្ដាំ​ព្រះ​មហាក្សត្រ ដែល​រំលឹក​ជានិច្ច​ពី​ការ​បង្រួប​បង្រួម​ជាតិ។

ចំណែក​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ក៏​បាន​ថ្លែង​នៅ​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នៅ​ទីស្នាក់ការ​បក្ស​ថា ក្រុម​របស់​លោក​ក៏​មិន​ព្រងើយ​កន្តើយ​ចំពោះ​ព្រះរាជ​បណ្ដាំ​ព្រះអង្គ​ឡើយ។

យ៉ាង​នេះ​ក្ដី​សម្រាប់​អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ លោក សុខ ទូច មាន​ប្រសាសន៍​ថា ឥទ្ធិពល​របស់​សម្ដេច​ឪ បាន​ថមថយ​តាំង​ពី​ព្រះអង្គ​នៅ​មាន​ព្រះជន្ម​នោះ​ម្ល៉េះ។ ភាគ​ច្រើន​អ្នក​នយោបាយ​តែង​យក​លេះ​ថា ធ្វើ​តាម​ព្រះរាជ​តម្រិះ​ព្រះមហាក្សត្រ ប៉ុន្តែ​ដើម្បី​ផលប្រយោជន៍​របស់​ពួក​គេ​រៀងៗ​ខ្លួន។

រហូត​មក​ដល់​ពេល​នេះ ក្នុង​ទស្សនៈ​ពលរដ្ឋ​ខ្មែរ​នៅ​តែ​ត្រូវ​ការ​ព្រះមហាក្សត្រ​ជា​ចាំ​បាច់ ដោយ​រំពឹង​ថា ព្រះអង្គ​គង់​នៅ​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា។

ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្នុង​ខណ្ឌ​ទួលគោក លោកស្រី មៀច សុផល មាន​ប្រសាសន៍​ថា លោកស្រី​ប្រាថ្នា​ឲ្យ​ព្រះមហាក្សត្រ​បច្ចុប្បន្ន គឺ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​នឹង​ទទួល​បាន​អំណាច​គ្រប់​គ្រាន់​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​ឲ្យ​ព្រះអង្គ​បន្ត​ស្នាព្រះហស្ត​នៃ​បិតា​ព្រះអង្គ។

ក្រៅ​ពី​នឹក​រលឹក​ដល់​ស្នាព្រះហស្ត​ព្រះមហាក្សត្រ ប្រជាពលរដ្ឋ​ដែល​ចូល​ទៅ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​បរម​រតន​កោដ្ឋ បាន​បួងសួង​សុំ​ឲ្យ​ព្រះអង្គ​បាន​ស្ថិត​នៅ​ទីឋាន​បរម​សុខ និង​បន្ត​ថែរក្សា​ទឹកដី​ខ្មែរ​ឲ្យ​មាន​សុខ​សន្តិភាព និង​ចម្រើន​រុង​រឿង៕


4 comments:

Anonymous said...


From my point of view this King Sihanouk is the bad king, he destroyed his own country by created Khmer rouge, from that time Cambodian people suffer until today.
King Sihanouk like to make relationship with communist country, he lived out the country most of the times some time in North Korea and some time in China.
This King love to play music, sing, dance and play as movie actor.
King Sihanouk is the most selfish king.

Today most of Cambodian people are not believe in the King anymore, because the King has no power to protect innocent Cambodians.

Every time I am thinking about Cambodia it just make my heart so painful, I wish we never have this kind of King.

Anonymous said...

Its true!
Power greedy king of China! His way or the high way,he chooses hi-way....Destroyed everythings in his path-killingfield was born because of his greeds to hold power as a king or preminister despite an objection from many patriotisms, He was useless king indeed!

Kmenhwatt

Anonymous said...



សូម្បីទេវត្ដាក៏ហាមឈាត់កុំឲ្យរាស្រ្ដចូលរួម ព្រះ​បរម​រតន​កោដនរោត្តម សីហនុ ​ឆ្នាំទីមួយដែរ។

ទឹកជំនន់ផ្តល់កសិណសាក្សី ស្រាប់។

​ព្រះរាជ​បណ្ដាំសុំ​ឲ្យ​ខ្មែរ​ទាំងអស់​ចេះ​សាមគ្គី​គ្នា រួប​រួម​កសាង​ជាតិ​ជា​ធ្លុង​មួយ ជៀស​ឲ្យ​ផុត​ពី​ការ​បែក​បាក់។ អាចបានឫទេ ?

ពេលទឹកជំនន់ រាស្ត្ររស់យ៉ាងវេទនា មន្ត្រីរាជការធ្វើបានប្រារព្ធពិធី យ៉ាងគគ្រឹកគគ្រេង។

តើ​សាមគ្គី​គ្នា រួប​រួម ជា​ធ្លុង​មួយយ៉ាងណាទៅ?។


ពេលទឹកជំនន់ពិធីអំទូកលុបចោល បោះបង់ចោល តើព្រះ​បរម​រតន​កោដនរោត្តម សីហនុអាចលុបចោលឫទេ ?។

ប្រយោជន៍រាស្ដ្រអាច បង់ចោលបាន ប្រយោជន៍ គ្រួសារស្ដេចមិនអាចបង់ចោលកើត។

នេះជា ភស្តុតាង ថាប្រយោជន៍រាស្ដ្រ ផ្ទុយ ពីប្រយោជន៍ គ្រួសារស្ដេច តើរាស្ដ្រអាចសង្ឃឹម លើស្ដេចមកការពារ ប្រយោជន៍របស់ខ្លួនឬទេ? ។

Anonymous said...

ប្រយោជន៍ស្ដេចជាអ្វី?

ចាស់ទំអម្បូរខ្ញុំធ្លាប់និយាយថា៖
"មនុស្សស្លាប់មិនអាចប្រោសអោយរស់បានឡើយ មនុស្សរស់បើអាចសង្គ្រោះបានហើយពិតជាតំណរនៃជោគវាសនា!"

ទាក់ទងទៅនឹងប្រយោជន៍រាស្ដ្រ ហើយនឹងប្រយោជន៍ស្ដេច ចាស់ទំក៏ធ្លាប់ពោលដែរថា៖ "ទូករាស្ដ្រវែងចម្នោះរាប់សិបនាក់ គេតែងប្រើសម្រាបអុំប្រណាំង រីឯព្រះរាជាគង់លើទូកមូលដូចសំបកឪឡឹ ប្រើជាទីន័ងមហិច្ឆតា កែឆ្នៃរង្វាស់រង្វាល់និរន្ដមហិទ្ធិឫទ្ធិ ទៅតាមប្រាថ្នា ត្រង់ណាក្បាលឬកន្សៃ ហ្លួង អោយនាមតាមហេតុការណ៍ រាស្ដ្ររងវេទនាស្ទើរលោះព្រលឹង ព្រោះតែ មហិទ្ធិឫទ្ធិទ្រព្រះរាជបល្លង្ក"

ចាស់ទំខ្មែរផ្ដាំកូនចៅថា៖
"កុំនិយាយផ្ដេសផ្ដាស កុំឈ្លោះនឹងព្រះរាជវង្ស កុំក្រោធនឹងព្រះហឫទ័យព្រះរាជា កុំមាថព្រះចេស្ដា នាំស្លាប់ប្រាំពីសន្ដាន"

តើមានប្រយោជន៍រាស្ដ្រដែរឬទេ?