Tuesday, October 15, 2013

នយោបាយ​ការទូត​របស់ សម្ដេច​ព្រះ នរោត្ដម សីហនុ


សម្ដេច​ព្រះ នរោត្តម សីហនុ ត្រូវ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ចាត់​ទុក​ថា ជា​អង្គ​ព្រះមហាក្សត្រ​ដ៏​ឆ្នើម​មួយ​អង្គ។ ព្រះអង្គ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ និង​បរទេស​មួយ​ចំនួន​ចាត់​ទុក​ថា ជា​អ្នក​ការទូត​ដ៏​ប៉ិន​ប្រសព្វ​មួយ​ព្រះអង្គ​ផង​ដែរ។


Photo caption: កិច្ច​ព្រមព្រៀង​សន្តិភាព​ប៉ារីស ចុះ​ហត្ថលេខា ថ្ងៃ​ទី​២៣ តុលា ១៩៩១ (ពី​ឆ្វេង​ទៅ​ស្ដាំ​ ៖ លោក សឺន សាន, សម្ដេច នរោត្តម សីហនុ, លោក ហ៊ុន សែន)Photo Provided

ដោយ យាង សុជាមេត្តា RFA 2013-10-15

តាម​រយៈ​ភាព​ប៉ិន​ប្រសព្វ​ក្នុង​ទំនាក់ទំនង​ការទូត សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ទាមទារ​ឯករាជ្យ​ជូន​ប្រជាជាតិ​ខ្មែរ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម ទាមទារ​យក​ប្រាសាទ​ព្រះវិហារ ដែល​ប្រទេស​ថៃ កាន់​កាប់​ត្រឡប់​មក​អោយ​ខ្មែរ​វិញ​ដោយ​សន្តិភាព ហើយ​ព្រះអង្គ​ក៏​បាន​ព្យាយាម​បញ្ចៀស​មិន​អោយ​កម្ពុជា ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​វៀតណាម ក្នុង​ទសវត្ស​៦០ តាម​រយៈ​នយោបាយ​អព្យាក្រឹត។

តើ​ដំណើរ​ការ​នយោបាយ​ការទូត​របស់​សម្ដេច​ព្រះ នរោត្តម សីហនុ មាន​លក្ខណៈ​យ៉ាង​ដូចម្តេច​ក្នុង​ព្រឹត្តិការណ៍​ទាំង​នេះ?

ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មិន​ថា​ចាស់ ឬ​ក្មេង សុទ្ធតែ​បាន​ទទួល​ស្គាល់​ស្នាព្រះហស្ត​របស់​ព្រះករុណា ព្រះបាទ សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​ការ​ទាមទារ​ឯករាជ្យ​ពី​អាណានិគម​និយម​បារាំង ប្រគល់​អោយ​ខ្មែរ​វិញ។ អ្វី​ដែល​ពិសេស​នោះ គឺ​ខុស​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ដែល​បាន​ប្រើ​ការ​តស៊ូ​ប្រដាប់​អាវុធ ដើម្បី​ទទួល​បាន​ឯករាជ្យ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ទាមទារ​យក​ឯករាជ្យ​ប្រគល់​អោយ​ប្រជាពលរដ្ឋ​ព្រះអង្គ​វិញ ដោយ​សន្តិវិធី និង​មិន​មាន​ការ​បង្ហូរ​ឈាម។



ក្នុង​ការ​ទាមទារ​ឯករាជ្យ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ធ្វើ​នយោបាយ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ នៅ​ក្នុង​ប្រទេស ព្រះអង្គ​បាន​បំផុស​អោយ​ពលរដ្ឋ​មាន​ភាព​ក្លាហាន ប្ដេជ្ញា​ទាមទារ​ឯករាជ្យ​ពី​បារាំង អោយ​ទាល់​តែ​បាន។ ក្នុង​ន័យ​នេះ ព្រះអង្គ​បាន​បង្កើត​អោយ​មាន​ចលនា​យុវជន និង​នារី​ក្លាហាន​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន។ ចំណែក​នយោបាយ​ក្រៅ​ប្រទេស​វិញ ព្រះអង្គ​បាន​ចាក​ចេញ​ទៅ​កាន់​ប្រទេស​បារាំង និង​ប្រទេស​លទ្ធិប្រជាធិបតេយ្យ​មួយ​ចំនួន​ផ្សេង​ទៀត ដូច​ជា សហរដ្ឋ​អាមេរិក កាណាដា និង​ជប៉ុន ដើម្បី​ថ្លែង​ប្រាប់​មេ​ដឹក​នាំ​ប្រទេស​ទាំង​នេះ ពី​ការ​ស្រែក​ឃ្លាន​ឯករាជ្យ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

សាស្ត្រាចារ្យ​ផ្នែក​ប្រវត្តិវិទ្យា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សំបូរ មាណ្ណារ៉ា បាន​មាន​ប្រសាសន៍​ថា សម្ដេច​ព្រះ នរោត្តម សីហនុ បាន​រៀប​ចំ​យន្តការ​ទាមទារ​ឯករាជ្យ​តាំង​តែ​ពី​ពេល​ព្រះអង្គ​ឡើង​គ្រងរាជ្យ​នៅ​ឆ្នាំ​១៩៤១ ដោយ​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​ដែល​មាន​លក្ខណៈ​ស្រទន់ និង​អហិង្សា។ លោក​បន្ត​ថា បើ​ទោះ​ជា​កម្ពុជា ត្រូវ​តស៊ូ​ជា​ជា​បន្តបន្ទាប់ ដើម្បី​ឯករាជ្យ​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២ នៅ​ឆ្នាំ​១៩៤៥ ក៏​សម្ដេច​ព្រះ នរោត្តម សីហនុ បន្ត​រក្សា​ជានិច្ច​នយោបាយ​ការទូត​ស្រទន់​របស់​ព្រះអង្គ។

លោក សំបូរ មាណ្ណារ៉ា៖ «ទោះ​បី​ជា​មាន​ការ​ប្ដូរ ដើម្បី​ឯករាជ្យ​ម្តង​នៅ​ឆ្នាំ​១៩៤៥ ហើយ​ត្រូវ​បារាំង ត្រឡប់​មក​វិញ ក៏​ព្រះអង្គ​នៅ​រក្សា​បាន​នយោបាយ​ការទូត ក្នុង​ន័យ​ធ្វើ​អោយ​ពលរដ្ឋ​របស់​ព្រះអង្គ ទទួល​បាន​សេចក្តី​សុខ និង​សន្តិភាព​ដដែល។ ចំណុច​នេះ ជា​ចំណុច​ដ៏​សំខាន់​មួយ ដែល​ជា​ស្នាព្រះហស្ត​របស់​ព្រះអង្គ ដែល​មគ្គទេសក៍​ទាំង​ឡាយ​គួរ​តែ​មាន​មេ​រៀន​ចំពោះ​បញ្ហា​នេះ។ សូម​ជ្រាប​ថា ការ​ធ្វើ​ដំណើរ​ព្រះអង្គ​យាង​ចេញ​ទៅ​ក្រៅ​ប្រទេស​ក្តី ក៏​ដូច​ជា​ព្រះអង្គ​នៅ​ក្នុង​ប្រទេស​ក្តី គឺ​មិន​បាន​នាំ​គ្នា​បង្កើត​អោយ​មាន​ចលនា​សង្គ្រាម​ឡើយ តែ​គ្រាន់​បង្ហាញ​អំពី​ទឹក​ចិត្ត​ក្លាហាន ក្នុង​ការងារ​ទាមទារ​ឯករាជ្យ​តែ​ប៉ុណ្ណោះ»។

ក្រោយ​ពេល​កម្ពុជា ទទួល​បាន​ឯករាជ្យ​ពេញ​លេញ ក្នុង​ឆ្នាំ​១៩៥៣ សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​នាម​ជា​មេ​ដឹក​នាំ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​អោយ​ដឹក​នាំ​ប្រទេស ក្នុង​ឆ្នាំ​១៩៥៥ បាន​ខិត​ខំ​កសាង​ប្រទេស​របស់​ព្រះអង្គ​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ រហូត​ត្រូវ​បាន​ពិភពលោក​ប្រសិទ្ធិនាម​ថា ជា​កោះ​សន្តិភាព​នៅ​អាស៊ី នៅ​ក្នុង​ទសវត្ស​ទី​៦០។

ក្រៅ​ពី​ការងារ​អភិវឌ្ឍ​ប្រទេស​អោយ​រីក​ចម្រើន ព្រះអង្គ​បាន​បង្កើត​ស្នាព្រះហស្ត​ដ៏​សំខាន់​មួយ​ផ្សេង​ទៀត សម្រាប់​ប្រទេស​របស់​ព្រះអង្គ នោះ​គឺ​ការ​ឈ្នះ​ក្តី​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ លើ​បណ្ដឹង​ទាមទារ​យក​ប្រាសាទ​ព្រះវិហារ ដែល​កាន់​កាប់​ដោយ​ប្រទេស​ថៃ ប្រគល់​អោយ​ប្រជាជាតិ​របស់​ព្រះអង្គ​វិញ នៅ​ឆ្នាំ​១៩៦២។ ជា​ថ្មី​ម្តង​ទៀត ការ​ទាមទារ​យក​ប្រាសាទ​បុរាណ​ដ៏​ល្អ​ប្រណីត​មួយ​នេះ មិន​បាន​ធ្វើ​អោយ​ពលរដ្ឋ​របស់​ព្រះអង្គ​រង​ទុក្ខ​វេទនា ដោយសារ​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​ឡើយ។

តែ​ទោះ​ជា​យ៉ាង​ក៏ដោយ កម្ពុជា ដែល​គេ​ប្រសិទ្ធិនាម​ថា ជា​កោះ​សន្តិភាព បាន​រង​បន្តិច​ម្តងៗ​នូវ​ចំហាយ​សង្គ្រាម​មនោគមវិជ្ជា ដែល​កើត​ឡើង​នៅ​ក្បែរ​ជញ្ជាំង​ផ្ទះ​របស់​ខ្លួន នោះ​គឺ​សង្គ្រាម​រវាង​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម​ខាង​ជើង គាំទ្រ​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​អតីត​សហភាព​សូវៀត និង​រដ្ឋាភិបាល​សេរី​វៀតណាម​ខាង​ត្បូង គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក។

ដើម្បី​ទប់ទល់​នឹង​ចំហាយ​កម្ដៅ​សង្គ្រាម​កុំ​អោយ​រីក​រាល​ដាល​ចូល​ក្នុង​ទឹក​ដី​របស់​ព្រះអង្គ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​ប្រកាស​ប្រាប់​សហគមន៍​អន្តរជាតិ​ថា កម្ពុជា ប្រកាន់​គោល​នយោបាយ​អព្យាក្រឹត មាន​ន័យ​ថា កម្ពុជា មិន​ចូល​បក្ស​សម្ព័ន្ធ​ជាមួយ​មហា​អំណាច​ណា​មួយ​ឡើយ។ តែ​គោល​នយោបាយ​អព្យាក្រឹត​របស់​ព្រះអង្គ ត្រូវ​បាន​រិះគន់​ដោយ​សហរដ្ឋ​អាមេរិក ព្រោះ​មហា​អំណាច​លោក​សេរី​មួយ​នេះ ចង់​អោយ​កម្ពុជា ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​គេ​នៅ​ក្នុង​តំបន់។

បើ​ទោះ​ជា សម្ដេច​ព្រះ នរោត្តម សីហនុ ប្រកាស​ថា កម្ពុជា ជា​រដ្ឋ​អព្យាក្រឹត​ក៏ដោយ ប៉ុន្តែ​គេ​ដឹង​ថា ព្រះអង្គ​មាន​ទំនាក់ទំនង​សម្ងាត់​ជាមួយ​វៀតណាម​ខាង​ជើង ដោយ​ព្រះអង្គ​បាន​អនុញ្ញាត​អោយ​មាន​វត្តមាន​ទ័ព​កុម្មុយនីស្ត​វៀតណាម ឈរ​ជើង​លើ​ទឹក​ដី​កម្ពុជា ព្រម​ទាំង​អនុញ្ញាត​អោយ​ទ័ព​កុម្មុយនីស្ត​វៀតណាម បង្កើត​ផ្លូវ​លំ​ហូជីមិញ ឆ្លង​កាត់​ទឹក​ដី​ខ្មែរ និង​អនុញ្ញាត​អោយ​ពួក​កុម្មុយនីស្ត​ប្រើប្រាស់​កំពង់ផែ​ក្រុង​ព្រះសីហនុ ដើម្បី​ដឹក​អាវុធ​ពី​ចិន អោយ​ទ័ព​វៀតណាម​ខាង​ជើង វាយ​ជាមួយ​កងទ័ព​អាមេរិក នៅ​ប្រទេស​វៀតណាម​ខាង​ត្បូង។

ទាក់ទង​នឹង​នយោបាយ​រេរា​របស់ សម្ដេច​ព្រះ នរោត្តម សីហនុ លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ​បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ប្រទេស​កម្ពុជា មាន​ទំនាក់ទំនង​មិន​សូវ​ល្អ​ជាមួយ​សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​១៩៦៣ កម្ពុជា បាន​ចាប់​ផ្ដើម​លម្អៀង​បន្តិច​ម្តងៗ​ទៅ​កាន់​ប្រទេស​ចិន កុម្មុយនីស្ត។ ក្រោយ​មក កម្ពុជា ក៏​បាន​អនុញ្ញាត​អោយ​ទ័ព​កុម្មុយនីស្ត​វៀតណាម ប្រើប្រាស់​ទឹក​ដី​របស់​ខ្លួន​ដឹក​ជញ្ជូន​ស្បៀង និង​អាវុធ​យុទ្ធភណ្ឌ​ផ្សេងៗ​ទៀត ដើម្បី​ប្រយុទ្ធ​នឹង​ទ័ព​វៀតណាម​ខាង​ត្បូង និង​អាមេរិក។ លោក​ថា កម្ពុជា មាន​ជើង​ម្ខាង​ជាន់​ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម​នៅ​វៀតណាម រួច​ទៅ​ហើយ នៅ​មុន​ឆ្នាំ​១៩៧០។

លោក ឡៅ ម៉ុងហៃ៖ «ប្រកាន់​ជំហរ​អព្យាក្រឹត​កុំ​ទៅ​ជួយ​គេ តែ​ជួយ​ភាគី​ខាង​ណា​ដូច​យើង​បាន​ជួយ​អ៊ីចឹង យើង​ថ្លោះធ្លោយ​ខ្លួន​យើង ហើយ​មួយ​ទៀត ក្នុង​ការ​ជួយ​គេ​ដូច​ជា​អនុញ្ញាត​អោយ​វៀតណាម​ខាង​ជើង និង​វៀតណាម​ខាង​ត្បូង​កុម្មុយនីស្ត​ហ្នឹង គេ​ចូល​មក​ស្នាក់​នៅ​តាម​តំបន់​ព្រំប្រទល់​ដែន​យើង​មិន​បាន​ដក​អាវុធ​គេ អា​ហ្នឹង​ខុស​ធ្ងន់។ ម៉្លោះ​ហើយ គេ​ចេះ​តែ​នៅៗ​ទៅ យើង​ដេញ​គេ​លែង​ចេញ​ទៅ។ យើង​មិន​បាន​ប្រកាន់​អោយ​ខ្ជាប់​នូវ​គោល​នយោបាយ​អព្យាក្រឹត ហើយ​គឺ​រេ​ឡើង​រេ​ចុះ តាម​ពិត​ទៅ ដើម្បី​រក​ផល​ប្រយោជន៍ ប្រទេស​យើង ក៏ប៉ុន្តែ​ដូរ​ឡើង​ដូរ​ចុះ ទី​បំផុត​ទៅ យើង​អត់​បាន​សម្រេច​ផល​មាន​ទាំង​ពិបាក​វេទនា​ខ្លួន​ឯង​ទៅ​ទៀត បាន​ផល​ប្រយោជន៍​បញ្ច្រាស​មក​វិញ»។

ទាក់ទង​នឹង​បញ្ហា​នេះ​ដដែល សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បាន​មាន​ប្រសាសន៍​ថា វត្តមាន​នៃ​ពួក​កុម្មុយនីស្ត​វៀតណាម នៅ​លើ​ទឹក​ដី​កម្ពុជា មាន​តាំង​ពី​សម័យ​ខ្មែរ​ឥស្សរៈ រហូត​ដល់​ការ​បង្កើត​គណបក្ស​នយោបាយ​ក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​ឆ្នាំ​១៩៦៣ ដែល​ដឹក​នាំ​ដោយ ប៉ុល ពត គឺ​សុទ្ធតែ​មាន​ចំណែក​របស់​ក្រុម​កុម្មុយនីស្ត​វៀតណាម ផង​ដែរ។ លោក​បន្ថែម​ថា សង្គ្រាម​ដែល​បាន​ឆាបឆេះ​នៅ​ប្រទេស​ឡាវ និង​វៀតណាម បាន​ជះ​ចំហាយ​ក្តៅ​ដល់​ប្រទេស​កម្ពុជា បើ​ទោះ​ជា​កម្ពុជា ខ្លួន​ឯង មិន​ចង់​រង​នូវ​ចំហាយ​នេះ​ក្តី។ លោក​ថា អ្វី​ដែល សម្ដេច​ព្រះ នរោត្តម សីហនុ ព្យាយាម​ដោះស្រាយ​នៅ​ពេល​នោះ គឺ​ធ្វើ​យ៉ាង​ណា​មិន​អោយ​ភ្លើង​សង្គ្រាម​ឆាបឆេះ​ដល់​កម្ពុជា។

លោក សំបូរ មាណ្ណារ៉ា៖ «ការ​ក្តៅ​បន្តិចបន្តួច វា​ជា​រឿង​ធម្មតា​របស់​ចំហាយ​ភ្លើង ប៉ុន្តែ​ការ​ប្រឹង​មិន​អោយ​ឆេះ គឺ​ជា​រឿង​សំខាន់ ព្រះករុណា​ព្រះអង្គ​បាន​ប្រឹង​មិន​អោយ​ឆេះ​រហូត​ដល់​ឆ្នាំ​១៩៦៩ ១៩៧០ ស្រាប់​តែ​ប្រទេស​យើង​ឆេះ​តែ​ម្តង។ អ៊ីចឹង ទាំងអស់​នេះ​យើង​សួរ​ឡើង​វិញ​ថា តើ​ព្រះករុណា​អង្គ​ឯង​ឬ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ភ្លើង​សង្គ្រាម? តើ​ព្រះករុណា​អង្គ​ឯង​ឬ​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​វត្តមាន​កងទ័ព​វៀតណាម នៅ​កម្ពុជា? ចំណុច​ទាំងអស់​នេះ គឺ​សុទ្ធតែ​កើត​ចេញ​ពី​ភាព​ស្នេហា​ជាតិ​ទាំងអស់ ព្យាយាម​ធ្វើ​យ៉ាង​ម៉េច ដើម្បី​កុំ​អោយ​ប្រជាពលរដ្ឋ​ព្រះអង្គ​ក្តៅ កុំ​អោយ​ប្រជាពលរដ្ឋ​ព្រះអង្គ​ឆេះ»។

មាន​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន បាន​មើល​ឃើញ​ថា សម្ដេច​ព្រះ នរោត្តម សីហនុ ពិត​ជា​មាន​ជម្រើស​ដ៏​លំបាក​ក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាម។ លោក ដេវីដ ឆែនល័រ (David Chandler) អ្នក​ប្រវត្តិសាស្ត្រ​បរទេស​ដែល​បាន​សរសេរ​សៀវភៅ ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា (A History of Cambodia) បាន​លើក​ឡើង​ក្នុង​សៀវភៅ​របស់​គាត់​ថា "សម្ព័ន្ធភាព​ជាមួយ​វៀតណាម​ខាង​ជើង ប្រហែល​ជា​ជម្រើស​ដែល​សម្ដេច​ព្រះ នរោត្តម សីហនុ មិន​អាច​ជៀស​រួច​នោះ​ទេ"។ លោក​បន្ថែម​ថា "ប្រសិន​បើ​ព្រះអង្គ​ហាម​មិន​អោយ​ទ័ព​កុម្មុយនីស្ត​វៀតណាម ផ្លាស់​ទី​ចូល​កម្ពុជា ពួក​គេ​នឹង​ចូល​ដោយ​ខ្លួន​ឯង ហើយ​នឹង​សម្លាប់​កងទ័ព​ខ្មែរ​ដែល​ហ៊ាន​ទៅ​រារាំង​ពួក​គេ"។ លោក​បន្ត​ថា "ប្រសិន​បើ​ព្រះអង្គ​មាន​សម្ព័ន្ធភាព​ជាមួយ​វៀតណាម​ខាង​ត្បូង​វិញ សង្គ្រាម​ស៊ីវិល​នៅ​វៀតណាម នឹង​ហូរ​ចូល​មក​ប្រទេស​កម្ពុជា។ ដូច្នេះ មិត្តភាព​របស់​ព្រះអង្គ​ជាមួយ​ប្រទេស​ចិន គឺ​ជា​ការ​ព្យាយាម​ដើម្បី​អោយ​មាន​តុល្យភាព​អំណាច​រវាង​វៀតណាម​ខាង​ត្បូង និង​ជា​ឥទ្ធិពល​ដើម្បី​ទប់ស្កាត់​ការ​រុល​ចូល​របស់​កងទ័ព​កុម្មុយនីស្ត​វៀតណាម ចូល​ក្នុង​ទឹក​ដី​កម្ពុជា"។

អ្នក​ស្រាវជ្រាវ​បរទេស​ខ្លះ​ទៀត ដូច​ជា អតីត​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​របស់​បណ្ដាញ​សារព័ត៌មាន ញីវស្វីក (Newsweek) លោក ប៊ែរណាដ៏ គ្រីស័រ (Bernard Krisher) បាន​កោត​សរសើរ​ចំពោះ​នយោបាយ​ការទូត​របស់ សម្ដេច​ព្រះ នរោត្តម សីហនុ ក្នុង​សម័យ​សង្គ្រាម​នៅ​វៀតណាម។ លោក ប៊ែរណាដ៏ គ្រីស័រ បាន​និយាយ​សរសើរ​នៅ​ក្នុង​សៀវភៅ​ដែល​មាន​ចំណង​ជើង សម្ដេច​ព្រះ នរោត្តម សីហនុ រំលឹក​ប្រវត្តិ​រឿង​ដើម​ជាមួយ​មេ​ដឹក​នាំ​ខ្លះ​នៅ​លើ​ពិភពលោក ថា "កូនសោ​សម្រាប់​យល់​ពី​សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​នៅ​ពេល​អ្នក​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ដ៏​តូច ដែល​គ្មាន​អ្វី​ការពារ ហើយ​ត្រូវ​ការ​ជំនួយ​បរទេស​នៅ​ពេល​ប្រកួត​ប្រជែង និង​មហា​អំណាច គឺ​មាន​តែ​ចូល​ដៃ​ខាង​ពួក​គេ។ ដូច្នេះ យុទ្ធសាស្ត្រ​ដែល​អាច​ដំណើរ​ការ​ទៅ​បាន មាន​តែ​រេរា​ចូល​ខាង​ម្ខាង​ទៀត ហើយ​ធ្វើ​អោយ​អ្នក​រាល់​គ្នា​មាន​ការ​ងឿង​ឆ្ងល់។ នេះ គឺ​ជា​សិល្បៈ​ដ៏​ទន់ភ្លន់ ហើយ សម្ដេច​ព្រះ នរោត្តម សីហនុ គឺ​ជា​អ្នក​សម្ដែង"៕



5 comments:

Anonymous said...

pi khmeng pal tov niyork rort montrey cher! sdech & koun sdech thork nas.

Son of Farmer said...

This was the greatest opportunity for Xihanouk to run against Hun Xen, if he were patriotically loving Khmer and nation, and conscientiously correcting his ultimately repeating mistakes..

But unfortunately, Xihanouk cowardly and selfishly worked for Hun Xen, and publicly announced that only Hun Xen was the perfectly right person to be a new PM...What unearthly shameful?

Anonymous said...


Sihanouk was warned before and after the conference in 1991 not let Hun Sen outfoxing him.
But Sihanouk reply was, “The only Khmer who is smarter than me is not born yet.”


Anonymous said...


Sihanouk was warned before and after the conference in 1991 not let Hun Sen outfoxing him.
But Sihanouk reply was, “In politic, the only Khmer who is smarter than me is not born yet.”


Anonymous said...

នៅក្នុងសាលាក្តីទាមទារយកមានលោកទ្រឿ កាង
ជាដំណាង ដោយមាន Honorable dean Acheson ជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសអា មេរិកាំង ជាឥស្សរជនមានឥទ្ធិពលណាស់នៅក្នុង
នោះ រួមទាំងអ្នកច្បាប់ល្បីៗ ជាជនជាតិបារាំងដូច
ជាលោកសាស្រ្តាចារ្យRoger Pinto និងលោក
សាស្រ្តចារ្យPaul Reuter ធ្វើជាមេធាវីនិងជាទី
ប្រឹក្សាទៀតផង។
ខ្ញុំទទួលស្គាល់ស្នាដៃព្រះករុណាសម្តេចព្រះនរោត្តម សីហនុដែលទ្រង់ស្ថិតនៅជាព្រះប្រមុខរដ្ឋគឺ៖ខ្មែរ
យើងរួបរួមគ្នាខ្លាំងណាស់។ តែបន្ទាប៉ពីទ្រង់កាន់អា
ព្យាក្រិតលំអៀងទៅរកកុម្មុនិស្តចិន+យួនទ្រង់បាន
ដេញអន្តរះជាតិដែលមានភារះកិច្ចត្រួតពិនិត្តអាព្យា
ក្រិតមានជនជាតិឥណ្តៀ+ប៉ូឡូញនិងគាណាដាឆ្នាំ ៦៣ ហើយពេលនោះគេឭទ្រង់ថាស្អប់ខ្មែរក្រហម
ហើយទាហានហ្លួងចាប់ពួកខ្មែរក្រហមមកឃុំនៅប ន្ទាយចំការមន,ពេលទ្រង់សម្ពោតទីកន្លែងនានា។(កាលនោះខ្ញុំមានអាយុ១៤ឆ្នាំ)ខ្ញុំពុំដឹងថាខ្មែរក្រ ហមជាស្អីផង។ ណ្ហើយចុះដើម្បិកុំឲ្យចាកប្រធាន
ខ្ញុំសូមជំរាបត្រឹមនេះសិន ហើយក៏សមល្មមទៅតាម
សំណួរដែលវិទ្យុអាស៊ីសេរីចង់ដឹងដែរ សូមអរគុណ
និងសូមជំរាបលា៕