Tuesday, October 15, 2013

បក្ស​កាន់​អំណាច​ចេញ​យុទ្ធសាស្ត្រ​៥​ចំណុច​កែ​ទម្រង់​ការ​បោះ​ឆ្នោត


បច្ចុប្បន្ន​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​បែង​ចែក​តួនាទី​គ្រប់គ្រង​សភា។ គណបក្ស​ប្រឆាំង​មិន​ព្រម​ចូល​រួម​កិច្ច​ប្រជុំ​សភា​ជា​លើក​ដំបូង និង​ប្រកាស​ធ្វើ​មហា​បាតុកម្ម នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ខាង​មុខ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ នាំ​គ្នា​តម្រង់​ជួរ​រង់ចាំ​ចូល​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ឆ្នាំ​២០១៣។RFA/Sek Bandith


ដោយ វណ្ណ វិចារ 2013-10-15

ប៉ុន្តែ បក្ស​កាន់​អំណាច​បែរ​ជា​មិន​អើពើ​ទេ ដោយ​សម្រេច​ប្រជុំ​សភា និង​ជ្រើស​រើស​គណៈ​រដ្ឋមន្ត្រី​តែ​ឯក​បក្ស។ នៅ​ពេល​ដែល​ស្ថានការណ៍​នយោបាយ​មិន​ទាន់​នឹងន​នៅ​ឡើយ បក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ប្រកាស​ឲ្យ​មតិ​ជាតិ អន្តរជាតិ គាំទ្រ​យន្តការ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។

គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ ៥​ចំណុច ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ក្នុង​បំណង​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​តាម​បែប​លទ្ធិប្រជាធិបតេយ្យ និង​សំដៅ​ពង្រឹង​ការ​គោរព​ច្បាប់។

ចំណុច​ទាំង​នោះ រួម​មាន ទី​១ ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​នីតិវិធី​ទាំង​ឡាយ​ដែល​ពាក់ព័ន្ធ និង​ការ​បោះ​ឆ្នោត ជាអាទិ៍​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បទ​បញ្ជា និង​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត។ ទី​២ ស្នើ​បង្កើត​ច្បាប់​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យ​មាន​ការ​លើក​កម្ពស់ សុចរិត​ភាព និង​តម្លាភាព​នៃ​ការ​បោះ​ឆ្នោត ដូច​ជា​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ និង​លិខិត​បទដ្ឋាន​មួយ​ចំនួន​ទៀត។ ទី​៣ គណបក្ស​កាន់​អំណាច​ប្រកាស​បើក​ចំហ និង​ទទួល​យក​នូវ​អនុសាសន៍​គ្រប់​មជ្ឈដ្ឋាន ទាក់ទង​នឹង​ការ​បោះ​ឆ្នោត។ ទី​៤ បង្កើត​យន្តការ​សិក្សា​ស្រាវជ្រាវ ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ ទី​៥ ក្របខ័ណ្ឌ​កំណែ​ទម្រង់​នេះ ត្រូវ​អនុវត្ត​ដោយ​រាជ​រដ្ឋាភិបាល និង​រដ្ឋសភា។ គណបក្ស​កាន់​អំណាច​ថែម​ទាំង​បាន​អំពាវនាវ​ចំពោះ​សហគមន៍​ជាតិ និង​អន្តរជាតិ ឲ្យ​គាំទ្រ​ដំណើរ​ការ​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​នីតិរដ្ឋ ដែល​រួម​ចំណែក​ដល់​ការ​បង្រួប​បង្រួម​ជាតិ។

ការ​ចេញ​សេចក្តី​ថ្លែងការណ៍​នេះ ស្រដៀង​នឹង​សេចក្តី​ថ្លែងការណ៍​របស់​តំណាង​អង្គការ​សហប្រជាជាតិ និង​សេចក្តី​ថ្លែងការណ៍​របស់​សង្គម​ស៊ីវិល ដែល​និយាយ​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែរ។

សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង កាល​ពី​ដើម​ឆ្នាំ​២០១៣ បាន​ទទូច​ជា​រឿយៗ រហូត​ប្រើ​វិធី​ដាក់​ញត្តិ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​បក្ស​កាន់​អំណាច ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដូច​ជា​ដូរ​សមាសភាព គ.ជ.ប កែ​ទម្រង់​របៀប​ចុះ​ឈ្មោះ​បោះ​ឆ្នោត ការ​ជំរុញ​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​គណបក្ស​នយោបាយ និង​គោលការណ៍​ស្មើ​ភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម។ កាល​ណោះ បក្ស​កាន់​អំណាច​ប្រកាស​ថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ និង​មិន​មាន​ការ​ចាំបាច់​ក្នុង​ការ​កែប្រែ​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ថា លោក​មិន​មាន​ជំនឿ​ថា បក្ស​កាន់​អំណាច​មាន​ចេតនា​ពិត​ប្រាកដ​ក្នុង​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ទេ។ លោក​បន្ត​ថា ការ​ប្រកាស​ធ្វើ​កំណែ​ទម្រង់​នេះ គ្រាន់​តែ​ជា​លេស​ដើម្បី​កាត់​បន្ថយ​នូវ​ការ​ខឹង​សម្បារ​ពី​សំណាក់​ម្ចាស់​ឆ្នោត និង​ទាក់ទាញ​អន្តរជាតិ​ឲ្យ​គាំទ្រ​អំណាច​ឯក​បក្ស​របស់​ខ្លួន​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា ការ​ធ្វើ​កំណែ​ទម្រង់​មាន​ប្រសិទ្ធភាព​ទៅ​បាន គឺ​អាស្រ័យ​លើ​តុល្យភាព​អំណាច​នៅ​ក្នុង​សភា និង​ការ​បង្កើត​យន្តការ​ត្រួត​ពិនិត្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ប្រយោជន៍​ជាតិ។

មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន យល់​ថា សេចក្តី​ថ្លែងការណ៍​របស់​បក្ស​កាន់​អំណាច​លើក​នេះ ជា​ការ​បន្ទន់​ជំហរ​មួយ ដើម្បី​ទាក់ទាញ​សំឡេង​គាំទ្រ​ពី​ពលរដ្ឋ។ ហើយ​សេចក្តី​ថ្លែងការណ៍​នេះ ហាក់​ទទួល​ស្គាល់​ថា ប្រព័ន្ធ​បោះ​ឆ្នោត​នៅ​កម្ពុជា នា​ពេល​កន្លង​ទៅ មាន​បញ្ហា​រួច​ទៅ​ហើយ។ ហើយ​លិខិត​នេះ គឺ​ផ្ទុយ​គ្នា​ទាំង​ស្រុង​ពី​សៀវភៅ​ស ឬ​ជា​របាយការណ៍​វិភាគ​របស់​រាជ​រដ្ឋាភិបាល ចេញ​ផ្សាយ​ថ្ងៃ​ទី​២០ កញ្ញា ដែល​ចាត់​ទុក​ថា ដំណើរ​ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​តាម​បែប​ប្រជាធិបតេយ្យ​រួច​ទៅ​ហើយ​នោះ។

សៀវភៅ​ស​របស់​រាជ​រដ្ឋាភិបាល បាន​បើក​ការ​វាយ​ប្រហារ​លើ​ទង្វើ​របស់​គណបក្ស​ប្រឆាំង តាំង​ពី​មុន​បោះ​ឆ្នោត រហូត​ក្រោយ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត។ សៀវភៅ​ស ក៏​បាន​ចោទ​សង្គម​ស៊ីវិល​ចំនួន​ពីរ គឺ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) និង​អង្គការ ខុមហ្វ្រែល (Comfrel) ដែល​ធ្លាប់​បាន​ចេញ​របាយការណ៍​អង្កេត​ស្រាវជ្រាវ​ស្ដីពី​ការ​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ថា​ចូល​ដៃ​ចូល​ជើង​ជាមួយ​បក្ស​ប្រឆាំង។ ក្រៅ​ពី​នោះ រាជ​រដ្ឋាភិបាល​ចោទ​ប្រកាន់​ស្ថាប័ន​សារព័ត៌មាន​ចំនួន​៤ គឺ​វិទ្យុ​អាស៊ីសេរី វិទ្យុ​វីអូអេ កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាសែត ឌឹ ខាមបូឌាដេលី ថា​បាន​ផ្សាយ​ព័ត៌មាន​ភាគ​ច្រើន​សុទ្ធសឹងតែ​ជា​ព័ត៌មាន​ប្រឌិត បំផ្លើស និង​មួល​បង្កាច់​ការ​ពិត តាំង​ពី​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត។ មិន​តែ​ប៉ុណ្ណោះ បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យូធូប (Youtube) ថ្វីតធឺ (Twitter) ក៏​ត្រូវ​រង​ការ​ចោទ​ពី​រាជ​រដ្ឋាភិបាល​ដែរ​ថា ផ្សាយ​ព័ត៌មាន​បំពុល​បរិយាកាស​សង្គម កេង​ចំណេញ​នយោបាយ។

ទោះ​ជា​បែប​ណា​ក្តី នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា អង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា ចាត់​ទុក​ថា សេចក្តី​ថ្លែងការណ៍​របស់​បក្ស​កាន់​អំណាច ជា​ដំណើរ​ឆ្ពោះ​ទៅ​មុខ​នៃ​ការ​កែ​ទម្រង់​រដ្ឋ។ លោក​បន្ត​ថា ដើម្បី​ឲ្យ​គេ​ជឿ​ថា បក្ស​នេះ​ចង់​កែ​ទម្រង់​ប្រាកដ​មែន លុះត្រា​តែ​មាន​មាន​ការ​បែង​ចែក​អំណាច​ក្នុង​សភា ឲ្យ​បក្ស​ប្រឆាំង​មាន​ឥទ្ធិពល​ត្រួត​ពិនិត្យ​អំណាច​រាជ​រដ្ឋាភិបាល​ជា​មុន​សិន។ លោក​បញ្ជាក់​ថា ការ​ពី​ពេល​កន្លង​ទៅ បក្ស​កាន់​អំណាច​ប្រកាស​កែ​ទម្រង់​ដំណើរ​ការ​បោះ​ឆ្នោត​មែន តែ​គឺ​កែ​ដើម្បី​តែ​ប្រយោជន៍​ខ្លួន​ប៉ុណ្ណោះ។

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា អង្គការ ខុមហ្វ្រែល ធ្លាប់​ចេញ​របាយការណ៍​មួយ​កាល​ពី​ដើម​ឆ្នាំ​២០១៣ ដោយ​បង្ហាញ​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា កំពុង​តែ​ដើរ​ថយ​ក្រោយ។ សង្គម​ស៊ីវិល​នេះ ក៏​រក​ឃើញ​ថា គណបក្ស​កាន់​អំណាច​បាន​ប្រើប្រាស់​មធ្យោបាយ​ជាច្រើន ដើម្បី​ពង្រឹង​អំណាច​ខ្លួន និង​កំចាត់​សំឡេង​ជំទាស់។ ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា បង្ហាញ​ថា បក្ស​ប្រជាជន​កម្ពុជា ធ្លាក់​សំឡេង​គាំទ្រ​ជាង​កន្លះ​លាន​សំឡេង ស្មើ​នឹង​អាសនៈ​សភា ២២​កៅអី។ សេចក្តី​ថ្លែងការណ៍​ស្ដីពី​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត ក្នុង​ការ​ប្រកាស​យុទ្ធសាស្ត្រ​ដឹក​នាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ហ៊ុន សែន ក៏​បាន​សន្យា​ចំពោះ​ជាតិ​ថា នឹង​ធ្វើ​កំណែ​ទម្រង់​រដ្ឋ​ស៊ី​ជម្រៅ៕

2 comments:

Anonymous said...

បោកអោយបក្សអ្នកជាតិនិយម CNRP ​ចូលសភាកាន់ពងអោយ CPP នោមស្របច្បាប់

Anonymous said...

Very good idea...