Thursday, October 24, 2013

អ្នក​វិភាគ៖ បក្ស​ប្រជាជន​អាច​នឹង​បាត់​ការ​គាំទ្រ​នៅ​អាណត្តិ​បន្ទាប់


គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ហើយ​ថា ការ​បោះ​ឆ្នោត​ក្នុង​នីតិកាល​ទី​ប្រាំ​នេះ បាន​ទទួល​សំឡេង​ឆ្នោត​ដ៏​ច្រើន​លើសលប់​ដាច់​ខាត​នៅ​ក្នុង​សភា។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ក៏​បាន​ប្រកាស​ជា​ផ្លូវ​ការ​រួច​ហើយ​ដែរ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១២៣។ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រឹម ៥៥​អាសនៈ ក្នុង​ការ​ប្រកួត​ប្រជែង​ប៉ុណ្ណោះ។


ក្បួន​ហែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ
 ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា
 ឆ្នាំ​២០១៣។ RFA/Mom Sophon
ដោយ ម៉ម មុនីរតន៍ 2013-10-23

ប៉ុន្តែ អង្គការ​សង្គម​ស៊ីវិល​ដែល​ស្រាវជ្រាវ​អំពី​លទ្ធផល​ក្រោយ​ការ​បោះ​ឆ្នោត​វិញ ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​ជា​អ្នក​ឈ្នះ​ឆ្នោត​ទេ។ តែ​ការ​រក​ឃើញ​ថា​ឈ្នះ​នេះ គឺ​ឈ្នះ​លើ​តែ​រូបមន្ត​គណនា​សំឡេង​ឆ្នោត​ប៉ុណ្ណោះ។

អង្គការ​សង្គម​ស៊ីវិល ព្រមាន​ថា គណបក្ស​កាន់​អំណាច​អាច​នឹង​ត្រូវ​ប្រឈម​មុខ​បាត់​បង់​កៅអី​ធ្ងន់ធ្ងរ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៨ ខាង​មុខ បើ​ទោះ​បី​ជា​គណបក្ស​ដែល​គ្រប់គ្រង​អំណាច​ជាប់ៗ​គ្នា​អស់​រយៈពេល ៤​អាណត្តិ​មក​ហើយ​នេះ ប្រកាស​ធ្វើ​កំណែ​ទម្រង់​គោល​នយោបាយ​ដ៏​ស៊ី​ជម្រៅ សម្រាប់​នីតិកាល​ទី​៥ នេះ​ក្ដី។

ការ​រក​ឃើញ​អំពី​ការ​ធ្លាក់​ចុះ​នៃ​ប្រជាប្រិយ​ភាព​របស់​គណបក្ស​កាន់​អំណាច​នេះ ថា​នឹង​ពុំ​មាន​ឥទ្ធិពល​តតាំង​ទៀត​នោះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ពិគ្រោះ​យោបល់​មួយ​របស់​សង្គម​ស៊ីវិល ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា នៅ​ខេត្ត​សៀមរាប។



លោក កែម ឡី អ្នក​ស្រាវជ្រាវ​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ​ផង និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទំនង​នឹង​លែង​ជា​គូប្រកួត​ដ៏​មាន​ឥទ្ធិពល និង​ស្វិតស្វាញ​ទៀត​ហើយ ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ​ទៀត​នេះ។ លោក​បន្ត​ថា យោង​លើ​របាយការណ៍​នៃ​ការ​ស្រាវជ្រាវ​ថ្មីៗ​ក្នុង​ពេល​កន្លង​ទៅ ក្រោយ​ការ​បោះ​ឆ្នោត​រក​ឃើញ​ថា ពលរដ្ឋ​ម្ចាស់​ឆ្នោត​នឹង​មិន​មាន​ជំនឿ​ទៀត​ទេ​លើ​គណបក្ស​ប្រជាជន​កម្ពុជា បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​អំពី​គោល​នយោបាយ​កែ​ទម្រង់​ដ៏​ស៊ី​ជម្រៅ កាល​ពី​ថ្ងៃ​ទី​២៥ កញ្ញា ក្តី។

ប៉ុន្តែ មន្ត្រី​រដ្ឋាភិបាល​វិញ បាន​ប្រតិកម្ម​ប្រឆាំង​នឹង​ការ​ទស្សន៍ទាយ​លទ្ធផល​ទុក​ជា​មុន​នេះ ដោយ​ចាត់​ទុក​ថា គួរ​មើល​ឲ្យ​ឃើញ​ពី​អ្វី​ដែល​រដ្ឋាភិបាល​កំពុង​កែ​ទម្រង់​គោល​នយោបាយ​ឲ្យ​ប្រាកដ​ជា​មុន​សិន។ លើស​ពី​នេះ សង្គម​ស៊ីវិល​គួរ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល ក្នុង​ន័យ​ធ្វើ​ឲ្យ​យុទ្ធសាស្ត្រ​នៃ​ការ​កែ​ទម្រង់​នេះ​មាន​ភាព​ជោគជ័យ។

យ៉ាង​ក៏ដោយ​ចុះ នៅ​ក្នុង​នីតិកាល​ទី​ប្រាំ​នេះ គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​របូត​កៅអី​ពី​សភា​ប្រមាណ ២០​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១២៣ ដែល​គណបក្ស​នេះ​ធ្លាប់​ឈ្នះ​រួច​ទៅ​ហើយ។ អ្នក​វិភាគ​គិត​ថា នេះ​ជា​ការ​បាត់​បង់​ដ៏​ច្រើន​លើសលប់​មួយ​ដែល​ពុំ​ធ្លាប់​មាន​របស់​គណបក្ស​កាន់​អំណាច​ដ៏​យូរ​មួយ​នេះ ចាប់​តាំង​ពី​មាន​យុទ្ធនាការ​បោះ​ឆ្នោត ឆ្នាំ​១៩៩៣ មក។ នៅ​ក្នុង​អាណត្តិ​ទី​៤ គណបក្ស​គ្របគ្រង​អំណាច ធ្លាប់​ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់ ៩០​អាសនៈ​នៅ​ក្នុង​សភា។

ឆ្លង​កាត់​បទ​ពិសោធន៍​អស់​រយៈពេល​ជិត ៣០​ឆ្នាំ​មក​នេះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​គ្រង​អំណាច​ដ៏​យូរ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នយោបាយ​នៅ​កម្ពុជា ទើប​ទទួល​បាន​ការ​ធ្លាក់​ទឹក​ចិត្ត ដែល​នឹក​ស្មាន​មិន​ដល់។ នេះ​អាច​រាប់​បាន​ថា ការ​ប្រែប្រួល​ទឹក​ចិត្ត​របស់​អ្នក​គាំទ្រ និង​ចលនា​នៃ​ការ​ផ្លាស់​ប្ដូរ ទំនង​ជា​អាច​ទាញ​ទម្លាក់​គណបក្ស​គ្រប់គ្រង​អំណាច​មួយ​នេះ​ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ​ទៀត។

បើ​ទោះ​ជា​បែប​នេះ​ក៏ដោយ​ចុះ ប៉ុន្តែ លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី យល់​ឃើញ​ថា ការ​វិភាគ​របស់​សង្គម​ស៊ីវិល​មិន​ត្រឹមត្រូវ និង​ចំ​ទិសដៅ​ឡើយ។ លោក​បន្ត​ថា ការ​កែ​ទម្រង់​គោល​នយោបាយ នៅ​មិន​ទាន់​ចាប់​ផ្ដើម​ផង តែ​ការ​សន្និដ្ឋាន​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះ ហាក់​បាន​ដើរ​មុន​មួយ​ជំហាន​ទៅ​ហើយ ជា​ពិសេស​នោះ ការ​វាយ​តម្លៃ​នេះ គឺ​ជា​ការ​ស្រមើស្រមៃ ដោយ​ពុំ​ផ្អែក​លើ​មូលដ្ឋាន​ថែម​ទៀត។

ប៉ុន្តែ លោក កែម ឡី អត្ថាធិប្បាយ​ថា ផ្អែក​តាម​បច្ចេកទេស និង​ការ​ស្រាវជ្រាវ គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មែន​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ​ទេ។ លោក​អះអាង​ថា អ្វី​ដែល​គណបក្ស​កាន់​អំណាច​ជោគជ័យ​នៅ​ពេល​នេះ គឺ​ផ្អែក​តាម​រូបមន្ត​គណនា​សំឡេង និង​ស៊ី​បាន​តាម​បច្ចេកទេស​ប៉ុណ្ណោះ។

ចំណែក លោក គល់ បញ្ញា នាយក​អង្គការ ខុមហ្វ្រែល (Comfrel) មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​គេ​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា តើ​គណបក្ស​នយោបាយ​ណា​មួយ​ដែល​អាច​ទទួល​បាន​សំឡេង​ឆ្នោត​ពិត​ប្រាកដ​ក្ដី តែ​ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ដែល​ហាក់​បាន​លម្អៀង​ទៅ​រក​បក្ស​កាន់​អំណាច​ទៅ​ហើយ​នោះ បាន​ត្រូវ​គេ​រក​ឃើញ​យ៉ាង​ច្បាស់​រួច​ទៅ​ហើយ។

កិច្ច​សន្ទនា​ដែល​មាន​អង្គការ​សង្គម​ស៊ីវិល យុវជន និង​បណ្ដាញ​ផ្សព្វផ្សាយ​ចូល​រួម​ផង ដែល​ប្រើ​រយៈពេល ២​ថ្ងៃ ក្នុង​ខេត្ត​សៀមរាប ក្រោម​ប្រធាន​បទ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ការ​បោះ​ឆ្នោត ត្រូវ​គេ​គិត​ថា នោះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​គណបក្ស​នយោបាយ​មួយ ត្រូវ​កែ​ទម្រង់​ចំណុច​ខ្វះខាត​ដែល​ខកខាន​មិន​បាន​អនុវត្ត​ក្នុង​ពេល​កន្លង​ទៅ។

លោក មឿន ឈានណារិទ្ធ ប្រធាន​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​ផ្នែក​វិស័យ​សារព័ត៌មាន យល់​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន។ ប្រព័ន្ធ​ព័ត៌មាន​នេះ​ហើយ បាន​ដើរ​តួនាទី​ជា​សង្គម​សេដ្ឋកិច្ច​ផង សង្គម​នយោបាយ​ផង និង​ជា​សង្គម​នាំ​សារ​ផង។ ហេតុ​នេះ លោក​គិត​ថា អ្នក​បោះ​ឆ្នោត​ដែល​អាច​សម្រេច​ចិត្ត​មួយ​ដ៏​ពិត​ប្រាកដ​ទៅ​បាន គឺ​ផ្អែក​លើ​ការ​ទទួល​បាន​ព័ត៌មាន ដែល​សុក្រឹតភាព និង​អាច​ជឿ​ទុក​ចិត្ត​បាន។

ការ​ធ្លាក់​ទឹក​ចិត្ត គឺ​ជា​ជំងឺ​ដែល​មាន​សក្ដានុពល ដែល​គេ​ពិបាក​នឹង​មើល​ឃើញ ហើយ​ក៏​មិន​អាច​សន្មត​ត្រូវ។ តួយ៉ាង ដូច​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក្រោយ​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​១៩៩៣ គណបក្ស​ទទួល​បាន​សំឡេង​លើសលប់​នៅ​ក្នុង​សភា។ ប៉ុន្តែ ក្រោយៗ​មក​ទៀត គណបក្ស​រាជា​និយម​មួយ​នេះ ត្រូវ​បាត់​បង់​ការ​គាំទ្រ​ជា​បន្តបន្ទាប់។ នៅ​នាទី​ចុង​ក្រោយ ជីវិត​នយោបាយ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​ត្រូវ​ស្រុត​ចុះ។

សម្រាប់​អ្នក​វិភាគ​សង្គម និង​អង្គការ​សង្គម​ស៊ីវិល យល់​ឃើញ​ថា ការ​កែ​ទម្រង់​គោល​នយោបាយ នឹង​មិន​មាន​ន័យ​សម្រាប់​ការ​កសាង​ជំនឿ​ចិត្ត​ពី​ពលរដ្ឋ​ទៀត​ទេ​នៅ​ពេល​នេះ។ អ្វី​ដែល​ម្ចាស់​ឆ្នោត​ចង់​បាន​នោះ គឺ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដ៏​ពិត​ប្រាកដ​មួយ​នៅ​កម្ពុជា៕

3 comments:

Anonymous said...

All together !!! Change is now...!
Go on ! All for one idea : …C.H.A.N.G.E … !
Everyone help our beloved homeland according to their ability …!!!

It’s time… HUN Sen must go !!! For the good of our youth and our beloved homeland !
That´s enough already 20-30 years...!!!

Anonymous said...

កែទម្រង់សុីឲជ្រៅជាងអាណត្តិមុន គ្រប់វិស័យ ះ  បក្ខពួកនិយម គ្រួសារនិយម ពុករលួយគ្រប់
ស្ថាប័ន អយុត្តិធម៌ រឹបអូសដីអ្នកក្រ ជួលដី៩៩ឆ្នាំ កាប់បំផ្លាញព្រៃឈើ អន្តោបវេសន៍ធូររលុង
ហិនហោចជលផល រ៉ៃ យុវជនឥតការងារ ... តើ៩៩ឆ្នាំទៀតសុីភីភីអាកែបានទេ? កែមិនឡើងទេ
ទាល់តែដូរ ។

Anonymous said...

ភាសាល្ខោនអាមេបោក
សម រង្សី ,អាគឹម សុខា
និយាយ​ភាសាពីរខុសគ្នា :

* ពេលនៅក្រៅស្រុកប្រាប់ខ្មែរថា៖

- ដេញអាយ៉ងហ៊ុន សែនចេញពីអំណាច!
- ដូរហ៊ុន សែន ដាក់ខ្លួនវិញ!
- ដេញអាយួនចេញពីស្រុកខ្មែរ ឲ្យតែខាងបាន!
_________________________________

* ដល់នៅក្នុងស្រុកនិយាយថា៖
(ឮតែពាក្យអត់ក្បាល អត់កន្ទុយ)
គឺនិយាយមួយកំណាត់ ទុកមួយកំណាត់ ..មិនច្បាស់លាស់?
(អត់ឮពាក្យអាយ៉ងហ៊ុន សែនសូម្បីមួយម៉ាត់!)

-ឮតែផ្លាស់ប្តូរ!....តែមិនដឹង ផ្លាស់ប្តូរស្អី?
-ឮតែដូរ.........តែមិនដឹង ដូរស្អី?
-ឮតែទាមទារយុត្តិធម៌?..តែមិនដឹង យុត្តិធម៌ស្អី?