Thursday, October 17, 2013

បក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​៣​ថ្ងៃ​ជាប់​គ្នា​ទាមទារ​យុត្តិធម៌​ឆ្នោត


តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ជូន​សាលា​រាជធានី​ភ្នំពេញ ពី​គម្រោង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ៣​ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយ​រំពឹង​ថា មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម។ បញ្ហា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ មិន​ទាន់​កំណត់​បែប​ណា​ទេ ដោយ​រង់ចាំ​ពិភាក្សា​គ្នា​រវាង​អាជ្ញាធរ​ក្រសួង​មហាផ្ទៃ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន​សិន ទើប​សម្រេច​ជា​ក្រោយ។

RFA photo

ដោយ ដែន អយុធ្យា RFA 2013-10-17

លិខិត​ផ្ញើ​ជូន លោក ប៉ា សុជាតិវង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​១៦ ខែ​តុលា ចុះ​ហត្ថលេខា​ដោយ​តំណាង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា គោល​បំណង​ធ្វើ​មហា​បាតុកម្ម ៣​ថ្ងៃ គឺ​ដើម្បី​ស្វែង​រក​ការ​ពិត និង​យុត្តិធម៌​ជូន​ពលរដ្ឋ ពាក់ព័ន្ធ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥។

លោក ហូរ វ៉ាន់ តំណាង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម បាន​ឲ្យ​ដឹង​ថា បាតុកម្ម​អហិង្សា​នេះ​ក៏​នឹង​ទាមទារ​ឲ្យ​រដ្ឋាភិបាល គោរព និង​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ព្រម​ទាំង​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ហូរ វ៉ាន់៖ «យើង​ចង់​ឲ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ហ្នឹង រំលឹក និង​ធ្វើ​ឲ្យ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហ្នឹង មាន​ប្រសិទ្ធភាព​ឡើង​វិញ។ ឧទាហរណ៍ ដូច​ជា​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ការ​គោរព​បូរណភាព​ដែន​ដី ហើយ​និង​រៀប​ចំ​យ៉ាង​ណា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស។ គោល​បំណង​ទី​៣ គឺ​យើង​ចង់​ឲ្យ​រដ្ឋាភិបាល អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា កម្ពុជា ជា​ប្រទេស​ប្រជាធិបតេយ្យ សេរី​ពហុ​បក្ស ឲ្យ​បាន​ត្រឹមត្រូវ។ នេះ​ជា​គោល​បំណង ៣ ដែល​យើង​ធ្វើ​បាតុកម្ម»។



គម្រោង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នេះ នឹង​ចាប់​ពី​វេលា​ម៉ោង ៧​ព្រឹក ដល់​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា នា​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​សម្ដែង​មតិ​របស់​បាតុករ ការ​សម្ដែង​សិល្បៈ​ចម្រៀង និង​មាន​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​ផ្សេងៗ​ជាដើម។

លោក ហូរ វ៉ាន់ ឲ្យ​ដឹង​ទៀត​ថា មហា​បាតុកម្ម ៣​ថ្ងៃ ក៏​នឹង​មាន​ការ​ដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​ប្រគល់​ជូន​អង្គការ​សហប្រជាជាតិ តាម​រយៈ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា និង​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា មាន​ដូច​ជា ស្ថានទូត​បារាំង ជប៉ុន សហរដ្ឋ​អាមេរិក ចិន ឥណ្ឌូនេស៊ី អង់គ្លេស និង​ស្ថានទូត​អូស្ត្រាលី៖ «យើង​មាន​ការ​ហែ​ក្បួន​នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ដើម្បី​យក​ញត្តិ​ទៅ​ដាក់​ជូន​អង្គការ​សហប្រជាជាតិ តាម​រយៈ​ឧត្តម​ស្នងការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា។ ចំពោះ​ថ្ងៃ​ទី​២៤ និង​ទី​២៥ ខែ​តុលា យើង​មាន​គម្រោង​ហែ​ក្បួន​ទៅ​កាន់​ស្ថានទូត​ដែល​ជា​ម្ចាស់​ហត្ថលេខី​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​ដូច​ជា ស្ថានទូត​សហរដ្ឋ​អាមេរិក បារាំង ជប៉ុន អូស្ត្រាលី កាណាដា ចិន និង​ឥណ្ឌូនេស៊ី ដែល​ជា​ម្ចាស់​ហត្ថលេខី​សំខាន់​នោះ»។

យ៉ាង​ណា​ក៏ដោយ លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ពាក់ព័ន្ធ កំពុង​ពិនិត្យ​លើ​លិខិត​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​មិន​ទាន់​កំណត់​បែប​ណា​ទេ៖ «យើង​នឹង​អញ្ជើញ​តំណាង​គាត់​មក​ពិភាក្សា​គ្នា​នៅ​សាលា​ក្រុង»។

នៅ​ក្នុង​លិខិត​បក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ស្នើ​យក​ទីធ្លា​នៅ​សង​ខាង​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សង់​ជា​វេទិកា និង​រោង​សម្រាប់​បាតុករ ជម្រក​ការពារ​ភ្លៀង និង​កម្ដៅ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​យប់​ថ្ងៃ​ទី​២៥ ខែ​តុលា។ ក្រៅ​ពី​នេះ ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ជួយ​បង្ក​លក្ខណៈ និង​សម្រួល​ទីតាំង​មួយ​ចំនួន​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធានា​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ដល់​បាតុករ​នៃ​មហា​បាតុកម្ម​អហិង្សា​ដោយ​អនុគ្រោះ​ថែម​ទៀត៕

2 comments:

Anonymous said...

anh min del kheuinh
moha patto-kam angkuy
1 konlaeng tae veuil!

Anonymous said...

លោកហូ វា៉ន់និយាយថា ៖ សំុឲរដ្ធាភិបាលគោរពកិច្ចព្រមព្រៀងទីក្រុងបា៉រីស
គឺគោលនយោបាយសេរីនិយមពហុបក្ស ។ ពាក្យនេះមានន័យថា គណបក្ស
សង្គ្រោះជាតិទទួលស្គាល់រដ្ធាភិបាលហ៊ុនសែនរួចហេីយ គ្រាន់តែសំុតវា៉ទាម
ទារសំុឲរដ្ធាភិបាលនេះគោរពតាមកិច្ចព្រមព្រៀងប៉ុណ្ណោះ ។ បេីតាមយេីងដឹង
បាតុករមិនទាន់បានទទួលស្គាល់រដ្ធាភិបាលហ៊ុនសែននៅឡេីយទេ !!