អនិច្ចារផ្សាបណ្តែតទឹក នៅខេត្តសៀមរាប
.....................................
អាជ្ញាធរតាមមូលដ្ឋានខ្លះនៅខេត្តសៀមរាប មិនត្រឹមតែរើសអើងប្រជាពលរដ្ឋដោយសារនិន្នាការនយោបាយ ក្នុងអំឡុងពេលបោះឆ្នោតប៉ុណ្ណោះទេ ក៏ប៉ុន្តែ ការរើសអើងនៅតែបន្តរហូតមកដល់ការជួយសង្គ្រោះជាបន្ទាន់ក្នុងពេលមានទឹកជំនន់ទៀតផង។ ការរើសអើងនេះ ធ្វើឱ្យអាជ្ញាធរខ្លះព្រងើយកន្តើយក្នុងការជួយប្រជាពលរដ្ឋណាដែលមាននិន្នាការគាំទ្រគណបក្សប្រឆាំង ក្នុងពេលដែលកំពុងមានវិបត្តិគ្រោះធម្មជាតិ។
ដោយ ហង្ស សាវយុត 2013-10-09 RFA
ប្រជាពលរដ្ឋមួយចំនួននៅឃុំលាងដៃ ស្រុកអង្គរធំ បានចោទប្រកាន់មេភូមិ និងមេក្រុមថា បានជំរុញឱ្យពួកគេទៅរកជំនួយពីខាងគណបក្សប្រឆាំង ដើម្បីជួយសង្គ្រោះពីគ្រោះទឹកជំនន់ ដែលកំពុងតែលិចលង់ផ្ទះ ទ្រព្យសម្បត្តិ និងសត្វចិញ្ចឹមជាច្រើនទៀតនោះ។
ក្រុមប្រជាពលរដ្ឋខ្លះសម្ដែងការតូចចិត្ត បន្ទាប់ពីឮអាជ្ញាធរមូលដ្ឋានប្រើពាក្យចំអកឡកឡើយបែបនេះ។
ស្ត្រីអ្នកភូមិភ្លង់ នៃឃុំលាងដៃ ម្នាក់ គឺអ្នកស្រី ធួន រៀម។ គាត់បានមានប្រសាសន៍ថា ទឹកដែលហូរពីទំនប់អាជ្ញាធរអប្សរា បានជន់លិចផ្ទះសម្បែង ស្បៀងអាហារ និងសត្វចិញ្ចឹមរបស់គាត់ចំនួន ៣ថ្ងៃមកនេះ។ សត្វមាន់របស់គាត់ជិត ១០០ក្បាល បានងាប់ដោយលង់ទឹក ចំណែកឯជ្រូកប្រមាណ ១០ក្បាល និងគោ ត្រូវជម្លៀសចេញដោយមិនមានស្មៅ និងចំណី។
អ្នកស្រី ធួន រៀម បានបញ្ជាក់ថា គាត់បានទៅប្រាប់អាជ្ញាធរភូមិឱ្យជួយ ក៏ប៉ុន្តែ បែរជាទទួលបានការចំអកពីក្រុមអាជ្ញាធរភូមិ ដោយដេញឱ្យគាត់ទៅរកជំនួយពីគណបក្សសង្គ្រោះជាតិ ទៅវិញ៖ «ផ្ទះខ្ញុំលិចទាំងអស់! ស្រូវក៏លិច អង្ករក៏លិច ម្ដុំចុងភូមិឯត្បូង។ ប្រាប់ប្រធានភូមិ និងប្រាប់ប្រធានអប់រំភូមិហ្នឹង ក៏គាត់គ្រាន់តែមកមើល គាត់អត់មានកត់ អត់មានថត អត់អីទាំងអស់ គាត់ទៅវិញ។ ដល់ថ្ងៃមិញនេះ ប្ដីខ្ញុំដើរទៅថាប្រធានភូមិមិនទៅអើតទៅមើលទៅអី។ ទៅឈ្មោះ ចក់ ជឿន ជាសមាជិកភូមិ គាត់ថា អ៊ំឯងម៉េចមិនឱ្យគណបក្សសង្គ្រោះជាតិ ជួយទៅ! ខ្ញុំគណបក្សប្រជាជនកម្ពុជា»។
អ្នកស្រី ធួន រៀម បានបញ្ជាក់ថា គាត់ទើបតែដឹងខ្លួនថា អាជ្ញាធរភូមិបានរើសអើងក្រុមគ្រួសាររបស់គាត់ ដោយសារតែកូនប្រុសម្នាក់បែកគ្រួសារទៅហើយ ធ្លាប់បានចូលរួមដង្ហែក្បួនយុទ្ធនាការឃោសនាឱ្យគណបក្សសង្គ្រោះជាតិ កាលពីអំឡុងខែកក្កដា កន្លងទៅ។
ចំណែក លោក សុខ សា ដែលជាកូនប្រុសរបស់ស្ត្រីរូបនោះ បានមានប្រសាសន៍ថា លោកពិតជាបានចូលរួមហែក្បួនឃោសនាយ៉ាងសកម្ម និងធ្វើជាអ្នកសង្កេតការណ៍បោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ មែន កាលពីអំឡុងខែកក្កដា កន្លងទៅ ក៏ប៉ុន្តែលោកយល់ថា អាជ្ញាធរភូមិភ្លង់ មិនគួររើសអើងចំពោះឪពុកម្ដាយរបស់គាត់ទេ ពីព្រោះតែការគាំទ្រគណបក្សនយោបាយរបស់លោកមិនពាក់ព័ន្ធអ្វីឡើយ៖ «ខ្ញុំតូចចិត្តដែរហ្នឹង ដែលឮថា មេភូមិគាត់ធ្វើអ៊ីចឹង ប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េច បើសិនជាគេនិយាយថាដូច្នេះ។ ប៉ុន្តែខាងឪពុកម្ដាយរបស់ខ្ញុំហ្នឹង គឺអត់មានពាក់ព័ន្ធអីនឹងគ្នាទេ ព្រោះខ្ញុំបានបែកគ្រួសារពីឪពុកម្ដាយរបស់ខ្ញុំជាយូរដែរហើយ»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមេភូមិភ្លង់ គឺ លោក ពៅ ឌុល ដើម្បីសុំការពន្យល់ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋនេះបានថាយ៉ាងណានៅឡើយ។
ចំណែកមេឃុំលាងដៃ លោក ខុន ឆន បានមានប្រសាសន៍ថា ២-៣ថ្ងៃមកនេះ ទឹកជំនន់បានលិចភូមិភ្លង់ នៅប៉ែកខាងត្បូងចំនួនជាង ១១០គ្រួសារ ហើយជាង ៥៨គ្រួសារ ក្នុងចំណោមនោះកំពុងជម្លៀសខ្លួនទៅរកទីទួលសុវត្ថិភាព។ លោកមេឃុំបានបញ្ជាក់ថា លោកកំពុងចាត់ឱ្យអាជ្ញាធរភូមិជួយប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះទាំងនោះ ក៏ប៉ុន្តែលោកពុំទាន់បានដឹងអំពីការរើសអើងគណបក្សនយោបាយនោះឡើយ។
អាជ្ញាធរឃុំដដែល បានបញ្ជាក់ថា តួនាទីរបស់អាជ្ញាធរពេលនេះ គឺជួយប្រជាពលរដ្ឋដោយមិនរើសអើងគណបក្សនយោបាយទេ៖ «ចាំមើលខ្ញុំសួរមើល! ពីព្រោះថាខ្ញុំមិនដែលរើសអើងថាអ្នកនេះមកពីណា អ្នកនោះមកពីណាអត់ទេ គឺខ្ញុំធ្វើឱ្យស្រួលទាំងអស់គ្នា ហើយការរើសអើងរបៀបនោះ គឺខ្ញុំតែងតែប្រាប់ហើយថា ទោះបីធ្វើជាមេភូមិក្ដី ធ្វើមេឃុំក្ដី គឺយើងមិនអាចរើសអើងថាអ្នកនេះមកពីបក្សនេះបក្សនោះទេ គឺជាកូនចៅរបស់យើងទាំងអស់គ្នា។ បក្សណាក៏ដោយ មនុស្សទាំងអស់គ្នាចេះហូបបាយដូចគ្នា ដល់ពេលស្លាប់ទៅ បញ្ហាកើតមកលើយើងទាំងអស់គ្នា ព្រោះយើងជាម៉ែឪ ជាអ្នកគ្រប់គ្រង គឺខ្ញុំតែងតែពន្យល់ ហើយណែនាំជារៀងរាល់ពេលប្រជុំ»។
អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តសៀមរាប លោក នូ ពុទ្ធិ បានឱ្យដឹងថា មានបញ្ហាមិនស្មើភាពខ្លះនៅក្នុងការចែកអំណោយឱ្យជនរងគ្រោះដោយទឹកជំនន់ នៅក្នុងខេត្តសៀមរាប ថ្មីៗនេះ។ លោក នូ ពុទ្ធិ បានកត់សម្គាល់ថា នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប គឺមានប្រជាពលរដ្ឋចំនួនប្រហែល ៨០០គ្រួសារ ដែលរងការប៉ះពាល់ដោយសារទឹកជំនន់ ក៏ប៉ុន្តែ ការចែកជំនួយសង្គ្រោះបន្ទាន់ គឺមានប្រជាពលរដ្ឋប្រមាណតែ ២០០គ្រួសារ ដែលបានប័ណ្ណអំណោយ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានហៅទង្វើរបស់អាជ្ញាធរ ដែលចាត់ទុកប្រជាពលរដ្ឋណាបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ គឺត្រូវឱ្យគណបក្សសង្គ្រោះជាតិ ជួយនៅពេលទឹកជន់នេះ គឺជាការរើសអើងខាងនយោបាយ ដែលខុសពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ លោក អំ សំអាត បានបញ្ជាក់ថា ប្រសិនបើអាជ្ញាធរមូលដ្ឋាននៅតែមានការរើសអើងដូច្នេះ នឹងធ្វើឱ្យខ្មែរនៅតែជួបវិបត្តិ ការគំរាមកំហែង ការប្រើហិង្សាដោយវាយដំ និងសម្លាប់គ្នា។
លោក អំ សំអាត ពន្យល់ថា អាជ្ញាធរមូលដ្ឋាន គឺជាអាជ្ញាធររបស់ពលរដ្ឋទូទៅ ពេលជួយ គឺជួយទាំងអស់ ដោយមិនត្រូវប្រកាន់និន្នាការនយោបាយដូច្នេះទេ៖ «ប្រសិនជាអាជ្ញាធរដែលប្រើពាក្យសម្ដី ឬក៏ប្រកាន់អត្តចរិតរបៀបនេះ សូមថ្នាក់ខាងលើដូចជាស្រុក ខេត្ត សូមលោកពិនិត្យមើល ហើយចាត់វិធានការជាបន្ទាន់ ចំពោះអាជ្ញាធរដែលមានទស្សនៈរបៀបនេះ ពីព្រោះនេះ គឺជាគ្រោះមហន្តរាយធម្មជាតិ ដែលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ជីវិតរបស់ពលរដ្ឋទូទៅ ហើយនេះក៏ជាកាតព្វកិច្ច ភារកិច្ចរបស់អាជ្ញាធរ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋជាបន្ទាន់»។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល បានពន្យល់ថា រឿងប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សណា គឺជាសិទ្ធិស្របច្បាប់ ហើយសង្គមស៊ីវិលចង់ឃើញអាជ្ញាធរ កងកម្លាំងយោធា និងកងរាជអាវុធហត្ថជាដើម ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ពេលនេះ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
2 comments:
មនុស្រឥឡូវមិនស្ដាប់តែសម្ដីទេ គេស្ដាប់រួមទាំងភាសារបស់ការសម្ដែងផងដែរ (Body language) ក៏អាចផ្ដល់តម្រុយឲ្យយើងយល់ជាមុនខ្លះបាន! ដូច្នេះភាពពិតប្រាកដរបស់មនុស្សម្នាក់ ចេញពីការអនុវត្តន៍របស់មនុស្ស! ភាសាអង្គគ្លេស គេតែងនិយាយថា៖ "Action louder than word" បើយើងស្វែងយល់ពីមនុស្សម្នាក់ទៅតាមលក្ខណៈនេះវាយូរបន្តិច តែពេលវេលា វានឹងបញ្ហាញការពិតរបស់វាយ៉ាយជាក់ច្បាស់!
ខ្មែរឈប់ខ្លាចទៀតហើយ! ជំហានធ្វើជាម្ចាស់ខ្មែរឯង បានដើរកាន់តែត្រូវផ្លូវហើយ!
នៅមានទៀត បើបងប្អូនប្រកាន់យក គោលនយោបាយរបស់បក្សមួយណា ហើយបានបោះឆ្នោតអោយគេ សូមកុំភ្លេចតាមដានថ្នាក់ដឹកនាំគណៈបក្សនោះ ហើយជួយតម្រង់គណៈបក្សនោះឲ្យដើរត្រង់ផ្លូវផងដែរទើបបាន! បើគេមិនព្រមត្រូវតែហ៊ានបន្ដរបោះឆ្នោតទម្លាក់ចោលឲ្យបាន!
ពីថ្ងៃនេះទៅគឹពលរដ្ឋជាអ្នកសម្រេចជោគវាសនាដោយខ្លួនឯង មិនត្រូវបណ្ដោយឲ្យនណា៎ម្នាក់ជិះសេះលែងដៃរទេ!
Post a Comment