Thursday, October 10, 2013

អាជ្ញាធរ​ខ្លះ​នៅ​សៀមរាប​រង​ការ​ចោទ​ថា​រើសអើង​ក្នុង​ការ​ជួយ​អ្នក​រងគ្រោះ​ទឹក​ជំនន់

 អនិច្ចារផ្សាបណ្តែតទឹក នៅខេត្តសៀមរាប

.....................................
អាជ្ញាធរ​តាម​មូលដ្ឋាន​ខ្លះ​នៅ​ខេត្ត​សៀមរាប មិន​ត្រឹម​តែ​រើសអើង​ប្រជាពលរដ្ឋ​ដោយសារ​និន្នាការ​នយោបាយ ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ ការ​រើសអើង​នៅ​តែ​បន្ត​រហូត​មក​ដល់​ការ​ជួយ​សង្គ្រោះ​ជា​បន្ទាន់​ក្នុង​ពេល​មាន​ទឹក​ជំនន់​ទៀត​ផង។ ការ​រើសអើង​នេះ ធ្វើ​ឱ្យ​អាជ្ញាធរ​ខ្លះ​ព្រងើយ​កន្តើយ​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ណា​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង ក្នុង​ពេល​ដែល​កំពុង​មាន​វិបត្តិ​គ្រោះ​ធម្មជាតិ។
ដោយ ហង្ស សាវយុត 2013-10-09 RFA
ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ បាន​ចោទ​ប្រកាន់​មេ​ភូមិ និង​មេ​ក្រុម​ថា បាន​ជំរុញ​ឱ្យ​ពួក​គេ​ទៅ​រក​ជំនួយ​ពី​ខាង​គណបក្ស​ប្រឆាំង ដើម្បី​ជួយ​សង្គ្រោះ​ពី​គ្រោះ​ទឹក​ជំនន់ ដែល​កំពុង​តែ​លិចលង់​ផ្ទះ ទ្រព្យ​សម្បត្តិ និង​សត្វ​ចិញ្ចឹម​ជាច្រើន​ទៀត​នោះ។
ក្រុម​ប្រជាពលរដ្ឋ​ខ្លះ​សម្ដែង​ការ​តូចចិត្ត បន្ទាប់ពី​ឮ​អាជ្ញាធរ​មូលដ្ឋាន​ប្រើ​ពាក្យ​ចំអក​ឡក​ឡើយ​បែប​នេះ។
ស្ត្រី​អ្នក​ភូមិ​ភ្លង់ នៃ​ឃុំ​លាងដៃ ម្នាក់ គឺ​អ្នកស្រី ធួន រៀម។ គាត់​បាន​មាន​ប្រសាសន៍​ថា ទឹក​ដែល​ហូរ​ពី​ទំនប់​អាជ្ញាធរ​អប្សរា បាន​ជន់​លិច​ផ្ទះ​សម្បែង ស្បៀង​អាហារ និង​សត្វ​ចិញ្ចឹម​របស់​គាត់​ចំនួន ៣​ថ្ងៃ​មក​នេះ។ សត្វ​មាន់​របស់​គាត់​ជិត ១០០​ក្បាល បាន​ងាប់​ដោយ​លង់​ទឹក ចំណែក​ឯ​ជ្រូក​ប្រមាណ ១០​ក្បាល និង​គោ ត្រូវ​ជម្លៀស​ចេញ​ដោយ​មិន​មាន​ស្មៅ និង​ចំណី។


អ្នកស្រី ធួន រៀម បាន​បញ្ជាក់​ថា គាត់​បាន​ទៅ​ប្រាប់​អាជ្ញាធរ​ភូមិ​ឱ្យ​ជួយ ក៏ប៉ុន្តែ បែរ​ជា​ទទួល​បាន​ការ​ចំអក​ពី​ក្រុម​អាជ្ញាធរ​ភូមិ ដោយ​ដេញ​ឱ្យ​គាត់​ទៅ​រក​ជំនួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​វិញ៖ «ផ្ទះ​ខ្ញុំ​លិច​ទាំងអស់! ស្រូវ​ក៏​លិច អង្ករ​ក៏​លិច ម្ដុំ​ចុង​ភូមិ​ឯ​ត្បូង។ ប្រាប់​ប្រធាន​ភូមិ និង​ប្រាប់​ប្រធាន​អប់រំ​ភូមិ​ហ្នឹង ក៏​គាត់​គ្រាន់​តែ​មក​មើល គាត់​អត់​មាន​កត់ អត់​មាន​ថត អត់​អី​ទាំងអស់ គាត់​ទៅ​វិញ។ ដល់​ថ្ងៃ​មិញ​នេះ ប្ដី​ខ្ញុំ​ដើរ​ទៅ​ថា​ប្រធាន​ភូមិ​មិន​ទៅ​អើត​ទៅ​មើល​ទៅ​អី។ ទៅ​ឈ្មោះ ចក់ ជឿន ជា​សមាជិក​ភូមិ គាត់​ថា អ៊ំ​ឯង​ម៉េច​មិន​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួយ​ទៅ! ខ្ញុំ​គណបក្ស​ប្រជាជន​កម្ពុ​ជា»។

អ្នកស្រី ធួន រៀម បាន​បញ្ជាក់​ថា គាត់​ទើប​តែ​ដឹង​ខ្លួន​ថា អាជ្ញាធរ​ភូមិ​បាន​រើសអើង​ក្រុម​គ្រួសារ​របស់​គាត់ ដោយសារ​តែ​កូន​ប្រុស​ម្នាក់​បែក​គ្រួសារ​ទៅ​ហើយ ធ្លាប់​បាន​ចូល​រួម​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​អំឡុង​ខែ​កក្កដា កន្លង​ទៅ។

ចំណែក លោក សុខ សា ដែល​ជា​កូន​ប្រុស​របស់​ស្ត្រី​រូប​នោះ បាន​មាន​ប្រសាសន៍​ថា លោក​ពិត​ជា​បាន​ចូល​រួម​ហែ​ក្បួន​ឃោសនា​យ៉ាង​សកម្ម និង​ធ្វើ​ជា​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ មែន កាល​ពី​អំឡុង​ខែ​កក្កដា កន្លង​ទៅ ក៏ប៉ុន្តែ​លោក​យល់​ថា អាជ្ញាធរ​ភូមិ​ភ្លង់ មិន​គួរ​រើសអើង​ចំពោះ​ឪពុក​ម្ដាយ​របស់​គាត់​ទេ ពីព្រោះ​តែ​ការ​គាំទ្រ​គណបក្ស​នយោបាយ​របស់​លោក​មិន​ពាក់ព័ន្ធ​អ្វី​ឡើយ៖ «ខ្ញុំ​តូចចិត្ត​ដែរ​ហ្នឹង ដែល​ឮ​ថា មេ​ភូមិ​គាត់​ធ្វើ​អ៊ីចឹង ប៉ុន្តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច បើ​សិន​ជា​គេ​និយាយ​ថា​ដូច្នេះ។ ប៉ុន្តែ​ខាង​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ហ្នឹង គឺ​អត់​មាន​ពាក់ព័ន្ធ​អី​នឹង​គ្នា​ទេ ព្រោះ​ខ្ញុំ​បាន​បែក​គ្រួសារ​ពី​ឪពុក​ម្ដាយ​របស់​ខ្ញុំ​ជា​យូរ​ដែរ​ហើយ»។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ភូមិ​ភ្លង់ គឺ លោក ពៅ ឌុល ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​មេ​ឃុំ​លាងដៃ លោក ខុន ឆន បាន​មាន​ប្រសាសន៍​ថា ២-៣​ថ្ងៃ​មក​នេះ ទឹក​ជំនន់​បាន​លិច​ភូមិ​ភ្លង់ នៅ​ប៉ែក​ខាង​ត្បូង​ចំនួន​ជាង ១១០​គ្រួសារ ហើយ​ជាង ៥៨​គ្រួសារ ក្នុង​ចំណោម​នោះ​កំពុង​ជម្លៀស​ខ្លួន​ទៅ​រក​ទី​ទួល​សុវត្ថិភាព។ លោក​មេ​ឃុំ​បាន​បញ្ជាក់​ថា លោក​កំពុង​ចាត់​ឱ្យ​អាជ្ញាធរ​ភូមិ​ជួយ​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ទាំង​នោះ ក៏ប៉ុន្តែ​លោក​ពុំ​ទាន់​បាន​ដឹង​អំពី​ការ​រើសអើង​គណបក្ស​នយោបាយ​នោះ​ឡើយ។

អាជ្ញាធរ​ឃុំ​ដដែល បាន​បញ្ជាក់​ថា តួនាទី​របស់​អាជ្ញាធរ​ពេល​នេះ គឺ​ជួយ​ប្រជាពលរដ្ឋ​ដោយ​មិន​រើសអើង​គណបក្ស​នយោបាយ​ទេ៖ «ចាំ​មើល​ខ្ញុំ​សួរ​មើល! ពីព្រោះ​ថា​ខ្ញុំ​មិន​ដែល​រើសអើង​ថា​អ្នក​នេះ​មក​ពី​ណា អ្នក​នោះ​មក​ពី​ណា​អត់​ទេ គឺ​ខ្ញុំ​ធ្វើ​ឱ្យ​ស្រួល​ទាំងអស់​គ្នា ហើយ​ការ​រើសអើង​របៀប​នោះ គឺ​ខ្ញុំ​តែង​តែ​ប្រាប់​ហើយ​ថា ទោះ​បី​ធ្វើ​ជា​មេ​ភូមិ​ក្ដី ធ្វើ​មេ​ឃុំ​ក្ដី គឺ​យើង​មិន​អាច​រើសអើង​ថា​អ្នក​នេះ​មក​ពី​បក្ស​នេះ​បក្ស​នោះ​ទេ គឺ​ជា​កូន​ចៅ​របស់​យើង​ទាំងអស់​គ្នា។ បក្ស​ណា​ក៏ដោយ មនុស្ស​ទាំងអស់​គ្នា​ចេះ​ហូប​បាយ​ដូច​គ្នា ដល់​ពេល​ស្លាប់​ទៅ បញ្ហា​កើត​មក​លើ​យើង​ទាំងអស់​គ្នា ព្រោះ​យើង​ជា​ម៉ែ​ឪ ជា​អ្នក​គ្រប់គ្រង គឺ​ខ្ញុំ​តែង​តែ​ពន្យល់ ហើយ​ណែនាំ​ជា​រៀង​រាល់​ពេល​ប្រជុំ»។

អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​សៀមរាប លោក នូ ពុទ្ធិ បាន​ឱ្យ​ដឹង​ថា មាន​បញ្ហា​មិន​ស្មើ​ភាព​ខ្លះ​នៅ​ក្នុង​ការ​ចែក​អំណោយ​ឱ្យ​ជន​រងគ្រោះ​ដោយ​ទឹក​ជំនន់ នៅ​ក្នុង​ខេត្ត​សៀមរាប ថ្មីៗ​នេះ។ លោក នូ ពុទ្ធិ បាន​កត់​សម្គាល់​ថា នៅ​ក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប គឺ​មាន​ប្រជាពលរដ្ឋ​ចំនួន​ប្រហែល ៨០០​គ្រួសារ ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ទឹក​ជំនន់ ក៏ប៉ុន្តែ ការ​ចែក​ជំនួយ​សង្គ្រោះ​បន្ទាន់ គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​តែ ២០០​គ្រួសារ ដែល​បាន​ប័ណ្ណ​អំណោយ។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត បាន​ហៅ​ទង្វើ​របស់​អាជ្ញាធរ ដែល​ចាត់​ទុក​ប្រជាពលរដ្ឋ​ណា​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួយ​នៅ​ពេល​ទឹក​ជន់​នេះ គឺ​ជា​ការ​រើសអើង​ខាង​នយោបាយ ដែល​ខុស​ពី​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ។ លោក អំ សំអាត បាន​បញ្ជាក់​ថា ប្រសិន​បើ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​មាន​ការ​រើសអើង​ដូច្នេះ នឹង​ធ្វើ​ឱ្យ​ខ្មែរ​នៅ​តែ​ជួប​វិបត្តិ ការ​គំរាម​កំហែង ការ​ប្រើ​ហិង្សា​ដោយ​វាយ​ដំ និង​សម្លាប់​គ្នា។

លោក អំ សំអាត ពន្យល់​ថា អាជ្ញាធរ​មូលដ្ឋាន គឺ​ជា​អាជ្ញាធរ​របស់​ពលរដ្ឋ​ទូទៅ ពេល​ជួយ គឺ​ជួយ​ទាំងអស់ ដោយ​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​ដូច្នេះ​ទេ៖ «ប្រសិន​ជា​អាជ្ញាធរ​ដែល​ប្រើ​ពាក្យ​សម្ដី ឬ​ក៏​ប្រកាន់​អត្តចរិត​របៀប​នេះ សូម​ថ្នាក់​ខាង​លើ​ដូច​ជា​ស្រុក ខេត្ត សូម​លោក​ពិនិត្យ​មើល ហើយ​ចាត់​វិធាន​ការ​ជា​បន្ទាន់ ចំពោះ​អាជ្ញាធរ​ដែល​មាន​ទស្សនៈ​របៀប​នេះ ពីព្រោះ​នេះ គឺ​ជា​គ្រោះ​មហន្តរាយ​ធម្មជាតិ ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​សម្រាប់​ជីវិត​របស់​ពលរដ្ឋ​ទូទៅ ហើយ​នេះ​ក៏​ជា​កាតព្វកិច្ច ភារកិច្ច​របស់​អាជ្ញាធរ ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជា​បន្ទាន់»។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល បាន​ពន្យល់​ថា រឿង​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ឱ្យ​គណបក្ស​ណា គឺ​ជា​សិទ្ធិ​ស្រប​ច្បាប់ ហើយ​សង្គម​ស៊ីវិល​ចង់​ឃើញ​អាជ្ញាធរ កង​កម្លាំង​យោធា និង​កង​រាជ​អាវុធហត្ថ​ជាដើម ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹក​ជំនន់​ពេល​នេះ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

មនុស្រឥឡូវមិន​ស្ដាប់តែសម្ដីទេ គេស្ដាប់រួមទាំងភាសា​របស់ការសម្ដែងផងដែរ (Body language) ក៏អាចផ្ដល់តម្រុយឲ្យយើងយល់ជាមុនខ្លះបាន! ដូច្នេះភាពពិតប្រាកដរបស់មនុស្សម្នាក់ ចេញពីការអនុវត្តន៍របស់មនុស្ស! ភាសាអង្គគ្លេស គេតែងនិយាយថា៖ "Action louder than word" បើយើងស្វែងយល់ពីមនុស្សម្នាក់ទៅតាមលក្ខណៈនេះវាយូរបន្តិច តែពេលវេលា វានឹងបញ្ហាញការពិតរបស់វាយ៉ាយជាក់ច្បាស់!

Anonymous said...

ខ្មែរឈប់ខ្លាចទៀតហើយ! ជំហានធ្វើជាម្ចាស់ខ្មែរឯង បាន​ដើរកាន់តែត្រូវផ្លូវហើយ!

នៅមានទៀត បើបងប្អូនប្រកាន់យក គោលនយោបាយរបស់បក្សមួយណា ហើយបានបោះឆ្នោតអោយគេ សូមកុំភ្លេចតាមដានថ្នាក់ដឹកនាំគណៈបក្សនោះ ហើយជួយតម្រង់គណៈបក្សនោះឲ្យដើរត្រង់ផ្លូវផងដែរទើបបាន! បើគេមិនព្រមត្រូវតែហ៊ានបន្ដរបោះឆ្នោតទម្លាក់ចោលឲ្យបាន!
ពីថ្ងៃនេះទៅគឹពលរដ្ឋជាអ្នកសម្រេចជោគវាសនាដោយខ្លួនឯង មិនត្រូវបណ្ដោយឲ្យនណា៎ម្នាក់ជិះសេះលែងដៃរទេ!