Sunday, October 20, 2013

បក្ស​សង្គ្រោះ​ជាតិ​និង​អាជ្ញាធរ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​រឿង​ធ្វើ​បាតុកម្ម


គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​បាតុកម្ម ៣​ថ្ងៃ​ជាប់​គ្នា ចាប់​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា ខាង​មុខ បើ​ទោះ​បី​ជា​សំណើ​សុំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​ប្រឆាំង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ផ្លូវការ​ពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​ឡើយ។


ដោយ ទេព សុរ៉ាវី 2013-10-20

ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ជួប​ចរចា​គ្នា​ម្តង​ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ស្តីពី​សំណើ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ ដែល​គ្រោង​ធ្វើ​នៅ​ទីលាន​ប្រជាធិបតេយ្យ។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា កិច្ច​ចរចា​ចំនួន ៣​លើក​រវាង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ជាមួយ​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​បាន​លទ្ធផល​អ្វី​នៅ​ឡើយ​ទេ​ចំពោះ​សំណើ​សុំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា ៣​ថ្ងៃ​ជាប់​គ្នា នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា។

​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ បាន​ដាក់​លិខិត​សុំ​ជួប​ចរចា​ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា។ ប៉ុន្តែ​ដោយ​ជាប់​រវល់​បេសកម្ម​ចែក​អំណោយ​ឲ្យ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​ទឹក​ជំនន់​នៅ​ខេត្ត​កំពង់ធំ លោក កឹម សុខា បាន​អវត្តមាន​ក្នុង​កិច្ច​ចរចា​នោះ ហើយ​ចាត់​ឲ្យ​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ ៧​នាក់ ទៅ​ចូល​រួម​ចរចា​ជំនួស។


យ៉ាង​ណា​មន្រ្តី​សាលា​រាជធានី​ភ្នំពេញ មិន​ព្រម​បើក​កិច្ច​ប្រជុំ​ឡើយ ហើយ​សម្រេច​រំសាយ​កិច្ច​ប្រជុំ​នោះ​ភ្លាមៗ និង​បាន​ប្រកាស​លើក​ពេល​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ម្តង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​តុលា ព្រម​ទាំង​ទទូច​ឲ្យ​លោក កឹម សុខា ចូល​រួម​កិច្ច​ប្រជុំ​នោះ​ជា​ដាច់​ខាត។

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ធ្វើ​មហា​បាតុកម្ម​យ៉ាង​តិច ៣​ថ្ងៃ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ ២​ម៉ឺន​នាក់ បើ​ទោះ​បី​ជា​គ្មាន​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​មហាផ្ទៃ។

លោក​បន្ត​ថា លោក កឹម សុខា នឹង​មិន​មាន​វត្តមាន​ទេ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា នោះ៖ «មាន ៧ ទៅ ៨​រូប ទៅ​ចូល​រួម ប៉ុន្តែ​ឯកឧត្តម កឹម សុខា គាត់​រវល់​មមាញឹក​មែន​ទែន ព្រោះ​ទឹក​លិច។ អ៊ីចឹង​គាត់​រវល់​ដល់​ថ្ងៃ​ទី​២២ យប់ បើ​សាលា​រាជធានី​ភ្នំពេញ ចង់​ជួប គឺ​ទៅ​ជួប​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​២៣ (តុលា)»។

គម្រោង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នេះ នឹង​ចាប់​ពី​វេលា​ម៉ោង ៧​ព្រឹក ដល់​វេលា​ម៉ោង ៦​ល្ងាច ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​តុលា នា​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​សម្ដែង​មតិ​របស់​បាតុករ ការ​សម្ដែង​សិល្បៈ​ចម្រៀង និង​មាន​បញ្ចាំង​ខ្សែ​ភាពយន្ត​ឯកសារ​ផ្សេងៗ​ជាដើម។

មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​ការ​ដើរ​ហែ​ក្បួរ​យក​ញត្តិ មាន​ផ្តិត​ស្នាម​មេដៃ​ពលរដ្ឋ​ប្រមាណ​ជិត ២​លាន​នាក់​ទៅ​អង្គការ​សហប្រជាជាតិ និង​ស្ថានទូត​ទាំង​អស់​នៅ​កម្ពុជា។ ក្នុង​ញត្តិ​ដាក់​ទៅ​នោះ គោលបំណង​សំខាន់​គឺ​ទាមទារ​សុំ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស្វែង​រក​ការ​ពិត​នៃ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា សាលា​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ចំពោះ​សំណើ​សុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​លោក កឹម សុខា មិន​ព្រម​ចូល​ប្រជុំ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ កិច្ច​ចរចា​ស្តីពី​ការ​ធ្វើ​មហា​បាតុកម្ម​ក៏​គ្មាន​ដែរ៖ «យើង​ក៏​បាន​ជូន​លិខិត​ផ្ទាល់​ដៃ​ពី​ម្សិលមិញ​ទៀត នឹង​មាន​ជំនួប​ថ្ងៃ​ស្អែក​ម៉ោង ៩​ព្រឹក ពិភាក្សា​លម្អិត​ជាមួយ​លោក កឹម សុខា ហើយ​មក​ដល់​ថ្ងៃ​នេះ​មិន​ទាន់​បាន​ទទួល​ដំណឹង​អី​នៅ​ឡើយ​ទេ គឺ​នៅ​រង់ចាំ​នៅ​ថ្ងៃ​ស្អែក​ជួប​គ្នា​សិន»។

នៅ​ក្នុង​លិខិត​បក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​យក​ទីធ្លា​នៅ​សង​ខាង​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សង់​ជា​វេទិកា និង​រោង​សម្រាប់​បាតុករ ជម្រក​ការពារ​ភ្លៀង និង​កម្ដៅ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​យប់​ថ្ងៃ​ទី​២៥ ខែ​តុលា។ ក្រៅ​ពី​នេះ ក៏​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ជួយ​បង្ក​លក្ខណៈ និង​សម្រួល​ទីតាំង​មួយ​ចំនួន​នៅ​ជុំវិញ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ធានា​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ដល់​បាតុករ​នៃ​មហា​បាតុកម្ម​អហិង្សា​ដោយ​អនុគ្រោះ​ថែម​ទៀត៕

No comments: