Wednesday, October 23, 2013
កិច្ចព្រមព្រៀង ប៉ារីស ប្រធានបទតវ៉ាថ្មីរបស់បក្សប្រឆាំង
Shane Worrell The Phnom Penh Post Wednesday, 23 October 2013
ភ្នំពេញៈ អ្នកនាំពាក្យរបស់គណបក្សប្រឆាំងលើកឡើងថា វាមិនមែនជាការគម្រប់ខួបជាសំខាន់នោះទេ ប៉ុន្តែសារៈសំខាន់នៃថ្ងៃនេះ កាលពី ២២ ឆ្នាំមុន គឺជាអ្វីដែលគណបក្សសង្គ្រោះជាតិចង់ឲ្យអ្នករាល់គ្នាចងចាំ ក្នុងការចាប់ផ្តើមបាតុកម្មនៅព្រឹកនេះ។
ថ្ងៃ ទី២៣ តុលា នេះនៅក្នុងឆ្នាំ ១៩៩១ ជាថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស ដោយសមាជិកសំខាន់នៃសហគមន៍អន្តរជាតិ បានកំណត់មាគ៌ាសម្រាប់កម្ពុជាដើម្បីមានសន្តិភាពលទិ្ធប្រជាធិបតេយ្យនិងគោរពសិទិ្ធមនុស្ស។ ចំពោះគណបក្សសង្គ្រោះជាតិ កម្ពុជានៅមិនទាន់បានសម្រេចគោលដៅទាំងអស់នោះទេ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សប្រឆាំង បានថ្លែងថា៖ «សហគមន៍អន្តរជាតិបានចំណាយប្រាក់ជាច្រើនមកលើកម្ពុជាឲ្យមានឯកភាពនិងសាមគ្គីភាពប្រឆាំងនឹងរបបផ្តាច់ការ»។
ចាប់ពីថ្ងៃនេះទៅដល់ថ្ងៃសុក្រ គណបក្សសង្គ្រោះជាតិគ្រោងដើរដង្ហែដោយមានតំណាងយ៉ាងតិច ១ ពាន់នាក់ទៅកាន់ការិយាល័យអង្គការសហប្រជាជាតិ និងស្ថានទូតនៃបណ្តាប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស។
ដោយបន្តទាមទារឲ្យស៊ើបអង្កេតលើការបោះឆ្នោតជាតិថ្ងៃទី ២៨ ខែ កក្កដា ដែលគណបក្សប្រជាជនបានឈ្នះជាផ្លូវការ ក្នុងអាសនៈ ៦៨ លើ ៥៥ សម្រាប់គណបក្សប្រឆាំង នឹងបង្ហាញថា គោលដៅនៃកិច្ចព្រមព្រៀងទីក្រុង ប៉ារីស នេះនៅមិនទាន់បំពេញបាននៅឡើយ។ លោក យឹម សុវណ្ណ លើកឡើងថា៖ «យើងចង់ទាញការយកចិត្តទុកដាក់ពីសហគមន៍ អន្តរជាតិ ដើម្បីជួយធានាថា កិច្ចព្រមព្រៀងសន្តិភាពនេះត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ»។
ទោះយ៉ាងណា បញ្ហាប្រឈមរបស់គណបក្សសង្គ្រោះជាតិ គឺ ថា ស្ថានទូតបរទេសមិនចង់គាំទ្រគណបក្សនេះជាសាធារណៈ ឬ ក៏ការចាត់វិធានការប្រើកម្លាំងរបស់លោក សម រង្ស៊ី ក្រោយការបោះឆ្នោតនោះឡើយ។ ជាឧទាហរណ៍ បារាំង និង អូស្រ្តាលី បានអបអរសាទរជ័យជម្នះរបស់លោក ហ៊ុន សែន រួចទៅហើយ។
លោក Nicolas Baudouin លេខា ទី១ នៃស្ថានទូត បារាំង នៅ ភ្នំពេញ បដិសេធមិនធ្វើអត្ថាធិប្បាយកាលពីម្សិលមិញ ស្តីពីសារៈសំខាន់នៃកាយវិការនេះទេ ប៉ុន្តែ លោកថា៖ «បារាំងនឹងបន្តគាំទ្រការអភិវឌ្ឍលទិ្ធប្រជាធិបតេយ្យក្នុង ប្រទេស កម្ពុជា»។
លោក Muhsinin Dolisada លេខា ទី១ ស្ថានទូត ឥណ្ឌូនេស៊ី នៅ ភ្នំពេញ បានថ្លែងយ៉ាងច្បាស់ថា ឥណ្ឌូនេស៊ី ដែលដើរតួសំខាន់ ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ ១៩៩១ នៅ បារាំង ពុំមានការសន្យាថ្មីលើបញ្ហានេះទេ ក្រៅពីការទទួលយកញត្តិ។
លោកថ្លែងថា៖ «មែន យើងជាហត្ថលេខី ហើយពេលនោះ រដ្ឋមន្រ្តី ការបរទេសរបស់យើង គឺជាសហប្រធាន។ ប៉ុន្តែ វាពិបាកក្នុងការធ្វើអត្ថាធិប្បាយពេលនេះ ពីលទិ្ធប្រជាធិបតេយ្យ និងសិទិ្ធមនុស្សនៅទីនេះ។ វាជាស្ថានការណ៍ផ្ទៃក្នុង»។
លោក Sean Mc Intosh អ្នកនាំពាក្យស្ថានទូត អាមេរិក បានបដិសេធមិនឆ្លើយសំណួរ ស្តីពីការដើរដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិមកកាន់ ស្ថានទូត សហរដ្ឋ អាមេរិក នោះទេ។
លោកថ្លែងថា៖ «យើងគាំទ្រការអភិវឌ្ឍលទិ្ធប្រជាធិបតេយ្យនៅកម្ពុជា។ ទាក់ទងនឹងបាតុកម្ម យើងគាំទ្រសិទិ្ធរបស់ប្រជាជនធ្វើបាតុកម្មដោយសន្តិភាព»។
ប៉ុន្តែ លោក យឹម សុវណ្ណ បានបង្ហាញការជឿជាក់ថា ប្រទេសហត្ថលេខីជាពិសេសសហរដ្ឋ អាមេរិក នឹងគាំទ្រអ្វីដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើ ហើយថា គេនឹងបង្ហាញនូវសំឡេងតែមួយ ដើម្បីធានាថា កម្ពុជាវិលទៅរកលទិ្ធប្រជាធិបតេយ្យវិញ»។
លោកថ្លែងថា៖ «កម្ពុជាចាប់តាំងពីនោះបានក្លាយជាព្រះរាជាណាចក្រកម្ពុជា ដែលមានអធិបតេយ្យភាពនិងបូរណភាព»។
មិនមែនមនុស្សរាល់គ្នាគិតថាវាសាមញ្ញទេ។ នៅអតីតរដ្ឋមន្រ្តី ការបរទេស អូស្រ្តាលី លោក Gareth Evans ដែលជាតួអង្គសំខាន់មួយនៅក្នុងដំណើរការកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីស បាននិយាយបន្ទាប់ពីការសោយទិវង្គតរបស់ ព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ កាលពីឆ្នាំមុន អំពីភាពលំបាកដែលកម្ពុជាបានប្រឈមចាប់តាំងពីការបោះឆ្នោតដែលរៀបចំឡើងដោយ អ៊ុនតាក់ ឆ្នាំ ១៩៩៣។
លោកថ្លែងថា៖ «នៅពេលយើងបង្កើតផែនការសន្តិភាពរបស់អង្គការសហប្រជាជាតិ សម្រាប់កម្ពុជា ក្នុងឆ្នាំ ១៩៨៩ វាជារបៀបវារៈបី។ ក្តីសង្ឃឹមមិនមែនត្រឹមតែសន្តិភាពទេ ប៉ុន្តែថែមទាំងសិទ្ធិមនុស្សផងដែរ»។
«ពេលនោះខ្ញុំសង្ស័យថា យើងកំពុងមានសុទិដ្ឋិនិយមតិចតួចលើចំណុចពីរនោះ ហើយបានបង្ហាញថាពិតជាករណីនេះ»។
តាមពិត ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពនេះទទួលយកថា នឹង «ជំរុញនិងលើកទឹកចិត្តឲ្យមានការគោរពនិងការឃ្លាំមើលសិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានក្នុងប្រទេស កម្ពុជា...ដើម្បីការពារមិនឲ្យមានការកើតឡើងវិញនៃការរំលោភបំពាន សិទ្ធិមនុស្ស»។
ឧត្តមគតិ និងការពិត
វាជាការស្ថិត នៅក្នុងចិត្តដែលមនុស្សជាច្រើនអាចយល់អំពីមូលហេតុដែលលោក សម រង្ស៊ី បានព្យាយាមសុំឲ្យប្រទេសម្ចាស់ជំនួយលោកខាងលិចនិងភាគីហត្ថលេខី បន្តជំរុញឲ្យមានការស៊ើបអង្កេតទៅលើលទ្ធផលនៃការបោះឆ្នោតជាជាងការទទួលយកលទ្ធផលដែលទទួលបានអាសនៈយ៉ាងច្រើនជាងមុន។
អ្នកប្រវតិ្តសាស្រ្តខាងកម្ពុជា លោក David Chandler បានថ្លែងកាលពីម្សិលមិញថា ការជំទាស់របស់គណបក្សសង្គ្រោះជាតិគឺស្របច្បាប់ ប៉ុន្តែបញ្ហាគឺថាតើការជំទាស់បែបនេះនឹងទទួលផលយ៉ាងណា ចំពោះស្ថានភាពពិតរបស់កម្ពុជា។ លោកបន្តថា៖ «ការប្រមូលផ្តុំរយៈពេលបីថ្ងៃទំនងជាបង្កឲ្យមានការបារម្ភ»។
លោក Chandler ថ្លែងទៀតថា វិធីជាក់ស្តែងជាងមុនសម្រាប់លោក សម រង្ស៊ី គឺឲ្យគណបក្សគាត់ទទួលយកអាសនៈ ៥៥។
លោកថា៖ «ខ្ញុំគិតថា លោក សម រង្ស៊ី កំពុងតែក្បត់ប្រជាជនដែលបោះឆ្នោតឲ្យគាត់។ ប្រសិនបើអ្នកឈ្នះអាសនៈ អ្នកត្រូវបានសន្មតថា នឹងទទួលយកវា»។
ប៉ុន្តែ លោក យឹម សុវណ្ណ បានថ្លែងថា បាតុកម្មដើម្បីទាមទារឲ្យមានកំណែទម្រង់និងយុត្តិធម៌គឺជាអ្វី ដែលប្រជាជនចង់បាន។
«យើងតំណាងឲ្យកម្មករនិយោជិតភាគច្រើន ក្នុងប្រទេសកម្ពុជា។ វាមិនមែនអំពីអត្ថប្រយោជន៍ផ្ទាល់របស់យើងទេ»៕ TK-PS
រាយការណ៍បន្ថែមៈ វង្ស សុខេង
Subscribe to:
Post Comments (Atom)
3 comments:
THIS MADE MY DAY!
ការចរចាគ្នាណាក្រៅអំពី «ការបង្កេីតគណ:កម្មាធិការឯករាជ្យដេីម្បីត្រួតពិនិត្យមេីលលទ្ធផលឆ្នោត» គឺជា «ការចរចាបែងចែកអំណាច
គ្នា» យ៉ាងពិតប្រាកដណាស់ !! បេីពំុនោះទេ ត្រូវងេីបដេីរចេញ !!
ដោយគោរពរាប់អាន,
លី ឌៀប
«ការចរចាបែងចែកអំណាចគ្នា» ក៏ដូចគ្នានិង «ការទាមទារតុល្យភាពអំណាច»
ដែរ... ទង្វេីទាំង២នេះ គឺជាទង្វេី «ក្បត់ឆន្ទ:បាតុករនិងពលរដ្ធខ្មែរ» យ៉ាងពិត
ប្រាកដណាស់ !!
ដោយគោរពរាប់អាន,
លី ឌៀប
Post a Comment