Monday, October 28, 2013

ស្ត្រី​ចាស់​ជរា​ម្នាក់​នៅ​កំពង់ស្ពឺ​តស៊ូ​ចិញ្ចឹម​ខ្លួន​និង​ចៅ​កំព្រា​៤​នាក់


លោក​យាយ ឈឿង គុណ ងូត​ទឹក​មុខ​ផ្ទះ​ថ្មី នៅ​ឃុំ​វល្លិស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៧ តុលា ឆ្នាំ​២០១៣។ ផ្ទះ​ថ្មី​នេះ​ជា​អំណោយ​របស់​អ្នកស្រី ហ៊ុន ម៉ាណា កូន​ស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ RFA/Vohar Cheath
តាម​ទំនៀម​ទម្លាប់​ខ្មែរ ពេល​ឪពុក​ម្ដាយ​មាន​វ័យ​ក្មេង មាន​តួនាទី​​និង​ភារកិច្ច​រក​ស៊ី​ចិញ្ចឹម​បី​បាច់​ថែរក្សា និង​​​​រៀបចំ​ទុក​ដាក់​កូន​ចៅ​​ឲ្យ​មាន​អនាគត​ល្អ។ ដល់​ពេល​ឪពុក​ម្ដាយ​ចាស់​ទៅ គឺ​ជា​វេន​កូន​ចៅ​​​ទទួល​បន្ទុក​​ចិញ្ចឹម​​​​ពួក​គាត់​វិញ​ម្ដង។ ប៉ុន្តែ​មាន​មនុស្ស​ចាស់​ជរា​ខ្លះ​ដែល​មិន​មាន​កូន​ចៅ​ជា​ទី​ពឹង ត្រូវ​តស៊ូ​រស់​នៅ​ម្នាក់​​ឯង​​ទាំង​វេទនា​ជា​ទី​បំផុត។

ដោយ វោហារ ជាតិ 2013-10-27

ទិដ្ឋភាព​នៅ​ភូមិ​ស្រុក​ស្រែ​ចម្ការ​​​ពេល​យប់​មាន​សភាព​ស្ងប់​ស្ងាត់ ​មិន​ដូច​នៅ​ទីក្រុង​មាន​សំឡេង​​​រថយន្ត មនុស្ស​​​អ៊ូអរ មាន​​ភ្លើង​អគ្គិសនី​បំភ្លឺ​ឡើយ។ ​នៅ​ជនបទ​ខ្លះ មាន​ពន្លឺ​ព្រះចន្ទ​និង​ផ្កាយ​ជំនួស​ភ្លើង​អគ្គិសនី សំឡេង​មាន់​​រងាវ​ជំនួស​នាឡិកា​រោទ៍ ដែល​ប្រាប់​អ្នក​ស្រុក​អំ​ពី​ពេល​វេលា។

«សំឡេង​មាន់​រងាវ» មាន់​រងាវ​បី​ដង​ឆ្លើយ​ឆ្លង​បណ្ដាក់​​គ្នា​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​​លាន់​អឺងកង​ពេញ​ភូមិ ដាស់​អ្នក​ស្រុក​​​ឲ្យ​ក្រោក​​ពី​ដំណេក ជា​សញ្ញា​ប្រាប់​ថា​ថ្ងៃ​ជិត​រះ​ហើយ។ ក្រោយ​ភ្ញាក់​ពី​ដំណេក ប្រជាកសិករ​ខ្លះ​​រៀប​ចំ​​ចាក​ចេញ​​​ទៅ​ស្រែ​ចម្ការ ខ្លះ​​ចេញ​ទៅ​​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​រៀងៗ​ខ្លួន។

ដោយ​ឡែក​​លោក​យាយ ឈឿង គុណ មាន​ផ្ទះ​នៅ​ចុង​ភូមិ ​មិន​​អាច​ចេញ​ទៅ​ប្រកប​របរ​នឹង​គេ​បាន​ទេ ដោយសារ​​​គាត់​ចាស់​ជរា។ លោក​យាយ​សម្រាន្ត​ស្ដូកស្ដឹង​លើ​កន្ទេល ព្រោះ​​មាន​ជំងឺ​ប្រចាំ​កាយ៖ «មាន់​រងាវ​ហើយ​ម៉ោង ២ ម៉ោង ៣ ខ្ញុំ​ភ្ញាក់​ងើប​ឡើង​អង្គុយ​ហើយ លែង​សម្រាន្ត​លក់​ហើយ អង្គុយ​ទើសភ្លឺ…»។


លោក​យាយ ឈឿង គុណ ​​មាន​អាយុ ៧៩​ឆ្នាំ រស់​នៅ​ភូមិ​ត្បែស ឃុំ​វល្លិស ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។ កាល​មុន​គាត់​​នៅ​មាន​កម្លាំង​​​ដើរ​ស៊ី​ឈ្នួល​ដក​ស្ទូង​​​ឲ្យ​អ្នក​ស្រុក​គ្រាន់​​យក​ប្រាក់​បន្តិច​​បន្តួច​​​ចិញ្ចឹម​ខ្លួន និង​​ចៅ ៤​នាក់​ទៀត​នៅ​ក្នុង​បន្ទុក។ តែ​​ថ្មីៗ​នេះ​កម្លាំង​គាត់​​ខ្សោយ​មិន​​អាច​ដើរ​​​ធ្វើ​ពលកម្ម​បាន​ដូច​មុន​​ទៀត​ទេ។

លោក​យាយ ឈឿង គុណ៖ «កាល​ពី​ខ្ញុំ​នៅ​ជា ខ្ញុំ​ចេះ​តែ​ដើរ​រក​ស៊ី​ដក​ស្ទូង​​គេ​​អ៊ីចឹង​ទៅ បាន​លុយ​បាន​កាក់​បន្តិចបន្តួច​ចិញ្ចឹម​ជីវិត។ ដល់​ឥឡូវ​ដេក​ដួល​លែង​រក​អី​កើត បាន​អស់​លោក​ជួយ​ចិញ្ចឹម គេ​អ្នក​ស្រុក​អ្នក​ទេស​​គេ​ជួយ។ កូន​ក្មួយ​ណា​មក​គេ​ឲ្យ ៥​ពាន់ ១​ម៉ឺន​រៀល​អ៊ីចឹង​ដែរ»។

លោក​យាយ​រៀបរាប់​អំពី​ជីវិត​ដែល​នាំ​ឲ្យ​គាត់​​ធ្លាក់​ខ្លួន​ទុរគត​​​ថា ប្ដី​របស់​គាត់​និង​កូនចៅ​បាន​ស្លាប់​ជំនាន់ ប៉ុល ពត។ នៅ​ឆ្នាំ​១៩៧៩ ​ពេល​កងទ័ព​វៀតណាម​ វាយ​ផ្ដួល​រំលំ​របប ប៉ុល ពត ​អស់​ទៅ ត្រូវ​បាន​រដ្ឋាភិបាល​​លោក ហេង សំរិន ​ដែល​កាន់​តំណែង​ជំនាន់​នោះ​ ចែក​ដី​ផ្ទះ​និង​ដី​​ស្រែ ហើយ​គាត់​រស់​នៅ​ជា​មួយ​កូន​ប្រុស​ម្នាក់​ដែល​រួច​ជីវិត​​ពី​របប ប៉ុល ពត។

លោក​យាយ​បន្ត​ថា ជា​អកុសល​​ដីស្រែ​និង​ផ្ទះ​ត្រូវ​កូន​​គាត់​លក់​អស់ ហើយ​កូន​នោះ​​ក៏​ស្លាប់​ទៅ​ទៀត ដោយ​បន្សល់​ទុក​ចៅ​ៗ ៤​នាក់​ក្នុង​បន្ទុក៖ «កូន ៦​នាក់ ស្លាប់​អស់​ជំនាន់ (ប៉ុល) ពត អស់​រលីង។ ដី គោ ផ្ទះសម្បែង​អី​​អស់​​ជំនាន់ ប៉ុល ពត។ គេ (រដ្ឋាភិបាល ហេង សំរិន) អោយ​ដី ១៥​អា បាន​ជា​កូន​វា​បង្ហិនបង្ហោច​ឯង​អស់​រលីង»។

អ្នក​ជិត​ខាង​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​ឆ្នាំ​មុនៗ អ្នក​ភូមិ​តែង​ជួល​លោកយាយ​​ឲ្យ​ដក​ស្ទូង​ដើម្បី​ឲ្យ​គាត់​បាន​ប្រាក់​ចិញ្ចឹម​ជីវិត និង​​បាន​ចិញ្ចឹម​ចៅ​កំព្រា​ផង។

អ្នក​ជិត​ខាង​ម្នាក់ គឺ​លោក នៅ ឌឹម ដែល​ជា​​មេ​ឃុំ​ក្នុង​មូលដ្ឋាន​​ដែរ​នោះ ឲ្យ​ដឹង​ថា  ឆ្នាំ​នេះ​អ្នក​ភូមិ​លែង​ហ៊ាន​ជួល​លោក​យាយ​ឲ្យ​ដក​ស្ទូង​ដូច​ពេល​មុន​ទៀត​ហើយ ​​ដោយ​​ខ្លាច​គាត់​គ្រោះថ្នាក់ ព្រោះ​កន្លង​មក​លោក​យាយ​ឧស្សាហ៍​ដួល​ក្នុង​ស្រែ​​ញឹកញាប់​ពេល​កំពុង​ស្ទូង​ដក ដោយសារ​កម្លាំង​គាត់​កាន់​តែ​​ខ្សោយ៖ «គាត់​ជា​កសិករ​ម្នាក់ ពី​ដើម​ជំនាន់ លន់ នល់ គាត់​រស់​នៅ​ជាមួយ​ប្ដី​ប្រពន្ធ ដល់​ ប៉ុល ពត គឺ​ស្លាប់​ប្ដី ស្លាប់​ទាំង​កូន​ទាំង​អស់…។ រាល់​ថ្ងៃ​គាត់​ទទួល​បន្ទុក​ចិញ្ចឹម​ចៅ ៤​នាក់​ថែម​ទៀត...»។

លោក​មេ​ឃុំ​បន្ត​ថា ដោយ​ឃើញ​ជីវភាព​របស់​លោក​យាយ ឈឿង គុណ វេទនា​ដូច្នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ព្យាយាម​ស្វែង​រក​ជំនួយ​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​សង្គ្រោះ។ ក្នុង​នោះ​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ស្វែង​រក​ជំនួយ​ឧបត្ថម្ភ​ដើម្បី​ជួយ​ចាស់​ជរា​គ្មាន​ទីពឹង​ក្នុង​មូលដ្ឋាន​ដទៃ​ទៀត​ដែរ។

លោក​ថា ទី​បំផុត ​ការ​ស្វែង​រក​ជំនួយ​នេះ​ក៏​បាន​ដូច​បំណង គឺ​លោក​យាយ ឈឿង គុណ បាន​ទទួល​អំណោយ​ផ្ទះ​មួយ​ខ្នង​​​​ដែល​គេ​សង់​ជូន​​ក្នុង​តម្លៃ​​​​​ជិត ៣០​លាន​រៀល ជំនួស​ខ្ទម​កម្សត់​របស់​គាត់ ​និង​បាន​​​ទទួល​​ប្រាក់​ឧបត្ថម្ភ​​​បន្ថែម​ទៀត មាន​សំលៀកបំពាក់ រួម​ទាំង​​​សម្ភារៈ​ផ្សេង​ទៀត​ពី​​អ្នកស្រី ហ៊ុន ម៉ាណា ជា​កូន​ស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក​មេ​ឃុំ នៅ ឌឹម ​អះអាង​ថា ផ្ទះ​នេះ​​​ធ្វើ​ពី​ថ្ម ដំបូល​ស័ង្កសី ទទឹង ៦​ម៉ែត្រ បណ្ដោយ ៩​ម៉ែត្រ។ លោក​ថា អំណោយ​ដូច​គ្នា​នេះ​​​បាន​​ធ្វើ​ជូន​ដល់​លោក​យាយ​ចាស់​ជរា ២​នាក់​ទៀត ​ក្នុង​ឃុំ​វល្លិស ដែល​គាត់​​គ្មាន​ទីពឹង​ដូច​លោក​យាយ ឈឿង គុណ នេះ​ដែរ ហើយ​លោក​មេ​ឃុំ​ដែល​មក​ពី​បក្ស​ប្រជាជន មិន​ភ្លេច​ឆ្លៀត​ពេល​កោត​សរសើរ​​​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​ដែល​លោក​ថា បាន​ដឹក​នាំ​ប្រទេស​ជាតិ​មាន​ការ​អភិវឌ្ឍ​ដូច​សព្វ​ថ្ងៃ​នេះ។

ជីវភាព​​លោក​យាយ ឈឿង គុណ បាន​ប្រសើរ​ឡើង​បន្តិច​បន្ទាប់​ពី​ទទួល​បាន​អំណោយ​ដែល​លោក​យាយ​យល់​ថា ជា​សំណាង​​ដូច​ត្រូវ​ឆ្នោត​ក្នុង​ជីវិត​ដែល​មិន​នឹក​ស្មាន​ដល់។

លោក​យាយ​បន្ត​ថា កាល​រស់​នៅ​ក្នុង​ខ្ទម​ចាស់ ភ្លៀង​លិច​មុខ​លិច​ក្រោយ ជួន​កាល​​​ភ័យ​ខ្លាច​ចៅ​លេង​ភ្លើង​ឆេះ ​ព្រោះ​គាត់​​ងងឹត​ភ្នែក មិន​​រហ័សរហួន​ក្នុង​ការ​មើល​ថែ​ទាំ​ចៅ​ដែល​អាច​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត។

សព្វ​ថ្ងៃ​លោក​យាយ​រស់​នៅ​ក្នុង​ផ្ទះ​ថ្ម​ថ្មី​ធំ​ទូលាយ និង​មាន​សុវត្ថិភាព​ជាង​មុន ថែម​ទាំង​​មាន​សត្វ​តុកកែ​​មួយ​ក្បាល​ទៀត​​ជា​សមាជិក​​​គ្រាន់​ឲ្យ​ចៅ​កំព្រា​គាត់​បូល​​លេង​តាម​វា​យំ​ម្ដងម្កាល​​នៅ​ពេល​យប់ «សំឡេង​សត្វ​តុកកែ»។

ពេល​វេលា​ចេះ​តែ​ទៅ​មុខ ប្រាក់​ឧបត្ថម្ភ​​ដែល​លោក​យាយ​ទទួល​បាន​​​ពី​សប្បុរសជន​​ក៏​កាន់​តែ​អស់។ លោក​យាយ​មិន​មាន​ប្រភព​ធនធាន​ប្រាក់​ចំណូល​​ប្រចាំ​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​ទេ។ នៅ​ពេល​នេះ​លោក​យាយ​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​កាន់​តែ​ធ្ងន់​ទៀត។

អស់​សង្ឃឹម​ក្នុង​ជីវិត​គិត​អ្វី​មិន​កើត ដឹង​ខ្លួន​ថា​មិន​មាន​កម្លាំង​ពលំ​​ដូច​កាល​នៅ​ពី​ក្មេង ដែល​អាច​ធ្វើការ​​​ចិញ្ចឹម​ខ្លួន​ត​ទៅ​ទៀត​បាន លោក​យាយ​សង្រួម​​ចិត្ត​​ជឿ​លើ​ធម៌​ព្រះ បណ្ដោយ​ជីវិត​ទៅ​តាម​កម្ម​វាសនា។ ក៏​ប៉ុន្តែ​លោក​យាយ​នៅ​មិន​ដាច់​អាល័យ​ចៅ​កំព្រា​នៅ​តូច​មិន​ទាន់​ដឹង​ក្ដី មិន​ដឹង​ថា តើ​វាសនា​ពួកគេ​ទៅ​ជា​យ៉ាង​ណា​ទៅ​អនាគត។

រឿង​រ៉ាវ​​ជីវិត​ទុរគត​របស់​លោក​យាយ ឈឿង គុណ គឺ​ជា​ឧទាហរណ៍​​​មួយ​ក្នុង​ចំណោម​ជីវិត​ចាស់​​ជរា​ជា​ច្រើន​ទៀត​ដែល​​រស់​នៅ​គ្មាន​កូន​ទី​ពឹង។

រដ្ឋាភិបាល​​​កម្ពុជា មិន​មាន​គោលការណ៍​​ឧបត្ថម្ភ​គាំទ្រ​មនុស្ស​ចាស់​ទេ ក្នុង​ពេល​ដែល​បក្ស​សង្គ្រោះ​ជាតិ ប្រកាស​ថា នឹង​​ផ្ដល់​ប្រាក់​ខែ​ជូន​មនុស្ស​ចាស់​ចាប់​​ពី​អាយុ ៦៥​ឡើង​ទៅ ចំនួន ៤​ម៉ឺន​រៀល បើ​សិន​ជាប់​ឆ្នោត ក៏​ប៉ុន្តែ​ស្ថានភាព​នយោបាយ​ដូច​បច្ចុប្បន្ន​នេះ ហាក់​ដូច​ជា​មិន​ឲ្យ​ចាស់ៗ​សង្ឃឹម​ណា​បន្តិច​សោះ។ ដូច្នេះ​មនុស្ស​​ចាស់​ត្រូវ​បន្ត​រស់​ត​ទៅ​ទៀត គឺ​រស់​តាម​តាម​លំអាន​នៃ​​ទំនៀម​ទម្លាប់​ខ្មែរ គឺ​ឪពុក​ម្ដាយ​​​​ចិញ្ចឹម​​​កូន​​ពេល​នៅ​ក្មេង ហើយ​ដល់​ពេល​ឪពុក​ម្ដាយ​ចាស់​ទៅ ​កូន​ចៅ​​​​ត្រូវ​ចិញ្ចឹម​ឪពុក​ម្ដាយ​​​វិញ​ម្ដង៕

2 comments:

Anonymous said...

This is a very sad story deserve much attention. For the past 30 years of Hun Sen's rule and this is Hun Sen legacy to promote the ruthlessness, the corruption, and the monopoly of power and business connection to kill the weak and the powerless.

If Cambodia is to become a developing nation and this is one of the issue that Cambodian government must solve. If Cambodia is to become a civilized nation...the poor, the disable, and the elderly must have a decent standard of living to make their dying day less painful. This is not the issue of entitlement but the issue of humanity! One of the solutions to have special community reserve for them or maybe their relative can accommodate their living with some help from the Cambodian government.

Anonymous said...

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!