Thursday, October 17, 2013

ថ្ម​ចង្ក្រាន​បី​ដុំ​ត្រូវ​តែ​មាន​កម្ពស់​ស្មើ​គ្នា​ទើប​ដាំ​បាយ​ឆ្អិន​ល្អ


[I love my lifestyle better than this one. Like living in a prison here!]

ព្រះមហា​ក្សត្រ​ និង​តំណាង​រាស្ត្រ​​គណ​បក្ស​ប្រជា​ជន​​ ​ពេល​បើក​កិច្ច​​ប្រជុំ​​សភា​លើក​ដំបូង​ កាល​ពី​​ខែមុន​​​។ រូបថត ម៉ៃ វីរៈ


សេក សោម ភ្នំពេញប៉ុស្តិ៍ Thursday, 17 October 2013

ហូប បាយ​ដាំ​លើ​ឆ្នាំង​តែ​មួយ តែ​ចាន​ផ្សេង​គ្នា ក៏​ចាត់​ទុក​ថា ជា​គ្រួសារ​តែ​មួយ​។ ចង្រ្កាន​ត្រូវ​តែ​ទ្រ ដោយ​ថ្ម​បី​ដុំ​។ អត់​មួយ​ណា​ក៏​មិន​បាន មួយ​ណា​ទាប​ជាង ក៏​មិន​បាន​មួយ​ណា​ខ្ពស់​ជាង​ក៏​មិន​បាន​។ បើ​មួយ​ខ្ពស់ មួយ​ទាប ច្បាស់​ជា​ចាក់​បាយ​ទាំង​ឆ្នាំង​ចោល​មិន​ខាន​ទេ។ ក្សត្រ​សោយ នៅ​ក្នុង​រាជវាំង​មន្រ្តី​ពិសា​បាយ​នៅ​ភូមិគ្រឹះ រាស្រ្ត​ហូប​បាយ​នៅ​ក្នុង​ខ្ទម​ស្រែ... សុទ្ធ​តែ​យក​អង្ករ​ចេញ​ពី​ដី​ស្រែ​តែ​មួយ​។ អ្នក​មាន​គ្មាន​ទោស មន្រ្តី​ធំ​នៅ​លើ​ច្បាប់ ជាប់​គុក​តែ​អ្នក​ក្រ។ កូន​រាស្រ្ត​ធ្វើ​កម្មករ កូន​មន្រ្តី​ធ្វើ​មន្ត្រី ធ្វើ​ថៅកែ។ ថ្ម​ចង្ក្រាន នៅ​តែ​ជា​ថ្ម​ចង្ក្រាន ទោះ​ថ្ម​នោះ​ដាំ​ពេជ្រ ស្រោប​មាស​ក៏​ដោយ ប៉ុន្តែ​ពេល​យក​មក​ទ្រ​ជើង​ឆ្នាំង​ដាំ​បាយ ក៏​នៅ​តែ​ជា​ថ្ម​ចង្ក្រាន​ដដែល។

ហេតុ​តែ​ថ្ម​ចង្ក្រាន មាន​ពណ៌​សម្បុរ​ខុស​គ្នា មាន​ខ្ពស់ មាន​ទាប មាន​តូច មាន​ធំ បាន​ជា​ដាំ​បាយ​ជាង ៣០ ឆ្នាំ​ហើយ នៅ​តែ​មិន​ឆ្អិន​ល្អ​។ ម្តង​ឆៅ ម្តង​ខ្លោច​។ ម្តង​ជ្រាយ ម្តង​រឹង។ បាយ​មិន​ចំ​បាយ បបរ​មិន​ចំ​បបរ​។ អ្នក​មាន​មិន​ហ៊ាន​ហូប! ហូប​តែ​អ្នក​ក្រ ឈឺ​តែ​អ្នក​ក្រ។

ជាង ៣០ ឆ្នាំ មក​នេះ រាស្រ្ត​ហូប​បាយ​ពេល​ណា ក៏​ឈឺ​ពោះ រាក​រូស ពេល​នោះ​ដែរ។ រាស្រ្ត​មួយ​នគរ ៥ ឆ្នាំ ទើប​ដាំ​បាយ​ម្តង មិន​ដែល​បាន​ឆ្អិន​ស្រួល​បួល​ទេ។ ឆ្អិន​យ៉ាង​ម៉េច? បើ​ថ្ម​ចង្ក្រាន ដែល​ទ្រ​ឆ្នាំង​បាយ មាន​ខ្ពស់​មាន​ទាប មាន​ផ្អៀង មាន​ត្រង់​យ៉ាង​នេះ? ឲ្យ​តែ​មាន​បោះឆ្នោត ដឹង​តែ​ពី​មាន​បាតុកម្ម​។ ឲ្យ​តែ​មាន​បាតុកម្ម​ដឹង​តែ​ពី​មាន​ការ​បង្ក្រាប! ឲ្យ​តែ​ដល់​ពេល​បោះឆ្នោត ដឹង​តែ​ពី​សន្យា និង​ចែក​អំណោយ​។ ឲ្យ​តែ​ដល់​ពេល​បោះឆ្នោត ថ្ម​ចង្ក្រាន​មួយ​ដុំ​ខ្ពស់ ឯ​ពីរ​ដុំ​ទៀត បែរ​ជា​ទាប​ទៅ​វិញ​។ តែ​ពេល​បោះឆ្នោត​រួច បាន​អំណាច​កាន់​នៅ​ដៃ ថ្ម ២ ដុំ​ខ្ពស់ ឯ ១ ដុំ​ទៀត បែរ​ជា​ទាប​ទៅ​វិញ។ ក្សត្រ​រារែកចង់​គាំទ្រ​រាស្រ្ត តែ​ខ្លាច​មន្រ្តី​អន់​ចិត្ត! ចង់​គាំទ្រ​មន្រ្តី​ខ្លាច រាស្រ្ត​អន់​ចិត្ត​! តើ​ធ្លាប់​ឃើញ​ចង្ក្រាន មាន​ជើង​តែ​មួយ​ទេ? ចង្ក្រាន អគ្គិសនី? តើ​មន្រ្តី​ខ្លាំង​តែ​ម្នាក់​ឯង ទុក​រាស្រ្ត និង​ក្សត្រ​គ្រាន់​តែ​ជា​ដុំ​ថ្ម ម៉េច​នឹង​កើត? តើ ក្សត្រ អាច​ទ្រាំ​មើល​ទឹក​ភ្នែក​រាស្រ្ត​បាន​រយៈ​ពេល​យូរ​ប៉ុន្មាន​ទៀត​? ក្រុម​មន្ត្រី​ពិសា​បាយ​ឆ្អិន តើ​រាស្រ្ត​ហូប​បាយ​ឆៅ​បាន​ដល់​ពេល​ណា​ទៅ? ប្រទេស​មួយ​ដែល​ពឹង​លើ​សម្តី​មន្រ្តី តើ​ដំណើរការ​យ៉ាង​ម៉េច​? ថ្ងៃ​ឈ្នះសប្បាយ​ចិត្ត កសាង​វត្ត សាលារៀន...។  ថ្ងៃ​ក្រោយ​ខឹង ប្រពន្ធ​កូន...ក៏​ប្រកាស​ឈប់​ធ្វើ​បុណ្យ​។ តើ​រាស្រ្ត​ទាំង​នគរ វិល​តាម​ទាន់​ឬ​ទេ? ដោយ​សារ​តែ​ថ្ម​ចង្ក្រាន ដែល​ទ្រ​នគរ​មិន​ស្មើ​គ្មា ធ្វើ​ឲ្យ​ប្រទេស​ខ្សោយ បរទេស​ឈ្លានពាន​ទឹក​ដី និង​សេដ្ឋកិច្ច។



មើល​ចុះ! ទឹក​ពេញ​ទន្លេ បែរ​ជា​ផឹក​ទឹក​នាំ​ចូល​ពី​គេ​។ ដើម​ឈើ​ពេញ​ព្រៃ តែ​នាំ​ឈើ​ចាក់​ធ្មេញ​ចូល​ពី​គេ​។ វាល​ស្រែ​ពេញ​ប្រទេស បែរ​ជា​នាំ​អង្ករ​ចូល​ពី​គេ​។ ត្រី​ពេញ​បឹង ពេញ​ទន្លេ​សាប បែរ​ជា​នាំ​ត្រី​ចូល​ពី​គេ​។ តើ​មន្រ្តី នោះ​ធ្វើ​ស្អី​? អាង​ស្អី បាន​ជា​មិន​គិត​គូរ​ផល​ប្រយោជន៍​ប្រទេស មិន​បម្រើ​រាស្រ្ត បម្រើ​តែ​បក្ខពួក និង​បរទេស​។ ដី​កេរ​ដូន​តា បែរ​ជា​ជួល​ឲ្យ​បរទេស ៩៩ ឆ្នាំ​។ ព្រៃ​ឈើ​ពេញ​ភ្នំ រ៉ែ​ពេញ​ដី បែរ​ជា​បើក​ដៃ​ឲ្យ​គេ​កាប់ គាស់​កកាយ ដឹក​យក​ទៅ​ប្រទេស​គេ​។ ត្រី​ពេញ​ទន្លេ បែរ​ជា​ឲ្យ​បរទេស​នេសាទ​។ នេះ​មក​ពី​មន្រ្តី​ធំ​ជាង​ក្សត្រ មិន​ខ្លាច​រអា​ចិត្ត​រាស្រ្ត! ច្បាប់​ស្ថិត​លើ​តែ​មាត់​អ្នក​ខ្លាំង​។ មាន​លុយ​ទើប​មាន​យុត្តិធម៌​។ អ្នក​ប្រាជ្ញ​សរសើរ​អ្នក​ខ្លៅ​ថា ជា​បណ្ឌិត។ អ្នក​ខ្លៅ​ហៅ​អ្នក​ប្រាជ្ញ​ថា ជា​អ្នក​ខ្លៅ​ថា ជា​ជន​អគតិ។

សង្គម​ដែល​មិន​ទទួល​ស្គាល់​ការ​ពិត ទទួល​យក​តែ​ពាក្យ​សរសើរ មិន​ទទួល​ពាក្យ​រិះគន់ តើ​អាច​វិល​បាន​ប៉ុន្មាន​ជុំ​? មន្រ្តី​ចាយ​លុយ​រាស្រ្ត មិន​បម្រើ​រាស្រ្ត បែរ​ជា​ធ្វើ​បាប​រាស្រ្ត។ ក្សត្រ​អាណិត​រាស្រ្ត​ចង់​យំ តែ​មិន​ហ៊ាន​ព្រះ​កន្សែង​។ បើ​ឆ្នាំង​បាយ​ទ្រ​ដោយ​ថ្ម​ចង្រ្កាន ៣ ដុំ មាន ១ ខ្ពស់ ឯ ២ ដុំ​ទាប តើ​ដាំ​បាយ​ម៉េច​នឹង​ឆ្អិន​? បើ​ដាំ​មិន​ឆ្អិន តើ​ហូប​ម៉េច​នឹង​កើត​? តើ​រាស្រ្ត​ទាំង​នគរ​សុខ​ចិត្ត​ហូប​បាយ​ឆៅ​មិន​ឆៅ ជ្រាយ​មិន​ជ្រាយ គោក​មិន​គោក​បែប​នេះ បាន​យូរ​ប៉ុន​ណា?

ក្រឡេក​មក​មើល ប្រវត្តិសាស្រ្ត របស់​នគរ​ខ្មែរ​បច្ចុប្បន្ន ក្រោយ​ពី​រំដោះ​ចេញ​ពី​សម័យ​អាវ​ខ្មៅ បញ្ហា​ទាំង​ឡាយ ដែល​បាន​កើត​មាន ចំពោះ​មុខ កាន់​តែ​ច្រើន​ឡើងៗ កាន់​តែ​ស្មុគ​ស្មាញ និង​កាន់​តែ​ចាក់​ស្រែះ ពិបាក​ដោះស្រាយ​ចេញ​មែន​ទែន​។ ទឹក​ដី​កេរ​ដូន​តា ធនធាន​សម្បត្តិ​ធម្មជាតិ លើ​ដី ក្រោម​ដី លើ​ទឹក​ក្រោម​ទឹក...រហូត​ដល់​ទឹក​ភ្លើង ប្រព័ន្ធ​ទូរស័ព្ទ... ត្រូវ​បាន​បរទេស​ផ្គត់​ផ្គង់ និង​ហែក​ផល​ប្រយោជន៍​ចែក​គ្នា​ស៊ី​យ៉ាង​ស្រួល ដោយ​គ្មាន​ការ​ដឹង​ឮ និង​ប្រកែក​តវ៉ា​ទាល់​តែ​សោះ​។ ព្រោះ​ហេតុ​អ្វី​? បើ​ម្ចាស់​ផ្ទះ​មិន​ដេញ​ចចក និង ខ្លា...តើ​អ្នក​ណា​ជា​អ្នក​ដេញ​ទៅ? រឿង​នេះ វា​មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ប៉ុន្តែ​ក៏​មិន​មែន​មិន​អាច​កើត​ឡើង​បាន​នោះ​បាន​ដែរ​។ នគរ​យើង​ខ្សោយ មក​ពី​មន្រ្តី​ខ្លាំង ចំណែក​ក្សត្រ និង​រាស្រ្ត​ខ្សោយ​។ មន្រ្តី​មិន​ខ្លាច​ញញើត ឥទ្ធិពល​របស់ ក្សត្រ ព្រោះ​ក្សត្រ​មិន​ខ្លាំង គ្មាន​អំណាច​គ្រប់​គ្រង ដឹក​នាំ​រាស្រ្ត និង​នគរ។ ក្សត្រ មិន​ខ្លាំង​ព្រោះ​រាស្រ្ត​មិន​គាំទ្រ។ រាស្រ្ត​មិន គាំទ្រ ព្រោះ​រាស្រ្ត​មិន​យល់...។ រាស្រ្ត​មិន​យល់ មក​ពីម​ន្រ្តី​មិន​ខ្វល់។ រាស្រ្ត មន្រ្តី និង ក្សត្រ សុទ្ធ​តែ សំខាន់​ដូចៗ​គ្នា។ រាស្រ្ត​ខ្លាំង ទើប​អាច​រើស​បាន​មន្រ្តី​ខ្លាំង...មន្រ្តី​ខ្លាំង ទើប​រើស​បាន​អ្នក​ដឹក​នាំ​ខ្លាំង...។ អ្នក​ដឹក​នាំ​ខ្លាំង​ទើប​អាច​ធ្វើ​ឲ្យ នគរ​ខ្លាំង...។ ចង់​រើស​អ្នក​ដឹក​នាំ​ខ្លាំង សម្រាប់​រយៈ​ពេល ១០ ឆ្នាំ វា​មិន​ពិបាក​ទេ! ប៉ុន្តែ​បើ​ចង់​រើស​អ្នក​ដឹក​នាំ​ខ្លាំង សម្រាប់​រយៈ​ពេល ១០០ ឆ្នាំ ទើប​ជា​ការ​លំបាក។

បើ​នគរ​មួយ​ពឹង​កម្លាំង​តែ​លើ ក្សត្រ គឺ​ច្បាស់​ជា​លិច​អណ្តែត​មិន​ទៀង​ទាត់​ឡើយ​។ បើ ក្សត្រ ខ្សោយ​មន្រ្តី​ក្តាប់​អំណាច រាស្រ្ត​វេទនា​រង​ទុក្ខ នគរ​គ្មាន​ច្បាប់​ទម្លាប់​។ បើ​រាស្រ្ត​ខ្សោយ​នគរ​ច្បាស់​ជា​ចលាចល គ្មាន​ស្ថិរភាព​និង​អនាធិបតេយ្យ។ រាស្រ្ត​មិន​អាច​គ្រប់​គ្រង​មន្រ្តី...។ ចំណែក​មន្រ្តី​មិន​អាច​គ្រប់​គ្រង ក្សត្រ...។ ក្សត្រ​មិន​អាច​គ្រប់​គ្រង​រាស្រ្ត​។ ត្រូវ​តែ​មាន​ម្នាក់​ដែល​ខ្លាំង​ជាង​រាស្រ្ត មន្រ្តី និង ក្សត្រ។

នៅ លើ​លោក​នេះ​គ្មាន​ប្រទេស​ណា ដែល​ធ្វើ​ឲ្យ​រាស្រ្ត ក្សត្រ និង មន្រ្តី មាន​អំណាច​ស្មើ​គ្នា ក្នុង​ពេល​តែ​មួយ​បាន​ទេ​។ អ៊ីចឹង​ហើយ បាន​ជា​គេ​រើស​អ្នក​ខ្លាំង​មួយ ដែល​មិន​ចេះ​ស្លាប់ មិន​ចេះ​ឈឺ មក​ដឹក​នាំ​រាស្រ្ត មន្រ្តី និង​ក្សត្រ​នោះ​គឺ «ច្បាប់»។

ដើម្បី ឲ្យ​រាស្រ្ត​ខ្លាំង មន្រ្តី​ខ្លាំង ក្សត្រ ខ្លាំង...ត្រូវ​តែ​ធ្វើ​ឲ្យ​រាស្រ្ត មន្រ្តី និង ក្សត្រ ស្ថិត​នៅ​ក្រោម​ច្បាប់​នគរ​ដូច​គ្នា​។ នគរ​ត្រូវ​មាន​ច្បាប់ មន្រ្តី​ត្រូវ​មាន​អំណាច ដើម្បីបម្រើ​រាស្ត្រ​គ្រប់​គ្នា រាស្រ្ត​ត្រូវ​មាន​ជំនឿ​លើ​ក្សត្រ និង​មន្រ្តី​។ ក្សត្រ ត្រូវ​មាន​ឥទ្ធិពល មន្រ្តី​ត្រូវ​ បម្រើ​រាស្ត្រ រាស្ត្រ​ត្រូវ​មាន​សិទ្ធិ ទើប​អាច​ធ្វើ​ឲ្យ​នគរ​រឹង​មាំ។

ថ្ម ចង្ក្រាន​ស្មើ​គ្នា ទើប​អាច​ដាំ​បាយ​បាន​ឆ្អិន​ស្រួល​បួល​ហូប​ឆ្ងាញ់​ដូច​គ្នា។ នេះ​ហើយ​គឺ​ចង្ក្រាន​ជើង​បី​។ ចង់​ឲ្យ​នគរ​រឹង​មាំ ស្ថិតស្ថេរ​គឺ​ត្រូវ​តែ​ពឹង​ចង្ក្រាន​ដែល​មាន​ជើង​បី​ស្មើ​គ្នា​ទើប​មាន​លំនឹង។ សព្វថ្ងៃ​មាន​តែ​មន្រ្តី​ខ្លាំង ក្សត្រ ខ្សោយ  រាស្រ្ត ខ្សោយ ទើប​ធ្វើ​ឲ្យ​នគរ​មាន​បញ្ហា​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​។ តើ​ពេល​ណា​ទើប​នគរ​ខ្មែរ មាន​ការ​រស់​នៅ​ក្រោម​ច្បាប់​ទម្លាប់​ត្រឹម​ត្រូវ​ទាំង​អស់​គ្នា? តើ​នគរ​ខ្មែរ ឬ​ក្លាយ ជា​ទី​អ្នក​គ ខ្មែរ​? តើ​ពេល​ណា​ទើប​ខ្មែរ​អាច​មាន​សិទ្ធិ​និយាយ​ថា «ដល់​ពេល​ហើយ ខ្មែរ​អើយ​ខ្មែរ!»៕


3 comments:

Anonymous said...

Clown's king wants to be parasite on top of foodchain without do anything!...Right or wrong is not in his agendas,easy life is.....As long as my mother mo'pique and I got taking care of,that's all its matters that is my concern!


Anonymous said...


This King and all these politicians are just a bunch of crooks.

Anonymous said...

Fraudulent for 28 years and still goes on. Is he that adorable that the people just keep voting for him or he inlove with power so much that he keep electing himself? Speechless.