Tuesday, October 22, 2013

សកម្មជន​បក្ស​ប្រឆាំង​ខេត្ត​សៀមរាប​នឹង​ហែ​ស្នាម​មេដៃ​ទៅ​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៣


គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​នឹង​យក​ញត្តិ​ដែល​អម​ដោយ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជិត ២​លាន​នាក់ ទៅ​ដាក់​នៅ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នា​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា។ ក៏ប៉ុន្តែ នៅ​ថ្ងៃ​អង្គារ នេះ សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ប្រមូល​យក​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ពី​តាម​បណ្ដា​ខេត្ត​ជាច្រើន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ។

សកម្មភាព​ប្រជាពលរដ្ឋ​ចូល​ផ្ដិត​មេដៃ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីស្នាក់ការ​គណបក្ស ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Hang Savyouth

ដោយ ហង្ស សាវយុត 2013-10-22

តើ​អាជ្ញាធរ​រដ្ឋាភិបាល មាន​វិធាន​ការ​យ៉ាង​ណា​ខ្លះ នៅ​ពេល​ដែល​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​បាន​រៀប​ចំ​ជា​ក្បួន​ដង្ហែ​ស្នាម​មេដៃ ចេញ​ពី​បណ្ដា​ខេត្ត​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ នោះ?

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា គេ​នឹង​រៀប​ចំ​ក្បួន​ដង្ហែ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ចេញ​ពី​ខេត្ត​នេះ ឆ្ពោះ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​ឯ​ទីក្រុង​ភ្នំពេញ នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា។ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ពី ២៥០ ទៅ ៣០០​នាក់ បាន​ស្ម័គ្រចិត្ត​ត្រៀម​ខ្លួន​ចូល​រួម​ដង្ហែ​ក្បួន ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត​ជាច្រើន​គ្រឿង។

តំណាង​រាស្ត្រ​មណ្ឌល​សៀមរាប គឺ​អ្នកស្រី កែ សុវណ្ណរតន៍។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី​៩ ខែ​តុលា មក សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ស្រុក​ឃុំ បាន​ដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​ញត្តិ​ទាមទារ​យុត្តិធម៌​អំពី​លទ្ធផល​ឆ្នោត ទៅ​អង្គការ​សហប្រជាជាតិ បាន​ចំនួន​ជិត ៧​ម៉ឺន​នាក់។ អ្នកស្រី កែ សុវណ្ណារតន៍ បាន​បញ្ជាក់​ថា អ្នកស្រី​នឹង​ដង្ហែ​ក្បួន​យក​ស្នាម​មេដៃ​ទាំង​នេះ ទៅ​ទីក្រុង​ភ្នំពេញ ដើម្បី​រួម​បញ្ចូល​ជាមួយ​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ពី​ទូទាំង​ប្រទេស។



អ្នកស្រី កែ សុវណ្ណរតន៍៖ «យើង​នឹង​ចាប់​ផ្ដើម​ចេញ​ពី​ម៉ោង ៥​ព្រឹក ធ្វើ​ម៉េច​ឱ្យ​ផែន​ការ​របស់​យើង គឺ​យើង​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ម៉ោង ១​រសៀល។ យើង​បាន​គ្រោង​ទុក​ពី ២៥០​នាក់ ទៅ ៣០០​នាក់​ហ្នឹង ដោយ​រថយន្ត​ធំ ដែល​យើង​ជួល​ប្រហែល ៥ និង​រថយន្ត​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទៀត។ ដូច្នេះ ការ​ធ្វើ​ដំណើរ​គ្រាន់​តែ​យើង​រួម​គ្នា​ទៅ​ទេ ហើយ​ទៅ​ដល់​ណោះ បាន​យើង​រៀប​ចំ​កម្មវិធី​ជា​ផ្លូវ​ការ​របស់​គណបក្ស ហើយ​បើ​សិន​ជា​មាន​អ្នក​ស្ម័គ្រចិត្ត​ដែល​ទៅ​ក្រៅ​ពី​ការ​រៀប​ចំ​របស់​ខេត្ត យើង​នៅ​តែ​ស្វាគមន៍​គាត់​នៅ​ទីលាន​ប្រជាធិបតេយ្យ»។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​សមត្ថកិច្ច​រដ្ឋាភិបាល ធ្វើ​ការ​រារាំង ឬ​ក៏​បង្អាក់​ដំណើរ​ក្បួន​ដង្ហែ​ស្នាម​មេដៃ​នេះ​នៅ​តាម​កំណាត់​ផ្លូវ​ត្រង់​កន្លែង​ណា​មួយ។

ទោះ​យ៉ាង​ណា មិន​មាន​មន្ត្រី​សាលា​ខេត្ត និង​មន្ត្រី​នគរបាល​របស់​ខេត្ត​សៀមរាប ណា​មួយ បាន​បង្ហាញ​ប្រតិកម្ម​ទៅ​លើ​ក្បួន​នោះ​នៅ​ឡើយ​ទេ។

ក្រុម​ប្រជាពលរដ្ឋ​ជាច្រើន​បង្ហាញ​ការ​គាំទ្រ និង​ផ្ដិត​មេដៃ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​យក​ទៅ​ធ្វើ​ញត្តិ​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ជុំវិញ​លទ្ធផល​បោះ​ឆ្នោត​នោះ ព្រម​ទាំង​អ្នក​ខ្លះ​ទៀត ក៏​បាន​ស្ម័គ្រចិត្ត​ចូល​រួម​ដង្ហែ​ស្នាម​មេដៃ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ដែរ។

ស្ត្រី​ម្នាក់​ដែល​ប្រកប​របរ​លក់​នំបុ័ង​សាច់​ប្រចាំ​ថ្ងៃ​នៅ​ក្រុង​សៀមរាប បាន​សុខ​ចិត្ត​ទុក​ចោល​ការ​លក់​ដូរ​របស់​គាត់​មួយ​រយៈ​សិន ហើយ​នាំ​ប្ដី​កូន ព្រម​ទាំង​ប្អូន​ផង​ទៅ​ផ្ដិត​មេដៃ​ដល់​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ គាត់​បាន​មាន​ប្រសាសន៍​ថា គាត់​សុខ​ចិត្ត​ខាត​បង់​ការ​លក់​ដូរ ក៏ប៉ុន្តែ មក​ផ្ដិត​មេដៃ​ដើម្បី​ចង់​បាន​មេ​ដឹក​នាំ​ល្អ និង​មាន​យុត្តិធម៌​នៅ​ក្នុង​សង្គម៖ «ឆ្លៀត​មក​មួយ​ភ្លែត ពេល​ត្រឡប់​ទៅ​វិញ​ធ្វើ​ជ្រក់​ធ្វើ​សាច់​លក់​នំបុ័ង​ទៀត។ ខំ​មក​ហ្នឹង ដើម្បី​អនាគត​កូន​ថ្ងៃ​ក្រោយ​ទៅ​ទៀត ព្រោះ​ស្រឡាញ់​អ្នក​ដឹក​នាំ​ល្អ ដើម្បី​ប្រទេស​ជាតិ។ ឥឡូវ​ហ្នឹង អត់​ត្រូវ​ចិត្ត​ពេល​ខ្ញុំ​ចេញ​ទៅ​រក​ស៊ី សមត្ថកិច្ច​ចាប់ ឱ្យ​លុយ​មួយ នៅ​មួយ​ទៀត មើល​ទៅ​ពិបាក​រក​ស៊ី​ណាស់ បើ​មាន​លុយ​ឱ្យ​ទៅ​រួច អត់​លុយ​ចប់​ហើយ។ តែ​ពីស​តែ​ពាស​អ៊ីចឹង ខ្ញុំ​អត់​ចូល​ចិត្ត​ទេ គឺ​ខ្ញុំ​ចូល​ចិត្ត​តែ​ត្រឹមត្រូវ។ បន់​ឱ្យ​តែ​ទេវតា ព្រះអង្គ​អី​ជួយ​ឱ្យ​បាន​រក​អ្នក​ដឹក​នាំ​ល្អ ប្រទេស​ជាតិ​យើង​ទៅ​មុខ​ទៀត»។

ចំណែក​បុរស​ចំណាស់​ឈ្មោះ វ៉ៃ ឈន បាន​ឱ្យ​ដឹង​ថា លោក​ស្ម័គ្រចិត្ត​ចូល​រួម​ដង្ហែ​ក្បួន ដើម្បី​យក​ស្នាម​មេដៃ​ពី​ខេត្ត​សៀមរាប ទៅ​កាន់​ទីក្រុង​ភ្នំពេញ។ បុរស​ដដែល​បាន​បញ្ជាក់​ថា ប្រសិន​បើ​ជា​ការ​ដឹក​ជញ្ជូន​ស្នាម​មេដៃ​ទៅ​ទីក្រុង​ភ្នំពេញ នោះ តម្រូវ​ឱ្យ​លោក​ចំណាយ​លុយ​កាក់​សម្រាប់​ធ្វើ​ដំណើរ ក៏​លោក​សុខ​ចិត្ត​ដែរ៖ «ថ្ងៃ​ស្អែក​នេះ គឺ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ទៅ​តែ​ម្ដង ព្រោះ​ខ្ញុំ​ចង់​ទាមទារ​ឱ្យ​គេ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹក​នាំ​បច្ចុប្បន្ន​នេះ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​សុខ​សប្បាយ​នៅ​ក្នុង​ពេល​អនាគត​ខាង​មុខ។ សព្វថ្ងៃ​នេះ មិន​ទាន់​បាន​សុខ​ស្រួល​ទេ ព្រោះ​មិន​ទាន់​មាន​យុត្តិធម៌​ត្រឹមត្រូវ នៅ​មាន​អំពើ​ពុក​រលួយ មាន​អំពើ​បំផ្លាញ​ប្រទេស​ជាតិ ហើយ​និង​បំផ្លាញ​ព្រៃ​ឈើ​សម្បត្តិ​ធម្មជាតិ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បេតិកភណ្ឌ​ដូច​ជា​អង្គរវត្ត មិន​បាន​មក​ប្រជាពលរដ្ឋ​ខ្មែរ​ទេ គឺ​បាន​តែ​ជន​បរទេស ដែល​គេ​មក​រក​ស៊ី​លើ​ទឹក​ដី​ខ្មែរ»។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ឱ្យ​ដឹង​ថា ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ គឺ​គេ​ប្រមូល​យក​ទៅ​ធ្វើ​ជា​ញត្តិ​ដាក់​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​បង្ហាញ​ឱ្យ​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស បាន​ដឹង​ថា រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ ប្រទេស​កម្ពុជា នៅ​តែ​មិន​ទាន់​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល តាំង​ពី​ឆ្នាំ​១៩៩១ មក ហើយ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ដែល​ទើប​កន្លង​ទៅ កាល​ពី​ខែ​កក្កដា ក៏​មិន​មាន​ភាព​សេរី យុត្តិធម៌ និង​ត្រឹមត្រូវ​ដែរ។

ការ​គ្រោង​ទុក​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ត្រូវ​ប្រមូល​យក​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ឱ្យ​បាន​ចំនួន ៣​លាន ៥​សែន​នាក់ ដើម្បី​ដាក់​ជូន​ទៅ​អង្គការ​សហប្រជាជាតិ ក៏ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​ទី​២២ ខែ​តុលា គឺ​ប្រមូល​បាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​តែ​ជិត ២​លាន​នាក់​ប៉ុណ្ណោះ។

អគ្គនាយក​រដ្ឋបាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បាន​មាន​ប្រសាសន៍​ថា មាន​បញ្ហា​ពីរ​ដែល​គណបក្ស​របស់​លោក​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​មិន​បាន​គ្រប់​ចំនួន ៣​លាន ៥​សែន​នាក់​នោះ៖ «មូលហេតុ ២​យ៉ាង​ធំៗ គឺ​ដោយសារ​ប្រទេស​យើង​រងគ្រោះ​ដោយ​ទឹក​ជំនន់ ហើយ​និង​មួយ​ទៀត គឺ​ដោយសារ​ការ​រារាំង​របស់​អាជ្ញាធរ​ដែន​ដី​ផង»។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​ឱ្យ​ដឹង​ថា ទោះ​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​នឹង​យក​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជិត ២​លាន​នាក់​នោះ ទៅ​ដាក់​ជូន​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ពុធ ទី​២៣ ខែ​តុលា៕

1 comment:

Anonymous said...

Im afraid the papers document tumprings authorities Hun Sen take aways or streat to take on the ways before to reach the gold