គណបក្សសង្គ្រោះជាតិ មានគម្រោងនឹងយកញត្តិដែលអមដោយស្នាមមេដៃរបស់ប្រជាពលរដ្ឋខ្មែរជិត ២លាននាក់ ទៅដាក់នៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នារសៀលថ្ងៃពុធ ទី២៣ ខែតុលា។ ក៏ប៉ុន្តែ នៅថ្ងៃអង្គារ នេះ សកម្មជនរបស់គណបក្សសង្គ្រោះជាតិ កំពុងប្រមូលយកស្នាមមេដៃរបស់ប្រជាពលរដ្ឋពីតាមបណ្ដាខេត្តជាច្រើន ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ។
សកម្មភាពប្រជាពលរដ្ឋចូលផ្ដិតមេដៃឲ្យគណបក្សសង្គ្រោះជាតិ នាទីស្នាក់ការគណបក្ស ខេត្តសៀមរាប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៣។ RFA/Hang Savyouth |
ដោយ ហង្ស សាវយុត 2013-10-22
តើអាជ្ញាធររដ្ឋាភិបាល មានវិធានការយ៉ាងណាខ្លះ នៅពេលដែលសកម្មជនគណបក្សប្រឆាំងមួយចំនួនបានរៀបចំជាក្បួនដង្ហែស្នាមមេដៃ ចេញពីបណ្ដាខេត្តឆ្ពោះទៅកាន់ទីក្រុងភ្នំពេញ នោះ?
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប បានឱ្យដឹងថា គេនឹងរៀបចំក្បួនដង្ហែស្នាមមេដៃរបស់ប្រជាពលរដ្ឋចេញពីខេត្តនេះ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យឯទីក្រុងភ្នំពេញ នៅព្រឹកព្រលឹមថ្ងៃពុធ ទី២៣ ខែតុលា។ មានប្រជាពលរដ្ឋប្រមាណពី ២៥០ ទៅ ៣០០នាក់ បានស្ម័គ្រចិត្តត្រៀមខ្លួនចូលរួមដង្ហែក្បួន ដោយធ្វើដំណើរតាមរថយន្តជាច្រើនគ្រឿង។
តំណាងរាស្ត្រមណ្ឌលសៀមរាប គឺអ្នកស្រី កែ សុវណ្ណរតន៍។ អ្នកស្រីបានមានប្រសាសន៍ថា ចាប់តាំងពីថ្ងៃទី៩ ខែតុលា មក សកម្មជននៃគណបក្សសង្គ្រោះជាតិ នៅតាមបណ្ដាស្រុកឃុំ បានដើរប្រមូលស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីធ្វើញត្តិទាមទារយុត្តិធម៌អំពីលទ្ធផលឆ្នោត ទៅអង្គការសហប្រជាជាតិ បានចំនួនជិត ៧ម៉ឺននាក់។ អ្នកស្រី កែ សុវណ្ណារតន៍ បានបញ្ជាក់ថា អ្នកស្រីនឹងដង្ហែក្បួនយកស្នាមមេដៃទាំងនេះ ទៅទីក្រុងភ្នំពេញ ដើម្បីរួមបញ្ចូលជាមួយស្នាមមេដៃរបស់ប្រជាពលរដ្ឋដែលបានពីទូទាំងប្រទេស។
អ្នកស្រី កែ សុវណ្ណរតន៍៖ «យើងនឹងចាប់ផ្ដើមចេញពីម៉ោង ៥ព្រឹក ធ្វើម៉េចឱ្យផែនការរបស់យើង គឺយើងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យនៅម៉ោង ១រសៀល។ យើងបានគ្រោងទុកពី ២៥០នាក់ ទៅ ៣០០នាក់ហ្នឹង ដោយរថយន្តធំ ដែលយើងជួលប្រហែល ៥ និងរថយន្តផ្ទាល់ខ្លួនមួយចំនួនទៀត។ ដូច្នេះ ការធ្វើដំណើរគ្រាន់តែយើងរួមគ្នាទៅទេ ហើយទៅដល់ណោះ បានយើងរៀបចំកម្មវិធីជាផ្លូវការរបស់គណបក្ស ហើយបើសិនជាមានអ្នកស្ម័គ្រចិត្តដែលទៅក្រៅពីការរៀបចំរបស់ខេត្ត យើងនៅតែស្វាគមន៍គាត់នៅទីលានប្រជាធិបតេយ្យ»។
សកម្មជនគណបក្សសង្គ្រោះជាតិ ខេត្តសៀមរាប បានសម្ដែងការព្រួយបារម្ភខ្លាចក្រែងសមត្ថកិច្ចរដ្ឋាភិបាល ធ្វើការរារាំង ឬក៏បង្អាក់ដំណើរក្បួនដង្ហែស្នាមមេដៃនេះនៅតាមកំណាត់ផ្លូវត្រង់កន្លែងណាមួយ។
ទោះយ៉ាងណា មិនមានមន្ត្រីសាលាខេត្ត និងមន្ត្រីនគរបាលរបស់ខេត្តសៀមរាប ណាមួយ បានបង្ហាញប្រតិកម្មទៅលើក្បួននោះនៅឡើយទេ។
ក្រុមប្រជាពលរដ្ឋជាច្រើនបង្ហាញការគាំទ្រ និងផ្ដិតមេដៃឱ្យគណបក្សសង្គ្រោះជាតិ ដើម្បីយកទៅធ្វើញត្តិប្ដឹងទៅអង្គការសហប្រជាជាតិ ជុំវិញលទ្ធផលបោះឆ្នោតនោះ ព្រមទាំងអ្នកខ្លះទៀត ក៏បានស្ម័គ្រចិត្តចូលរួមដង្ហែស្នាមមេដៃទៅកាន់ទីក្រុងភ្នំពេញ ដែរ។
ស្ត្រីម្នាក់ដែលប្រកបរបរលក់នំបុ័ងសាច់ប្រចាំថ្ងៃនៅក្រុងសៀមរាប បានសុខចិត្តទុកចោលការលក់ដូររបស់គាត់មួយរយៈសិន ហើយនាំប្ដីកូន ព្រមទាំងប្អូនផងទៅផ្ដិតមេដៃដល់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ គាត់បានមានប្រសាសន៍ថា គាត់សុខចិត្តខាតបង់ការលក់ដូរ ក៏ប៉ុន្តែ មកផ្ដិតមេដៃដើម្បីចង់បានមេដឹកនាំល្អ និងមានយុត្តិធម៌នៅក្នុងសង្គម៖ «ឆ្លៀតមកមួយភ្លែត ពេលត្រឡប់ទៅវិញធ្វើជ្រក់ធ្វើសាច់លក់នំបុ័ងទៀត។ ខំមកហ្នឹង ដើម្បីអនាគតកូនថ្ងៃក្រោយទៅទៀត ព្រោះស្រឡាញ់អ្នកដឹកនាំល្អ ដើម្បីប្រទេសជាតិ។ ឥឡូវហ្នឹង អត់ត្រូវចិត្តពេលខ្ញុំចេញទៅរកស៊ី សមត្ថកិច្ចចាប់ ឱ្យលុយមួយ នៅមួយទៀត មើលទៅពិបាករកស៊ីណាស់ បើមានលុយឱ្យទៅរួច អត់លុយចប់ហើយ។ តែពីសតែពាសអ៊ីចឹង ខ្ញុំអត់ចូលចិត្តទេ គឺខ្ញុំចូលចិត្តតែត្រឹមត្រូវ។ បន់ឱ្យតែទេវតា ព្រះអង្គអីជួយឱ្យបានរកអ្នកដឹកនាំល្អ ប្រទេសជាតិយើងទៅមុខទៀត»។
ចំណែកបុរសចំណាស់ឈ្មោះ វ៉ៃ ឈន បានឱ្យដឹងថា លោកស្ម័គ្រចិត្តចូលរួមដង្ហែក្បួន ដើម្បីយកស្នាមមេដៃពីខេត្តសៀមរាប ទៅកាន់ទីក្រុងភ្នំពេញ។ បុរសដដែលបានបញ្ជាក់ថា ប្រសិនបើជាការដឹកជញ្ជូនស្នាមមេដៃទៅទីក្រុងភ្នំពេញ នោះ តម្រូវឱ្យលោកចំណាយលុយកាក់សម្រាប់ធ្វើដំណើរ ក៏លោកសុខចិត្តដែរ៖ «ថ្ងៃស្អែកនេះ គឺខ្ញុំពេញចិត្តនឹងទៅតែម្ដង ព្រោះខ្ញុំចង់ទាមទារឱ្យគេផ្លាស់ប្ដូរថ្នាក់ដឹកនាំបច្ចុប្បន្ននេះ ដើម្បីឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានសុខសប្បាយនៅក្នុងពេលអនាគតខាងមុខ។ សព្វថ្ងៃនេះ មិនទាន់បានសុខស្រួលទេ ព្រោះមិនទាន់មានយុត្តិធម៌ត្រឹមត្រូវ នៅមានអំពើពុករលួយ មានអំពើបំផ្លាញប្រទេសជាតិ ហើយនិងបំផ្លាញព្រៃឈើសម្បត្តិធម្មជាតិរបស់ប្រជាពលរដ្ឋទូទាំងប្រទេស បេតិកភណ្ឌដូចជាអង្គរវត្ត មិនបានមកប្រជាពលរដ្ឋខ្មែរទេ គឺបានតែជនបរទេស ដែលគេមករកស៊ីលើទឹកដីខ្មែរ»។
គណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា ស្នាមមេដៃរបស់ប្រជាពលរដ្ឋទាំងនោះ គឺគេប្រមូលយកទៅធ្វើជាញត្តិដាក់ទៅអង្គការសហប្រជាជាតិ ដើម្បីបង្ហាញឱ្យប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានដឹងថា រយៈពេលជាង ២០ឆ្នាំមកហើយ ប្រទេសកម្ពុជា នៅតែមិនទាន់មានលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅឡើយទេ ចាប់តាំងពីប្រទេសនេះបានបញ្ចប់សង្គ្រាមស៊ីវិល តាំងពីឆ្នាំ១៩៩១ មក ហើយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៥ ដែលទើបកន្លងទៅ កាលពីខែកក្កដា ក៏មិនមានភាពសេរី យុត្តិធម៌ និងត្រឹមត្រូវដែរ។
ការគ្រោងទុករបស់គណបក្សសង្គ្រោះជាតិ គឺត្រូវប្រមូលយកស្នាមមេដៃពីប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសឱ្យបានចំនួន ៣លាន ៥សែននាក់ ដើម្បីដាក់ជូនទៅអង្គការសហប្រជាជាតិ ក៏ប៉ុន្តែ រហូតមកដល់ថ្ងៃទី២២ ខែតុលា គឺប្រមូលបានស្នាមមេដៃប្រជាពលរដ្ឋតែជិត ២លាននាក់ប៉ុណ្ណោះ។
អគ្គនាយករដ្ឋបាលរបស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា មានបញ្ហាពីរដែលគណបក្សរបស់លោកប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋមិនបានគ្រប់ចំនួន ៣លាន ៥សែននាក់នោះ៖ «មូលហេតុ ២យ៉ាងធំៗ គឺដោយសារប្រទេសយើងរងគ្រោះដោយទឹកជំនន់ ហើយនិងមួយទៀត គឺដោយសារការរារាំងរបស់អាជ្ញាធរដែនដីផង»។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានឱ្យដឹងថា ទោះយ៉ាងណា គណបក្សសង្គ្រោះជាតិ មានគម្រោងនឹងយកស្នាមមេដៃប្រជាពលរដ្ឋជិត ២លាននាក់នោះ ទៅដាក់ជូនការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៣ ខែតុលា៕
1 comment:
Im afraid the papers document tumprings authorities Hun Sen take aways or streat to take on the ways before to reach the gold
Post a Comment