Wednesday, November 06, 2013

បេក្ខជន​ប្រឡង​គ្រូ​អនុវិទ្យាល័យ ​នៅ​ព្រៃវែង​ថា​ មាន​សិស្ស​ប្រឡង​ជាប់​ ដោយ​គេ​ប្រឡង​ជំនួស


សកម្មភាពបេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ នៅមណ្ឌលសាលាបឋមសិក្សា
ក្រុងព្រៃវែង ខេត្តព្រៃវែង សម័យប្រឡងថ្ងៃទី១៩ តុលា ឆ្នាំ២០១៣។
RFA/Hum Chamroeun
ដោយ ហ៊ុំ ចំរើន RFA 2013-11-05

ការ​អះអាង​នេះ​ គឺ​បន្ទាប់​ពី​បេក្ខជន​បាន​ទៅ​មើល​ឈ្មោះ​លទ្ធផល​ប្រឡង​​ ដែល​បាន​បិទ​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​ព្រៃវែង​​កាលពី​​​ថ្ងៃ​ទី​០២​វិច្ឆិកា។ បេក្ខជន​ប្រឡង​គ្រូ​អនុវិទ្យាល័យ​ ឲ្យដឹង​ថា​ មុខវិជ្ជា​ដែល​គេ​ចូល​ប្រឡង​ជំនួស​​ជាប់​ភាគ​ច្រើន​ ជា​មុខវិជ្ជា​ឯកទេស​ផ្នែក​ខ្មែរ​ គេហកិច្ច​ និង​ជំនាញ​ គណិតវិទ្យា​ រូប​វិទ្យា​ជា​ដើម​ ។ ហើយ​ ផ្នែក​និមួយៗ​យ៉ាង​ហោច​ណាស់​ ក៏​មាន​បេក្ខជន​ប្រឡង​ជាប់​ ដោយ​សារ​គេ​ប្រឡង​ជំនួស​នោះ​​ពី​២​ទៅ​៣​នាក់​ដែរ។

​​បេក្ខជន​ប្រឡង​ មក​ពី​ស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វាយរៀង​ សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​ ០៥​ វិច្ឆិកា​ថា​ ពេល​​ទៅ​មើល​លទ្ធផល​ឈ្មោះ​ប្រឡង​គ្រូ​ នៅ​សាលា​គរុកោសល្យ​ ព្រៃវែង​ គ្រានោះ​ ខ្លួន​បាន​ប្រទះ​ឃើញ​មាន​ឈ្មោះ​សិស្ស​ប្រឡង​ជាប់​មួយ​ចំនួន​ ជាប់​ដោយ​​មាន​អ្នក​ប្រឡង​ជំនួស​ ។ បេក្ខជន​ដដែល​បន្ត​ថា​​ ខ្លួន​បាន​ឃើញ​សកម្មភាព​មិន​ប្រក្រតី​កើត​មាន​តាំង​ពី​ថ្ងៃ​ប្រឡង​មក​ម្ល៉េះ ប៉ុន្តែ​សកម្មភាព​នោះ​បេក្ខជន​ពុំហ៊ាន​និយាយ​ ព្រោះ​ខ្លាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​បេក្ខភាព​ប្រឡង​របស់​ខ្លួន​៖ «ចាស​ប៉ុន្តែ​ប្អូន​អត់​ហ៊ាន​ប្រាប់​ឈ្មោះ​ទេ​ភាគ​ច្រើន​គ្រូ​បង្រៀន​ដូច​ថា​គាត់​មាន​បទ​ពិសោធន៍​ខ្លាំង​អញ្ចឹង​គាត់​ចូល​ទៅ​ដឹង​ថា​ជាប់​ហ្មង​។ ហើយ​ដល់​ពេល​សិស្ស​ៗ​ចូល​ទៅ​បាន​ត្រឹម​តែ​បម្រុង​អី​ហ្នឹង​បង​ បម្រុង​ទី​១​បម្រុង​ទី​២​ទី៣​អី​ហ្នឹង​អស់​ហើយ។​ ដូច​ថា​អ្នក​ចូល​ឲ្យ​គេ​ជំនួស​ហ្នឹង​ដូច​អត់​ពូកែ​ផង​បង​ ហើយ​ប្អូន​ឆ្ងល់​ដល់​ពេល​ទៅ​បង្រៀន​គេ​ធ្វើ​មេច​ទៅ»។

ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣៖ សាលាគរុកោសល្យភូមិភាគ
ព្រៃវែង ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។ RFA/Hum Chamroeun
ឆ្លើយ​តប​និង​បញ្ហា​នេះ​នាយក​គរុកោសល្យ​ ភូមិ​ភាគ​ខេត្ត​ព្រៃវែង​ លោក​ ប៊ូយ វុទ្ធី​ ឲ្យ​ដឹង​ថា​ ​សាលា​​និង​ធ្វើ​​ការ​ត្រួត​ពិនិត្យ​តាម​បេក្ខជន​ប្រឡង​ជាប់​នេះ។  ​ប្រសិន​បើ​តាម​ដាន​រក​ឃើញ​ថា​ មាន​គរុសិស្ស​ណា​ប្រឡង​ជាប់​ដោយ​សារ​ជួល​គេ​ឲ្យ​ប្រឡង​ជំនួស​នោះ​ សាលា​នឹង​បញ្ជូន​ឈ្មោះ​បេក្ខជន​ទៅ​ឲ្យ​ក្រសួង​អប់រំ​ ដើម្បី​ចាត់​វិធាន​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​៖ «ពេល​ប្រឡង​នៅ​ភូមិភាគ​ហ្នឹង​គឺ​យើង​មាន​ផ្ដិត​មេដៃ​ៗ​ចឹង​ពេល​ដែល​គាត់​ចូល​មក​យើង​ឲ្យ​គាត់​ផ្ដិត​មេ​ដៃ​ម្ដង​ទៀត​ផ្ទៀង​ជាមួយ​មេ​ដៃ​ពេល​ប្រឡង​ បើ​សិន​ខុស​ប្លែក​អាហ្នឹង​មាន​ផ្លូវ​ច្បាប់​យើង​ជួន​ព័ត៌មាន​ហ្នឹង​ទៅ​ដល់​ក្រសួង​។ហើយ​ក្រសួង​ក៏គាត់​មាន​ពេល​វេលា​គាត់​រាល់​ឆ្នាំ​គាត់​ចុះ​មក​មើល​​គាត់​មក​ផ្ទៀង​ គាត់​ជួយ​មក​ផ្ទៀង​ទៀត​។ ហើយ​សាលា​នេះ​គឺ​ប្រហែល​ជា​កន្លះ​ខែ​ពេល​សិស្ស​មក​ជុំ​អស់​យើង​ហ្នឹង​ធ្វើ​ត្រួតពិនិត្យ​មួយ​សារ​ដែរ​​ត្រួត​ពិនិត្យ​ម៉ាសារ​ហើយ​បាន​ក្រសួង​ត្រួតពិនិត្យ​ម៉ាសារ​ទៀត»។


យ៉ាង​ណា​ក៏ដោយ​បេក្ខជន​ប្រឡង​អះអាង​ថា​ អ្នក​ប្រឡង​ជាប់​ ជួល​ឲ្យ​គេ​ប្រឡង​ក្នុង​តំលៃ​ប្រមាណ​ពី១ពាន់​ទៅ​៣​ពាន់​ដុល្លារ​អាមេរិក ក្នុង​មួយ​នាក់។​  បេក្ខជន​ប្រឡង​ស្នើ​ឲ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​មន្ត្រី​ដែល​មាន​ពាក់ព័ន្ធ​ការ​ប្រឡង​គ្រូ​បឋម​ភូមិ​នេះ​ ធ្វើ​យ៉ាង​ណា​ត្រួតពិនិត្យ​តាម​ដាន​រក​ឈ្មោះ​អ្នក​ដែល​គ្មាន​សមត្ថភាព​តែ​ប្រឡង​ជាប់​ និង​លុប​ឈ្មោះ​បេក្ខជន​ចេញ​ពី​បញ្ជី​ឈ្មោះ​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​សកម្មភាព​នេះ​កើត​មាន​នា​ពេល​ប្រឡង​គ្រូ​ឆ្នាំ​ក្រោយ​​ទៀត។

លទ្ធផល​ឈ្មោះ​បេក្ខជន​ប្រឡង​ជាប់​ គ្រូ​អនុ​វិទ្យាល័យ​នៅ​សាលា​គរុកោសល្យ​ ​ភូមិភាគ​ខេត្ត​ព្រៃវែង​ ឆ្នាំ​២០១៣​នេះ​ សរុប​ទាំង​អស់​ចំនួន​ ១១៦​នាក់។ ហើយ​​គរុកោសល្យ​ ភូមិ​ភាគ​នេះ​ មាន​បេក្ខជន​ប្រឡង​មក​ពី​ខេត្ត​ព្រៃវែង​និង​ខេត្ត​ស្វាយរៀង​ ។ ចំពោះ​សិស្ស​ដែល​បាន​ប្រឡង​ជាប់​និង​ត្រូវ​សិក្សា​​តាម​ជំនាញ​ឯកទេស​របស់​ខ្លួន​ ប្រឡង​ជាប់​នៅ​សាលា​គរុកោសល្យ​ភូមិភាគ​ព្រៃវែង​ចំនួន​២ឆ្នាំ​ ៕

No comments: