RFA/Mom Sophon |
ដោយ ខែ សុណង RFA 2013-11-27
សហជីពដែលចូលរួមប្រជុំនៅក្នុងការបង្ហាញលទ្ធផលបឋម នៃការអង្កេតពីស្ថានភាពវិនិយោគនៅកម្ពុជា បានរក្សាជំហរចំពោះការធ្វើកូដកម្មបាតុកម្មទូទាំងប្រទេសដដែល ប្រសិនណាយន្តការនៃការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករស្ថិតនៅក្នុងកម្រិតមួយដែលមិនអាចទទួលយកបាននោះ។
មន្ត្រីគោលនយោបាយ និងច្បាប់នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) លោក អ៊ុំ វិសាល ថ្លែងថា កិច្ចប្រជុំនៅពេលនេះ គឺមិនមែនជាការជជែកតថ្លៃគ្នាអំពីប្រាក់ឈ្នួលអប្បបរមាជូនកម្មករនោះទេ គឺជាការជជែកក្រុមបច្ចេកទេស ដើម្បីឈានទៅរកការដោះស្រាយអំពីការដំឡើងប្រាក់ឈ្នួល។ លោកបន្តថា ជំហរធ្វើកូដកម្មបាតុកម្ម អាស្រ័យទៅលើលទ្ធផលនៃការជជែកពិភាក្សាបន្តបន្ទាប់ពីការប្រជុំប្រមូលរបាយការណ៍របស់អនុក្រុមទាំង៤ ដែលក្រសួងការងារ បង្កើតសម្រាប់ធ្វើការសិក្សាស្រាវជ្រាវអំពីបញ្ហាប្រាក់ឈ្នួលរបស់កម្មករ។
«សំឡេង»
ការលើកឡើងនេះ ស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអនុក្រុមការងារចម្រុះត្រីភាគី និងដៃគូពាក់ព័ន្ធ ដែលមានសមាសភាពពីខាងរដ្ឋាភិបាល និយោជក និងតំណាងពីខាងសហជីព បានជួបប្រជុំប្រមូលលទ្ធផលបឋមនៃរបាយការណ៍អង្កេត អំពីស្ថានភាពវិនិយោគ ស្ថានភាពរបស់កម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ នៅក្រសួងការងារ ថ្ងៃទី២៧ វិច្ឆិកា។
មន្ត្រីសហជីពដដែល បានឲ្យដឹងថា អនុក្រុមការងារចម្រុះត្រីភាគី បានធ្វើការស្រាវជ្រាវអំពីការចំណាយរបស់ភាគីនិយោជករបស់កម្មករនិយោជិក ការស្រាវជ្រាវអំពីផលិតភាពការងារទំនាក់ទំនងការងារ ការស្រាវជ្រាវអំពីប្រព័ន្ធសេដ្ឋកិច្ចក្នុងប្រទេស និងតំបន់អាស៊ាន ដើម្បីឈានទៅពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា។
រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ លោក អ៊ុំ មាន មានប្រសាសន៍ថា ក្រុមការងារនេះជាក្រុមការងារសុក្រឹត ដែលបានធ្វើការអង្កេតតាំងពីខែតុលា ដែលលទ្ធផលអាចទទួលយកបាន ឈានទៅជជែកផ្ដល់ប្រាក់ខែអប្បបរមាជូនកម្មករ។
«សំឡេង»
បន្ទាប់ពីកិច្ចប្រជុំអនុក្រុមការងារចម្រុះត្រីភាគី ក្រសួងការងារ ធ្វើការបូកសរុបលទ្ធផលរួចមក ក្រុមការងារនេះគ្រោងនឹងបើកកិច្ចប្រជុំធំមួយទៀត នៅថ្ងៃទី១៦ ខែធ្នូ ដើម្បីពិភាក្សាសម្រេចអំពីចំនួនទឹកប្រាក់ដែលត្រូវដំឡើងជូនកម្មករ។
សហព័ន្ធសហជីពដែលធ្វើការផ្នែកវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង កាលពីពេលថ្មីៗនេះ បានគំរាមធ្វើបាតុកម្មនៅដើមខែធ្នូ ខាងមុខនេះ ដើម្បីទាមទារដំឡើងប្រាក់ខែអប្បបរមាឲ្យកម្មករដល់ ១៥៤ដុល្លារក្នុងមួយខែ៕
1 comment:
Corruption is the plan of Hanoi. By corruption illegal vietnamese in Cambodia can buy Khmer ID,can buy every thing and can be owner every thing in Cambodia and one day they can buy hole Khmer country. we will be Kampuchea Krom.
Post a Comment