ក្រុមអ្នកភូមិដែលមកតវ៉ាដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ នៅតំបន់ព្រៃឡង់ ស្ថិតក្នុងខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០១១។ RFA/Kim Peou |
ដោយ កែវ និមល RFA 2013-11-27
សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ បានប្រកាសនៅថ្ងៃទី២៧ វិច្ឆិកា ថា ពួកគេនឹងចាប់ផ្ដើមពិនិត្យ និងទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងព្រៃឡង់ ដែលកើតឡើងជាច្រើន ចាប់តាំងពីមានយុទ្ធនាការឃោសនាបោះឆ្នោតមកទល់បច្ចុប្បន្ន។ តំណាងបណ្ដាញសហគមន៍ព្រៃឡង់បានប្រកាសថា ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសព្រៃឈើលើកនេះ មានមនុស្សចូលរួមប្រមាណ ៥០០នាក់។
លោក សេង សុខហេង អ្នកសម្របសម្រួលបណ្ដាញកសាងសន្តិភាពសហគមន៍ និងជាអ្នករៀបចំសកម្មភាពយុទ្ធនាការបង្ក្រាបបទល្មើសកាប់ឈើក្នុងព្រៃឡង់ មានប្រសាសន៍ឲ្យដឹងថា ការសម្រេចចិត្តរៀបចំឲ្យមានសកម្មភាពចូលព្រៃបង្ក្រាបបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើនៅក្នុងតំបន់ព្រៃឡង់រយៈពេល ៥ថ្ងៃនេះ ពីព្រោះក្នុងរយៈពេលបោះឆ្នោតកន្លងមកថ្មីៗនេះ មានក្រុមហ៊ុនជាច្រើនបានកាប់ឈើឈូសឆាយយកដីនៅក្នុងតំបន់ព្រៃឡង់។
លោក សេង សុខហេង៖ «ព្រោះថា ប៉ុន្មាន ៤ ឬ ៥ខែកន្លងមកនេះ មានការកាប់បំផ្លាញព្រៃឡង់កើនឡើងខ្លាំងមែនទែន។ ហើយរាល់ថ្ងៃ មានឈើរាប់ពាន់ម៉ែត្រគូប ដឹកចេញពីតំបន់ព្រៃឡង់តាមរូបភាពអានាធិបតេយ្យ។ សកម្មភាពយើងធ្វើនោះ ទី១ ទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។ ទី២ យើងប្រមូលភស្តុតាងឲ្យបានជាក់លាក់ដាក់ទៅឲ្យរដ្ឋាភិបាល និងតុលាការ»។
លោក សេង សុខហេង បានឲ្យដឹងបន្ថែមថា ការកាប់ឈើក្នុងពេលបោះឆ្នោតលើកនេះ មានការកើនឡើងខ្លាំងជាងមុនទៅទៀត ហើយសកម្មភាពកាប់ឈើរបស់ក្រុមហ៊ុននានាពេលនេះ កំពុងគំរាមកំហែងព្រៃឈើ និងប៉ះពាល់ដល់បរិស្ថាន និងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលពឹងអាស្រ័យលើផលព្រៃឈើ ក្នុងតំបន់ព្រៃឡង់នោះ។
សេចក្តីប្រកាសព័ត៌មានមួយរបស់បណ្ដាញសហគមន៍ព្រៃឡង់ បានចេញផ្សាយថ្ងៃទី២៧ វិច្ឆិកា ឲ្យដឹងថា ប្រជាពលរដ្ឋសមាជិកបណ្ដាញសហគមន៍ព្រៃឡង់ប្រមាណ ៥០០នាក់ ដែលចូលរួមក្នុងសកម្មភាពល្បាតព្រៃបង្ក្រាបបទល្មើសកាប់ឈើនោះ មានមកពីខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ។ ខេត្តទាំង៤ នេះ គឺមានព្រៃឡង់លាតសន្ធឹងគ្របដណ្ដប់លើ។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា បច្ចុប្បន្ននេះ រាល់ពេលថ្ងៃ និងយប់ មានសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់គគ្រឹកគគ្រេងតាមគ្រប់មធ្យោបាយ ដូចជា រទេះគោ ម៉ូតូ និងរថយន្តគ្រប់ធុន។
សេចក្តីប្រកាសព័ត៌មានបានរៀបរាប់អំពីសកម្មភាពបទល្មើសកាប់ឈើ ដែលកើតមានក្នុងពេលថ្មីៗនេះ នៅចំណុចមួយចំនួន ដូចជា នៅខេត្តកំពង់ធំ ក្នុងស្រុកសណ្ដាន់ អ្នកមានប្រាក់មានអំណាចមួយចំនួនជាខ្នងបង្អែក បង្កឲ្យមានការកាប់រានព្រៃឈើយកដីធ្វើកម្មសិទ្ធិ។ ចំណែកក្រុមហ៊ុនបន្តកាប់ឈើនៅក្រៅតំបន់ព្រៃសម្បទាន។ នៅខេត្តព្រះវិហារ មានការកាប់រានព្រៃឈើ និងដឹកជញ្ជូនឈើប្រណីតរាប់ពាន់ដុំក្នុងមួយថ្ងៃៗ ចេញពីស្រុកជ័យសែន និងស្រុករវៀង ទៅឲ្យក្រុមហ៊ុន ទ្រី ភាព ក្នុងតំបន់បឹងពែរ។ នៅខេត្តក្រចេះ មានក្រុមហ៊ុនកែច្នៃឈើ បានកាប់ឈើដឹកចេញរាប់សិបកុងតឺន័រ តាមសាឡាង និងតាមកាណូត។ នៅខេត្តស្ទឹងត្រែង មានការកាប់រានព្រៃឈើរាប់សិបម៉ឺនហិកតារ ដើម្បីយកដីធ្វើកម្មសិទ្ធិ និងការដឹកជញ្ជូនឈើប្រណីតកើតមានជារៀងរាល់ថ្ងៃ។
ទាក់ទងជាមួយសកម្មភាពរបស់បណ្ដាញសហគមន៍ព្រៃឡង់ចូលរួមបង្ក្រាបបទល្មើសព្រៃឈើ នៅក្នុងព្រៃឡង់ចំនួន ៥ថ្ងៃនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ ដើម្បីសុំការធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី២៧ វិច្ឆិកា។
ប៉ុន្តែ លោក តិប ញាតា នាយរងរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មានប្រសាសន៍ថា លោកត្រៀមសហការជាមួយជានិច្ចជាមួយសហគមន៍ការពារព្រៃឈើ ប៉ុន្តែបើសិនជាមិនមែនសហគមន៍ការពារព្រៃឈើដែលច្បាប់ទទួលស្គាល់ទេ គឺជាករណីផ្សេង។
លោក តិប ញាតា៖ «ព្រៃឈើវាមានអាជ្ញាធរគ្រប់គ្រង។ អ៊ីចឹងវាមានច្បាប់មួយ។ ហើយបើគាត់អះអាងថា គាត់ធ្វើការងារព្រៃឈើទៅ យ៉ាងម៉េចខ្ញុំក៏អត់ទាន់យល់ពីគោលបំណងរបស់គាត់ឲ្យបានស៊ីជម្រៅដែរ។ តែ ការចូលរួមសហការក្នុងនាមសមាជិកសហគមន៍ព្រៃឈើ ខ្ញុំតែងតែជួយជានិច្ចជាកាល។ ហើយបើគាត់ឈឺឆ្អាលអ៊ីចឹងកាន់តែអរគុណ។ ប៉ុន្តែ ក្នុងនាមតំណាងសហគមន៍ព្រៃឈើ តែបើតំណាងខាងណានោះ ខ្ញុំអត់ដឹងទេ។ គាត់អះអាងតែគ្នាគាត់អ៊ីចឹងទៅណាស់»។
ទាក់ទងជាមួយការមិនសហការរបស់រដ្ឋបាលព្រៃឈើនៅតំបន់ព្រៃឡង់ លោក សេង សុខហេង អ្នកសម្របសម្រួលបណ្ដាញកសាងសន្តិភាពសហគមន៍ និងជាអ្នករៀបចំសកម្មភាពយុទ្ធនាការបង្ក្រាបបទល្មើសកាប់ឈើក្នុងព្រៃឡង់ បានឲ្យដឹងថា កន្លងមក មានវត្ថុតាងមួយចំនួនដែលសមាជិកបណ្ដាញសហគមន៍ព្រៃឡង់រកឃើញ និងចាប់បាន ក្នុងពេលល្បាតព្រៃ តែងតែត្រូវរដ្ឋបាលព្រៃឈើនៅតំបន់កើតហេតុលែងទៅវិញ។
លោក សេង សុខហេង៖ «កន្លងមកយើងជួបច្រើន។ ទី១ យើងជួបពំនូកឈើដែលគេកាប់។ ទី២ យើងចាប់បាន ដូចជា ម៉ាស៊ីនអារឈើ។ ទី៣ យើងចាប់បានត្រាក់ទ័រដឹកជាដើម។ តែពេលយើងដាក់ទៅរដ្ឋបាលព្រៃឈើ តែជាទូទៅ ក្រោយមក មិនដឹងវត្ថុនោះទៅណាទេ។ នេះវាធ្វើឲ្យយើងអស់ជំនឿទៅលើរដ្ឋបាលព្រៃឈើនោះណា»។
ច្បាប់ស្ដីពីព្រៃឈើដែលរដ្ឋសភាអនុម័តនៅឆ្នាំ២០០២ បានចែងថា បទល្មើសព្រៃឈើជាបទល្មើសព្រហ្មទណ្ឌ ដែលមានចរិតពិសេស។ រដ្ឋបាលព្រៃឈើមានសមត្ថកិច្ចជាមន្ត្រី នគរបាលយុត្តិធម៌ ក្នុងការស៊ើបអង្កេតបទល្មើសព្រៃឈើ និងចងក្រងសំណុំរឿងជូនតុលាការ។ ការស្រាវជ្រាវទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើជាសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើគ្រប់ថ្នាក់ នៅក្នុងរង្វង់សមត្ថកិច្ចរៀងៗខ្លួន។ ប្រតិបត្តិការរបស់មន្ត្រីរដ្ឋបាលព្រៃឈើ ដែលបានទទួលនីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវអនុវត្តស្របតាមច្បាប់ស្ដីពីនីតិវិធីព្រហ្មទណ្ឌ។
ទណ្ឌកម្មក្នុងបទល្មើសព្រៃឈើ មានទោសជាប់ពន្ធនាគារ រឹបអូសវត្ថុតាង ពិន័យដោយតុលាការ ពិន័យអន្តរការណ៍ ការជួសជុលការខូចខាត ការព្រមាន ការដកហូត ឬការព្យួរកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត។ ការពិន័យអន្តរការណ៍ពីបទល្មើសព្រៃឈើ ការជួសជុលការខូចខាត និងការព្រមាន ជាសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើ។ ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យអន្តរការណ៍ ឬការជួសជុលការខូចខាត រដ្ឋបាលព្រៃឈើអាចបញ្ជូនសំណុំរឿងបទល្មើសទៅតុលាការ។ បទល្មើសព្រៃឈើ មានទោសបញ្ញត្តិអាចជាប់ពន្ធនាគារពី ១ខែ ទៅ ១០ឆ្នាំ និងពិន័យជាប្រាក់ទៀតផង៕
No comments:
Post a Comment