Wednesday, November 27, 2013
អ្នកឃ្លាំមើលបង្ហាញព័ត៌មានស៊ើបអង្កេតលើដំណើរការបោះឆ្នោត
ដោយ ទីន ហ្សាការីយ៉ា RFA 2013-11-27
មន្ត្រីឃ្លាំមើលការបោះឆ្នោត បានលើកឡើងថា ភាពមិនប្រក្រតីនៃការបោះឆ្នោត កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ គឺធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។
តំណាងអង្គការខុមហ្វ្រែល (Comfrel) លោក ស៊ិន ទិត្យសីហា មានប្រសាសន៍ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែធ្វើកំណែទម្រង់ឲ្យបានពិតប្រាកដ ដើម្បីឲ្យលទ្ធផលបោះឆ្នោតនៅពេលមុខ ប្រកបដោយតម្លាភាព និងត្រឹមត្រូវ ពីព្រោះថា ការបោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា នេះ បន្ទប់ស្ថានការណ៍ឃ្លាំមើលការបោះឆ្នោតបានរកឃើញភាពមិនប្រក្រតីជាង ១ម៉ឺនករណី ដែលភាពមិនប្រក្រតីនេះ ធ្វើឲ្យប៉ះពាល់ដល់លទ្ធផលបោះឆ្នោត។
«សំឡេង»
ការលើកឡើងដូច្នេះនៅក្នុងសន្និសីទលើកទី២ ស្ដីពីការរកឃើញអនុសាសន៍ពីវេទិកាសហគមន៍ និងព័ត៌មានស៊ើបអង្កេតលើដំណើរការបោះឆ្នោតនៅកម្ពុជា ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅរាជធានីភ្នំពេញ នាថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៣។
ប្រធានមជ្ឈមណ្ឌលផ្សព្វផ្សាយនៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង លើកឡើងថា មូលហេតុដែលមជ្ឈមណ្ឌលរបស់លោករៀបចំកម្មវិធីនេះឡើង ដោយសារតែប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មានពិតទៅកាន់ម្ចាស់ឆ្នោត និងធ្វើឲ្យប្រជាពលរដ្ឋយល់ដឹងអំពីដំណើរការបោះឆ្នោត។
«សំឡេង»
នៅក្នុងសន្និសីទនេះ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានបង្ហាញរបាយការណ៍ស្ដីពីភាពមិនប្រក្រតីជាច្រើននៅថ្ងៃបោះឆ្នោត រួមមាន ការដឹកជញ្ជួនជនប្លែកមុខ និងជនជាតិវៀតណាម ពីបណ្ដាខេត្តផ្សេងៗ ឲ្យមកបោះឆ្នោតនៅក្នុងខេត្តព្រៃវែង ការរារាំងជនប្លែកមុខ និងជនជាតិវៀតណាម មិនឲ្យបោះឆ្នោត ការប្រើអំពើហិង្សាក្នុងថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតមួយចំនួនលម្អៀងទៅបក្សកាន់អំណាច និងករណីផ្សេងៗទៀត។
ប្រធានផ្នែកផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ណុប វី មានប្រសាសន៍ថា មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើននៃភាពមិនប្រក្រតី គឺការចេញលិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់បម្រើឲ្យការបោះឆ្នោតនោះ គ្មានតម្លាភាព ធ្វើឲ្យអ្នកគ្មានសិទ្ធិបោះឆ្នោតអាចបោះឆ្នោតបាន រីឯម្ចាស់ឆ្នោតមួយចំនួនមានសិទ្ធិបោះឆ្នោត បែរជាត្រូវគេបោះជំនួសជាដើម។
លោក ណុប វី អះអាងថា របាយការណ៍ស្ដីពីភាពមិនប្រក្រតី និងអនុសាសន៍មួយចំនួន នឹងបញ្ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីពិចារណាលើចំណុចទាំងនោះ នឹងធ្វើកំណែទម្រង់នោះយ៉ាងយូរនៅខែមករា ឆ្នាំ២០១៤ បន្ទាប់ពីសន្និសីទលើកទី៣។
នៅក្នុងសន្និសីទបង្ហាញរបាយការណ៍ស្ដីពីភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ ក៏មានតំណាងអង្គការខុមហ្រ្វែល តំណាងអង្គការនិកហ្វិច (Nicfec) និងតំណាងគណបក្សសង្គ្រោះជាតិ ដើម្បីធ្វើបទបង្ហាញបន្ថែមទាក់ទងនឹងភាពមិនប្រក្រតីនៃការបោះឆ្នោតនេះ។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត លោក ម៉ៅ មុន្នីវណ្ណ មានប្រសាសន៍ថា បញ្ហាសំខាន់នៅត្រង់ថា រដ្ឋាភិបាលមិនមានឆន្ទៈពិតប្រាកដក្នុងការធ្វើកំណែទម្រង់ គ.ជ.ប នេះ។ លោកបញ្ជាក់ថា ថ្វីត្បិតតែច្បាប់សញ្ជាតិបានចែងល្អអំពីជនអន្តោប្រវេសន៍ តែជាក់ស្ដែង វៀតណាម នៅតែមានលិខិតស្នាមក្នុងការបោះឆ្នោតបាន។
«សំឡេង»
នៅក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា របស់នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) នៅថ្ងៃទី១៦ និងថ្ងៃទី១៧ វិច្ឆិកា នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យជប៉ុន ជួយធ្វើកំណែទម្រង់ការបោះឆ្នោតនៅកម្ពុជា ព្រោះលោកគិតថា ជប៉ុន មានភាពចាស់ទុំលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងសន្និសីទនេះដែរ តំណាងអង្គការសង្គមស៊ីវិល បានផ្ដល់អនុសាសន៍មួយចំនួន ដូចជា ត្រូវបង្កើតប្រព័ន្ធការចុះឈ្មោះបោះឆ្នោតថ្មី បង្កើតច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់បក្សនយោបាយ កែទម្រង់យន្តការដោះស្រាយវិវាទ និងក្រុមប្រឹក្សាធម្មនុញ្ញ ប្រព័ន្ធបោះឆ្នោតទាំងអស់ត្រូវកែប្រែ កំណត់អាណត្តិនាយករដ្ឋមន្ត្រី និងករណីផ្សេងៗទៀត៕
Subscribe to:
Post Comments (Atom)
1 comment:
Dear Sirs, next time is all come next, but this time is the real time and must be enforced Right now. More than thousand years already, Cambodian law is a compromise without enforcement. Lack of enforcement leads to a chaos. Here where I live when stealing a candy is catch, punishment is counted no next time and no exception, no young or old. Stealing vote is an enormous crime a million times bigger than felony. It kills million of people and you say next time. Please find the evidence and seek justice. The International Court of Justice door is opened every day if the corrupted justice system doesn't help. Here in the world, we all must live with justice, justice from wholehearted single one to a nation to a whole world.
Post a Comment