Wednesday, November 06, 2013
តើកម្ពុជាគួរមានផែនការដូចម្ដេចខ្លះដើម្បីជៀសវាងការពឹងលើជំនួយបរទេស
ទុនបម្រុងបរទេសដែលប្រទេសកម្ពុជាសល់មានចំនួន ៣.៦០០លានដុល្លារអាមេរិក បើគិតត្រឹមឆ្នាំ២០១៣។ អ្នកសេដ្ឋកិច្ចបានលើកឡើងថា ប្រទេសកម្ពុជា គួរប្រើប្រាស់ទុនបម្រុងនេះសម្រាប់បំពេញការចំណាយរបស់រដ្ឋាភិបាល ស្របពេលដែលកម្ពុជា មានឱនភាពថវិការៀងរាល់ឆ្នាំ។
ដោយ អាន ស៊ីថាវ RFA 2013-11-06
ការប្រើប្រាស់ទុនបម្រុងបរទេសប្រកបដោយប្រសិទ្ធភាព នឹងជំរុញកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ និងកាត់បន្ថយការពឹងលើជំនួយបរទេសបានយ៉ាងឆាប់រហ័ស។
រៀងរាល់ឆ្នាំប្រទេសកម្ពុជា តែងតែប្រកាសរកជំនួយបរទេស ដើម្បីយកទៅចំណាយប្រើប្រាស់លើការអភិវឌ្ឍ និងស្ដារឡើងវិញនៅក្នុងប្រទេស។ ជំនួយបរទេសនោះរួមមានទាំងជំនួយឥតសំណងនិងកម្ចីការប្រាក់ទាប។ តាមការប៉ាន់ស្មានក្នុងមួយឆ្នាំប្រទេសកម្ពុជា បានទទួលប្រាក់ជំនួយបរទេសប្រមាណ ១ពាន់លានដុល្លារអាមេរិក។
ប្រាក់ជំនួយបរទេសនេះ បានជំរុញឲ្យកម្ពុជា ទទួលបានកំណើនសេដ្ឋកិច្ចតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។ ប៉ុន្តែអ្នកសេដ្ឋកិច្ចបានព្រមានថា ប្រទេសកម្ពុជា ត្រូវកសាងមូលដ្ឋានសេដ្ឋកិច្ច ឬមូលដ្ឋានអភិវឌ្ឍប្រទេសរបស់ខ្លួន ដើម្បីជៀសវាងការពឹងខ្លាំងលើជំនួយបរទេសដែលមិនមានស្ថិរភាពនោះ។
ការស្រាវជ្រាវដោយស្ថាប័នអភិវឌ្ឍនានា រួមមានធនាគារអភិវឌ្ឍអាស៊ី និងធនាគារពិភពលោកបានរកឃើញថា ប្រទេសកម្ពុជានឹងហក់ចូលទៅក្នុងប្រទេសដែលមានចំណូលខ្ពស់នៅរយៈពេលមធ្យមខាងមុខ។ ហេតុផលនេះ ម្ចាស់ជំនួយបរទេសនឹងកាត់បន្ថយទឹកប្រាក់ដែលផ្ដល់ឲ្យកម្ពុជា ម្ដងបន្តិចៗ ដោយសារតែប្រទេសកម្ពុជា លែងជាប្រទេសក្រីក្រទៀតហើយ។
បញ្ហានេះ អ្នកសេដ្ឋកិច្ចបានលើកជាសំណួរថា តើប្រទេសកម្ពុជា មានមូលដ្ឋានអភិវឌ្ឍអ្វីខ្លះដើម្បីធានាបានកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅពេលដែលសហគមន៍អន្តរជាតិមិនបន្តផ្ដល់ជំនួយដូនពីមុននោះ?
អ្នកឯកទេសវិស័យសាធារណៈ និងគ្រប់គ្រងសេដ្ឋកិច្ចរបស់ធនាគារពិភពលោកប្រចាំកម្ពុជា លោក លី សូដេត បានអះអាងថា ប្រទេសកម្ពុជា គួរប្រើប្រាស់ទុនបម្រុងបរទេសដើម្បីកសាងមូលដ្ឋានអភិវឌ្ឍប្រទេសកម្ពុជា។ ប៉ុន្តែលោកបញ្ជាក់ថា ការយកទុនបម្រុងអន្តរជាតិនេះមកប្រើប្រាស់ អាចមានហានិភ័យខ្ពស់។
លោក លី សូដេត មានប្រសាសន៍បន្ថែមទៀតថា ទុនបម្រុងគឺជាទុនដែលទុកសម្រាប់ចំណាយនៅពេលដែលមានហេតុការណ៍ ឬគ្រោះអាសន្នណាមួយកើតឡើង។ ជាក់ស្ដែងប្រទេសកម្ពុជា ធ្លាប់បានយកទុនបម្រុងប្រមាណ ២% នៃផលិតផលក្នុងស្រុកសរុបមកប្រើប្រាស់ដើម្បីទប់ទល់វិបត្តិសេដ្ឋកិច្ចសកលមកលើកម្ពុជា កាលពីឆ្នាំ២០០៩ កន្លងទៅ។ លោកបញ្ជាក់ទៀតថា ប្រទេសកម្ពុជាបានរក្សាទុកទុនបម្រុងជាប្រាក់ដុល្លារអាមេរិកនៅធនាគារជាតិកម្ពុជា។ ទុនបម្រុងមានប្រភពមកពីលំហូរវិនិយោគទុនបរទេស និងការធ្វើពាណិជ្ជកម្មអន្តរជាតិ។
បច្ចុប្បន្ន ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ពឹងលើពាណិជ្ជកម្មក្រៅប្រទេស និងការចំណាយរបស់រដ្ឋាភិបាលភាគច្រើនពឹងលើជំនួយបរទេស។ ការផ្ដល់ឲ្យដោយសហគមន៍អន្តរជាតិនេះ ដោយសារតែកម្ពុជា ចាប់យករបបសេដ្ឋកិច្ចទីផ្សារសេរី និងកែប្រែរចនាសម្ព័ន្ធដឹកនាំប្រទេសតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
រៀងរាល់ឆ្នាំ ដំណើរការអភិវឌ្ឍប្រទេសកម្ពុជា សម្រេចបានលទ្ធផលច្រើនគួរឲ្យកត់សម្គាល់ ដូចជាអត្រាភាពក្រីក្របានថយចុះមកត្រឹម ២០% និងកំណើនសេដ្ឋកិច្ចសម្រេចបាន ៧% ជាមធ្យម ដោយសារភាពអនុគ្រោះពីអន្តរជាតិ ឬជំនួយបរទេស។
ប្រសិនបើកម្ពុជា អាចសម្រេចបានកំណើនសេដ្ឋកិច្ចនេះ នៅក្នុងរយៈពេលវែងខាងមុខនោះ ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជា នឹងហក់ឡើងដល់ប្រទេសចំណូលមធ្យម។ ការសម្រេចបានកំណើននេះ នឹងជំរុញប្រទេសកម្ពុជា ត្រូវកសាងមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេស។
ប្រធានស្ដីទីសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា លោក ស្រី ចន្ធី មានប្រសាសន៍ថា ដើម្បីកាត់បន្ថយការពឹងលើជំនួយបរទេស កម្ពុជាគួរតែប្រើប្រាស់ទុនបម្រុងបរទេសដែលជាសក្ដានុពលមួយល្អសម្រាប់កសាងមូលដ្ឋានសេដ្ឋកិច្ចជាតិ។ លោក ស្រី ចន្ធី បញ្ជាក់ថា ហេតុផលមួយចំនួនដែលប្រទេសកម្ពុជា ត្រូវយកទុនបម្រុងនេះមកប្រើប្រាស់ ដោយសារកម្ពុជា មានស្ថិរភាពនយោបាយ និងគ្មានសង្គ្រាម។
លោក ស្រី ចន្ធី មានប្រសាសន៍បន្ថែមទៀតថា ក្រៅពីការប្រើប្រាស់ទុនបម្រុងបរទេស ប្រទេសកម្ពុជា អាចមានប្រភពចំណូលនានា មកអភិវឌ្ឍប្រទេសជាជាងការពឹងលើជំនួយបរទេស។ ជាក់ស្ដែងប្រទេសកម្ពុជា មានប្រភពចំណូលសំខាន់បី ទីមួយ ចំណូលសារពើពន្ធដែលសំដៅលើពន្ធលើប្រាក់បៀវត្សពន្ធលើប្រាក់ចំណេញ និងពន្ធគយ រួមទាំងពន្ធអាករផ្សេងៗទៀត។ ទីពីរ ចំណូលមិនមែនសារពើពន្ធ មានដូចជាចំណូលព្រៃឈើ ចំណូលបានមកពីការជួលសហគ្រាសរដ្ឋ ប្រៃសណីយ៍ គមនាគមន៍ និងចំណូលកូតា (Quota)។ ទីបី ចំណូលមូលធន ដែលបានមកពីការធ្វើ ឯកជនូបនីយកម្ម (privatization)។ ប៉ុន្តែបច្ចុប្បន្ន ការយកទុនបម្រុងបរទេសមកប្រើប្រាស់គឺជារឿងសំខាន់ដើម្បីកាត់បន្ថយការពឹងផ្អែកលើជំនួយបរទេសបានមួយកម្រិត។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា បានសល់ទុនបម្រុងបរទេស ដែលរក្សាទុកនៅធនាគារជាតិកម្ពុជា មានចំនួន ៣.៦០០លានដុល្លារអាមេរិក។ បរិមាណនេះ សមាមាត្រនឹងការនាំចូលទំនិញមកប្រើប្រាស់បានរយៈពេល ៤ខែ ប្រសិនបើកម្ពុជា មានគ្រោះអាសន្នណាមួយកើតឡើងនោះ៕
Subscribe to:
Post Comments (Atom)
2 comments:
កុំភ្លេចខ្លួនអែង CNRP ចាញ់ឆ្នោតតើ។ ម៉្យាងទៀត តើខ្លួនដំណាងអោយអ្នកណា ?
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។
រដ្ឋាភិបាលសព្វថ្ងៃ ជា រដ្ឋាភិបាលសុំទានគេ រឿងឣីត្រូវមានវិធានការ?
សំងំធ្វើក្រ តទៅទៀតមិនល្ឣជាង?
ហ៊ុន សែន
Post a Comment