Wednesday, November 06, 2013

តើ​កម្ពុជា​គួរ​មាន​ផែនការ​ដូច​ម្ដេច​ខ្លះ​ដើម្បី​ជៀសវាង​ការ​​ពឹង​​លើ​ជំនួយ​បរទេស


ទុន​បម្រុង​បរទេស​ដែល​ប្រទេស​កម្ពុជា​សល់​មាន​​ចំនួន ៣.៦០០​លាន​ដុល្លារ​អាមេរិក បើ​គិត​ត្រឹម​ឆ្នាំ​២០១៣។ អ្នក​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា គួរ​ប្រើប្រាស់​ទុន​បម្រុង​នេះ​សម្រាប់​បំពេញ​ការ​ចំណាយ​របស់​រដ្ឋាភិបាល ស្រប​ពេល​ដែល​កម្ពុជា​ មាន​ឱនភាព​ថវិកា​រៀង​រាល់​ឆ្នាំ។

ដោយ អាន ស៊ីថាវ RFA 2013-11-06

ការ​ប្រើប្រាស់​ទុន​បម្រុង​បរទេស​​ប្រកប​ដោយ​ប្រសិទ្ធភាព នឹង​ជំរុញ​​កម្ពុជា ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​កាត់​បន្ថយ​ការ​ពឹង​លើ​ជំនួយ​បរទេស​បាន​យ៉ាង​ឆាប់​រហ័ស។

រៀង​រាល់​ឆ្នាំ​ប្រទេស​កម្ពុជា តែង​តែ​ប្រកាស​រក​ជំនួយ​បរទេស ដើម្បី​យក​ទៅ​ចំណាយ​​ប្រើប្រាស់​លើ​ការ​អភិវឌ្ឍ និង​ស្ដារ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស។ ជំនួយ​បរទេស​​នោះ​រួម​មាន​ទាំង​ជំនួយ​ឥត​សំណង​និង​កម្ចី​ការប្រាក់​ទាប។ តាម​ការ​ប៉ាន់​ស្មាន​​ក្នុង​មួយ​ឆ្នាំ​ប្រទេស​កម្ពុជា បាន​ទទួល​​ប្រាក់​ជំនួយ​​បរទេស​ប្រមាណ ១​ពាន់​លាន​ដុល្លារ​អាមេរិក។

ប្រាក់​ជំនួយ​បរទេស​នេះ បាន​ជំរុញ​ឲ្យ​កម្ពុជា ទទួល​បាន​កំណើន​សេដ្ឋកិច្ច​​តាម​រយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស។ ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​បាន​ព្រមាន​ថា ប្រទេស​កម្ពុជា ត្រូវ​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច ឬ​​មូលដ្ឋាន​អភិវឌ្ឍ​ប្រទេស​របស់​ខ្លួន ដើម្បី​ជៀសវាង​ការ​​ពឹង​ខ្លាំង​លើ​ជំនួយ​បរទេស​ដែល​​​មិន​មាន​​ស្ថិរភាព​នោះ។


ការ​ស្រាវជ្រាវ​ដោយ​ស្ថាប័ន​អភិវឌ្ឍ​នានា រួម​មាន​ធនាគារ​អភិវឌ្ឍ​អាស៊ី និង​ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា ប្រទេស​កម្ពុជា​នឹង​ហក់​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​មាន​​ចំណូល​ខ្ពស់​នៅ​រយៈ​ពេល​មធ្យម​ខាង​មុខ។ ហេតុផល​នេះ ម្ចាស់​ជំនួយ​បរទេស​នឹង​កាត់​បន្ថយ​ទឹក​ប្រាក់​ដែល​ផ្ដល់​ឲ្យ​កម្ពុជា ម្ដង​បន្តិចៗ ដោយសារ​តែ​ប្រទេស​កម្ពុជា លែង​ជា​ប្រទេស​ក្រីក្រ​ទៀត​​​​ហើយ។

បញ្ហា​នេះ​ អ្នក​សេដ្ឋកិច្ច​បាន​លើក​ជា​សំណួរ​ថា តើ​ប្រទេស​កម្ពុជា មាន​មូលដ្ឋាន​​អភិវឌ្ឍ​អ្វី​ខ្លះ​ដើម្បី​ធានា​​បាន​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព​​នៅ​ពេល​ដែល​​សហគមន៍​អន្តរជាតិ​​​មិន​បន្ត​​ផ្ដល់​ជំនួយ​ដូន​ពី​មុន​នោះ?

អ្នក​ឯកទេស​​វិស័យ​សាធារណៈ និង​គ្រប់​គ្រង​សេដ្ឋកិច្ច​របស់​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា លោក លី សូដេត បាន​អះអាង​ថា ប្រទេស​កម្ពុជា គួរ​ប្រើប្រាស់​ទុន​បម្រុង​បរទេស​ដើម្បី​​កសាង​មូលដ្ឋាន​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ការ​យក​ទុន​បម្រុង​អន្តរជាតិ​នេះ​មក​ប្រើប្រាស់ អាច​មាន​ហានិភ័យ​ខ្ពស់។

លោក លី សូដេត មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ទុន​បម្រុង​គឺ​ជា​ទុន​ដែល​ទុក​សម្រាប់​ចំណាយ​នៅ​ពេល​ដែល​មាន​ហេតុការណ៍ ឬ​គ្រោះអាសន្ន​​ណា​មួយ​កើត​ឡើង។ ជាក់​ស្ដែង​​ប្រទេស​កម្ពុជា ធ្លាប់​បាន​យក​ទុន​បម្រុង​ប្រមាណ ២% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​មក​ប្រើប្រាស់​ដើម្បី​ទប់ទល់​វិបត្តិ​សេដ្ឋកិច្ច​​សកល​មក​លើ​កម្ពុជា កាល​ពី​ឆ្នាំ​២០០៩ កន្លង​ទៅ។ លោក​បញ្ជាក់​ទៀត​ថា ប្រទេស​កម្ពុជា​បាន​​​​​រក្សា​ទុក​ទុន​បម្រុង​ជា​ប្រាក់​​ដុល្លារ​អាមេរិក​នៅ​ធនាគារ​ជាតិ​កម្ពុជា។ ទុន​បម្រុង​មាន​ប្រភព​មក​ពី​​​លំហូរ​វិនិយោគ​ទុន​បរទេស និង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។

បច្ចុប្បន្ន​ ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ពឹង​លើ​ពាណិជ្ជកម្ម​​ក្រៅ​ប្រទេស និង​ការ​ចំណាយ​​របស់​រដ្ឋាភិបាល​ភាគ​​ច្រើន​ពឹង​លើ​ជំនួយ​បរទេស។ ការ​ផ្ដល់​ឲ្យ​ដោយ​សហគមន៍​អន្តរជាតិ​​នេះ ដោយ​សារ​តែ​កម្ពុជា​ ចាប់​យក​របប​សេដ្ឋកិច្ច​ទីផ្សារ​សេរី និង​កែប្រែ​​រចនាសម្ព័ន្ធ​ដឹក​នាំ​ប្រទេស​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ។

រៀងរាល់​ឆ្នាំ ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ សម្រេច​បាន​លទ្ធផល​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដូច​ជា​អត្រា​ភាព​ក្រីក្រ​បាន​ថយ​ចុះ​មក​ត្រឹម ២០% និង​កំណើន​សេដ្ឋកិច្ច​សម្រេច​បាន ៧% ជា​មធ្យម ដោយសារ​ភាព​អនុគ្រោះ​​ពី​អន្តរជាតិ ឬ​ជំនួយ​បរទេស។

ប្រសិន​បើ​កម្ពុជា អាច​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​​​នេះ នៅ​ក្នុង​រយៈ​ពេល​វែង​​ខាង​មុខ​នោះ ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា នឹង​ហក់​ឡើង​​ដល់​ប្រទេស​ចំណូល​មធ្យម។ ការ​សម្រេច​បាន​​​កំណើន​នេះ នឹង​ជំរុញ​ប្រទេស​កម្ពុជា ត្រូវ​កសាង​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស។

ប្រធាន​ស្ដី​ទី​សមាគម​អ្នក​សេដ្ឋកិច្ច​កម្ពុជា លោក ស្រី ចន្ធី មាន​ប្រសាសន៍​ថា ដើម្បី​កាត់​បន្ថយ​ការ​ពឹង​លើ​ជំនួយ​បរទេស​ កម្ពុជា​គួរ​តែ​ប្រើប្រាស់​​ទុន​បម្រុង​បរទេស​ដែល​​ជា​​សក្ដានុពល​មួយ​ល្អ​សម្រាប់​កសាង​មូលដ្ឋាន​​សេដ្ឋកិច្ច​ជាតិ។ លោក ស្រី ចន្ធី បញ្ជាក់​ថា ហេតុផល​មួយ​ចំនួន​​ដែល​ប្រទេស​កម្ពុជា ត្រូវ​យក​ទុន​បម្រុង​នេះ​មក​ប្រើប្រាស់ ដោយសារ​កម្ពុជា មាន​ស្ថិរភាព​នយោបាយ និង​គ្មាន​សង្គ្រាម។

លោក ស្រី ចន្ធី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្រៅ​ពី​ការ​ប្រើប្រាស់​ទុន​បម្រុង​បរទេស ប្រទេស​កម្ពុជា អាច​មាន​ប្រភព​ចំណូល​នានា មក​អភិវឌ្ឍ​ប្រទេស​ជា​ជាង​ការ​ពឹង​លើ​ជំនួយ​បរទេស។ ជាក់ស្ដែង​ប្រទេស​កម្ពុជា មាន​ប្រភព​ចំណូល​សំខាន់​បី ទី​មួយ ចំណូល​សារពើពន្ធ​ដែល​សំដៅ​លើ​​ពន្ធ​លើ​ប្រាក់​បៀវត្ស​ពន្ធ​លើ​ប្រាក់​ចំណេញ និង​ពន្ធគយ រួម​ទាំង​ពន្ធ​អាករ​ផ្សេងៗ​ទៀត។ ទី​ពីរ ចំណូល​មិន​មែន​សារពើពន្ធ មាន​ដូច​ជា​ចំណូល​ព្រៃឈើ ចំណូល​បាន​មក​ពី​ការ​ជួល​សហគ្រាស​រដ្ឋ​ ប្រៃសណីយ៍ គមនាគមន៍ និង​ចំណូល​កូតា (Quota)។ ទី​បី ចំណូល​មូលធន ដែល​​បាន​មក​​​ពី​ការ​ធ្វើ​ ឯកជនូបនីយកម្ម (privatization)។ ប៉ុន្តែ​បច្ចុប្បន្ន​ ការ​យក​ទុន​បម្រុង​បរទេស​មក​ប្រើប្រាស់​គឺ​ជា​រឿង​សំខាន់​ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​​បាន​មួយ​កម្រិត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ប្រទេស​កម្ពុជា បាន​សល់​ទុន​បម្រុង​បរទេស ដែល​រក្សា​ទុក​នៅ​ធនាគារ​ជាតិ​កម្ពុជា មាន​ចំនួន ៣.៦០០​លាន​ដុល្លារ​អាមេរិក។ បរិមាណ​នេះ សមាមាត្រ​នឹង​ការ​នាំ​ចូល​ទំនិញ​​មក​ប្រើប្រាស់​បាន​រយៈ​ពេល ៤​ខែ ប្រសិន​បើ​កម្ពុជា មាន​គ្រោះអាសន្ន​ណា​មួយ​​កើត​ឡើង​​នោះ៕

2 comments:

Anonymous said...

កុំភ្លេចខ្លួនអែង CNRP ចាញ់ឆ្នោតតើ។ ម៉្យាងទៀត តើខ្លួនដំណាងអោយអ្នកណា ?
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។

Anonymous said...


រដ្ឋាភិបាលសព្វថ្ងៃ ជា រដ្ឋាភិបាលសុំទានគេ រឿងឣីត្រូវមានវិធានការ?

សំងំធ្វើក្រ តទៅទៀតមិនល្ឣជាង?

ហ៊ុន សែន