Friday, November 29, 2013
បក្សប្រឆាំងនៅកម្ពុជា មិនអាចដើរតាមគន្លងនយោបាយ របស់បក្សប្រឆាំងថៃ បានទេ!
ថ្ងៃទី 28 វិច្ឆិកា 2013, ដោយ: លី សិលាCEN
ភ្នំពេញ: បរិបទនយោបាយនៅកម្ពុជា និងប្រទេសថៃ មិនដូចគ្នាទេ។ មានឈ្មោះតែជាបក្សប្រឆាំងដូចគ្នាមែនពិត ហើយធ្វើបាតុកម្មតវ៉ាតាមផ្លូវ លើកបដា ស្រែកមេក្រូ ដើម្បីបុព្វហេតុ “ទម្លាក់នាយករដ្ឋមន្ត្រី” ដូចគ្នា ក៏ពិតមែន ប៉ុន្តែគណបក្សប្រឆាំងនៅកម្ពុជា មិនអាចដើរតាមគន្លងនយោបាយតវ៉ានៅថៃដោយចូលកាន់កាប់ក្រសួង ស្ថាប័នរដ្ឋ ដូចគណបក្សប្រឆាំងនៅប្រទេសថៃនាពេលនេះបានទេ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ នៅបាងកក បាតុកម្មរបស់បក្សប្រឆាំង ដឹកនាំដោយលោក អាប់ភីស៊ីត និងលោក ស៊ូថេប ថងស៊ូបាន បានបំផុសចលនា ប្រមូលផ្តុំបាតុករ ដេកដើរតវ៉ា ដង្ហែតាមដងផ្លូវ រហូតឈានដល់ចូលទៅកាន់កាប់ក្រសួងសំខាន់ៗ របស់រដ្ឋាភិបាលថៃ ថែមទៀត។
បាតុកម្ម នៅទីក្រុងបាងកក ចុងក្រោយនេះ បានប្រព្រឹត្តទៅយូរថ្ងៃមកហើយ ដោយមិន មានអំពើហិង្សា និងការបង្ក្រាបពីសំណាក់ប៉ូលិស ទាហានថៃនៅឡើយទេ មកដល់ថ្ងៃទី២៧វិច្ឆិកា។ បាតុកម្មរបស់បក្សប្រឆាំង គឺទាមទារទម្លាក់លោកស្រី យីងឡាក់ ចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោមហេតុផលថា រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ដែលកើតចេញពីការបោះឆ្នោត កាលពីឆ្នាំ២០១១ គឺស្ថិតនៅក្រោមការដឹកនាំ បញ្ជាផ្ទាល់ពីបងប្រុសរបស់លោកស្រី គឺលោកអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន និងបញ្ហាពុករលួយ ជាដើម។
បាតុកម្មរបស់បក្សប្រឆាំង នៅបាងកក តិចឬច្រើន ពិតជាបានបង្កការខាតបង់ដល់សេដ្ឋកិច្ចថៃ ហើយក៏បានបន្លាចដល់អ្នកវិនិយោគ ព្រមទាំងអ្នកទេសចរមិនតិចទេ ក្នុងរយៈពេលប្រមាណ ២ សប្តាហ៍មកនេះ។ មានប្រទេសយ៉ាងហោចណាស់ ២៣ បានចេញបម្រាម ដើម្បីសុវត្ថិភាពរបស់ពលរដ្ឋខ្លួន នៅពេលធ្វើដំណើរ និងរស់នៅបាងកក។
តើវាជាភ័ព្វសំណាង របស់គណបក្សប្រឆាំង នៅប្រទេសថៃឬ ដែលក្នុងការដឹកនាំធ្វើបាតុកម្ម តវ៉ាជាប់គ្នាច្រើនថ្ងៃមកហើយនោះ កងកម្លាំងប្រដាប់អាវុធ មិនបានបញ្ចេញសកម្មភាព? កុំអីបាតុករប្រឆាំងរបស់លោក អាប់ភីស៊ីត ប្រហែលជានឹងមិនអាចឈរតវ៉ា និងសម្រុកចូល ដេកកាន់កាប់ក្រសួង ស្ថាប័នរដ្ឋសំខាន់ៗ ក្នុងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ បានឡើយ។
យើងងាកមកមើលបរិបទនយោបាយ នៅប្រទេសកម្ពុជាវិញម្តង។ ចាប់តាំងពីការបោះឆ្នោតជាតិ ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សប្រឆាំង ដឹកនាំដោយលោកសមរង្ស៊ី និងលោកកឹម សុខា បានព្យាយាមជំទាស់តវ៉ានឹងលទ្ធផលបោះឆ្នោត តាមគ្រប់មធ្យោបាយ រហូតដល់ដឹកនាំអ្នកគាំទ្រ ចុះផ្លូវ និងជួបជុំ ធ្វើបាតុកម្ម រហូតដេកតវ៉ា នៅទីលានប្រជាធិបតេយ្យច្រើនលើកមកហើយ។
នៅពេលនេះថែមទៀត គាប់ជួនស្ថានការណ៍របស់បក្សប្រឆាំងថៃ នៅទីក្រុងបាងកក កម្រើកតវ៉ា ទាមទារទម្លាក់នាយករដ្ឋមន្ត្រី លោកស្រី យីងឡាក់ គឺនៅកម្ពុជា គណបក្សប្រឆាំង ក៏បានកំណត់ថ្ងៃធ្វើបាតុកម្ម ជាអចិន្ត្រៃយ៍ ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ក្នុងបំណងទាមទារ សើរើលទ្ធផលបោះឆ្នោតផង និងបញ្ចេញការទាមទារថ្មីមួយទៀត គឺទម្លាក់សម្តេច ហ៊ុន សែន ចេញពីនាយករដ្ឋមន្ត្រី តែម្តង។
អ្វីជាការកត់សម្គាល់ ទោះបីជាក្នុងបុព្វហេតុ ចុះដើរតាមផ្លូវ ធ្វើបាតុកម្ម ដើម្បីទាមទារទម្លាក់នាយករដ្ឋមន្ត្រី ដូចគ្នាទៅនឹងគណបក្សប្រឆាំង នៅប្រទេសថៃ ក៏ពិតមែន ប៉ុន្តែ ចូលកុំភ្លេចថា គណបក្សប្រឆាំងរបស់លោកសមរង្ស៊ី និងលោកកឹម សុខា មិនអាច“កូពី”សោះឡើយពីរបៀបនៃការដើរហែក្បួនបាតុកម្ម ចូលទៅកាន់កាប់ ក្នុងស្ថាប័នក្រសួងរដ្ឋាភិបាល ដូចនៅប្រទេសថៃ។
នៅកម្ពុជា ច្បាប់កំណត់ថា កងកម្លាំងប្រដាប់អាវុធ គឺស្ថិតក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីនាយករដ្ឋមន្ត្រី។ ដូច្នេះ នៅពេលមានអ្នកចង់ទាញទម្លាក់នាយករដ្ឋមន្ត្រី ពីតំណែង ថាតើកងកម្លាំងប្រដាប់អាវុធ ប៉ូលិស ទាហាន ប៉េអឹម នៅឈរឱបដៃឬ?
(រដ្នធម្មនុញ្ញ ជំពូកទី២
មាត្រា២២ ថ្មី នៅពេលប្រជជជាតិប្រឈមមុខនឹងគ្រោះអាសន្ន ព្រះមហាក្សត្រទ្រង់ ប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសក្នុងភាពអាសន្ន ក្រោយពីបានឯកភាពពីយករដ្ឋមន្ត្រី ប្រធានរដ្នសភា ប្រធានព្រឹទ្ធសភា។
មាត្រា២៣ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូលនៃកងយោធពលខេមរភូមិន្ទ )
គឺមិនដូច្នោះទេ។ ហេតុការណ៍ក្រោយការបោះឆ្នោត ថ្ងៃ២៨កក្កដា ជាឧទាហរណ៍ជាក់ស្តែង។ កងកម្លាំងប្រដាប់អាវុធ ប៉ូលិស ប៉េអឹម និងទាហាន មានភារកិច្ចការពាររាជរដ្ឋាភិបាល។
ព្រឹត្តិការណ៍នៅក្បាលថ្នល់ នាយប់ថ្ងៃទី១៥កញ្ញា ព្រឹត្តិការណ៍ នៅមុខវត្តស្ទឹងមានជ័យ កាលពីថ្ងៃទី១២វិច្ឆិកា គឺជាសក្ខីកម្មបញ្ជាក់ថា បើសិនជាគណបក្សប្រឆាំង របស់លោកសមរង្ស៊ី និងលោកកឹមសុខា ហ៊ានចម្លងគំរូ ធ្វើបាតុកម្មរបស់បក្សប្រឆាំងនៅក្រុងបាងកក នាពេលសព្វថ្ងៃនេះ “កណ្តាប់ដៃធ្ងន់មួយទំនងជាមិនអាចចៀសរួចឡើយ”។
សរុបទៅ មានតែគណបក្សសង្គ្រោះជាតិ ខិតខំបន្តទៅទៀត ដើម្បីគ្រប់គ្រងបាតុកររបស់ខ្លួន ឲ្យធ្វើការជួបជុំតវ៉ាដោយអហិង្សា ដូចកាលជួបជុំ ធ្វើបាតុកម្មបីបួនដងរួចមកហើយប៉ុណ្ណោះ ទើបអាចបញ្ចៀសបាននូវសោកនាដកម្មដ៏សោកសៅ ដែលនឹងអាចមានការបង្ហូរឈាមលើពលរដ្ឋខ្មែរ ដែលអះអាងថា ជាអ្នកសេ្នហាជាតិ និងជាអ្នកប្រជាធិបតេយ្យនិយម។ រីឯកងកម្លាំងប្រដាប់អាវុធ និងរដ្ឋាភិបាល ក៏ត្រូវបង្កើនការអត់ធ្មត់ ហើយកុំប្រើប្រាស់អាវុធ។
មួយវិញទៀត អ្នកនយោបាយទាំងគណបក្សកាន់អំណាច និងទាំងគណបក្សប្រឆាំង ដែលសុទ្ធតែអះអាងថា ដើម្បីតែប្រជាពលរដ្ឋ និងដើម្បីតែប្រទេសជាតិរីកចម្រើននោះ ក៏គួរតែដល់ពេលធ្វើ នូវអ្វីដែលខ្លួននិយាយកោកៗ។ គឺមេដឹកនាំនយោបាយ ត្រូវវិលត្រឡប់ចូលតុចរចាថ្នាក់កំពូលឡើងវិញ ហើយស្វែងរកឲ្យខានតែបាននូវផ្លូវកណ្តាលមួយ ដែលអាចនាំគ្នាធ្វើការ ដើម្បីប្រជាពលរដ្ឋ និងដើម្បីការរីកចម្រើនពិតប្រាកដរបស់ប្រទេសកម្ពុជាដ៏អភ័ព្វនៃយើង។
ល្មមដល់ពេលហើយ! ខ្មែរយើង ក៏គួរតែបញ្ចប់ជម្លោះផ្ទៃក្នុង និងងាកទៅកសាងប្រទេស ឲ្យស្គាល់ការរីកចម្រើនទាំងអស់គ្នា ម្តងមើល! នៅពេលនោះ តើម៉េចដែរ!៕
Subscribe to:
Post Comments (Atom)
3 comments:
CNRP IS NOT AN OPPOSITION PARTY, BUT A GOVERNMENT WHOSE PARTY HAS BEEN OPPRESSED BY THE ELECTION COUP, AND THERE AFTER THE CONSTITUTIONAL COUP.
CNRP IS NOT AN OPPOSITION PARTY JUST A TROUBLE MAKER.
SORRY ASS.
ត្រូវហើយស្រុកខ្មែរមិនដូចស្រុកថៃបានទេ ព្រោះ
ស្រុកខ្មែរកាន់លទ្ធិកុម្មុយនិស្ស មានចៅហ្វាយនាយ
បីសាចកុម្មុយនិស្ត ៕ មិនដែលស្គាល់អ្វីទៅដែល
ហៅថា សិទ្ធសេរិភាបរបស់មនុស្ស របស់ប្រជាពល
រដ្ឋ ។ ម្ល៉ោះហើយ គណៈបក្សប្រឆាំងក្តី ប្រជាពល
រដ្ឋក្តី ធ្វើម្ត៉េចនឹងអាចធ្វើដូចបក្សប្រឆាំង និង ប្រជាពលរដ្ឋថៃបាន ? ។ កុំថាឡើយធ្វើបាតុកម្ម
ដោយហឹង្សា សូម្បីតែការចរចារក៍គណៈបក្ស
"សង្រ្គោះជាតិ" និង ប្រជាពលរដ្ឋខ្មែរចាញ់ប្រៀប
ពួកគណៈបក្សស្រីបិសាចលើកជើងហ្នុងដែរ ។ ពួកវាប្រើអំណាច ប្រើកម្លាំងប្រដាប់អាវុធគៀប
សង្កត់ និយាយបំពាន និយាយរំលោភ គ្មានយុត្តិ
ធម៌ គ្មានឆ័ន្ទៈក្នុងការចរចារពិតប្រកដ ។ មិន
គិតពីការចង់បានរបស់ប្រជាពលរដ្ឋ គិតតែពី
ធ្វើតាមការចង់បានរបស់ចៅហ្វាយយួនពួកវាប៉ុណ្ណោះ ។
គេថាៈ ម្ជុលមិនទាន់ចាក់ដល់សាច់ខ្លួនឯងឥត
ដឹងឈឺទេ យ៉ាងណាមិញអ្នកមិនដែលធ្លាប់
អង្គុយចរចារជាមួយពួកបីសាចអស់ទាំងហ្ុង ហើយ ធ្លាប់ទទួលរងការគៀបសង្កត់ ការនិយាយ
បំពាន រំលោភទាំងទទឹងទឹសមកលើ គឺឥតដឹង
ទេ ។ មានតែអ្នកដែលធ្លាប់រងអំពើអស់ទាំង
ហ្នឹងផ្ទាល់ ទើបដឹង ។ ដូច្នេះ សូមកុំជម្រុញគណៈ
បក្សជំទាស់ឲទៅចរចារជាមួយពួកគណៈបក្សបី
សាចដុះចង្កូមអូសដីព្រៃផ្សៃហ្នឹងទៀតបើពួកវានៅតែមិនព្រមបង្កើតគណៈកម្មការសើុបអង្កេតទេនោះ ។ ព្រោះបើពួកវាមិនព្រមរកយុត្តិធម៌ជូនប្រ
ជាពលរដ្ឋដែលជាម្ចាស់ឆ្នោតទេ មានន័យថាពួក
វាឥតគោរពឆ័ន្ទៈប្រជាពលរដ្ឋរបស់ពួកវា ។ បើ ដូច្នេះ ដូចជាគ្មានអ្វីដែលត្រូវនិយាយជាមួយពួក
វាផង ។
ដូចយោបល់របស់បងប្អូនជនរួមជាតិខ្លះ សុំឲ
គណៈបក្ស សង្រ្គោះជាតិ គួរតែបង្កើតគណៈកម្ម
ការចម្រុះមួយដែលមានអង្គការសហប្រជាជាតិជាអាជ្ញាកណ្តាលដើម្បីធ្វើការសើុអង្កេតភាពមិនប្រក្រតិនេះ ដោយមិនចាំបាច់មានវត្តមានរបស់ពួក
គណៈបក្សប្រជាជនខ្ញុំយួន ។ កាលណារកឃើញ
ភាពយុត្តិធម៌ហើយ តំណាងអង្គការសហប្រជា
ជាតិជាអ្នកសម្រេចយកលទ្ធផលនោះតែម្តង ។ ពួកវាធ្វើអ្វីតែម្នាក់ឯង គណៈបក្ស ជំទាស់ក៍មាន
ប្រជាពលរដ្ឋគាំទ្រជាងពាក់កណ្តាលនគរដែរ ក៍
អាចធ្វើបែបហ្នឹងបានដូចគ្នា ។ ុះ
Post a Comment