Saturday, November 23, 2013

រដ្ឋាភិបាល​ដេញ​ដោល​រឿង​កាប់​ឈើ​នៅ សេសាន

កាប់អស់ឈើទើបនឹកឃើញដេញដោលឬ ?

អ្នក​ភូមិ​ជិះ​ទូក​ តាម​ទន្លេ​សេ​សាន ក្នុង​ខេត្ត​ស្ទឹង​ត្រែង​​។ រូបថត ម៉ៃ វីរៈ
Friday, 22 November 2013  ម៉ៃ ទិត្យថារ៉ា PPP
ភ្នំពេញៈ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ចេញ​លិខិត​ទៅ​រដ្ឋ​មន្ត្រី​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យ​បំភ្លឺ ចំពោះ​ការ​អនុវត្ត​សេចក្តី​ជូន​ដំណឹង​របស់​រាជ​រដ្ឋាភិបាល ស្តី​ពី​ការ​ផ្អាក​សកម្មភាព​ប្រមូល​ផល អនុផល​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន Ang & Associates Lawyers Co.,Ltd ដែល​កាប់​ឈើ​នៅ​ក្នុង​អាង​ស្តុក​ទឹក​នៃ​គម្រោង​វារី​អគ្គិសនី សេសាន ក្រោម ២ នៅ​ខណៈ​ដែល​សំណង់​វារី​អគ្គិសនី​មិន​ទាន់​ចាប់​ដំណើរការ​សាងសង់។
ការ​ដែល​រដ្ឋាភិបាល ស្នើ​ឲ្យ​ក្រសួង កសិកម្ម ធ្វើ​ការ​បំភ្លឺ ពី​ការ​ប្រមូល​ផល​ព្រៃឈើ​នៅ​តំបន់​បាត​អាង​នេះ​គឺ​បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ជាច្រើន​ថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ នៅ​ក្នុង​តំបន់​នោះ និង​ការ​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ខាង​ក្រៅ​បាន​កើត​ឡើង​យ៉ាង​ពេញ​បន្ទុក។


នៅ​ក្នុង​លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ លោក ប៊ុន អ៊ុយ រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ ទី១៣ ខែ វិច្ឆិកា បាន​សរសេរ​ថា ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ជម្រាម​ជូន​ឯកឧត្តម រដ្ឋ​មន្ត្រី​ក្រសួង កសិកម្ម ស្តីពី​ករណី​របាយ​ការណ៍​វឌ្ឍនភាព​លើ​ការ​អនុវត្ត​សេចក្តី​ជូន​ដំណឹង របស់​រាជ​រដ្ឋាភិបាល ស្តី​ពី​ការ​ផ្អាក​សកម្មភាព​ប្រមូល​ផល អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន Ang & Associates Lawyers Co.,Ltd ដែល​កាប់​ឈើ​នៅ​ក្នុង​អាង​ស្តុក​ទឹក​នៃ​គម្រោង​វារី​អគ្គិសនី សេសាន ក្រោម ២ មេត្តា​ជ្រាប​ថា មិន​ត្រូវ​ឲ្យ​មាន​ការ​ប្រមូល​ទិញ​ឈើ​ពី​ប្រភព​ខាង​ក្រៅ​តំបន់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ឡើយ ពីព្រោះ​ការ​ប្រមូល​ទិញ​បែប​នេះ និង​ក្លាយ​ជា​ទីផ្សារ​មួយ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​កាប់​ឈើ​ដោយ​អនាធិបតេយ្យ។

នៅ​ក្នុង​លិខិត​បាន​ឲ្យ​ដឹង​ទៀត​ថា សុំ​ពិនិត្យ​ឡើង​វិញ ដែល​តាម​ធម្មតា ក្នុង​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​មុនៗ គឺ​កំណត់​តំបន់​ដែល​ត្រូវ​លិច​មុន​ដាក់​ឲ្យ​ដេញ​ថ្លៃ ដើម្បី​កាប់​ឈើ​និង​សម្អាត​អាង សំណង់​វារី​អគ្គិសនី កសាង​បាន​មួយ​ចំនួន​ហើយ ទើប​ចាប់​ផ្តើម​កាប់​ឈើ និង​ធ្វើការ​សម្អាត​អាង​ជា​ក្រោយ។

ក្នុង​លិខិត​របស់​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​នោះ​បាន​បញ្ជាក់​ដោយ​ចោទ​សួរ​ថា៖ «លើក​នេះ​ការ​អនុវត្ត​ខុស​ពី​ធម្មតា ទាំង​បី​ចំណុច​ជា​ពិសេស​ចំណុច ទី១ និង ទី៣ មិន​ទាន់​កំណត់​ទីតាំង​និង​មិន​ទាន់​បាន​សាងសង់ បែរ​ជា​នាំ​គ្នា​កាប់​ឈើ តើ​មក​ពី​មូល​ហេតុ​អ្វី?»។

លោក អ៊ុក រ៉ាប៊ុន រដ្ឋ​មន្ត្រី​ក្រសួង កសិកម្ម រក្ខា​ប្រម៉ាញ់ និង​នេសាទ និង​លោក ទី សុគន្ធ រដ្ឋ​លេខាធិការ​ក្រសួង កសិកម្ម​ពុំ​អាច​ទាក់ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​ឲ្យ​ដឹង​ថា តាំង​ពី​ថ្ងៃ​ចេញ​លិខិត​មក ពុំ​ទាន់​មាន​ការ​ឆ្លើយ​តប​មក​វិញ​ពី​ក្រសួង កសិកម្ម នៅ​ឡើយ​ទេ។ លោក​បាន​ថ្លែង​ថា៖ «យើង​មិន​ទាន់​ដឹង​ថា ចាត់​វិធានការ​យ៉ាង​ណា​នោះ​ទេ ប៉ុន្តែ​យើង​ធ្វើ​ទៅ​តាម​ច្បាប់»។

កាល​ពី​ថ្ងៃ ទី២ ខែ វិច្ឆិកា ឆ្នាំ ២០១៣ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា ស្តី​ពី​ការ​ផ្អាក​សកម្មភាព​ប្រមូលផល អនុផល​ព្រៃឈើ​របស់​ក្រុមហ៊ុន Ang & Associates Lawyers Co.,Ltd ដែល​កាប់​ឈើ​នៅ​ក្នុង​អាង​ស្តុក​ទឹក​នៃ​គម្រោង​វារី​អគ្គិសនី សេសាន ក្រោម ២ ហើយ​នៅ​ថ្ងៃ ទី២២ ខែ កុម្ភៈ ឆ្នាំ ២០១៣ លោក​នាយក​រដ្ឋ​មន្ត្រី ក៏​បាន​ចុះ​ហត្ថលេខា លើ​បទ​បញ្ជា ០២ បប ស្តី​ពី​វិធានការ​បង្ការ​ទប់ស្កាត់ និង​បង្រ្កាប​ការ​កាប់​ការ​ដឹក​ជញ្ជូន ការ​ប្រមូល​ការ​ស្តុក​ទុក និង​ការ​នាំ​ឈើ​គ្រញូង​ចេញ​ផង​ដែរ។

លោក សៀក មេគង្គ មេឃុំ ស្រែគ ស្រុក សេសាន បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ ខាង​ក្រុមហ៊ុន បាន​ស្ងប់​ស្ងាត់​ក្នុង​ការ​កាប់​ឈើ​នៅ​ក្នុង​តំបន់​បាត​អាង​នោះ​ហើយ បន្ទាប់​ពី​ក្រសួង កសិកម្ម បាន​ហាម ប៉ុន្តែ​ពួក​គេ​សស្រោក​សស្រាំ​ដឹក​ឈើ​ល្អៗ​ដែល​បាន​កាប់​ពី​មុន​ចេញ​ពី​អាង ហើយ​មាន​មួយ​ក្រុម​ទៀត បាន​បន្ត​កាប់​ឈើ​នៅ​ក្បែរ​បាត​អាង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រៃ​សហគមន៍។

លោក​បាន​ថ្លែង​ថា៖ «ពលរដ្ឋ យើង​កំពុង​តែ​ឆ្ងល់​ចំពោះ​ក្រុមហ៊ុន​នោះ ថា​តើ​គេ​មក​ប្រមូល​យក​តែ​ឈើ​ល្អៗ​មុន​យក​ទៅ​លក់ ដើម្បី​យក​លុយ​មក​វិនិយោគ​តាម​ក្រោយ​ឬ? ពីព្រោះ​គេ​ពុំ​បាន​ធ្វើ​អ្វី​ទាំង​អស់​ក្រៅ​ពី​កាប់​ឈើ»។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ប្រជា​ពលរដ្ឋ​សព្វ​ថ្ងៃ កំពុង​តែ​គិត​ថា ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អនាគត​អាច​នឹង​អស់​ព្រៃ​ឈើ​ទាំង​ស្រុង​ហើយ ហើយ​នៅ​ពេល​នោះ និង​ជួប​ប្រទះ​នូវ​គ្រោះ​មហន្តរាយ ដោយសារ​ការ​ប្រែ​ប្រួល​អាកាសធាតុ ដូចជា ធ្វើ​ឲ្យ​កើត​មាន​ខ្យល់​ព្យុះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​និង​គ្រោះ​រាំងស្ងួត​ជាដើម​។ លោក​បញ្ជាក់​ថា៖ «ទៅ​ថ្ងៃ​អនាគត​ពួក​យើង​នឹង​ត្រូវ​ក្មេង​ជំនាន់​ក្រោយ​ជេរ​ប្រមាថ ដោយ​គេ​ថា យើង​ជំនាន់​នេះ មិន​ចេះ​ថែរក្សា​ព្រៃឈើ ទើប​ពួក​គេ​លិច​ទឹក​រហូត។ គម្រោង​វារី​អគ្គិសនី​នេះ ពុំ​បាន​ជួយ​ដល់​ប្រជាជន​នោះ​ទេ គឺ​បាន​ត្រឹម​តែ​បំផ្លាញ​ធនធាន​ធម្មជាតិ​តែ​ប៉ុណ្ណោះ»។

ក្រុមហ៊ុន Hydrolancang International Energy ដែល​ជា​សាខា​មួយ​របស់​ក្រុមហ៊ុន​ចិន​ឈ្មោះ Huaneng ដែល​ជា​កម្មសិទ្ធិ របស់​រដ្ឋ​បាន​ចុះ​អនុស្សរណៈ នៃ​ការ​យោគ​យល់​គ្នា ជាមួយ​ក្រុមហ៊ុន Royal Group របស់​លោក គិត ម៉េង កាល​ពី​ថ្ងៃ ទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០១២ សម្រាប់​ការ​ផ្តល់​ហិរញ្ញវត្ថុ​រយៈ​ពេល​ពីរ​ឆ្នាំ ចូល​មក​ក្នុង​គម្រោង​ទំនប់​វារី​អគ្គិសនី​នេះ។

កាល​ពី​ពេល​មុន​ក្នុង​ឆ្នាំ​នេះ ក្រុមហ៊ុន Ang & Associates ត្រូវ​បាន​រាយការណ៍​ថា បាន​ចុះ​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រួម​គ្នា​ជាមួយ​លោក សុខ វណ្ណា ដែល​ជា​បង​ប្អូន​ប្រុស​លោក សុខ គង់ ស្ថាបនិក​ក្រុមហ៊ុន សូគីម៉ិច ដើម្បី​ឈូស​ឆាយ​តំបន់​បាត​អាង ដែល​មាន​ទំហំ​ដល់​ទៅ ៣៦ ០០០ ហិកតា ជា​ការ​រៀបចំ​សម្រាប់​គម្រោង​ទំនប់​វារី​អគ្គិសនី​ដែល​មាន​ទឹក​ប្រាក់ ៨១៦ លាន​ដុល្លារ៕

No comments: