ប្រជាពលរដ្ឋសង្កាត់ព្រែកលាប នាំគ្នាដុតបំផ្លាញសម្ភារៈក្រុមហ៊ុន កាលពីថ្ងៃ ២៣វិច្ឆិកា ឆ្នាំ២០១៣។ Siv Channa/RFI |
ប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមអ្នកភូមិដែលរងគ្រោះដោយសារក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរំលោភយកដី បានផ្តើមនាំគ្នាបះបោរប្រឆាំងក្រុមហ៊ុនទាំងនោះ។ អំពើហិង្សាដុតបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន ក៏បានផ្ទុះឡើងជាហូរហែ។ នេះសបញ្ជាក់ឲ្យឃើញថា បញ្ហាដីធ្លីកំពុងទុំជោរ ហើយសញ្ញានៃបដិវត្តន៍ដីធ្លីក៏បានបង្ហាញឡើងដែរ។ នេះក៏ជាសញ្ញាដែលបង្ហាញថា រដ្ឋាភិបាលត្រូវដោះស្រាយបញ្ចប់បញ្ហាដីធ្លីជាបន្ទាន់។
កាលពីសប្តាហ៍កន្លងទៅ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ព្រែកលាប ខណ្ឌឬស្សីកែវ បាននាំគ្នាបិទផ្លូវ និងដុតបំផ្លាញត្រាក់ទ័រមួយគ្រឿង ព្រមទាំងសម្ភារៈជាច្រើនរបស់ក្រុមហ៊ុនឯកជនមួយដែលប៉ុនប៉ងកម្ទេចឈាបនដ្ឋានមួយកន្លែងដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ បន្ទាប់ពីហេតុការណ៍អាក្រក់នេះកើតឡើង អាជ្ញាធររាជធានីភ្នំពេញក៏ប្រញាប់ប្រញាល់ប្រគល់ដីនោះឲ្យទៅក្រុមអ្នកភូមិវិញ។
នៅថ្ងៃ២៦វិច្ឆិកាទៀត ក្រុមអ្នកភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពតបាននាំគ្នាផ្អើលប្រឆាំងក្រុមហ៊ុនឯកជនមួយ ស្ទើរតែផ្ទុះអំពើហិង្សាម្តងទៀត បន្ទាប់ពីពួកគេបានឃើញក្រុមហ៊ុននោះដាក់ប៉ុស្តិ៍យាមយ៉ាងរឹងមាំ នៅចំណុចផ្លូវចូលទៅចម្ការរបស់ពួកគេ។ ការងើបបះបោរនេះក៏ព្រោះតែក្រុមអ្នកស្រុកបារម្ភថា ក្រុមហ៊ុនចង់បិទផ្លូវមិនឲ្យពួកគេចេញចូលទីនោះទៀត។
ការងើបបះបោរការពារដីស្រែ ចម្ការ ផ្ទះសម្បែង ពីសំណាក់ជនរងគ្រោះដោយបញ្ហាដីធ្លីដែលពេលខ្លះប្រកបដោយអំពើហិង្សា បានកើតឡើងកាន់តែស្រួចស្រាល់ជាងមុន។ នេះសបញ្ជាក់ឲ្យឃើញថា ទំនាស់ដីធ្លីកំពុងក្លាយជាបញ្ហាទុំជោរ និងកាន់តែរសើបខ្លាំងឡើងជាលំដាប់។ ប្រសិនបើគេនិយាយឲ្យជ្រៅជាងនេះ វាគឺជាសញ្ញានៃបដិវត្តន៍ដីធ្លីនៅកម្ពុជាយ៉ាងពិតប្រាកដពីព្រោះ ពលរដ្ឋដែលមានទំនាស់ដីធ្លីលែងពឹងលើច្បាប់ និងលើអាជ្ញាធរទៀតហើយ តែពួកគេបែរមកពឹងលើការតតាំងដោយខ្លួនឯងវិញ។
មានមូលហេតុសំខាន់២ដែលអាចពន្យល់បានពីស្ថានភាពនេះបាន៖
មូលហេតុទី១៖ មកពីពួកគេអស់ជំនឿលើអាជ្ញាធរមានសមត្ថកិច្ច និងទៅលើតុលាការ។ អស់ជំនឿពីព្រោះថាអាជ្ញាធរមានសមត្ថកិច្ចនិងតុលាការជាទូទៅ ច្រើនតែឈរនៅខាងក្រុមហ៊ុនដែលជាអ្នកមានលុយ។ ជាទូទៅ ក្រុមអ្នកភូមិតែងចាញ់ក្តី បើទោះជាផ្ទះសម្បែងនិងដីស្រែចម្ការរបស់ពួកគេត្រូវបានក្រុមហ៊ុនរំលោភបំពានក៏ដោយ។ ដូច្នេះ ជម្រើសចុងក្រោយគឺត្រូវការពារដីស្រែ ចម្ការ និងផ្ទះសម្បែងដោយខ្លួនឯង។
មូលហេតុទី២៖ ដីស្រែចម្ការនិងផ្ទះសម្បែងគឺជាទ្រព្យសម្បត្តិចុងក្រោយរបស់អ្នកក្រ។ ដូច្នេះ ប្រសិនបើពួកគេបាត់បង់ទ្រព្យសម្បត្តិចុងក្រោយនេះទៀត គ្មានអ្វីដែលនៅសេសសល់ទៀតឡើយ។ ក្នុងបរិបទនេះ ចាំបាច់ណាស់ដែលពួកគេត្រូវងើបឡើងដើម្បីការពារប្រភពរស់ចុងក្រោយរបស់ខ្លួន ដោយគ្មានគិតអ្វីទាំងអស់ ពីព្រោះវាជាស្ថានភាពទ័លច្រកនិងដល់ក។
ការបណ្តែតបណ្តោយឲ្យវិបត្តិដីធ្លីអូសបន្លាយគ្មានទីបញ្ចប់បែបនេះ ក៏ពិតជាមានមូលហេតុរបស់វាដែរ។ មូលហេតុដំបូងគេ គឺមកពីការសម្រេចចិត្តផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនឯកជនមិនបានសិក្សាឲ្យច្បាស់លាស់អំពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងតំបន់ជុំវិញ។ មិនបានសិក្សាមកពីមន្ត្រីជំនាញពាក់ព័ន្ធបានទទួលផលប្រយោជន៍ពីក្រុមហ៊ុន រួចហើយពួកគេខិតខំធ្វើយ៉ាងណាឲ្យតែនាយករដ្ឋមន្ត្រីឆាប់ចុះហត្ថលេខាកាន់តែលឿនកាន់តែល្អ។
នៅពេលបានទទួលអាជ្ញាប័ណ្ណហើយ ជាទូទៅក្រុមហ៊ុនច្រើនតែអាងលើកម្លាំងសមត្ថកិច្ចអាជ្ញាធរនៅពីក្រោយ។ ហេតុដូច្នេះ ពួកគេក៏ហាក់មានអារម្មណ៍ថា ខ្លួនអាចធ្វើអ្វីក៏បានតាមចិត្តរាប់ទាំងការឈូសបំផ្លាញផ្ទះអ្នកភូមិ សូម្បីតែកន្លែងបូជាសពក៏មិនលើកលែង។
ជាការពិតណាស់ ស្ថានភាពបែបនេះមិនគួរនឹងកើតមានទាល់តែសោះក្នុងដំណាក់កាលដែលប្រទេសជាតិកំពុងអភិវឌ្ឍន៍។ តាមទ្រឹស្តី គេមិនដែលអភិវឌ្ឍន៍ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ដីធ្លីផ្ទះសម្បែង និងធ្លាក់ខ្លួនក្រជាងមុនទេ។ អភិវឌ្ឍន៍វាគួរតែធ្វើឡើងក្នុងន័យបែងចែកភាគផលដល់មនុស្សគ្រប់គ្នា។ តាមពិត ក្រុមអ្នកមានលុយគួរតែជួយដល់អ្នកក្រទៅវិញទេ គឺមិនមែនមករឹបអូសផ្ទះសម្បែង ដីស្រែចម្ការពីពួកគេច្នេះឡើយ។
សរុបមកវិញ បញ្ហាដីធ្លីកំពុងទុំជោរហើយ។ លោកនាយករដ្ឋមន្ត្រីធ្លាប់ទទួលស្គាល់ថា បដិវត្តន៍ដីធ្លីនៅកម្ពុជាអាចនឹងកើតឡើងប្រសិនបើបញ្ហានៅបន្តអូសបន្លាយ។ ឥឡូវនេះ សញ្ញានៃបដិវត្តន៍ដីធ្លីបានបង្ហាញជាបណ្តើរៗហើយ។ ដូច្នេះ រដ្ឋាភិបាលពិតជាគ្មានពេល ដែលត្រូវអូសបន្លាយទៀតឡើយ។
ប្រសិនបើបញ្ហានេះមិនត្រូវបានបញ្ចប់ទាំងស្រុងក្នុង អាណត្តិនេះទេនោះ ផលវិបាកសំខាន់ពីរបានស្តែងយ៉ាងច្បាស់ហើយនៅចំពោះមុខ៖ ទី១ បដិវត្តន៍ដីធ្លីនឹងផ្ទុះឡើងគ្រប់ទិសទី និងទី២ ប្រជាប្រិយភាពគណបក្សកាន់អំណាច នឹងបន្តស្រុតចុះថែមទៀត។ ផលវិបាកទាំងពីរជាសូរជួងអាសន្នដែលបញ្ជាក់ថា បញ្ហាដីធ្លីត្រូវតែដោះស្រាយបញ្ចប់ជាដាច់ខាត បើទោះជាក្នុងតម្លៃណាក៏ដោយចុះ៕
2 comments:
All the bad thing happened now,it's the sign show that Hun Sen will end soon,if his destiny finish,no body can stop. From angel...
Go ahead, you first. Mike.
Post a Comment