បុរសផ្ទុកមេរោគអេដស៍អង្គុយលើរទេះនៅឯមណ្ឌលថែទាំ អ្នកជំងឺអេដស៍ក្នុងខែត្រតាកែវ នាថ្ងៃទី ៣០ វិច្ឆិកា ២០០៤។ AFP Photo |
ដោយ វណ្ណ វិចារ RFA 2013-11-16
ស្ថាប័ន និងអង្គការដែលធ្លាប់ធ្វើរបាយការណ៍កុហកមូលនិធិពិភពលោក រួមមាន មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំងអង្គការមេឌីខាំ (MEDICAM)។
របាយការណ៍ស៊ើបអង្កេតកម្រាស់ ៨៣ទំព័រ របស់មូលនិធិពិភពលោក ដែលបានស៊ើបអង្កេតលើប្រាក់ជំនួយរបស់មូលនិធិនេះចំនួនជាង ៨០លានដុល្លារ ដែលផ្តល់មកឲ្យស្ថាប័នចំណុះក្រសួងសុខាភិបាល បានរកឃើញភស្តុតាងសំខាន់ៗជាច្រើន ដែលបញ្ជាក់ថា ការដេញថ្លៃចំនួនមានភាពមិនប្រក្រតី ការកិបកេងប្រាក់ជំនួយ និងការប្រើប្រាស់ប្រាក់ជំនួយខុសគោលដៅ។
របាយការណ៍បន្តថា អតីតប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ លោក ដួង សុជាតិ និងសហការីម្នាក់ បានទទួលប្រាក់សគុណចំនួនជិត ៥សែនដុល្លារ ពីក្រុមហ៊ុនផ្គត់ផ្គង់មុងឈ្មោះ វេសតើហ្គាត ហ្វ្រេនសិន (Vestergaard Frandsen) ដែលមានទីតាំងនៅប្រទេសស្វីស និងក្រុមហ៊ុនសាំមិតូ ឆាមមីសល (Sumitomo Chemical Singapore) ដែលមានទីតាំងនៅប្រទេសសិង្ហបុរី។ ក្រុមហ៊ុនទាំងពីរផ្តល់ប្រាក់សគុណជូនមន្ត្រីទាំងនេះ ជាថ្នូរនឹងកិច្ចសន្យាជាមួយក្រសួងសុខាភិបាល។
ចំពោះមន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដែលទទួលបន្ទុកគ្រប់គ្រងការដេញថ្លៃគម្រោងមួយ ក៏ត្រូវអង្គភាពសវនកម្មរបស់មូលនិធិពិភពលោក រកឃើញថា បានទទួលប្រាក់សគុណពីភាគីក្រុមហ៊ុនមួយ ចំនួន ១៥% នៃទឹកប្រាក់គម្រោងចំនួនជិត ៣សែន ២ម៉ឺនដុល្លារ ឬស្មើនឹងជាង ៤ម៉ឺនដុល្លារ។ មន្ត្រីរូបនោះក៏បានសារភាពប្រាប់ស្ថាប័នត្រួតពិនិត្យរបស់មូលនិធិពិភពលោក ថា ខ្លួនបានយកប្រាក់នេះទៅទិញឡាន និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។ របាយការណ៍បន្តថា អង្គការ មេឌីខាំ ដែលបានយកប្រាក់ជំនួយពីមូលនិធិពិភពលោក សម្រាប់ជួលបុគ្គលិកចំនួន ២នាក់ ធ្វើការក្នុងគម្រោងទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍ ដោយចំណាយប្រាក់ជាង ២ម៉ឺនដុល្លារ ប៉ុន្តែអង្គការនេះបែរជាមិនបានជួលបុគ្គលិកធ្វើការទៅវិញ។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទង លោក ម៉ម ប៊ុនហេង ជាច្រើនដងច្រើនសាតាមទូរស័ព្ទ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ប៉ុន្តែមិនមានអ្នកទទួល។
ចំណែកអតីតមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ លោក ដួង សុជាតិ បានបដិសេធមិនឆ្លើយនឹងសំណួររបស់វិទ្យុអាស៊ីសេរី ឡើយ។
ប្រធាននាយកដ្ឋានព័ត៌មានរបស់ក្រសួងសុខាភិបាល លោក វាសនា គីរី ក៏មិនបកស្រាយចំពោះបញ្ហានេះដែរ ដោយលោករុញសំណួរនេះឲ្យសួរអ្នកដែលពាក់ព័ន្ធ។
យ៉ាងណាមិញ នាយកប្រតិបត្តិអង្គការ មេឌីខាំ លោក ស៊ិន សុមុនី ត្រូវបានកាសែតក្នុងស្រុកស្រង់សម្ដីថា វាជាការយល់ច្រឡំប៉ុណ្ណោះ ព្រោះតែបុគ្គលិករបស់លោកម្នាក់ធ្វើការងារដោយភ័ន្តច្រឡំ ហើយអង្គការនេះគ្មានបំណងឡើយ។ លោកបញ្ជាក់ថា អង្គការ មេឌីខាំ ធ្លាប់បានបកស្រាយចំពោះបញ្ហានេះជូនម្ចាស់ជំនួយ គឺមូលនិធិពិភពលោក រួចហើយ ដោយអង្គការនេះបានជួលបុគ្គលិកដែរ តែយកប្រើផ្នែកតស៊ូមតិទៅវិញ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ករណីនេះគ្រាន់តែជាករណីពុករលួយតូចមួយក្នុងចំណោមរាប់ពាន់ករណីផ្សេងទៀតប៉ុណ្ណោះ។ លោកបន្តថា ពេលដែលបក្សសង្គ្រោះជាតិ ចូលក្នុងសភាវិញ តំណាងរាស្ត្របក្សប្រឆាំងនឹងកោះហៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល មកសួរនាំពីបញ្ហានេះ ដើម្បីបង្កើនទំនុកចិត្តរបស់ម្ចាស់ជំនួយមកលើរាជរដ្ឋាភិបាលកម្ពុជា។ លោកបញ្ជាក់ថា សេវាការពារជំងឺឆ្លងនៅកម្ពុជា នឹងជួបឧបសគ្គ បើសិនជាមូលនិធិពិភពលោក មិនបន្តផ្តល់ជំនួយនោះ។
ទន្ទឹមនឹងនេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល យល់ថា អង្គភាពប្រឆាំងអំពើពុករលួយត្រូវតែស៊ើបអង្កេតរឿងនេះ ដើម្បីបញ្ជាក់ពីជំហរក្នុងការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយ ប្រកបដោយប្រសិទ្ធភាព។ លោកបន្តថា ស្ថាប័នប្រយុទ្ធជំងឺឆ្លងនៅកម្ពុជា បំពេញបេសកកម្មភាគច្រើនបានជោគជ័យ ដោយសារជំនួយពីបរទេស ហើយបើសិនជាមិនមានជំនួយនោះ សុខភាពពលរដ្ឋនឹងជួបបញ្ហា។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បដិសេធមិនឆ្លើយសំណួររបស់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទឡើយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយលោកបញ្ជាក់ថា លោកនឹងឆ្លើយសំណួរបាន ដរាបណាអ្នកកាសែតទៅជួបលោកនៅអង្គភាពប្រឆាំងអំពើពុករលួយ។
មាត្រា៥៩២ នៃក្រមព្រហ្មទណ្ឌ បានចែងថា ពីបទវិតិក្រមដែលជាទង្វើរបស់មន្ត្រីរាជការសាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈ ដោយបោះឆ្នោត៖
១-ដែលទាមទារ ឬទទួលជាសិទ្ធិជាពន្ធ ជាអាករ នូវចំនួនប្រាក់ដែលខ្លួនបានដឹងថាមិនត្រូវបង់ ឬចំនួនលើសទឹកប្រាក់ដែលត្រូវបង់។
២-យល់ព្រមក្រោមរូបភាពណាមួយ និងដោយមូលហេតុណាមួយក៏ដោយ ធ្វើការលើកលែង ឬការលោះលាចំពោះការបង់ពន្ធ ឬអាករ ដែលខ្លួនដឹងថាខុសច្បាប់។
មាត្រា៥៩៣ ក៏បានចែងពីទម្ងន់នៃទោស គឺត្រូវដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លាន ទៅ ១០លានរៀល។
មូលនិធិពិភពលោក បានផ្តល់ជំនួយមកដល់កម្ពុជា តាំងពីឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ មានទំហំទឹកប្រាក់ចំនួន ២២០លាន ៣សែនដុល្លារ។ គម្រោងដែលជាប់ពាក់ព័ន្ធនឹងបញ្ហាពុករលួយនេះ បានអនុវត្តតាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១២៕
3 comments:
Hey, no complaining here, all is good for Cambodia "akphi what?" development, you know. Look at those big villas and Land Rovers/Cruisers!
Please give more money for them in which they can build more villa and affort the 2nd & 3rd wife and luxus car.
Of course, this is just one small part of corruption in Hun Sen's regime. There are thousands of corruptions with related to most of a high rank officials this this corrupted Gov. Let us look and consider as the following;
- Where do they get the money from to afford their family like one house has at least five Lexus cars and two to three villas if their salary only some $50,$100, or up to $300 and for the highest parliament member was only $1200 per month???
- Where do they get money from to send their children to study in oversea which costed a lot of money???
- Where do they get the money from to buy a house in oversea country for their family?
- Where do they get the money from to secretly feed the young girls to fulfill their ambition.
If they are not corrupted how can they service their life in with full of modern properties.
Thanks
Post a Comment