Sunday, November 17, 2013

ម្ចាស់​ជំនួយ​អន្តរជាតិ​បក​អាក្រាត​រឿង​ពុក​រលួយ​ក្នុង​ក្រសួង​សុខាភិបាល


បុរស​ផ្ទុក​មេរោគ​អេដស៍​អង្គុយ​លើ​រទេះ​នៅ​ឯ​មណ្ឌល​ថែទាំ​
អ្នក​ជំងឺ​អេដស៍​ក្នុង​ខែត្រ​តាកែវ នា​ថ្ងៃទី ៣០ វិច្ឆិកា ២០០៤។
AFP Photo
មូលនិធិ​ពិភពលោក (Global Fund) បាន​ចេញ​របាយការណ៍​ស៊ើប​អង្កេត​មួយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ដោយ​បង្ហាញ​ភស្តុតាង​ជាច្រើន​ទាក់ទង​នឹង​បណ្ដាញ​ប្រព្រឹត្តិ​ពុក​រលួយ​ក្នុង​ក្រសួង​សុខាភិបាល។ របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ស្ថាប័ន​ពីរ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​ធ្លាប់​បាន​ធ្វើ​របាយការណ៍​ភូត​កុហក​កិបកេង​ប្រាក់​ជំនួយ​ពី​មូលនិធិ​ពិភពលោក តាំង​ពី​ឆ្នាំ​២០០៩ ក្នុង​ប្រតិបត្តិការ​ការងារ​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ឆ្លង​ទាំង​នេះ។

ដោយ វណ្ណ វិចារ RFA 2013-11-16

ស្ថាប័ន និង​អង្គការ​ដែល​ធ្លាប់​ធ្វើ​របាយការណ៍​កុហក​មូលនិធិ​ពិភពលោក រួម​មាន មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ព្រម​ទាំង​អង្គការ​មេឌីខាំ (MEDICAM)។

របាយការណ៍​ស៊ើប​អង្កេត​កម្រាស់ ៨៣​ទំព័រ របស់​មូលនិធិ​ពិភពលោក ដែល​បាន​ស៊ើប​អង្កេត​លើ​ប្រាក់​ជំនួយ​របស់​មូលនិធិ​នេះ​ចំនួន​ជាង ៨០​លាន​ដុល្លារ ដែល​ផ្តល់​មក​ឲ្យ​ស្ថាប័ន​ចំណុះ​ក្រសួង​សុខាភិបាល បាន​រក​ឃើញ​ភស្តុតាង​សំខាន់ៗ​ជាច្រើន ដែល​បញ្ជាក់​ថា ការ​ដេញ​ថ្លៃ​ចំនួន​មាន​ភាព​មិន​ប្រក្រតី ការ​កិបកេង​ប្រាក់​ជំនួយ និង​ការ​ប្រើប្រាស់​ប្រាក់​ជំនួយ​ខុស​គោលដៅ។

របាយការណ៍​បន្ត​ថា អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក ដួង សុជាតិ និង​សហការី​ម្នាក់ បាន​ទទួល​ប្រាក់​សគុណ​ចំនួន​ជិត ៥​សែន​ដុល្លារ ពី​ក្រុមហ៊ុន​ផ្គត់ផ្គង់​មុង​ឈ្មោះ វេសតើហ្គាត ហ្វ្រេនសិន (Vestergaard Frandsen) ដែល​មាន​ទីតាំង​នៅ​ប្រទេស​ស្វីស និង​ក្រុមហ៊ុន​សាំមិតូ ឆាមមីសល (Sumitomo Chemical Singapore) ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី។ ក្រុមហ៊ុន​ទាំង​ពីរ​ផ្តល់​ប្រាក់​សគុណ​ជូន​មន្ត្រី​ទាំង​នេះ ជា​ថ្នូរ​នឹង​កិច្ច​សន្យា​ជាមួយ​ក្រសួង​សុខាភិបាល។

ចំពោះ​មន្ត្រី​ជាន់​ខ្ពស់​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ដែល​ទទួល​បន្ទុក​គ្រប់គ្រង​ការ​ដេញ​ថ្លៃ​គម្រោង​មួយ ក៏​ត្រូវ​អង្គភាព​សវនកម្ម​របស់​មូលនិធិ​ពិភពលោក រក​ឃើញ​ថា បាន​ទទួល​ប្រាក់​សគុណ​ពី​ភាគី​ក្រុមហ៊ុន​មួយ ចំនួន ១៥% នៃ​ទឹក​ប្រាក់​គម្រោង​ចំនួន​ជិត ៣​សែន ២​ម៉ឺន​ដុល្លារ ឬ​ស្មើ​នឹង​ជាង ៤​ម៉ឺន​ដុល្លារ។ មន្ត្រី​រូប​នោះ​ក៏​បាន​សារភាព​ប្រាប់​ស្ថាប័ន​ត្រួត​ពិនិត្យ​របស់​មូលនិធិ​ពិភពលោក ថា ខ្លួន​បាន​យក​ប្រាក់​នេះ​ទៅ​ទិញ​ឡាន និង​សម្ភារៈ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ទៀត។ របាយការណ៍​បន្ត​ថា អង្គការ មេឌីខាំ ដែល​បាន​យក​ប្រាក់​ជំនួយ​ពី​មូលនិធិ​ពិភពលោក សម្រាប់​ជួល​បុគ្គលិក​ចំនួន ២​នាក់ ធ្វើ​ការ​ក្នុង​គម្រោង​ទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​អេដស៍ ដោយ​ចំណាយ​ប្រាក់​ជាង ២​ម៉ឺន​ដុល្លារ ប៉ុន្តែ​អង្គការ​នេះ​បែរ​ជា​មិន​បាន​ជួល​បុគ្គលិក​ធ្វើ​ការ​ទៅ​វិញ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង លោក ម៉ម ប៊ុនហេង ជាច្រើន​ដង​ច្រើន​សា​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ប៉ុន្តែ​មិន​មាន​អ្នក​ទទួល។

ចំណែក​អតីត​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ លោក ដួង សុជាតិ បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ឡើយ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល លោក វាសនា គីរី ក៏​មិន​បកស្រាយ​ចំពោះ​បញ្ហា​នេះ​ដែរ ដោយ​លោក​រុញ​សំណួរ​នេះ​ឲ្យ​សួរ​អ្នក​ដែល​ពាក់ព័ន្ធ។

យ៉ាង​ណា​មិញ នាយក​ប្រតិបត្តិ​អង្គការ មេឌីខាំ លោក ស៊ិន សុមុនី ត្រូវ​បាន​កាសែត​ក្នុង​ស្រុក​ស្រង់​សម្ដី​ថា វា​ជា​ការ​យល់​ច្រឡំ​ប៉ុណ្ណោះ ព្រោះ​តែ​បុគ្គលិក​របស់​លោក​ម្នាក់​ធ្វើ​ការងារ​ដោយ​ភ័ន្ត​ច្រឡំ ហើយ​អង្គការ​នេះ​គ្មាន​បំណង​ឡើយ។ លោក​បញ្ជាក់​ថា អង្គការ មេឌីខាំ ធ្លាប់​បាន​បកស្រាយ​ចំពោះ​បញ្ហា​នេះ​ជូន​ម្ចាស់​ជំនួយ គឺ​មូលនិធិ​ពិភពលោក រួច​ហើយ ដោយ​អង្គការ​នេះ​បាន​ជួល​បុគ្គលិក​ដែរ តែ​យក​ប្រើ​ផ្នែក​តស៊ូ​មតិ​ទៅ​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា ករណី​នេះ​គ្រាន់​តែ​ជា​ករណី​ពុក​រលួយ​តូច​មួយ​ក្នុង​ចំណោម​រាប់​ពាន់​ករណី​ផ្សេង​ទៀត​ប៉ុណ្ណោះ។ លោក​បន្ត​ថា ពេល​ដែល​បក្ស​សង្គ្រោះ​ជាតិ ចូល​ក្នុង​សភា​វិញ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល មក​សួរ​នាំ​ពី​បញ្ហា​នេះ ដើម្បី​បង្កើន​ទំនុក​ចិត្ត​របស់​ម្ចាស់​ជំនួយ​មក​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា។ លោក​បញ្ជាក់​ថា សេវា​ការពារ​ជំងឺ​ឆ្លង​នៅ​កម្ពុជា នឹង​ជួប​ឧបសគ្គ បើ​សិន​ជា​មូលនិធិ​ពិភពលោក មិន​បន្ត​ផ្តល់​ជំនួយ​នោះ។

ទន្ទឹម​នឹង​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល យល់​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​តែ​ស៊ើប​អង្កេត​រឿង​នេះ ដើម្បី​បញ្ជាក់​ពី​ជំហរ​ក្នុង​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ ប្រកប​ដោយ​ប្រសិទ្ធភាព។ លោក​បន្ត​ថា ស្ថាប័ន​ប្រយុទ្ធ​ជំងឺ​ឆ្លង​នៅ​កម្ពុជា បំពេញ​បេសកកម្ម​ភាគ​ច្រើន​បាន​ជោគជ័យ ដោយសារ​ជំនួយ​ពី​បរទេស ហើយ​បើ​សិន​ជា​មិន​មាន​ជំនួយ​នោះ សុខភាព​ពលរដ្ឋ​នឹង​ជួប​បញ្ហា។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង បដិសេធ​មិន​ឆ្លើយ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ឡើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​លោក​បញ្ជាក់​ថា លោក​នឹង​ឆ្លើយ​សំណួរ​បាន ដរាប​ណា​អ្នក​កាសែត​ទៅ​ជួប​លោក​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

មាត្រា​៥៩២ នៃ​ក្រម​ព្រហ្មទណ្ឌ បាន​ចែង​ថា ពី​បទ​វិតិក្រម​ដែល​ជា​ទង្វើ​របស់​មន្ត្រី​រាជការ​សាធារណៈ ឬ​ពលរដ្ឋ​ទទួល​អាណត្តិ​សាធារណៈ ដោយ​បោះ​ឆ្នោត៖

១-ដែល​ទាមទារ ឬ​ទទួល​ជា​សិទ្ធិ​ជា​ពន្ធ ជា​អាករ នូវ​ចំនួន​ប្រាក់​ដែល​ខ្លួន​បាន​ដឹង​ថា​មិន​ត្រូវ​បង់ ឬ​ចំនួន​លើស​ទឹក​ប្រាក់​ដែល​ត្រូវ​បង់។

២-យល់​ព្រម​ក្រោម​រូបភាព​ណា​មួយ និង​ដោយ​មូលហេតុ​ណា​មួយ​ក៏ដោយ ធ្វើ​ការ​លើក​លែង ឬ​ការ​លោះ​លា​ចំពោះ​ការ​បង់​ពន្ធ ឬ​អាករ ដែល​ខ្លួន​ដឹង​ថា​ខុស​ច្បាប់។

មាត្រា​៥៩៣ ក៏​បាន​ចែង​ពី​ទម្ងន់​នៃ​ទោស គឺ​ត្រូវ​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤​លាន ទៅ ១០​លាន​រៀល។

មូលនិធិ​ពិភពលោក បាន​ផ្តល់​ជំនួយ​មក​ដល់​កម្ពុជា តាំង​ពី​ឆ្នាំ​២០០៣ ដល់​ឆ្នាំ​២០១០ មាន​ទំហំ​ទឹក​ប្រាក់​ចំនួន ២២០​លាន ៣​សែន​ដុល្លារ។ គម្រោង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុក​រលួយ​នេះ បាន​អនុវត្ត​តាំង​ពី​ឆ្នាំ​២០០៦ រហូត​ដល់​ឆ្នាំ​២០១២៕

3 comments:

Anonymous said...

Hey, no complaining here, all is good for Cambodia "akphi what?" development, you know. Look at those big villas and Land Rovers/Cruisers!

Anonymous said...

Please give more money for them in which they can build more villa and affort the 2nd & 3rd wife and luxus car.

Anonymous said...

Of course, this is just one small part of corruption in Hun Sen's regime. There are thousands of corruptions with related to most of a high rank officials this this corrupted Gov. Let us look and consider as the following;

- Where do they get the money from to afford their family like one house has at least five Lexus cars and two to three villas if their salary only some $50,$100, or up to $300 and for the highest parliament member was only $1200 per month???

- Where do they get money from to send their children to study in oversea which costed a lot of money???

- Where do they get the money from to buy a house in oversea country for their family?

- Where do they get the money from to secretly feed the young girls to fulfill their ambition.

If they are not corrupted how can they service their life in with full of modern properties.

Thanks