RFA/Vichey Anandh |
ដោយ ឡេង ម៉ាលី RFA 2013-11-26
បណ្ដាញអង្គការសង្គមស៊ីវិល ធ្វើសន្និសីទបង្ហាញកម្រងរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួនមួយ ដែលនឹងត្រូវដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពិនិត្យតាមកាលកំណត់ នៅខែកុម្ភៈ ឆ្នាំ២០១៤។
សន្និសីទនៅថ្ងៃទី២៥ វិច្ឆិកា ប្រធានអគ្គលេខាធិការនៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ សមាគមសិទ្ធិមនុស្សកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា ច្រាក់ (CHRAC) គឺលោក សួន ប៊ុនស័ក្ដិ ថ្លែងថា សន្និសីទនេះ គឺជាការបង្ហាញដល់សាធារណជននូវកម្រងរបាយការណ៍ស្ដីពីការអនុវត្តសិទ្ធិមនុស្ស ដែលរៀបចំដោយអង្គការសង្គមស៊ីវិល សម្រាប់ដាក់ជូនអង្គការសហប្រជាជាតិពិនិត្យ។
លោក សួន ប៊ុនស័ក្ដិ៖ «គោលបំណងសំខាន់នៃការរៀបចំហ្នឹង គឺដើម្បីជម្រាបជូនសាធារណជនឱ្យបានយល់ថា ស្អីទៅជាយន្តការលើកកម្ពស់ការពារសិទ្ធិមនុស្ស ដែលហៅថា យូ.ភី.អ (UPR=Universal Periodic Review) ហើយក៏ដើម្បីឱ្យបានដឹងថា សង្គមស៊ីវិលយើងលើកយករឿងបញ្ហាសិទ្ធិមនុស្សអីខ្លះ ដាក់ជូនទៅអង្គការសហប្រជាជាតិ ដើម្បីឱ្យអង្គការសហប្រជាជាតិហ្នឹងធ្វើការប្រៀបធៀបរវាងរបាយការណ៍សង្គមស៊ីវិល និងរបាយការណ៍របស់រដ្ឋ ក្នុងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅស្រុកខ្មែរនេះឯង»។
នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា លោក ឈិត សំអាត បញ្ជាក់ថា របាយការណ៍នេះ គឺជារបាយការណ៍មួយនឹងឆ្លុះបញ្ចាំងទៅនឹងរបាយការណ៍អនុវត្តសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ដែលត្រូវដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពិនិត្យជាសកល តាមកាលកំណត់ (UPR)។ ការពិនិត្យជាសកលតាមកាលកំណត់ ឬហៅកាត់ថា យូ.ភី.អ ជាដំណើរការពិសេសមួយ ដែលអនុញ្ញាតឱ្យប្រទេសជាសមាជិកពិនិត្យស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួនឡើងវិញ ជារៀងរាល់ ៤ឆ្នាំកន្លះម្ដង។
លោក ឈិត សំអាត មានប្រសាសន៍ថា របាយការណ៍លើកនេះជាលើកទី២ សម្រាប់ប្រទេសកម្ពុជា ដែលនឹងត្រូវដាក់ជូននៅខែកុម្ភៈ ឆ្នាំ២០១៤ សម្រាប់ឱ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ពិនិត្យនៅក្នុងសម័យប្រជុំលើកទី១៨ របស់ខ្លួន៖ «អង្គការសង្គមស៊ីវិល អាចរៀបចំរបាយការណ៍អំពីសិទ្ធិមនុស្សដាក់ជូនទៅអង្គការសិទ្ធិមនុស្សសហប្រជាជាតិ ដែលហៅថា អូ.អេច្ឆ.ស៊ី.អេច្ឆ.អ (OHCHR) នោះ ដោយបង្ហាញទស្សនៈឯករាជ្យពីសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល បន្ថែមទៅនឹងរបាយការណ៍របស់រដ្ឋ។ អ៊ីចឹង រដ្ឋគាត់មានរបាយការណ៍ សង្គមស៊ីវិលមានរបាយការណ៍មួយ ដែលហៅថារបាយការណ៍ស្រមោលហ្នឹង គឺដើម្បីប្រៀបធៀបគ្នា ថាតើស្ថានភាពសិទ្ធិមនុស្សហ្នឹងបានអនុវត្តទេ លទ្ធិប្រជាធិបតេយ្យ? បើនិយាយលម្អិតទៅ មានតាំងពីសេរីភាពបញ្ចេញមតិ សេរីភាពនៃការប្រជុំអីនៅក្នុងហ្នឹងទាំងអស់»។
កម្រងរបាយការណ៍រួមរបស់អង្គការសង្គមស៊ីវិល ចំនួន ២៥១ទំព័រ បានឆ្លុះបញ្ចាំងពីការអនុវត្តតាមគោលការណ៍សិទ្ធិមនុស្ស ដែលមានចែងជាអាទិ៍ក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលប្រទេសកម្ពុជា បានចុះហត្ថលេខាផ្ដល់សច្ចាប័ន។
លោក ឈិត សំអាត បន្តថា នៅក្នុងការពិនិត្យលើកទី១ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានផ្ដល់អនុសាសន៍ចំនួន ៩១ចំណុចដល់រដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា។ ក្នុងនោះក៏មានជាអាទិ៍ ការពង្រឹងឯករាជ្យភាពតុលាការ និងសេរីភាពបញ្ចេញមតិ ជាដើម។ លោកបញ្ជាក់ថា របាយការណ៍នេះក៏ជាការឆ្លុះបញ្ចាំងការអនុវត្តរបស់រដ្ឋាភិបាលតាមអនុសាសន៍ ៩១ចំណុចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។
របាយការណ៍នេះបានបង្ហាញពីការខ្វះចន្លោះរបស់រដ្ឋាភិបាលជាច្រើនចំណុច ក្នុងការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ដោយលើកឡើងនូវបញ្ហាតុលាការមិនឯករាជ្យ ការរំលោភសិទ្ធិដីធ្លី និងការរំលោភសិទ្ធិបញ្ចេញមតិជាដើម។
ទាក់ទងនឹងការអនុវត្តអនុសាសន៍ ៩១ចំណុចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ រហូតមកដល់ពេលនេះដែរ រដ្ឋាភិបាលនៅមិនទាន់បានបង្ហាញរបាយការណ៍លើកទី២ របស់ខ្លួន ដែលនឹងត្រូវដាក់សម្រាប់ការពិនិត្យមើលជាសកលតាមកាលកំណត់នៅឡើយទេ៕
No comments:
Post a Comment