RFA/Uon Chhin |
ដោយ វណ្ណ វិចារ RFA 2013-11-26
សេចក្តីជូនដំណឹង ឬ ស.ជ.ណ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីដែលធ្លាប់តែមានឥទ្ធិពលលើការបណ្ដេញពលរដ្ឋចេញពីលំនៅឋាន ដើម្បីយកដីធ្លីមកឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍនោះ មិនអាចធ្វើឲ្យភាគីរោងចក្រ អែស.អិល ព្រមតាមនោះទេ។
លិខិតចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ខែវិច្ឆិកា ចុះហត្ថលេខាដោយរដ្ឋលេខាធិការ លោក ឃុន ជិនកេន ជួសមុខរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន បានដាក់នូវគោលការណ៍ចំនួន ៥ចំណុច ជុំវិញករណីរោងចក្រ អែស.អិល ដែលក្នុងនោះចំណុចទី១ គឺបញ្ជាអោយក្រុមហ៊ុនត្រូវទទួលយកតំណាងកម្មករចំនួន ១៩នាក់ ចូលធ្វើការវិញ។ ប៉ុន្តែ ពេលនេះ ភាគីរោងចក្រអះអាងថា រោងចក្រមិនទាន់អនុញ្ញាតឲ្យកម្មករទាំង ១៩នាក់ ចូលធ្វើការវិញឡើយ។
នាយកគ្រប់គ្រងផ្នែកផលិតផលរោងចក្រ អែស.អិល លោក អ៊ី ចាន់សន មានប្រសាសន៍ថា តំណាងកម្មករទាំង ១៩នាក់ ធ្លាប់បានដឹកនាំកម្មករបះបោរ និងបានបំផ្លាញទ្រព្យសម្បត្តិរោងចក្រអស់មួយចំនួន ហើយប្រការនេះជាកត្តាដែលរោងចក្រមិនទាន់អាចឲ្យកម្មករទាំងនោះចូលធ្វើធ្វើការវិញបាននៅឡើយទេ។ លោកបន្តថា រោងចក្រជំរុញឲ្យក្រសួងការងារ បញ្ជូនសំណុំរឿងវិវាទការងារនេះ ទៅកាន់តុលាការឲ្យបានឆាប់ៗ។ លោកបន្តថា ភាពចាំបាច់បំផុតនៅពេលនេះ មិនមែនជាការបញ្ចប់រឿងដោយការសម្របសម្រួលទេ តែវាត្រូវរកឲ្យឃើញថា អ្នកណាខុស អ្នកណាត្រូវឲ្យប្រាកដ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កន្លងទៅ រដ្ឋាភិបាលមានជំហរចង់ឲ្យកម្មករ និងភាគីរោងចក្រ សម្របសម្រួលគ្នា ដើម្បីប្រយោជន៍រួម និងជៀសវាងបាតុភាពដែលនាំឲ្យបាត់បង់ផលប្រយោជន៍ទាំងសងខាង។ លោកបន្តថា នៅពេលនេះ រដ្ឋាភិបាលក៏នៅតែប្រកាន់ជំហរដដែល ប៉ុន្តែកម្មករមានសិទ្ធិរបស់កម្មករក្នុងការបញ្ចេញមតិតវ៉ាដោយអហិង្សា ហើយរោងចក្រក៏មានសិទ្ធិប្ដឹងទៅតុលាការ ដើម្បីប្រយោជន៍របស់គេដែរ។
ទោះយ៉ាងណាក្តី តំណាងកម្មករដែលកំពុងបន្តធ្វើកូដកម្មនៅខាងមុខរោងចក្រ អែស.អិល លោកស្រី ប៉ាវ ផាន់ណា ឲ្យដឹងថា ការដែលរោងចក្រមិនអនុវត្តតាមសេចក្តីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ជាទង្វើដែលបង្ហាញថា រោងចក្រមិនគោរពតាមបញ្ជារបស់រដ្ឋាភិបាលឡើយ។ លោកស្រីបន្តថា កម្មករនឹងបន្តតវ៉ាតទៅទៀត ដរាបណាគ្មានដំណោះស្រាយ ហើយការតវ៉ាទាំងនោះអាចនឹងហែក្បួននៅពេលឆាប់ៗខាងមុខ។
កម្មកររោងចក្រ អែស.អិល បានធ្វើកូដកម្មអស់រយៈពេលជាង ៣ខែមកហើយ។ ដំបូងឡើយ កម្មករទាមទារពីរោងចក្រនូវអត្ថប្រយោជន៍មួយចំនួន និងក្រោយមក ក៏ទាមទារឲ្យរោងចក្រដកសន្តិសុខដែលកាន់កាំភ្លើងចេញពីរោងចក្រ។ ប៉ុន្តែ តំណាងរោងចក្រប្រាប់ថា សន្តិសុខរោងចក្រមិនដែលមានកាំភ្លើងកាន់ទេ។ តែ មនុស្សដែលកាន់កាំភ្លើងទាំងនោះ ជាមន្ត្រីនគរបាលមកការពារសុវត្ថិភាពជូនកម្មករតែប៉ុណ្ណោះ។ ប្រភពក្រៅផ្លូវការខ្លះបញ្ជាក់ថា ម្ចាស់ភាគហ៊ុនរោងចក្រ អែស.អិល នេះ ជាសាច់ញាតិជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថែមទៀត ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបញ្ជាក់ថា មិនបានដឹងពីបញ្ហានេះទេ។
កម្មកររោងចក្រ អែស.អិល ក៏ធ្លាប់លើកគ្នាទៅតវ៉ាដល់ផ្ទះនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែរ តែត្រូវក្រុមសមត្ថកិច្ចបំបែកចេញពីទីនោះ។
កាលពីថ្ងៃទី១២ ខែវិច្ឆិកា នៅពេលដែលធ្វើបាតុកម្មតវ៉ានៅម្តុំស្ទឹងមានជ័យ ក្រុមសមត្ថកិច្ចប្រដាប់ដោយកាំភ្លើង ខែល ដំបងឆក់ បានបាញ់ និងវាយបង្ក្រាបបាតុករ ព្រមទាំងបានចាប់ខ្លួនព្រះសង្ឃ និងពលរដ្ឋជាង ៣០នាក់ ទៅឃុំខ្លួនមួយយប់ ដើម្បីសួរចម្លើយ បន្ទាប់មកក៏សម្រេចចាប់យុវជនពីរនាក់ដាក់គុក។ ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចបានបាញ់ស្ត្រីលក់បាយម្នាក់ឲ្យស្លាប់ និងបាញ់ប្រហារបណ្ដាលឲ្យកម្មករ និងពលរដ្ឋមួយចំនួន ឲ្យរងរបួស រហូតអ្នកខ្លះពិការអស់១ជីវិតទៀតផង។ មកដល់ពេលនេះ ទាំងអ្នកស្លាប់ និងអ្នករបួស មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ៕
No comments:
Post a Comment