Tuesday, November 26, 2013

ពលការិនី​ម្នាក់​រក​អន្តរាគមន៍​ប្ដឹង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី


ពលការិនី​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ម្នាក់ រស់​នៅ​ឃុំ​មេលំ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង កំពុង​តែ​ស្វែង​រក​ការ​ប្រឹក្សា​ផ្លូវ​ច្បាប់ ដើម្បី​ប្ដឹង​ក្រុមហ៊ុន​បញ្ជូន​ពលករ​មួយ​ឈ្មោះ ហ្ស៊ី.អ៊ី.អិន ត្រេននីង សិនធឺ (Z E N Training Center) ដែល​មាន​ទីស្នាក់ការ​នៅ​ផ្សារ​អូរឫស្សី ក្រុង​ភ្នំពេញ។

ដោយ ជិន ជេដ្ឋា RFA 2013-11-26

ការ​ប្ដឹង​នោះ បន្ទាប់​ពី​ជន​រងគ្រោះ​បាន​រត់​ចេញ​ពី​កន្លែង​ឃុំ​ខ្លួន​របស់​ក្រុមហ៊ុន ក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​រអិល​ជើង​ធ្លាក់​ពី​លើ​អគារ​ជាន់​ទី​១ បណ្ដាល​ឲ្យ​បាក់​ជើង​ឆ្វេង។

ពលការិនី​វ័យ ២១​ឆ្នាំ​ម្នាក់ ដែល​រង​របួស​បាក់​ជើង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ថា កញ្ញា​បាន​ចេញ​ទៅ​ធ្វើ​ការងារ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​២០១០ តាម​រយៈ​ក្រុមហ៊ុន ហ្ស៊ី.អ៊ី.អិន ត្រេននីង សិនធឺ ហើយ​បាន​ធ្វើ​ការងារ​ជា​អ្នក​បម្រើ​តាម​ផ្ទះ​ចប់​កុងត្រា​រយៈពេល ៣​ឆ្នាំ។ ក្រោយ​ពេល​បញ្ចប់​កុងត្រា ភាគី​ក្រុមហ៊ុន​បាន​ព្យាយាម​ឲ្យ​កញ្ញា​បន្ត​កុងត្រា​ថ្មី ដោយ​យក​លេស​ថា ក្រុមហ៊ុន​មិន​ទាន់​រត់​ការ​សំបុត្រ​យន្តហោះ​ឲ្យ​កញ្ញា វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​បាន។ កញ្ញា​បន្ត​ថា ដោយ​កញ្ញា​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ជេរ​ប្រមាថ និង​វាយ​ធ្វើ​បាប​ពី​សំណាក់​ម្ចាស់​ផ្ទះ ក៏​សម្រេច​ចិត្ត​មិន​បន្ត​កុងត្រា​តាម​ការ​ទាមទារ​របស់​ក្រុមហ៊ុន​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក គង់ ច័ន្ចមុនី មាន​ប្រសាសន៍​ថា នៅ​ក្នុង​ឆ្នាំ​២០១៣ លីកាដូ បាន​ទទួល​ពាក្យ​បណ្ដឹង​ទាក់ទង​នឹង​ពលករ​ចំណាក​ស្រុក​ចំនួន ១០​ករណី ក្នុង​នោះ​មាន ៣​ករណី ដែល​ពលការិនី​ទទួល​រង​នូវ​ការ​រំលោភ​ផ្លូវ​ភេទ និង​ធ្វើ​ទារុណកម្ម​ធ្ងន់ធ្ងរ៕

No comments: