Tuesday, November 26, 2013
បុរស២នាក់ស្លាប់និងស្ត្រី២នាក់រងរបួសដោយសារផ្ទុះគ្រាប់បែកដៃនៅឧត្ដរមានជ័យ
បុរស ២នាក់ បានស្លាប់ និងស្ត្រី ២នាក់ផ្សេងទៀត បានរងរបួសនៅក្នុងភូមិគោកសំពណ៌ នៃឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់ពីគ្រាប់បែកដៃមួយគ្រាប់បានផ្ទុះឡើង កាលពីរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា។
ដោយ ហង្ស សាវយុត RFA 2013-11-26
នាយកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំលំទង គឺលោកអនុសេនីយ៍ទោ ស៊ុន ធារី។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ថា បុរសម្នាក់ឈ្មោះ ផា អាយុ ៤៥ឆ្នាំ និងបុរសម្នាក់ទៀតឈ្មោះ រឿប អាយុ ៣៧ឆ្នាំ ដែលត្រូវជាសាច់ញាតិនឹងគ្នា បានស្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីមានជម្លោះប្រតាយប្រតប់គ្នា ហើយគ្រាប់បែកដៃមួយគ្រាប់បានផ្ទុះឡើង។ ក្នុងហេតុការណ៍នោះ ប្រពន្ធរបស់បុរសទាំងពីរក៏បានរងរបួសដែរ។
លោកអនុសេនីយ៍ទោ ស៊ុន ធារី៖ «រឿងហ្នឹង ឈ្មោះ រឿប ស្រវឹងស្រា។ ដល់ពេលស្រវឹងស្រា ហើយវាប្រច័ណ្ឌនឹងប្រពន្ធកូន គឺគាត់ច្រើនតែប្រើអំពើហិង្សាទៅលើប្រពន្ធគាត់ គឺប្រពន្ធអត់ហ៊ានដេកផ្ទះ។ ដល់អ៊ីចឹង ប្រពន្ធបានរត់ទៅផ្ទះពូ ហើយគាត់ទៅតាមប្រពន្ធគាត់ គាត់ហៅប្រពន្ធទៅផ្ទះ ដល់ពេលនោះ ពូឃាត់មិនឱ្យទៅ។ ដល់ពេលមិនដឹងគាត់មានគ្រាប់បែកពីកាលណា ក៏ផ្ទុះឡើង»។
ប៉ូលិសកំពុងស៊ើបអង្កេតរកប្រភពគ្រាប់បែកដៃដែលផ្ទុះនោះ តើជនបង្កហេតុយកមកពីទីណា? ប៉ូលិសឱ្យដឹងថា បុរសឈ្មោះ រឿប ដែលមានគ្រាប់បែកនោះធ្លាប់ជាអតីតទាហានកាលពីអំឡុងឆ្នាំ២០០០ មក ក៏ប៉ុន្តែគាត់បានឈប់បម្រើកងទ័ពជាច្រើនឆ្នាំមកហើយ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment