Thursday, November 21, 2013

អាមេរិក កំពុងសម្លឹង រកទីផ្សារបន្ថែម ជាមួយកម្ពុជា តែសុំឲ្យមាន កែទម្រង់


Sean McIntosh. Courtesy Facebook photo
ដើមអម្ពិល (DAP)-ID: 010 21 November 2013ដោយៈ  

ភ្នំពេញៈ សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត បានប្រកាសថា ខ្លួនកំពុងតែសម្លឹងរកទីផ្សារបន្ថែមទៀត ជាមួយកម្ពុជា ដើម្បីធ្វើការវិនិយោគ ហើយក៏ជាការជួយបង្កើនការងារដល់ប្រជាជនកម្ពុជាផងដែរ តែក៏បានស្នើដល់រាជរដ្ឋាភិ បាលកម្ពុជា ឲ្យមានការកែទម្រង់ផងដែរ ពិសេសប្រព័ន្ធតុលាការ និងអំពើពុករលួយ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមរយៈសារ អេឡិចត្រូនិច កាលពីម្សិលមិញ លោក Sean McIntosh អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ដូចដែលឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅ កម្ពុជាបាននិយាយជាច្រើនលើកច្រើនសារមកហើយថា នាពេលបច្ចុប្បន្ននេះ អ្នកវិនិយោគទុនរបស់អាមេរិក ជាច្រើនកំពុងតែទន្ទឹងរង់ចាំធ្វើការវិនិយោគបន្ថែមទៀត ជាមួយកម្ពុជា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺ កម្ពុជាត្រូវតែ កែទម្រង់កត្តា មួយចំនួនផងដែរ។

លោក Sean McIntosh បានបញ្ជាក់ថា “ពាណិជ្ជកររបស់អាមេរិកជាច្រើន កំពុងតែសម្លឹងមើល ចំពោះឱកាសធ្វើ ពាណិជ្ជកម្មជាមួយកម្ពុជា។ ដោយយល់ឃើញបែបនេះ យើងកំពុងតែបំពេញការងារលើការ ពង្រីកផ្នែកពាណិជ្ជកម្ម និង សេដ្ឋកិច្ចទ្វេភាគីរវាងអាមេរិក និង កម្ពុជា ដូចដែលលោកអគ្គរដ្ឋ ទូតបានបកត្រឡប់ទៅអាមេរិក ដើម្បីធ្វើ បេសកកម្មជំនួញ កាលពីខែកក្កដា, វេទិកាពិភាក្សា និង ហ្វឹកហ្វឺនវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការជិតស្នីទជាមួយ នឹងស្ថាប័នពាណិជ្ជកម្មរបស់អាម៉េរិក។

តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវធ្វើការដោះស្រាយបញ្ហាមួយ ចំនួនដូចជាអំពើពុករលួយ, តម្លាភាព, អភិបាលកិច្ចល្អ, ព្រមទាំងការមិនមានឯករាជ្យរបស់ប្រព័ន្ធតុលាការជាដើម”។

សហរដ្ឋអាមេរិក គឺជាទីផ្សារធំជាងគេបំផុត សម្រាប់កម្ពុជាដែលយកទំនិញចូលបន្ទាប់ពី សហគមន៍អ៊ឺរ៉ុបនិង កាណាដា។ ជាក់ស្តែងនៅប្រាំបួនខែ ឆ្នាំ២០១៣នេះពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក បានកើនឡើងរហូត ដល់ជាងពីរពាន់ពីររយលានដុល្លារអាមេរិក ពោលគឺកើនឡើងរហូតដល់៦៨,៤លានដុល្លារ បើកគិតក្នុង រយៈពេលដូចគ្នាកាលពីឆ្នាំ២០១២កន្លងទៅ នេះបើយោងតាមការិយាល័យពាណិជ្ជកម្មរបស់អាមេរិក។

ការិយាល័យដដែលបានបញ្ជាក់ថា កម្ពុជានាំទៅអាមេរិកបើគិតជាទំហំលុយ មានរហូតដល់២.០៩២,៧លាន ដុល្លារ កើនឡើង៧៥,២លានដុល្លារ ដោយ ឡែកកម្ពុជានាំពីអាមេរិកវិញ មានចំនួន១៧៣,៥លានដុល្លារ ធ្លាក់ ចុះ៦,៨លានដុល្លារអាមេរិក។

កាលពីខែ កក្កដា ឆ្នាំ២០១៣ កន្លងទៅនេះស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា លោក William E.Todd បានដឹកនាំអ្នកវិនិយោគខ្មែរ ជាច្រើនដើម្បីស្វែងយល់អំពីរបៀប នៃការធ្វើពាណិជ្ជកម្ម ជាមួយនឹងពាណិជ្ជករអាមេរិកជាច្រើន នៅទីក្រុងមួយចំនួននៃប្រទេសអាមេរិក ហើយមិនតែប៉ុណ្ណោះក៏ បានដឹក នាំពាណិជ្ជករអាមេរិកមួយចំនួន មកស្វែងយល់អំពីការធ្វើវិនិយោគទុនបន្ថែម នៅកម្ពុជាផងដែរ។

តែយ៉ាងណាក្តី សហរដ្ឋអាម៉េរិក បានលើកជាច្រើនលើកច្រើនសារមកហើយ លុះត្រាណាតែកម្ពុជា មានការកែទម្រង់របស់ខ្លួនជាមុនសិន ជាពិសេសប្រព័ន្ធតុលាការ និងអំពើពុករលួយតែម្តង៕

No comments: