Tuesday, November 05, 2013
ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅខេត្តកំពង់ស្ពឺរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនស៊ីធីម៉ាត
ជម្លោះដីធ្លីចាប់ផ្តើមកម្រើកឡើងវិញទៀតហើយ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥នេះ។ ជម្លោះភាគច្រើនកើតមាននៅតំបន់ប្រជាពលរដ្ឋក្រីក្ររស់នៅ ជាមួយនឹងក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ច។
ដោយ សេក បណ្ឌិត RFA 2013-11-04
ប្រជាពលរដ្ឋនៅឃុំយាអង្គ ស្ថិតនៅតំបន់ភ្នំព្រះ ឬចំណុចចាក់អង្ករ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ចាប់ពីពេលបោះឆ្នោតបានបញ្ចប់ ពួកគាត់ហាក់មិនសូវមានពេលធ្វើការរកស៊ីពេញដៃពេញជើងនោះទេ។ ប្រការទាំងនេះ ដោយសារក្រុមហ៊ុន ស៊ីធីម៉ាត (City Mart) បានបញ្ចេញសកម្មភាពឈូសឆាយដីនៅតំបន់នោះជាថ្មី ដែលពលរដ្ឋអះអាងថា បានបំពានលើដីស្រែចំការរបស់ពួកគាត់។
ស្រ្តីអ្នកភូមិម្នាក់ ឈ្មោះ ផូ ផា រស់នៅភូមិពាណិជ្ជ ឃុំយាអង្គ ឲ្យដឹងថា ដីអ្នកស្រីមានប្រមាណ ៤ហិកតារ បានកាន់កាប់តាំងពីឆ្នាំ១៩៩៦ មក ប៉ុន្តែការកាប់គាស់ដោយដៃធ្វើចំការស្រែមិនបានពេញទាំងអស់នោះទេ។ អ្នកស្រីបន្តទាំងទឹកភ្នែកថា សព្វថ្ងៃដីគាត់ និងអ្នកភូមិដទៃទៀតត្រូវក្រុមហ៊ុនប្រើគ្រឿងចក្រឈូសឆាយរំលោភយក បើទោះជាដីខ្លះមានប្លង់កម្មសិទ្ធិ មានប័ណ្ណសម្គាល់ ដែលក្រុមនិស្សិតបានចុះវាស់វែងរួចហើយក្តី៖ «ហើយដល់តែពេលឈូសឆាយដីខ្ញុំ ខ្ញុំឃាត់វាដេញឲ្យខ្ញុំទៅប្តឹង ខ្ញុំមានទៅប្តឹងអ្នកណា ខ្ញុំមានតែការប្តឹងអស់លោកសម្តេចនាយក គាត់បញ្ជូនយុវវជនស្ម័គ្រចិត្តវាស់ដីជូនប្រជាពលរដ្ឋ ហើយក្រុមហ៊ុនហ្នឹងថានិស្សិតស៊ីសំណូកជាមួយប្រជាពលរដ្ឋធ្វើការវាស់វែងមិនត្រឹមត្រូវ មិនយុត្តិធម៌ ហើយបើកអាត្រាក់រកជាន់ពួកខ្ញុំទៀត តៃកុងអត់ហ៊ានបើក ដល់អ៊ីចឹងទាហានឡើងបើកភ្លាមជាន់ប្រជាជនខ្ញុំតែម្តង»។
អ្នកភូមិដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុន និងមានបញ្ហាប្រឈមច្រើនជាងគេ គឺភូមិពាណិជ្ជ មានប្រមាណ ២០០គ្រួសារ និងភូមិប្រមាណ ៦ផ្សេងទៀតប៉ះពាល់មួយភាគ។ ក្រៅពីរបរធ្វើស្រែ ពលរដ្ឋទីនោះបានដាំដំណាំរួមផ្សំ ដូចជាពោត សណ្តែក ចេក អំពៅ ដំឡូង និងដំណាំរយៈពេលវែង មានដូង ស្វាយ ជាដើមនោះទើបនឹងចាប់ផ្តើមមិនទាន់បានផលពេញលេញនៅឡើយ។
ក្រៅពីប្រឈមនឹងការបាត់បង់ដីធ្លីបង្កបង្កើនផល ទីវាលឃ្វាលគោពួកគាត់ក៏បានបាត់បង់សិទ្ធិសេរីភាព ដោយសារផ្លូវចេញពីភូមិត្រូវ ក្រុមហ៊ុនប្រើប្រាស់កម្លាំងទាហានការពារដាក់បារាស់ឃាំងផ្លូវចូលភូមិ។ ក្រុមអ្នកភូមិឲ្យដឹងថា ពួកគាត់ត្រូវទាហានការពារឲ្យក្រុមហ៊ុនជេរប្រមាថនិងបាញ់គំរាម បើការចេញចូលនោះពុំបានសុំការអនុញ្ញាត និងពុំបានបិទរបាំងហាមឃាត់នោះត្រឹមត្រូវ៖ «ឥឡូវហ្នឹង វាគាបសង្កត់ អ្នកណាមកក៏បើក អ្នកណាមកក៏បិទ អត់បិទបាញ់ បើអត់បាញ់ត្រូវជេរម្រាយពីមុនមកអត់ដែលមានទេទើបតែមានឥឡូវ ប្រជាជនធុញថប់ណាស់ឥឡូវហ្នឹង»។
អ្នកភូមិអំពាវនាវសុំឲ្យរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធជួយដោះស្រាយរាល់ការលំបាកដែលពួកគាត់កំពុងជួបប្រទះ៖ «សូមសំណូមពរឲ្យអង្គការចុះមកជួយប្រជាពលរដ្ឋខ្ញុំ នៅឃុំយាអង្គ ភូមិពាណិជ្ជ ខេត្តកំពង់ស្ពឺ នៅចំណុចចាក់អង្ករ មានទុក្ខលំបាកខ្លាំងណាស់ ប្រជាពលរដ្ឋខ្ញុំអស់ទឹកអស់ដីអាលីងហើយ ខ្ញុំរស់នៅទៅមុខទៀតអត់បាន ប្រជាពលរដ្ឋខ្ញុំរស់នៅមានគោមានជ្រូក ឥឡូវហ្នឹងអត់មានកន្លែងមើលគោទេ ក្រុមហ៊ុនវាយកទាហានមកប្លន់ដីប្រជាពលរដ្ឋ ក្រុមហ៊ុនស៊ីធីម៉ាតខ្ញុំថា ក្រុមនេះផ្តាច់ការបំពានដីប្រជាពលរដ្ឋ យកទាហានឲ្យមកប្លន់ដីឲ្យខ្លួនឯង ខ្ញុំអត់ដែលឃើញទេ ខ្ញុំធ្លាប់ឃើញទាហាននៅព្រះវិហារ ការពារទឹកដីឲ្យប្រជាពលរដ្ឋ ដឹងអីមកយកដីប្រជាពលរដ្ឋឲ្យក្រុមហ៊ុន ខ្ញុំអត់ដែលឃើញទេ ខ្ញុំខកចិត្តខ្លាំងណាស់»។
យ៉ាងណាក្តី រាល់ការលើកឡើងរបស់ប្រជាពលរដ្ឋ ក្រុមទាហានមកពីវីរៈ៨៥ ជើងគោក និងអ្នកគ្រប់គ្រងគ្រឿងចក្រឈូសឆាយដីឲ្យក្រុមហ៊ុន ស៊ីធីម៉ាត បដិសេធថា ជាការអត្ថាធិប្បាយផ្ទុយពីការពិត។ អ្នកគ្រប់គ្រងគ្រឿងចក្រ និងការឈូសឆាយដី លោក គង់ ច័ន្ទណា មានប្រសាសន៍កាលពីថ្ងៃ ទី០១ វិច្ឆិកា ថា ប្រជាពលរដ្ឋដែលតវ៉ានោះ ទើបនឹងមកនៅថ្មី ចំណែកក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវលើការឈូសឆាយទៅតាមប្លង់ដី ដែលក្រុមហ៊ុនទទួលបានដើម្បីអភិវឌ្ឍន៍ដាំដើមកាស្យា៖ «ហើយហេតុអីបានដាំកូនកាស្យា គឺគិតដល់សត្វព្រៃទៀត បងឃើញនៅកំពង់ស្ពឺ កាលណាខ្ញុំអភិវឌ្ឍកូនកាស្យាបានសម្រេចដំណាំកសិ-ឧស្សាហកម្មហ្នឹង សត្វព្រៃក៏មករស់នៅក្នុងកាស្យាខ្ញុំដែរ»។
ប៉ុន្តែលោកមិនបានបញ្ជាក់ថា ដីក្រុមហ៊ុននោះមានទំហំប៉ុណ្ណា ជាប្រភេទដីសម្បទានសេដ្ឋកិច្ច ឬទិញដូរពីខាងណាមួយនោះទេ។
បំភ្លឺចំពោះបញ្ហានេះ អភិបាលស្រុកថ្ពង លោក ងួន លាញ់ មានប្រសាសន៍ថាក្រុមហ៊ុន ស៊ីធីម៉ាត ទទួលសិទ្ធិគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច នៅតំបន់នោះចំនួន ៩ពាន់ហិកតារ ស្ថិតក្នុងឃុំ៤ ក្នុងស្រុកថ្ពង។ ពាក់ព័ន្ធនឹងការដោះស្រាយទំនាស់វិញ អាជ្ញាធរបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ហើយបានចុះដោះស្រាយជាបន្តបន្ទាប់៖ «យើងកំពុងតែស្រាវជ្រាវមើលតើក្រុមហ៊ុនហ្នឹងបានធ្វើតាមស.ជ.ណ.ហើយឬនៅ? ឬគាត់មានឯកសារណាយោង តាមពិតព្រឹកមិញនេះ ខាងស្រុកបានប្រជុំដោះស្រាយមួយជំហានហើយ ថាតើបងប្អូនប្រជាពលរដ្ឋថា អ៊ីចឹងតើគាត់មានអំណះអំណាងអី?»។
តំណាងប្រជាពលរដ្ឋនៅភូមិពាណិជ្ជ ឃុំយាអង្គ លោក លីវ សារ៉ុម ឲ្យដឹងថា អ្នកភូមិទាមទារឲ្យអាជ្ញាធរសើរើឡើងវិញនូវពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានដាក់កាលពីឆ្នាំ២០០៨ ពាក់ព័ន្ធជម្លោះដីធ្លីនៅតំបន់នោះ សុំឲ្យអាជ្ញាធរខេត្ត រដ្ឋាភិបាលដកកងទ័ពចេញពីតំបន់ភូមិរបស់ប្រជាពលរដ្ឋរស់នៅ និងសុំឲ្យលប់បំបាត់បារាស់រាំងផ្លូវចូលភូមិទាំងអស់នោះចេញ៖ «ទីមួយទៀតនោះ គឺព្រៃសហគមន៍ប្រជាពលរដ្ឋទាមទារ ដែលអាជ្ញាធរបានកាត់ឲ្យហើយ ហេតុអីបានឲ្យក្រុមហ៊ុនឈូសឆាយទៀត ពីមុនដីនេះនៅព្រៃទាំងអស់ ហើយទុក្ខលំបាករបស់ប្រជាជន ទីមួយគោ ឥឡូវអត់មានកន្លែងឃ្វាលគោ អនុផលព្រៃឈើដូចជាផ្សិត ប្រជាពលរដ្ឋអត់ម្ហូប គាត់ដើរដកផ្សិតក៏បានរស់ដែរ ទី៣ ផលលំបាករបស់ប្រជាពលរដ្ឋពីមុនគាត់អាស្រ័យផលនឹងអនុផលព្រៃឈើនេះ ឥឡូវគាត់អត់មានបានទទួលអីទៀតទេ»។
អ្នកភូមិព្រមានថា បើពុំមានការដោះស្រាយលើចំណុចទាំងអស់នេះទេ ពលរដ្ឋនឹងនាំគ្នាទៅធ្វើបាតុកម្មដើរទៅមុខសាលាស្រុក សាលាខេត្ត ទាមទារឲ្យដោះស្រាយបញ្ហានេះ។
ទាក់ទងបញ្ហានេះ មន្រ្តីអង្គការអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រដ្ឋា វី មានប្រសាសន៍ថា នឹងចុះអង្កេតករណីនេះឲ្យបានច្បាស់ នឹងត្រៀមជំនួយផ្នែកច្បាប់ បើសិនជាមានការចាំបាច់៖ «ហើយខ្ញុំនឹងជួយអន្តរាគមន៍ជូនពួកគាត់ បើពួកគាត់ត្រូវការមេធាវីការពារ ខាងខ្ញុំនឹងផ្តល់មេធាវីជូន បើសិនគាត់ត្រូវការប្តឹងឡើងតុលាការ»។
កាលពីយប់ថ្ងៃសុក្រ ទី០១ វិច្ឆិកា ផ្ទះប្រជាពលរដ្ឋក្រីក្រចំនួន៣ខ្នង ស្ថិតនៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាតំបន់ដែលកំពុងមានជម្លោះនោះ ត្រូវជនមិនស្គាល់មុខដុតបំផ្លាញ។ រហូតមកដល់ពេលនេះ អាជ្ញាធរពុំទាន់ស្វែងរកមុខជនដៃដល់ ក្នុងករណីដុតបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅតំបន់នោះឃើញនៅឡើយ៕
Subscribe to:
Post Comments (Atom)
1 comment:
HUN XEN LAND!!!
Post a Comment