ក្រុមគ្រូបង្រៀនឈរលើកបដានៅទីលានប្រជាធិបតេយ្យ ក្នុងទិវាគ្រូបង្រៀនពិភពលោកលើកទី១២ នៅថ្ងៃទី១៣ តុលា ឆ្នាំ២០១៣។ RFA/Tep Soravy |
សមាគមគ្រូបង្រៀននឹងជួបពិភាក្សាជាមួយក្រុមគ្រូបង្រៀនជាង ២០ខេត្ត និងរាជធានី ដើម្បីប្រមូលរបាយការណ៍អំពីក្តីកង្វល់ ឬតម្រូវការគ្រូបង្រៀន ដាក់ជូនថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ជួយអន្តរាគមន៍។
ដោយ ដែន អយុធ្យា RFA 2013-11-04
ក្រុមគ្រូបង្រៀនបានអះអាងដូចៗគ្នា ដោយទាមទារឲ្យក្រសួងអប់រំ ដំឡើងប្រាក់បៀវត្សឲ្យបានចំនួន ១លានរៀលក្នុង ១ខែសម្រាប់គ្រូបង្រៀនម្នាក់ៗ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ថា សមាគមគ្រូនឹងបើកវេទិកាសិក្ខាសាលា ៣ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ដើម្បីផ្តល់ឱកាសជូនគ្រូបង្រៀនចំនួន ២១ខេត្ត និងរាជធានី សម្តែងពីកង្វល់របស់ពួកគាត់ដាក់ជូនលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដែលទើបទទួលបានតំណែងថ្មីជួយមានវិធានការ។
លោក រ៉ុង ឈុន ឲ្យដឹងថា តម្រូវការចាំបាច់របស់ក្រុមគ្រូបង្រៀនសព្វថ្ងៃនេះ គឺទាមទារឲ្យក្រសួងអប់រំដំឡើងបៀវត្សឲ្យបាន ១លានរៀលក្នុង១ខែ បើកបៀវត្សឲ្យបានទៀងទាត់តាមខែនីមួយៗ និងមិនត្រូវរឹតត្បិតសេរីភាពសម្តែងមតិជាដើម៖ «សេចក្តីត្រូវការរបស់គ្រូបង្រៀន គឺទាក់ទងនឹងប្រាក់ខែ។ ទី២ ទាក់ទងការរើសអើង ដូចជាការឡើងកាំប្រាក់។ ទី៣ អំពើពុករលួយ ឬភាពមិនប្រក្រតី ដែលទាក់ទងនឹងនៅក្នុងបណ្តាសាលានីមួយៗ និងបញ្ហាជាច្រើនទៀត។ យើងប្រមូលទិន្នន័យទាំងអស់នេះ ដាក់ជូនក្រសួងអប់រំ ឲ្យលោករដ្ឋមន្ត្រីថ្មី ជួយអន្តរាគមន៍ និងដោះស្រាយ ហើយគោលបំណងសំខាន់របស់សមាគម គឺចូលរួមក្នុងយុទ្ធនាការអប់រំ សម្រាប់ទាំងអស់គ្នាប្រកបទៅដោយគុណភាព»។
លោក រ៉ុង ឈុន ឲ្យដឹងថា ក្រោយប្រមូលបានសំណូមពរពីក្រុមគ្រូបង្រៀន តាមរយៈសិក្ខាសាលា ៣ថ្ងៃ រូបលោកនឹងស្នើទៅលោករដ្ឋមន្ត្រីក្រសួងអប់រំ ជួបសវនាការផ្ទាល់មាត់ ហើយលើកពីតម្រូវការចាំបាច់របស់គ្រូបង្រៀនជូនពិចារណា ដើម្បីកែលំអរគុណភាពអប់រំ និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។
ទោះយ៉ាងណា មិនទាន់មានការឆ្លើយតបបែបណា ពីមន្ត្រីក្រសួងអប់រំ ជុំវិញគំរោងជួបជុំនៃក្រុមគ្រូបង្រៀន មកពីរាជធានី-ខេត្ត ចំនួន ២១ នេះទេ នៅរសៀលថ្ងៃចន្ទ ទី៤ ខែតុលា។ ប៉ុន្តែលោក សំ សេរីរតន៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអប់រំ ក្រសួងអប់រំ បានឲ្យដឹងក្នុងវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី យប់ថ្ងៃទី១ ខែវិច្ឆិកា ថាបញ្ហាផ្សេងៗ ដែលកើតមាននៅក្នុងវិស័យអប់រំ ក្រសួងមិនធ្វេសប្រហែសទេ។
លោកថាបញ្ហានេះ គឺទាមទារឲ្យផ្នែកពាក់ព័ន្ធ ចូលរួមសហការជាមួយក្រសួងអប់រំ ដើម្បីលើកស្ទួយវិស័យអប់រំនៅថ្ងៃអនាគត៖ «ការអប់រំគឺមិនមែនជារបស់ក្រសួងអប់រំទេ គឺជាការងារទាំងអស់គ្នា។ អ៊ីចឹងប្រជាពលរដ្ឋទាំងអស់ទាល់តែរួមគ្នា ដើម្បីលើកស្ទួយដល់វិស័យអប់រំទាំងអស់គ្នា។ ព្រោះថា កាលណាយើងលើកស្ទួយដល់វិស័យអប់រំ នឹងផលិតនូវធនធានមនុស្សបានល្អ ហើយធនធានមនុស្សល្អហ្នឹង អាចនឹងវិលទៅជួយសង្គមឲ្យមានការរីកចម្រើនវិញ»។
គ្រូបង្រៀនមួយចំនួនរំពឹងថា រដ្ឋមន្ត្រីក្រសួងអប់រំថ្មីនឹងពិនិត្យពីតម្រូវការចាំបាច់របស់ពួកគាត់ ជាពិសេសស្នើឲ្យក្រសួងបញ្ឈប់សកម្មភាពចល័ត ឬប្តូរគ្រូបង្រៀនចេញពីសាលាមួយទៅសាលាផ្សេង ដោយមិនបានសួរនាំគ្រូបង្រៀន ដូចធ្លាប់អនុវត្តកន្លងទៅ៖ «នៅសាលាវិទ្យាល័យ ទា ចំរ៉ាត់ ដែលខ្ញុំកំពុងតែបំរើការនៅទីនោះហ្នឹង គឺមានការបិទសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ។ ដូចខ្ញុំនៅតែឯងអ៊ីចឹង គេមើលមកខ្ញុំដូចសត្វចម្លែកអ៊ីចឹងរាល់ថ្ងៃនេះ។ គ្មានបុគ្គលិកគ្រូណាមួយហ៊ានមានទំនាក់ទំនងជាមួយខ្ញុំទេ។ កង្វល់ធំជាងគេ គឺប្រាក់បៀវត្សហូបអត់គ្រប់ និងសិទ្ធិសេរីភាពសម្តែងមតិមិនបានទូលំទូលាយ។ ខ្ញុំចង់សំណូមពរទៅលោក រ៉ុង ឈុន ឲ្យជួយអន្តរាគមន៍ជំរុញរឿងករណីខ្ញុំ ដែលគេដកទៅឆ្ងាយចេញពីសាលាបឋមសិក្សាសាម៉រ ហ្នឹងទៅដល់សាលាបឋមសិក្សាត្នោតជុំ សូមឲ្យលោកជួយជំរុញរឿងខ្ញុំពីសាលាបឋមសិក្សាត្នោតជុំ ឲ្យមកសាលាបឋមសិក្សាសាម៉រវិញ »។
សមាគមគ្រូឲ្យដឹងថា គ្រូបង្រៀននៅទូទាំងប្រទេស ចាប់ពីគ្រូកំរិតបឋម រហូតដល់គ្រូវិទ្យាល័យ សរុបមានចំនួនជាងដប់ម៉ឺនបួនពាន់នាក់។ ជាមធ្យមគ្រូបង្រៀនកំរិតបឋម ទទួលបានបៀវត្សជាង ៣០ម៉ឺនរៀល ឬស្មើប្រមាណ ៨០ដុល្លារសហរដ្ឋអាមេរិកក្នុង១ខែ។ គ្រូកំរិតអនុវិទ្យាល័យ ទទួលបានបៀវត្សជាង ៤០ម៉ឺនរៀល ឬស្មើជាង ១០០ដុល្លារ និងគ្រូវិទ្យាល័យទទួលបានជាង ៥០ម៉ឺនរៀល ឬស្មើជាង ១៣០ដុល្លារ៕
2 comments:
HUN XEN LAND!!!
RED AND YELLOW IS YOUN COLOR.
Post a Comment