Saturday, November 02, 2013

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​រួម​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នៅ​ភ្នំពេញ


ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​រួម​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នៅ​វត្ត​សាមគ្គីរង្សី រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៣។ RFA/Yeang Socheamett

ក្នុង​រដូវ​បុណ្យ​កឋិនទាន​នេះ ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន​នៅ​ក្រុង​ភ្នំពេញ បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​វត្ត​សាមគ្គីរង្សី ក្នុង​ខណ្ឌ​មានជ័យ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា ដើម្បី​ចូល​រួម​អបអរ​សាទរ​ក្នុង​ពិធី​បុណ្យ​កឋិនទាន ដែល​មាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នក​ផ្ដើម​បុណ្យ។

ដោយ យាង សុជាមេត្តា 2013-10-31

តើ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ មាន​អារម្មណ៍​បែប​ណា​នៅ​ពេល​បាន​មក​ជួប​ជុំ​គ្នា​ធ្វើ​បុណ្យ​នៅ​ក្រៅ​ទឹក​ដី​កំណើត​របស់​ពួក​គេ​យ៉ាង​ដូច​នេះ?

ថ្នាក់​ដឹក​នាំ និង​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ បាន​មូល​មតិ​គ្នា​ធ្វើ​ពិធី​បុណ្យ​កឋិនទាន​មួយ ដង្ហែ​ទៅ​កាន់​វត្ត​សាមគ្គីរង្សី ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដែល​ភាគ​ច្រើន​មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គង់​នៅ។ ក្រៅ​ពី​ថ្នាក់​ដឹក​នាំ សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ព្រម​ទាំង​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ច្រើន​រយ​នាក់ ក៏​បាន​ចូល​រួម​ក្នុង​ពិធី​បុណ្យ​នេះ​ដែរ។

ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​នោះ ម្នាក់ៗ​សុទ្ធតែ​បាន​បង្ហាញ​នូវ​ទឹក​មុខ​សប្បាយ​រីករាយ និង​មាន​មោទនភាព ដោយ​បាន​ឃើញ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ជ្រើស​រើស​វត្ត​ដែល​មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​គង់​នៅ​ច្រើន ហើយ​ម្យ៉ាង​ទៀត ពួក​គេ​បាន​មាន​ឱកាស​មក​ជួប​ជុំ​ធ្វើ​បុណ្យ​ជាមួយ​គ្នា។


អ្នកស្រី ថាច់ សឿ មាន​ស្រុក​កំណើត​នៅ​ស្រុក​ផ្នោដាច់ ខេត្ត​ព្រះត្រពាំង សព្វថ្ងៃ​ប្រកប​របរ​ជា​អ្នក​លក់​នំ​អន្សម​ជ្រូក​នៅ​ក្រុង​ភ្នំពេញ។ អ្នកស្រី​បាន​និយាយ​ថា អ្នកស្រី​មាន​អារម្មណ៍​សប្បាយ​រីករាយ ដែល​បាន​មក​ជួប​ជុំ​ធ្វើ​បុណ្យ​នៅ​វត្ត​សាមគ្គីរង្សី។ អ្នកស្រី​ថា ពេល​អ្នកស្រី​មក​ដល់​ភ្នំពេញ​ដំបូង គឺ​បាន​វត្ត​សាមគ្គីរង្សី នេះ​ហើយ បាន​ផ្តល់​ជា​ទី​ជម្រក​បណ្ដោះ​អាសន្ន​សម្រាប់​អ្នកស្រី និង​ក្រុម​គ្រួសារ ហើយ​ពេល​ប្ដី​អ្នកស្រី​ស្លាប់ ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្នុង​វត្ត​នេះ ក៏​បាន​ជួយ​ជ្រោមជ្រែង​ធ្វើ​បុណ្យ​អោយ​ផង​ដែរ។

អ្នកស្រី​បន្ថែម​ថា ក្រៅ​ពី​មក​ធ្វើ​បុណ្យ អ្នកស្រី​ក៏​មាន​បំណង​មក​ជួប​មុខ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ផ្ទាល់​ម្តង៖ «ហ្នឹង​វត្ត​ហ្នឹង​វត្ត​ខ្ញុំ។ ខ្ញុំ​មក​កាល​ពី​មិន​ទាន់​សង់​ព្រះវិហារ។ ខ្ញុំ​នៅ​តែ​ហ្នឹង​ទេ មក​ដល់​វត្ត ខ្ញុំ​សប្បាយ ខ្មែរ​ក្រោម​នៅ​ហ្នឹង​ច្រើន​ណាស់។ កាល​ខ្ញុំ​មក កាល​ហ្នឹង​ខ្ញុំ​ដេក​តែ​កន្លែង​នេះ កន្លែង​ខ្ញុំ​ដេក​រាល់​ថ្ងៃ​នេះ ខ្ញុំ​ដេក​កន្លែង​នេះ។ កាល​លោក​តា​មិន​ទាន់​ស្លាប់ ខ្ញុំ​នៅ​ហ្នឹង​តើ ឆេះ​វត្ត​ខ្ញុំ​នៅ​ហ្នឹង​ដែរ ខ្ញុំ​នៅ​តែ​ហ្នឹង​ទេ ខ្ញុំ​ប្រាប់​ខ្ញុំ​កំសត់​ណាស់ ទឹក​លិច​ដល់​នេះ។ ចង់​ឃើញ​មុខ​តា សម រង្ស៊ី បាន​អី​ខំ​ប្រឹង​មក នំ​អន្សម​នៅ​សល់​ម្ភៃ​ទៀត​ឯណោះ មិន​ទាន់​ផ្លាស់​អាវ​ខោ​ផង មក​ដល់​យាយ​ឯង​មើល​អត់​លក់​ទេ សុខ​ចិត្ត​មក​មើល​គាត់ ខ្ញុំ​ឃើញ​អ៊ីចឹង ខ្ញុំ​អរ​ខ្លាំង​ណាស់​បាន​ជា​ខ្ញុំ​ខំ​មក​ហ្នឹង»។

វត្ត​សាមគ្គីរង្សី ត្រូវ​បាន​កសាង​ឡើង​នៅ​ឆ្នាំ​១៩៩៧ ដោយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ យឿង ស៊ីន ព្រះចៅ​អធិការ​ទី​១ និង​ជា​អតីត​ប្រធាន​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​គាំទ្រ​ពី​ប្រធាន​សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​អូស្ត្រាលី ព្រះតេជព្រះគុណ លីវ ពៅ និង​ពុទ្ធបរិស័ទ​ខ្មែរ​ដទៃ​ទៀត ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ សព្វថ្ងៃ វត្ត​សាមគ្គីរង្សី មាន​ព្រះវិហារ​មួយ​ដែល​មិន​ទាន់​កសាង​រួច មាន​ឧបដ្ឋាន​សាលា​មួយ​កម្ពស់ ៣​ជាន់ កំពុង​សាងសង់ មាន​កុដិ​សម្រាប់​ព្រះសង្ឃ​គង់​នៅ​ចំនួន​៣ និង​សាលា​ឆាន់​១។ ក្រៅ​ពី​នោះ ទីស្នាក់ការ​នៃ​សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម និង​មិត្ត​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ក៏​ស្ថិត​ក្នុង​ទី​អារាម​នេះ​ដែរ។

ថ្លែង​ទៅ​កាន់​ព្រះសង្ឃ និង​ប្រជា​ពុទ្ធបរិស័ទ​ដែល​ចូល​រួម​ប្រមាណ​ជាង ១​ពាន់​នាក់ លោក សម រង្ស៉ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​នាំ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​បុណ្យ​កឋិន ដង្ហែ​ចូល​វត្ត​សាមគ្គីរង្សី ដោយសារ​វត្ត​នេះ​ជា​វត្ត​ក្រីក្រ និង​ពុំ​សូវ​មាន​អាជ្ញាធរ​ចូល​រួម​ជ្រោមជ្រែង​កសាង ហើយ​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​គង់​ក្នុង​វត្ត​នេះ ធ្លាប់​ត្រូវ​បាន​រងគ្រោះ​ដោយ​ការ​ធ្វើ​បាប​ពី​សំណាក់​អាជ្ញាធរ​វៀតណាម នៅ​ដែន​ដី​កម្ពុជា​ក្រោម។ លោក សម រង្ស៊ី ក៏​គ្រោង​នឹង​ដង្ហែ​កឋិនទាន​ទៅ​វត្ត​នៅ​ដែន​ដី​កម្ពុជា​ក្រោម​ទៀត​ផង។

លោក សម រង្ស៊ី៖ «វត្ត​សាមគ្គីរង្សី នេះ ក៏​រងគ្រោះ​ដែរ ពីព្រោះ​អាជ្ញាធរ​យើង​នេះ រដ្ឋាភិបាល ហ៊ុន សែន នេះ​គឺ​ធ្វើ​អ្វីៗ​តាម​បញ្ជា​យួន។ យួន​វា​អត់​ចូល​ចិត្ត​ខ្មែរ​ដែល​មាន​ទឹក​ចិត្ត​ស្នេហា​ជាតិ ជា​ពិសេស​ខ្មែរ​យើង​នៅ​កម្ពុជា​ក្រោម​ដែល​ផុសផុល វា​តាម​ធ្វើ​បាប វា​ចាប់​ដាក់​គុក វា​ចាប់​ព្រះសង្ឃ​ផ្សឹក។ អ៊ីចឹង​ហើយ​បាន​ព្រះសង្ឃ​និមន្ត​មក​ដល់​កម្ពុជា​សព្វថ្ងៃ បាន​មក​កសាង​វត្ត​សាមគ្គីរង្សី នេះ​ហើយ បាន​អាជ្ញាធរ ហ៊ុន សែន នៅ​តាម​ធ្វើ​បាប​ព្រះសង្ឃ ធ្វើ​បាប​ខ្មែរ​កម្ពុជា​ក្រោម ដែល​ជា​អ្នក​រងគ្រោះ។ ដូច្នេះ​យើង​ខ្មែរ​ទាំងអស់​គ្នា សាមគ្គី​ជា​មហា​គ្រួសារ​ខ្មែរ​តែ​មួយ ការពារ​វត្ត​ខ្មែរ​កម្ពុជា​ក្រោម ការពារ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ ត្រូវ​តែ​រួម​កម្លាំង​ជាមួយ​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ ដើម្បី​ការពារ​សិទ្ធិ​សេរីភាព​នៃ​ខ្មែរ​កម្ពុជា​ក្រោម»។

មិន​មែន​មាន​តែ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ក្រុង​ភ្នំពេញ​ទេ ដែល​បាន​ចូល​រួម ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មក​ពី​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ក៏​បាន​មក​ចូល​រួម​ដែរ។

លោក ជា សុផា មាន​ស្រុក​កំណើត​នៅ​ស្រុក​កញ្ចោងភ្នំពេញ ខេត្ត​ព្រះត្រពាំង សព្វថ្ងៃ​មក​រស់​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ បាន​អោយ​ដឹង​ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក​មក​កាន់​វត្ត​សាមគ្គីរង្សី ហើយ​លោក​សប្បាយ​រីករាយ​ដែល​បាន​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សេង​ទៀត។ លោក​ថា ការ​ជួប​ជុំ​បែប​នេះ វា​រឹត​តែ​ធ្វើ​អោយ​លោក​នឹក​ស្រុក​កំណើត​ខ្លាំង​ថែម​ទៀត​ផង៖ «ក្នុង​មួយ​ឆាក​ជីវិត​ហ្នឹង ខ្ញុំ​ឃើញ​ថា​ខ្មែរ​ក្រោម​បាន​រួម​សាមគ្គី​គ្នា ទោះ​បី​ជា​ឃ្លាត​ឆ្ងាយ​ស្រុក​ហើយ​ក៏ដោយ នៅ​តែ​គោរព​ព្រះពុទ្ធ​សាសនា​បាន​ខ្ជាប់ខ្ជួន​ល្អ។ ជានិច្ចកាល ខ្ញុំ​តែង​តែ​ផ្សារភ្ជាប់​ជាមួយ​ព្រះពុទ្ធ​សាសនា ដោយសារ​តែ​ព្រះពុទ្ធ​សាសនា គឺ​ជា​ស្រែ​បុណ្យ​របស់​ពុទ្ធ​បរិស័ទ​នោះ​ផង គឺ​ជា​ជង្រុក​ដែល​វេច​ខ្ចប់​ទុក​អារ្យធម៌​ប្រពៃណី​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ផង»។

នៅ​ដែន​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ មាន​វត្ត​ព្រះពុទ្ធ​សាសនា​ចំនួន​ជាង ៥៦០​វត្ត​ទូទាំង ២១​ខេត្ត​ក្រុង ក្នុង​នោះ​ខេត្ត​ដែល​មាន​វត្ត​ច្រើន​ជាង​គេ គឺ​ខេត្ត​ព្រះត្រពាំង ដែល​មាន​ដល់ ១៥១​វត្ត។ វត្ត​អារាម​ទាំងអស់​នេះ​ហើយ គឺ​ជា​ជង្រុក​វប្បធម៌​ដ៏​សំខាន់​សម្រាប់​ថែ​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម។

កញ្ញា សេង លក្ខិណា ដែល​មាន​កំណើត​កើត​ជា​នៅ​ប្រទេស​កម្ពុជា តែ​មាន​ឪពុក​ដើម​កំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម បាន​និយាយ​ថា កញ្ញា​មាន​ក្តី​រីករាយ​ពេល​បាន​ឃើញ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដង្ហែ​កឋិន​ចូល​វត្ត​សាមគ្គីរង្សី និង​សប្បាយ​ពេល​បាន​ជួប​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ដទៃ​ទៀត។ លក្ខិណា និយាយ​ថា បើ​ទោះ​បី​ជា​កញ្ញា​កើត​នៅ​កម្ពុជា តែ​កញ្ញា​តែង​នឹក​រលឹក​ជានិច្ច​ដល់​បង​ប្អូន​សាច់ញាតិ​នៅ​ឯ​កម្ពុជា​ក្រោម។ កញ្ញា​ថា កញ្ញា​បាន​ទៅ​លេង​ស្រុក​កំណើត​ជាមួយ​ឪពុក​ម្តាយ​ញឹកញាប់​ដែរ ពិសេស​ក្នុង​រដូវ​បុណ្យ​ទាន​ម្តងៗ។

កញ្ញា សេង លក្ខិណា៖ «ថ្ងៃ​នេះ​ខ្ញុំ​សប្បាយ​រីករាយ​មែន​ទែន ដោយ​ហេតុ​ថា ឃើញ​ពុទ្ធ​បរិស័ទ​មក​ធ្វើ​បុណ្យ​ច្រើន។ បុណ្យ​កឋិន​ថ្ងៃ​នេះ គឺ​លើក​ទឹក​ចិត្ត​ច្រើន​ណាស់ ទី​មួយ​លើក​ទឹក​ចិត្ត​ដល់​វត្ត​កម្ពុជា​ក្រោម​នៅ​ស្រុក​ខ្មែរ។ ទី​២ លើក​ទឹក​ចិត្ត​ដល់​ប្រជាជន​ទាំងអស់​ដែល​មាន​បំណង​ចង់​ធ្វើ​បុណ្យ​ទាន ហើយ​ទី​៣ លើក​ទឹក​ចិត្ត​ដល់​ការ​កសាង​ប្រទេស ក៏​ដូច​ជា​វត្ត​អារាម​នៅ​កម្ពុជា អោយ​មាន​ការ​រីក​ចម្រើន»។

ជាទូទៅ នៅ​រាល់​ពិធី​បុណ្យ​ទាន​ផ្សេងៗ ដូច​ជា​ពិធី​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ និង​កឋិន​ជាដើម ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​រស់​នៅ​ប្រទេស​កម្ពុជា ដែល​មិន​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត តែង​មក​ជួប​ជុំ​គ្នា​ធ្វើ​បុណ្យ​នៅ​តាម​បណ្ដា​វត្ត​អារាម​នានា។ ដោយ​ឡែក សម្រាប់​ពិធី​បុណ្យ​កឋិន ការ​ដង្ហែ​អង្គ​កឋិន​ទាន​ពី​កម្ពុជា ទៅ​វត្ត​ដែល​ស្ថិត​នៅ​ដែន​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ គ្រប់គ្រង​ដោយ​អាជ្ញាធរ​វៀតណាម កើត​មាន​ឡើង​តិចតួច​ប៉ុណ្ណោះ។ ក្រៅ​ពី​ចម្ងាយ​ផ្លូវ​ឆ្ងាយ បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​សេរីភាព​ដើរ​ហើរ និង​សេរីភាព​ក្នុង​ការ​ចូល​រួម ក៏​ជា​ឧបសគ្គ​មួយ​សម្រាប់​ពុទ្ធ​បរិស័ទ​ដែល​ទៅ​ពី​ចម្ងាយ៕

2 comments:

Anonymous said...

They called themselves KHMER Kampuchea Krom, but the true ID veitnamese citizen. They Speak Viet namese they married vietnamese. They act like vietnamese. They make themselve like vietnames.

Anonymous said...

-អាជនផ្តាច់ការមុខអាចម៍រុយ-ញញឹមបោក
សម រង្ស៊ី ហ្នឹង
ចចេសរឹងក្ត ចុយម្រាយហើយ!

-វាជាអ្នកបង្កើត បញ្ហាភេរវកម្ម​នយោបាយ​
ដើរបោកខ្មែរ-ចាម តូចតាចតាមទីផ្សារ!
យុវជន យុវនារីខ្មែរ-ចាម!.........
មិនចេះចប់ មិនចេះហើយ!

-អាសម រង្ស៊ី វាចាត់ទុកខ្មែរតូចតាច ទាំងអស់គ្នានោះល្ងង់ ហើយភ្លើជាងវា!

-គ្មានបុកគល់អង្គណា អាចទៅ
បំពានទទូលថ្មបាក់ជំនួសពី អាស៊ីបានទ្បើយ!

-អាឆ្កែយួនកន្ទុយខ្វៀនសម រង្សី
បើវាដើរទៅបោកខ្មែរ កន្លែង​ណា
ក៏មាន​អង្គរ​រក្សយួន ហេកហក ឆ្វេង​ស្តាំ
តាម​ហែរហម ​មិនចាញ់អាហ៊ុន សែនប៉ុន្មានទេ!

-អាPOLICEយួន វាសម្លាប់ខ្មែរ អ្នកស្នេហាជាតិតាមរយ:
អាគណបក្សចោរសង្គ្រោះយួន..សម រង្សី
អាក្រទ្បាប់ទ្បានងាប់តៃហោង ចុះនរក នេះឯង


កុំញ៉ែច្រើនពេក