........................................
ដោយ៖ ណាត សុភាព និង ស៊ុន ណារិន | ថ្ងៃព្រហស្បតិ៍ ទី21 ខែវិច្ឆិកា ឆ្នាំ2013 | 1 ម៉ោង មុន VOD
សង្គមស៊ីវិល និងអ្នកលេងហ្វេសប៊ុកមួយចំនួន នៅថ្ងៃព្រហស្បតិ៍នេះ បារម្ភពីការរឹតត្បិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិលើបណ្តាញសង្គមហ្វេសប៊ុក(Facebook) បន្ទាប់ពីសមត្ថកិច្ចខេត្តស្ទឹងត្រែង បានចាប់ខ្លួនយុវជនម្នាក់ ដើម្បីសាកសួរពាក់ព័ន្ធនឹងការរិះគន់មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
លោក ចិត្រ សុវិជ្ជា ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងចាប់ខ្លួន កាលពីព្រឹកថ្ងៃពុធ ដោយសារលោកបានសរសេររិះគន់មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោក អៀង វ៉ាន់ឌី ករណីចាប់ម៉ូតូជាច្រើនគ្រឿង រួចដោះលែងវិញ ជាថ្នូរទទួលប្រាក់២០០ដុល្លារក្នុងម៉ូតូមួយគ្រឿង។ សមត្ថកិច្ចខេត្ត បានចាត់ទុកថា ការរិះគន់នេះជាការប្រើពាក្យសម្តីមិនសមរម្យនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
អ្នកសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិនៃមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា(ម.ស. ម.ក) កញ្ញា សន រ៉ាមណា ហៅទង្វើរបស់សមត្ថកិច្ចខេត្តស្ទឹងត្រែង ដែលកោះហៅយុវជនលេងហ្វេសប៊ុកមកសាកសួរនេះ ជាការបំបាក់ស្មារតី និងគំរាមកំហែងសិទ្ធិសេរីភាពបញ្ចេញមតិ៖
អ្នកលេងហ្វេសប៊ុកម្នាក់ អាយុ២៤ឆ្នាំ លោក ទុយ ស៊ីធៀង យល់ឃើញថា ពលរដ្ឋទាំងអស់មានសិទ្ធិសេរីភាពពេញលេញ ក្នុងការសរសេររិះគន់នរណាម្នាក់ ដោយនិយាយអ្វីដែលពិត។ លោកជំរុញឲ្យយុវជនទាំងអស់ មិនត្រូវខ្លាចរអា និងត្រូវប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិរបស់ខ្លួនឲ្យមានប្រសិទ្ធភាព៖
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ មានប្រសាសន៍ថា យុវជន និងអ្នកលេងហ្វេសប៊ុកទាំងអស់ គួរតែធ្វើការពិចារណាឲ្យបានច្បាស់លាស់ មុនបង្ហោះព័ត៌មានអ្វីមួយ និងត្រូវមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ចៀសបញ្ហាកើតឡើងដោយយថាហេតុណាមួយ៖
កាលពីខែមីនា គ្រូង្រៀននៅរាជធានីភ្នំពេញម្នាក់ លោក ភែល ភារុណ ត្រូវបាននគរបាលកោះឲ្យចូលទៅបំភ្លឺអំពីករណីដែលលោក បង្ហោះរឿងនគរបាលចាប់ម៉ូតូរបស់គាត់លើហ្វេសប៊ុក ដែលពាក់ព័ន្ធនឹងបរិហារកេរ្តិ៍។ តែលោកក៏ត្រូវបានដោះលែងបន្ទាប់ពីសាកសួរហើយ។ ចំណែក យុវជន លោក ចិត្រ សុវិជ្ជា ក៏ត្រូវបានសមត្ថកិច្ចខេត្ត ដោះលែងវិញ កាលពីថ្ងៃពុធ បន្ទាប់ពីការសាកសួរ និងលោកសារភាពទទួលកំហុស។
បន្ទាប់ពីហិង្សានៅចំណុចស្ពានស្ទឹងមានជ័យ យុវជនមួយរូប លោក ផែ សុវណ្ណារិទ្ធ ក៏បានបង្ហោះវីដេអូក្លីបមួយនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក ដោយលោកបានដុតរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់VODថា ការបង្ហោះវីដេអូក្លីប និងដុតរូបរបស់របស់ថ្នាក់ដឹកនាំ ជាសិទ្ធិរបស់បុគ្គល ហើយនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មិនដែលមានបំណងនឹងបិទសិទ្ធិសេរីភាពហ្វេសប៊ុកទេ៕
សរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
No comments:
Post a Comment