Thursday, November 21, 2013

លោកសម រង្ស៊ី៖ ខ្ញុំត្រូវតែជួយការពារទឹកដីនៅតាមព្រំប្រទល់ជាមួយប្រទេសជិតខាង


......................................
ដោយ៖ នួន បូរិន | ថ្ងៃព្រហស្បតិ៍ ទី21 ខែវិច្ឆិកា ឆ្នាំ2013 | 49 នាទី មុន VOD
លោក សម រង្ស៊ី និងអ្នកស្រី មាស ស្រី នៅខេត្តស្វាយរៀង (រូបថតពី Facebook)
ប្រធានគណបក្សសង្រ្គោះជាតិ ប្រកាសប្ដេជ្ញាការពារទឹកដីកសិករខ្មែរ នៅតាមព្រំប្រទល់ជាមួយប្រទេសជិតខាង ខណៈលោក បានជួបជាមួយជនរងគ្រោះករណីរំលោភដីធ្លីដោយសារការបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាម ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងអះអាងដូចនេះ នៅខណៈលោក និងលោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បាន ទៅជួបសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅខេត្តស្វាយរៀង នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ។


នៅក្នុងរូបភាពវិឌីអូ Facebook របស់លោក ដែលបានមើលឃើញជាសាធារណៈនៅថ្ងៃនេះ លោក សម រង្ស៊ី បានធ្វើកាយវិការដោយបានចាប់ដៃអ្នកស្រី មាស ស្រី អតីតទណ្ឌិតដែលបាននាំ លោក សម រង្ស៊ី ទៅដកតម្រុយបង្គោលព្រំដែន នៅចំពោះសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្សសង្រ្គោះជាតិ ហើយរំលឹកថ្ងៃដែលលោកបានទៅមើលតម្រុយបង្គោលព្រំដែន លេខ១៨៥ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ហើយបានដកក្រវែងចោល ។

លោកបានប្រកាសថា ក្នុងនាមជានយោបាយខ្មែរម្នាក់ លោកប្ដេជា្ញ ការពារទឹកដីកសិករខ្មែរនៅតាមព្រំប្រទល់ជាមួយប្រទេសជិតខាង គឺប្រទេសវៀតណាម ជារៀងរហូត។ លោកប្រកាសមិនទទួលស្គាល់ការបោះបង្គោលព្រំដែន ដែលកំពុងដំណើរការរវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាមជាដាច់ខាត។

លោកសម រង្ស៊ី ត្រូវបានកាត់ទោសឲ្យមានទោស ១២ឆ្នាំ ករណីលោកទៅដកតម្រុយបង្គោលព្រំដែនលេខ១៨៥ កាលពីឆ្នាំ២០០៩ តែលោកមិនបានទទួលទោសនោះឡើយ គឺរហូតមានដំណោះស្រាយនយោបាយ ធ្វើឲ្យលោកវិលចូលប្រទេសវិញ នៅថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០១៣ នៅមុនការបោះឆ្នោតសភាថ្ងៃ២៨កក្កដា ។

ទាក់ទិនការបោះបង្គោលព្រំដែនគោកកម្ពុជា វៀតណាម ដែលមានប្រវែង ១២៧០គីឡូមែត្រ មកដល់ពេលនេះ មិនទាន់ដឹងថា ប្រទេសទាំងពីរបានបិទបញ្ចប់ហើយឬនៅ ៕

សរសេរមកកាន់លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

No comments: