ជនរងគ្រោះធ្វើទស្សនកិច្ចសាលាក្ដីខ្មែរក្រហម RFA/Sok Serey |
ដោយ យាង សុជាមេត្តា RFA 2013-11-29
ប្រជាពលរដ្ឋខ្មែរក្រោមជាង ៥០នាក់ រស់នៅក្នុងប្រទេសកម្ពុជា កំពុងមានបំណងក្លាយជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០៣ និង០០៤។ សំណុំរឿងដែលផ្ដោតលើការជំនុំជម្រះលើមេដឹកនាំខ្មែរក្រហមថ្នាក់កណ្ដាល។
របាយការណ៍របស់អង្គការការពារសិទ្ធិជនជាតិភាគតិច ចុះថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១៣ បង្ហាញថា ពលរដ្ឋខ្មែរក្រោមជាង ៥០នាក់បន្ថែមទៀត មកពីបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ពិសេស គឺខេត្តតាកែវ ពោធិ៍សាត់ និងបាត់ដំបង បានបំពេញបែបបទដាក់ជូនអង្គការការពារសិទ្ធិជនជាតិភាគតិច ដើម្បីក្លាយជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០៣ និង ០០៤។
សព្វថ្ងៃ អង្គការការពារសិទ្ធិជនជាតិភាគតិច កំពុងអនុវត្តគម្រោងមួយក្នុងបំណងជួយសម្រួល និងគាំទ្រពលរដ្ឋខ្មែរក្រោម និងជនជាតិភាគតិចផ្សេងទៀត ដែលជាជនរងគ្រោះ និងសាច់ញាតិនៃជនរងគ្រោះក្នុងសម័យខ្មែរក្រហម ចូលរួមតាមផ្លូវច្បាប់ក្នុងដំណើរការជំនុំជម្រះលើមេដឹកនាំខ្មែរក្រហម ពិសេសក្នុងសំណុំរឿង ០០២ ០០៣ និង០០៤។ មកទល់ពេលនេះ ពលរដ្ឋខ្មែរក្រោមប្រមាណជា ២០០នាក់ហើយ បានក្លាយជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងទាំងបី។
នាយកប្រតិបត្តិអង្គការការពារសិទ្ធិជនជាតិភាគតិច និងជាអ្នកស្រាវជ្រាវបញ្ហាខ្មែរកម្ពុជាក្រោម រងគ្រោះក្នុងរបបខ្មែរក្រហម លោក អាង ច័ន្ទឫទ្ធិ បានអោយដឹងថា អាចនៅមានពលរដ្ឋខ្មែរក្រោមរងគ្រោះ និងសាច់ញាតិរបស់ពួកគេច្រើនផ្សេងទៀត ចង់ក្លាយជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង ០០៣ និង ០០៤ ហើយអង្គការរបស់លោកនឹងបន្តប្រមូលពួកគេបន្ថែមទៀត។ លោក ច័ន្ទឫទ្ធិ អះអាងថា អាចមានពលរដ្ឋខ្មែរក្រោមច្រើនពាន់នាក់ ត្រូវបានខ្មែរក្រហមធ្វើបាប និងសម្លាប់។ លោកថា ក្នុងចំណោមពលរដ្ឋខ្មែរក្រោមដែលមានបំណងក្លាយជាដើមបណ្ដឹងរដ្ឋប្បវេណីនេះ ប្រមាណ ៨០% គឺជាជនរងគ្រោះដែលបានឆ្លងកាត់សម័យខ្មែរក្រហមតែម្តង។ ក្រៅពីនោះ គឺជាសាច់ញាតិរបស់ជនរងគ្រោះដែលត្រូវខ្មែរក្រហមសម្លាប់។
លោក អាង ច័ន្ទឫទ្ធិ៖ «អោយសំឡេង និងការឈឺចាប់ពួកគាត់ហ្នឹង ត្រូវបានសាធារណជន ក៏ដូចជាខាងអន្តរជាតិ ឬក៏រដ្ឋាភិបាលហ្នឹងបានដឹងថា គាត់ជាមនុស្សមួយក្រុមដែលរងគ្រោះដោយរបបខ្មែរក្រហម ពីការចោទប្រកាន់ ពីក្បាលយួនខ្លួនខ្មែរ ឬក៏ជាចារកម្មរបស់យួន ក្នុងសម័យហ្នឹង ដែលចាប់ផ្ដើមធ្វើអោយខ្មែរក្រហមសម្លាប់ខ្មែរក្រោមរង្គាល។ ហើយជាក់ស្តែងមួយទៀត គឺខ្មែរក្រោមត្រូវបានខ្មែរក្រហមកៀរចេញពីតំបន់មូលដ្ឋានរបស់ពួកគាត់នៅកម្ពុជាក្រោម ពេលដែលទាហានខ្មែរក្រហមវាយចូលក្នុងទឹកដីវៀតណាម ហើយបានខ្មែរក្រហមសម្លាប់ពួកគាត់ ហើយកៀរមកសម្លាប់ក្នុងទឹកដីកម្ពុជា ទៀតនេះ ជាអង្គហេតុមួយសំខាន់ដែលយើងជួយគាំទ្រអោយសហចៅក្រមស៊ើបអង្កេតហ្នឹង ធ្វើការចោទប្រកាន់»។
ករណី ០០៣ និង ០០៤ ប្រកបដោយភាពចម្រូងចម្រាស ត្រូវបានសហព្រះរាជអាជ្ញាស៊ើបអង្កេត ផ្ដើមធ្វើការស៊ើបអង្កេតតាំងពីខែកញ្ញា ឆ្នាំ២០០៩ ដើម្បីប្រមូលយកភស្តុតាង និងសាក្សីនានាពាក់ព័ន្ធករណីនេះ ធ្វើជាមូលដ្ឋានសម្រាប់ធ្វើការចោទប្រកាន់លើជនជាប់ចោទ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងថា លោកមិនចង់ឃើញតុលាការខ្មែរក្រហមបន្តសកម្មភាពរបស់ខ្លួនក្នុងសំណុំរឿង ០០៣ និង ០០៤ នោះឡើយ។ លោក ហ៊ុន សែន លើកហេតុផលថា ករណីទាំងពីរនេះអាចធ្វើអោយប៉ះពាល់ដល់ស្ថិរភាពនយោបាយនៅកម្ពុជា។ ក្រៅពីនេះ បញ្ហាកង្វះថវិកាក៏អាចជាឧបសគ្គមួយផ្សេងទៀតសម្រាប់ដំណើរការការងាររបស់តុលាការផងដែរ៕
No comments:
Post a Comment