RFA/Tin Zakariya |
ដោយ ទីន ហ្សាការីយ៉ា RFA 2013-11-29
ការសើរើឯកសារដេញថ្លៃនេះ នៅខណៈដែលក្រុមអង្គការធ្វើការឃ្លាំមើលអំពីការប្រព្រឹត្តិអំពើពុករលួយ ចេញរបាយការណ៍អំពីការយកតម្លៃលើសនេះ និងអំពាវនាវឲ្យរដ្ឋាភិបាលមានវិធានការចំពោះភាពមិនប្រក្រតីនេះ ហើយថា បញ្ហានេះកើតឡើងដោយការប្រព្រឹត្តិអំពើពុករលួយ។
មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២៩ វិច្ឆិកា ថា អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យមន្ត្រីរបស់ខ្លួនធ្វើការស៊ើបអង្កេត និងសើរើឯកសារដេញថ្លៃទីតាំងផ្សារនានា ឲ្យក្រុមឈ្មួញនោះពិនិត្យឡើងវិញចំពោះការកំណត់តម្លៃផ្ញើកង់ ម៉ូតូ និងឡាន។
ការលើកឡើងដូច្នេះ នៅបន្ទាប់ពីអង្គការសង្គមស៊ីវិលឃ្លាំមើលអភិបាលកិច្ចនៅកម្ពុជា រកឃើញថា ការទារយកតម្លៃលើសពីការកំណត់ដោយរដ្ឋលើការផ្ញើកង់ ម៉ូតូ ឡាន នៅតាមទីផ្សារនានា កំពុងរីករាលដាលយ៉ាងខ្លាំង និងអំពាវនាវឲ្យរដ្ឋាភិបាលទប់ស្កាត់។
លោក ឡុង ឌីម៉ង់ ជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានទទួលស្គាល់ថា នៅតាមទីកន្លែងផ្ញើកង់ ម៉ូតូ ខ្លះ អ្នកទទួលខុសត្រូវផ្សារបានយកតម្លៃលើសពីចំនួនកំណត់មែន ដូចជា នៅក្នុងប័ណ្ណផ្ញើម៉ូតូ កំណត់យក ៣០០រៀល តែជាក់ស្ដែងយក ៥០០រៀលជាដើម តែលោកថា មិនមែននៅគ្រប់ផ្សារទេ។ លោក ឡុង ឌីម៉ង់ អះអាងថា សាលារាជធានីភ្នំពេញ កំពុងត្រួតពិនិត្យឯកសារអនុញ្ញាតឲ្យដេញថ្លៃទៅឲ្យក្រុមឈ្មួញទាំងនោះឡើងវិញ។
«សំឡេង»
អង្គការសង្គមស៊ីវិលចំនួនបី មានសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍជាតិ កាលពីថ្ងៃទី២៨ វិច្ឆិកា បានចេញសេចក្ដីអំពាវនាវរួមគ្នាទៅស្ថាប័នរដ្ឋាភិបាល ឲ្យទប់ស្កាត់អំពីការកំណត់តម្លៃលើសរបស់អ្នកម៉ៅការផ្សារយកលុយពីការផ្ញើម៉ូតូកង់នោះ។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា ការយកតម្លៃលើសនេះ ខាងមន្ត្រីទទួលខុសត្រូវចំពោះការដេញថ្លៃ គួរតែបានដឹងអំពីបញ្ហានេះ ពីព្រោះថា ករណីនេះបានកើតមានយួរឆ្នាំមកហើយ ដូចជានៅផ្សារអូឡាំពិក អូរឫស្សី ផ្សារថ្មី និងផ្សារផ្សេងទៀត ដែលធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់។
«សំឡេង»
នៅក្នុងរបាយការណ៍របស់អង្គការទាំងបីនេះ បានសរសេរថា តម្លៃប័ណ្ណផ្ញើម៉ូតូកង់កំណត់យក ៣០០រៀល តែពេលយកជាក់ស្ដែងពី ៥០០ ទៅ ២ពាន់រៀល។ ការយកតម្លៃលើសនេះ បើថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ គេយកតម្លៃកាន់តែថ្លៃទៀត។
ប្រធានស្ដីទីសមាគមសេដ្ឋកិច្ច លោក ស្រី ចន្ធី ពន្យល់ថា ការកំណត់តម្លៃប័ណ្ណផ្សេង ហើយតម្លៃជាក់ស្ដែងយកផ្សេង ជាការបោកបញ្ជោត និងជាការបោកប្រាស់។ លោកបញ្ជាក់ថា ទោះបីជាទំហំលុយលើសនេះមានចំនួនតិចក្ដី ប៉ុន្តែចំនួនមនុស្សទៅផ្សារមានចំនួនច្រើន ហើយអ្នកខ្លះចេញចូលផ្សារច្រើនដង គឺធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។
«សំឡេង»
ទាក់ទងនឹងបញ្ហានេះ លោក សន ជ័យ បានលើកឡើងថា ប្រសិនជាបញ្ហានេះនៅតែបន្តកើតឡើង ហើយគ្មានយន្តការដោះស្រាយច្បាស់លាស់ទេ អង្គការរបស់លោកនឹងធ្វើការស្រាវជ្រាវ និងយកភស្តុតាងទាំងឡាយដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីដាក់ទោសទណ្ឌចំពោះអ្នកប្រព្រឹត្តិអំពើពុករលួយលើករណីនេះ៕
1 comment:
ករណីនេះពួកវាមើលនឹងថ្ងាសយូរហើយ ទើបធ្វើជាភ្ញាក់
Post a Comment