Friday, November 29, 2013

សាលា​ក្រុង​ប្រកាស​សើរើ​ឯកសារ​កំណត់​តម្លៃ​ផ្ញើ​កង់​ម៉ូតូ​និង​ឡាន​តាម​ទីផ្សារ


RFA/Tin Zakariya
សាលា​រាជធានី​ភ្នំពេញ កំពុង​សើរើ​ឯកសារ​ដេញ​ថ្លៃ​ទី​កន្លែង​ផ្ញើ​កង់ ម៉ូតូ ឡាន នៅ​តាម​ទីផ្សារ​នានា​ឡើង​វិញ ដើម្បី​ទប់ស្កាត់​អ្នក​ទទួល​សិទ្ធិ​កាន់​កាប់​ផ្សារ​មួយ​ចំនួន ដែល​យក​តម្លៃ​ផ្ញើ​យាន​ជំនិះ​គ្រប់​ប្រភេទ​លើស​កំណត់​ពី​សៀវ​បន្ទុក​នោះ។

ដោយ ទីន ហ្សាការីយ៉ា RFA 2013-11-29

ការ​សើរើ​ឯកសារ​ដេញ​ថ្លៃ​នេះ នៅ​ខណៈ​ដែល​ក្រុម​អង្គការ​ធ្វើ​ការ​ឃ្លាំ​មើល​អំពី​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ ចេញ​របាយការណ៍​អំពី​ការ​យក​តម្លៃ​លើស​នេះ និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​មាន​វិធាន​ការ​ចំពោះ​ភាព​មិន​ប្រក្រតី​នេះ ហើយ​ថា បញ្ហា​នេះ​កើត​ឡើង​ដោយ​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។

មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា ថា អភិបាល​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​មន្ត្រី​របស់​ខ្លួន​ធ្វើ​ការ​ស៊ើប​អង្កេត និង​សើរើ​ឯកសារ​ដេញ​ថ្លៃ​ទីតាំង​ផ្សារ​នានា ឲ្យ​ក្រុម​ឈ្មួញ​នោះ​ពិនិត្យ​ឡើង​វិញ​ចំពោះ​ការ​កំណត់​តម្លៃ​ផ្ញើ​កង់ ម៉ូតូ និង​ឡាន។

ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​អភិបាល​កិច្ច​នៅ​កម្ពុជា រក​ឃើញ​ថា ការ​ទារ​យក​តម្លៃ​លើស​ពី​ការ​កំណត់​ដោយ​រដ្ឋ​លើ​ការ​ផ្ញើ​កង់ ម៉ូតូ ឡាន នៅ​តាម​ទីផ្សារ​នានា កំពុង​រីក​រាល​ដាល​យ៉ាង​ខ្លាំង និង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ទប់ស្កាត់។
លោក ឡុង ឌីម៉ង់ ជា​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ទទួល​ស្គាល់​ថា នៅ​តាម​ទី​កន្លែង​ផ្ញើ​កង់ ម៉ូតូ ខ្លះ អ្នក​ទទួល​ខុស​ត្រូវ​ផ្សារ​បាន​យក​តម្លៃ​លើស​ពី​ចំនួន​កំណត់​មែន ដូច​ជា នៅ​ក្នុង​ប័ណ្ណ​ផ្ញើ​ម៉ូតូ កំណត់​យក ៣០០​រៀល តែ​ជាក់ស្ដែង​យក ៥០០​រៀល​ជាដើម តែ​លោក​ថា មិន​មែន​នៅ​គ្រប់​ផ្សារ​ទេ។ លោក ឡុង ឌីម៉ង់ អះអាង​ថា សាលា​រាជធានី​ភ្នំពេញ កំពុង​ត្រួត​ពិនិត្យ​ឯកសារ​អនុញ្ញាត​ឲ្យ​ដេញ​ថ្លៃ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ទាំង​នោះ​ឡើង​វិញ។

«សំឡេង»

អង្គការ​សង្គម​ស៊ីវិល​ចំនួន​បី មាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍ​ជាតិ កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​ចេញ​សេចក្ដី​អំពាវនាវ​រួម​គ្នា​ទៅ​ស្ថាប័ន​រដ្ឋាភិបាល ឲ្យ​ទប់ស្កាត់​អំពី​ការ​កំណត់​តម្លៃ​លើស​របស់​អ្នក​ម៉ៅការ​ផ្សារ​យក​លុយ​ពី​ការ​ផ្ញើ​ម៉ូតូ​កង់​នោះ។

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ មាន​ប្រសាសន៍​ថា ការ​យក​តម្លៃ​លើស​នេះ ខាង​មន្ត្រី​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ដេញ​ថ្លៃ គួរ​តែ​បាន​ដឹង​អំពី​បញ្ហា​នេះ ពីព្រោះ​ថា ករណី​នេះ​បាន​កើត​មាន​យួរ​ឆ្នាំ​មក​ហើយ ដូច​ជា​នៅ​ផ្សារ​អូឡាំពិក អូរឫស្សី ផ្សារ​ថ្មី និង​ផ្សារ​ផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាន​នាក់។

«សំឡេង»

នៅ​ក្នុង​របាយការណ៍​របស់​អង្គការ​ទាំង​បី​នេះ បាន​សរសេរ​ថា តម្លៃ​ប័ណ្ណ​ផ្ញើ​ម៉ូតូ​កង់​កំណត់​យក ៣០០​រៀល តែ​ពេល​យក​ជាក់ស្ដែង​ពី ៥០០ ទៅ ២​ពាន់​រៀល។ ការ​យក​តម្លៃ​លើស​នេះ បើ​ថ្ងៃ​សៅរ៍ ថ្ងៃ​អាទិត្យ និង​ថ្ងៃ​បុណ្យ​ជាតិ គេ​យក​តម្លៃ​កាន់​តែ​ថ្លៃ​ទៀត។

ប្រធាន​ស្ដីទី​សមាគម​សេដ្ឋកិច្ច លោក ស្រី ចន្ធី ពន្យល់​ថា ការ​កំណត់​តម្លៃ​ប័ណ្ណ​ផ្សេង ហើយ​តម្លៃ​ជាក់ស្ដែង​យក​ផ្សេង ជា​ការ​បោក​បញ្ជោត និង​ជា​ការ​បោក​ប្រាស់។ លោក​បញ្ជាក់​ថា ទោះ​បី​ជា​ទំហំ​លុយ​លើស​នេះ​មាន​ចំនួន​តិច​ក្ដី ប៉ុន្តែ​ចំនួន​មនុស្ស​ទៅ​ផ្សារ​មាន​ចំនួន​ច្រើន ហើយ​អ្នក​ខ្លះ​ចេញ​ចូល​ផ្សារ​ច្រើន​ដង គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ។

«សំឡេង»

ទាក់ទង​នឹង​បញ្ហា​នេះ លោក សន ជ័យ បាន​លើក​ឡើង​ថា ប្រសិន​ជា​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​ឡើង ហើយ​គ្មាន​យន្តការ​ដោះស្រាយ​ច្បាស់​លាស់​ទេ អង្គការ​របស់​លោក​នឹង​ធ្វើ​ការ​ស្រាវជ្រាវ និង​យក​ភស្តុតាង​ទាំង​ឡាយ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នក​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​លើ​ករណី​នេះ៕


1 comment:

Anonymous said...

ករណីនេះពួកវាមើលនឹងថ្ងាសយូរហើយ ​ទើបធ្វើជាភ្ញាក់