Monday, November 04, 2013

ពលរដ្ឋ​ខេត្ត​កំពង់ចាម​ប្រតិកម្ម​ចំពោះ​ការ​ចូល​ចរចា​របស់​បក្ស​ប្រឆាំង


RFA/Van Vichar
ប្រជាពលរដ្ឋ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​គម្រោង​ចរចា​របស់​គណបក្ស​នេះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​ខាង​មុខ។ ពួកគេ​បារម្ភ​ថា ការ​ចរចា​នោះ​ធ្វើ​ឡើង​ដើម្បី​បែង​ចែក​អំណាច​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ដែល​ចុង​បញ្ចប់ អាច​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ រលាយ​ដូច​បក្ស​ហ៊្វុនស៊ិនប៉ិច។

ដោយ​ សូត សុខប្រាថ្នា RFA 2013-11-03

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម បាន​សម្តែង​ប្រតិកម្ម​តប​ភ្លាមៗ ចំពោះ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្រ្គោះ​ជាតិ ដែល​ព្រម​ព្រៀង​ធ្វើ​កិច្ច​ចរចារ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំណត់​យក​ថ្ងៃ​ទី​៥ វិច្ឆិកា ខាង​មុខ​នោះ។ ប្រជាពលរដ្ឋ​មួយ​ចំនួន​មិន​បាន​ឯកភាព​ទៅ​នឹង​ការ​សម្រេច​ចិត្ត​នោះ​ឡើយ ​ដោយ​ពួក​គាត់​បាន​លើក​ឡើង​ថា ភាព​យុត្តិធម៌​ទាក់ទិន​ទៅ​នឹង​លទ្ធផល​ឆ្នោត​មិន​ទាន់​រក​ឃើញ​ដើម្បី​ផ្ដល់​ជូន​ពួកគាត់​ស្ងប់​ចិត្ត​នោះ​ទេ។ ចំណែក​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​យល់​ព្រម​ឱ្យ​បក្ស​ប្រឆាំង​ចូល​រួម​ចរចា ក៏​ប៉ុន្តែ​ត្រូវ​រក្សា​គោលជំហរ​របស់​ខ្លួន​ឱ្យ​បាន​រឹងមាំ ពោល​គឺ​ត្រូវតែ​រក​ភាពយុត្តិធម៌​ឱ្យ​បាន​ជា​មុន​ទើប​ជា​ការ​ប្រសើរ។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​រកាគយ ស្រុក​កងមាស លោក ខេមរា បាន​សម្ដែង​នូវ​ការ​មិន​ពេញ​ចិត្ត​នៅ​ពេល​ដែល​លោក​ទទួល​ដំណឹង​ថា មេ​បក្ស​ប្រឆាំង​យល់​ព្រម​ចូល​តុ​ចរចា​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​នោះ។ លោក​បាន​លើក​ឡើង​ថា ការ​ចរចា​គឺ​ជា​លេស​ដដែលៗ គ្មាន​លទ្ធផល​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​នោះ​ឡើយ ហើយ​ប្រសិន​បើ​ការ​យល់​ព្រម​ចរចា​ដើម្បី​ធ្វើ​ការ​បែង​ចែក​អំណាច​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​នោះ គឺ​ធ្វើ​ឱ្យ​បាត់បង់​ជំនឿ​ទុក​ចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​បក្ស​ប្រឆាំង។


លើស​ពី​នេះ​ទៀត លោក​លើក​ឡើង​ថា ទុក​ឱ្យ​បក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹក​នាំ​ប្រទេស​ដោយ​ខុស​ច្បាប់ ហើយ​បក្ស​ប្រឆាំង​សុខ​ចិត្ត​បន្ត​នៅ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ គឺ​ជា​ការ​ប្រសើរ៖ «រួម​សុខ​រួម​ទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​វា​ល្អ​ជាង! ទុក​ឱ្យ​សភា​ចោរ​ទាំង ៦៨​រូប​នេះ ​បន្ត​ដឹក​នាំ​អំណាច​តែ​បួន​ឆ្នាំ​កន្លះ​ទៀត​នឹង​ដួល​រលំ​ហើយ។ បើ​គណបក្ស​ទាំង​ពីរ​ជួយ​លោក ហ៊ុន សែន ឱ្យ​មាន​ខ្យល់​ដក​ដង្ហើម ខ្ញុំ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម នឹង​ដក​សេចក្ដី​ទុកចិត្ត និង​លែង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្ត​ទៀត ពីព្រោះ​គណបក្ស​ប្រជាជន​សព្វ​ថ្ងៃ ទឹក​នៅ​បំប៉ឹម​ច្រមុះ​ទេ បើ​លោក សម រង្ស៊ី និង កឹម សុខា ទៅជួយ​លោក ហ៊ុន សែន ឱ្យ​មាន​ខ្យល់​ដក​ដង្ហើម​នោះ ប្រជាពលរដ្ឋ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា»។

ប្រភព​ដដែល​បាន​ឱ្យ​ដឹង​បន្ត​ទៀត ដោយ​មិន​មាន​ជំនឿ​ចិត្ត​ទាល់​តែ​សោះ​ក្នុង​ការ​ចរចា​ដើម្បី​ស្វែង​រក​ការ​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នៅ​ពេល​កន្លង​ទៅ ដោយ​លោក​មើល​ឃើញ​ពី​លទ្ធផល​ជួប​ចរចា​ជា​ច្រើន​លើក​កន្លង​មក ថា​មិន​បាន​ផ្លែផ្កា​ទាល់​តែ​សោះ៖ «មេ​បក្ស​ប្រឆាំង​ទាំង​ពីរ​គួរ​នៅ​ក្រៅ​វិញ ប្រសើរ​ជាង ពីព្រោះ​នរណា​ក៏​ចង់​បាន​សុខ​សន្តិភាព ហើយ​គណបក្ស​ប្រជាជន​ខូច​ណាស់ ហើយ​ក្រែងលោ​យើង​ចាញ់​បោក​គេ​ទៅ ចូល​បង្កើត​រដ្ឋាភិបាល​ដូច​ឆ្នាំ​៩៣ (១៩៩៣) គេ​ប៉ែង​ម្នាក់​ម្តងៗ ពីព្រោះ​ឆ្កែ​កន្ទុយ​ខ្វៀន​នៅ​តែ​ខ្វៀន​ហ្នឹង»។

ប្រជាពលរដ្ឋ​នៅ​ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ អ្នកស្រី លក្ខិណា វិញ បាន​សម្ដែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ចូល​តុ​ចរចា​របស់​បក្ស​សង្គ្រោះ​ជាតិ ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​នោះ ថា​ជា​រឿង​ត្រឹមត្រូវ​ ពីព្រោះ​អ្នក​ស្រី​យល់​ថា របៀប​វារៈ​ដែល​បក្ស​សង្គ្រោះ​ជាតិ​ដាក់​ទៅ​នោះ ដើម្បី​ទាម​ទារ​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត ហើយ​ដំណោះស្រាយ​ត្រូវ​ការ​ធ្វើ​វា​ជា​ជំហានៗ។

អ្នកស្រី លក្ខិណា៖ «វារៈ​គាត់​ដាក់​ទាំង​បី​ហ្នឹង ដូច​មិន​មាន​អី​ខុស​នោះ​ទេ ពីព្រោះ​អី​គាត់​តស៊ូ​ប៉ុណ្ណឹង វា​អាច​ឈាន​ដល់​មួយ​ដំណាក់កាលៗ។ ខ្ញុំ​គិត​ថា វា​អត់​ខុស​ទេ ពីព្រោះ​អី​គាត់​ចូល​ទៅ​ចរចា មិន​មែន​ដើម្បី​សុំ​អំណាច​គេ​នោះ​ទេ ពីព្រោះ​គាត់​ដាក់​វារៈ​ទាំង​បី ដើម្បី​បង្កើត​គណៈកម្មាធិការ​ដើម្បី​រាប់​សន្លឹក​ឆ្នោត​អី​ហ្នឹង ខ្ញុំ​ថា​អា​ហ្នឹង​ជា​រឿង​ត្រឹមត្រូវ»។

ក៏​ប៉ុន្តែ​អ្នកស្រី​ក៏​បាន​លើក​ឡើង​ដែរ​ថា ប្រសិន​បើ​ការ​ចរចា​នោះ​ជា​ការ​ចរចា​ដើម្បី​ធ្វើ​ការ​បែងចែក​អំណាច​វិញ អ្នកស្រី​និង​អ្នក​គាំទ្រ​ឯ​ទៀត​ប្រាកដ​ជា​លែង​គាំទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ​ជាក់​ជា​មិន​ខាន។

ចំណែក​ឯ​ប្រជាពលរដ្ឋ​រស់​នៅ​ឃុំ​ល្វេ ស្រុក​កោះសូទិន លោក មាស លី ក៏​បាន​លើក​ឡើង​ដោយ​មាន​ការ​ប្រៀប​ធៀប​ទៅ​នឹង​រឿង​ប្រវត្តិសាស្ត្រ​ចិន​មួយ គឺ​រឿង​សាមកុក ដោយសារ​គណបក្ស​កាន់​អំណាច​សព្វ​ថ្ងៃ​កំពុង​តែ​ប្រព្រឹត្ត​ខ្លួន​ជា​តួ​អង្គ​មួយ​នៅ​ក្នុង​រឿង​នេះ​ទៀត​ផង។

លោក មាស លី៖ «ពីព្រោះ​ខ្ញុំ​យល់​ថា អំណាច​បច្ចុប្បន្ន​របស់​គណបក្ស​បច្ចុប្បន្ន​នេះ ខ្ញុំ​មើល​ឃើញ​ថា គ.ជ.ប វា​បន្លំ​សន្លឹក​ឆ្នោត​ឱ្យ​ទៅ​គណបក្ស​កាន់​អំណាច​ហើយ ហើយ​ធ្វើ​ផែនការ​ឯក​បក្ស​ហ្នឹង​វា​ខុស​នឹង​ច្បាប់ មាត្រា ៧៦ ក៏​វា​ខុស ១២០ ក៏​មិន​បាន​ចូល​ប្រជុំ ព្រះមហាក្សត្រ​ហ្នឹង​សោត​ទៀត ក៏​នៅ​ក្រោម​អំណាច​ ដូចជា​អា​ឆាវៗ ទាមទារ​យក​ស្តេច​រឿង​សាមកុក​ហ្នឹង ហើយ​ធ្វើ​ឱ្យ​ស្ដេច​ហ្នឹង​ធ្វើ​តាម​អំណាច​អា​ឆាវៗ​ហ្នឹង ដូចគ្នា​អ៊ីចឹង ដែល​ខ្ញុំ​ប្រៀប​ធៀប​ទៅ»។

លោក​បន្ថែម​ទៀត​ថា ការ​ចរចា​គប្បី​មាន​សម្រាប់​គណបក្ស​ធំៗ​ទាំង​ពីរ គឺ​ត្រូវ​ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ថា នរណា​ជា​ឈ្នះ​នរណា​ជា​អ្នក​ចាញ់ ដោយ​មាន​អង្គការ​អន្តរជាតិ​ជា​អ្នក​ដឹង​ឮ៖ «ចរចា​អី​ចរចា​ទៅ ក៏​ប៉ុន្តែ​មិន​ឱ្យ​ទាមទារ​អំណាច គឺ​សូម​ឱ្យ​ជ្រើស​រើស​គណៈកម្មាធិការ​ឯករាជ្យ​មួយ​ដើម្បី​មើល​សន្លឹក​ឆ្នោត ថា​នរណា​ឈ្នះ​នរណា​ចាញ់។ ឧត្ដមគតិ​របស់​ខ្ញុំ គឺ​សូម​ឱ្យ​ដឹង​ថា អ្នក​ណា​ឈ្នះ អ្នក​ណា​ចាញ់​យ៉ាង​ពិត​ប្រាកដ។ បើ​ខ្ញុំ​ចាញ់​ក្នុង​នាម​ខ្ញុំ​បោះ​ឱ្យ​អ្នក​ដែល​ស្រលាញ់​ជាតិ ខ្ញុំ​ចាញ់ ខ្ញុំ​សុខ​ចិត្ត​ទទួល​យក បើ​ខ្ញុំ​ឈ្នះ គឺ​សូម​ឱ្យ​មាន​អង្គការ​ឯករាជ្យ​មួយ​ថា ខ្ញុំ​ជា​អ្នក​ឈ្នះ អា​ហ្នឹង​ខ្ញុំ​ត្រូវ​តាម​យោបល់​របស់​ប្រជាពលរដ្ឋ​ចង់​បាន»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ បញ្ហា​នេះ​ត្រូវ​បាន​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣ វិច្ឆិកា ថា កិច្ច​ចរចា​នេះ​គឺ​ជា​ការ​ចរចា​កម្រិត​បច្ចេកទេស​តែប៉ុណ្ណោះ។ គោល​ជំហរ​របស់​បក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ដដែល​ គឺ​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ជា​ដាច់​ខាត ពោល​គឺ​ប្រជាពលរដ្ឋ​ត្រូវ​ការ​​ចរចា​ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី​ដែល​បាន​កើត​មាន​នៅ​ពេល​កន្លង​ទៅ។ លោក​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជា​អ្នក​ឈ្នះ ដូច​នេះ​ការ​ចរចា​នៅ​ពេល​ខាង​មុខ មិន​អាច​រំលង​ភាព​អយុត្តិធម៌​ដែល​បាន​កើត​ឡើង​នៅ​ពេល​បោះ​ឆ្នោត​នោះ​ឡើយ ពីព្រោះ​វា​ជា​មូលដ្ឋាន​គ្រឹះ​នៅ​ក្នុង​​កិច្ច​ចរចា។

លោក កឹម សុខា បាន​បញ្ជាក់​ពី​គោល​ជំហរ​យ៉ាង​ច្បាស់​ថា គ្មាន​ការ​ចរចា​ដើម្បី​បែង​ចែក​អំណាច​នោះ​ទេ៖ «ខ្ញុំ​សូម​ជម្រាប​ជូន​បង​ប្អូន​ជន​រួម​ជាតិ ពិសេស​អ្នក​ដែល​បោះ​ឆ្នោត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា គោលជំហរ​របស់​យើង​ខ្ញុំ ជា​ពិសេស​ខ្លួន​ខ្ញុំ​ផ្ទាល់ មិន​ឱ្យ​គណបក្ស​ប្រជាជន​ហ្នឹង​ជាន់​ឈ្លី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ដាច់​ខាត ហើយ​ជំហរ​យើង​ខ្ញុំ ដាច់​ខាត​ត្រូវ​តែ​ស្វែង​រក​ការ​ពិត ស្វែង​រក​យុត្តិធម៌​ជុំវិញ​ការ​បោះ​ឆ្នោត​កន្លង​មក​ឱ្យ​ឃើញ​ជូន​ប្រជាពលរដ្ឋ។ ទោះ​បី​គេ​ទិញ​ក៏​មិន​លក់ គេ​សម្លុត​ក៏​មិន​ខ្លាច អត់​ទៅ​ចុះ​ចូល ចុះ​ញ៉ម​ជាមួយ​ពួក​កាន់​អំណាច​ផ្ដាច់ការ​ សូម​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ»។

លោក​ក៏​បាន​ជម្រាប​ជូន​ពី​សមាសភាព​អ្នក​​ត្រូវ​ចូល​រួម​ចរចា​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​រួម​មាន​លោក យឹម សុវណ្ណ លោក សុន ឆ័យ លោក អេង ឆៃអ៊ាង លោក គួយ ប៊ុនរឿន និង​លោក យ៉ែម បុញ្ញឫទ្ធិ ជាដើម៕

4 comments:

Anonymous said...

In this photo seems that Seng Theary was ready for the picture.

ALL WHAT I HAVE TO SAY.

Anonymous said...

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា

៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!

Anonymous said...

ជៀម យៀប ពិតជាមាត់ទិព្វមែន ( តែវៀចបន្តិច ) :
កាលពីសម រង្សីទៅក្រៅប្រទេស ជៀប យៀបបានដាក់ទំនាយឲយន្តហោះធ្លាក់ ស្រាប់តែមាន
យន្តហោះធ្លាក់មែន តែវាទៅជាយន្តហោះឡាវទៅវិញ ប្រហែលទេវតាច្រឡំ ព្រោះថៃ និងឡាវ
និយាយភាសាស្រដៀងគ្នា ។ បន្ទាប់មក ជៀម យៀប ក៏បានព្រុះក្តែងៗថា បើសង្គ្រោះជាតិហ្នឹង
មិនចូលទេ កៅអីសភាទាំង៥៥ នឹងត្រូវដកហូត ។ ឮតែប៉ុណ្ណេះ សម រង្សី & កឹម សុខា ឈរ
ជើងមិននឹង ច្រះជ្រួល ១ ថ្ងៃទូរស័ព្វទៅ ស ខេង ១០ដង ដើម្បីចរចារ ការពារកៅអីនោះ ព្រះ
វាសំខាន់ជាង ម្ចាស់ឆ្នោតដ៏សម្រែ ល្លង់ខ្លៅ  ។ បាយ បាយ ម្ចាស់ឆ្នោត ពួកលោកអ្នកក្ររហាម
ពួកយើងធ្វើតាមមិនបានទេ យើងទាក់ទងសម្តេចវិញ មានលុយច្រើនជាង ហើយទើបបានពីថៅកែ
ចិនយ៉ាងសន្ធឹកសន្ធាប់ ។ល៕

Anonymous said...

Yes, she did look ready for camera; just like the freedom hijacker, Tep vanny (any posted pictures on web has to have her in there).