Monday, November 18, 2013

សហជីពកម្មករ​ត្រៀម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ


RFI/Siv Channa
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ចន្ទ 18 វិច្ឆិកា 2013, ដោយ លាង ដឺលុច rfi

ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​ មិនអាច​រំលង​ក្រុម​សហជីព​កម្មករ​កាត់ដេរ​ឡើយ។ ក្រុម​សហជីពនៅ​កម្ពុជា ​សុទ្ធតែ​មាន​គម្រោង​ចូលរួម​ក្នុង​ទិវាអន្តរជាតិ​នេះ ដើម្បីទាមទារ​ការ​គោរព​សិទ្ធិ​ការងារ​ដល់កម្មករ។ សហភាព​ការងារ​កម្ពុជា​របស់​លោក​អាត់ ធន់​ នឹង​ចូលរួម​ជាមួយ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ដើម្បី​ទាមទារ​តំឡើង​ប្រាក់​ឈ្នួល រី​ឯ​ក្រុមប្រឹក្សា​សហជីពជាតិ​កម្ពុជា​របស់​លោក​សោម អូន​គ្រោង​ជួបជុំ​សហជីព​របស់​ខ្លួន​ ដើម្បី​អនុញ្ញាត​អោយ​កម្មករ​ថ្លែង​សារ​របស់​ពួកគេ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់​បាន​ថ្លែង​ឱ្យដឹងថា លោក​នឹង​ដឹកនាំ​កម្មករ កម្មារិនី​ចូលរួម​ជាមួយ​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​​១០​ធ្នូ​ក្នុង​ពេល​ខាង​មុខ​នេះ។ បើ​តាម​លោកអាត់ ធន់ ទិវា​ដែល​ខាង​ក្រុម​អង្គការ​សិទ្ធិមនុស្ស​គ្រោង​រៀប​ចំ​​ជាមួយ​មនុស្ស​៥០០០​នាក់​នោះ លោកនឹង​បង្ហាញ​ការ​ទាមទារ​មួយចំនួន​សម្រាប់​ប្រយោជន៍​កម្មករ កម្មការិនី​ក្នុង​វិស័យ​វាយនភណ្ឌ​ដែរ។

ការទាមទារ​ប្រាក់ឈ្នួល​ឱ្យដល់​១៥០​ដុល្លារ​យ៉ាងតិច ប្រាក់​អាហារ​៣ពេល​តម្លៃ​៣​ដុល្លារ ស្នើរឱ្យ​រដ្ឋាភិបាល​បញ្ឈប់មិនឱ្យ​មាន​មន្ត្រី​ការពារ​នៅ​ពីក្រោយ​រោងចក្រ ស្នើឱ្យ​ក្រុមហ៊ុន​តំកល់ប្រាក់អតីតភាព​ការងារ ទាមទរឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​ប្រើប្រាស់​កិច្ច​សន្យា​រយៈ​ពេល​ខ្លី ដែល​ធ្វើឱ្យខាត​បង់​ប្រយោជន៍​របស់​កម្មករ និង​ចុងក្រោយ​គឺ​ការ​ស្នើឱ្យរដ្ឋាភិបាល​បញ្ចប់​ជម្លោះ​នៅ​ក្នុង​រោងចក្រ SL។ ចំពោះ​លោក​អាត់ ធន់​ ទាំង​នេះ​គឺ​ជា​ការ​ទាមទារ​ច្បាស់លាស់​របស់​សហជីព​លោក​នៅ​ថ្ងៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ។

ក្នុង​ថ្ងៃទិវា​១០ធ្នូ​ខាង​មុន​នេះ ក្រុមប្រឹក្សា​សហជីពជាតិ​កម្ពុជា​របស់​លោក​សោម អូន​ ក៏​គ្រោង​រៀបចំ​កម្មវិធី​ជួបជុំ​មួយ​ចំនួន​ដែរ។ សម្រាប់ប្រធាន​សហជីព​ដែល​មាន​សម្មានចិត្ត​ចំពោះ​រដ្ឋាភិបាល​​នេះ ការ​ជួបជុំ​មីទ្ទីងរម្លឹក​ថ្ងៃ​ទិវា​សិទ្ធិមនុស្ស​ពិភពលោក និង​អនុញ្ញាត​ឱ្យកម្មករ​ឡើង​ថ្លែងសារ​សំណូមពរ​ស្តីអំពី​ការ​សិទ្ធិការងារ​ នឹងត្រូវ​គេ​គ្រោង​រៀបចំ​ឡើង។

គណបក្ស​សង្គ្រោះជាតិ​ឯណោះ​វិញ ក៏​គ្រោង​នឹង​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ​នេះ​ដែរ ក្រោមប្រធាន​បទ​ទាមទារ​ស្វែងរក​យុត្តិធម៌​ឱ្យ​កម្មករ​រងគ្រោះ​ដោយ​អំពើ​ហិង្សា​របស់​កម្មករ​រោងចក្រ​ SL។ ប៉ុន្តែ ចំពោះ​លោក អាត់ ធន់ ថ្វីដ្បិត​ប្រធាន​បទ​នៃ​ការ​រៀបចំ​ទិវាសិទ្ធិមនុស្ស​របស់​គណបក្ស​សង្គ្រោះជាតិ មានទាក់ទងនឹង​បញ្ហា​របស់​រោងចក្រ SL ពិត​មែន ប៉ុន្តែ​លោកអាត់ ធន់​និយាយ​ថា លោក​មិនដឹងថា តើ​គណបក្ស​សង្គ្រោះជាតិ​នឹង​រៀបចំ​ពិធី​នោះ​ដាច់​ដោយឡែក​តែ​ឯង ឬ​ចូលរួម​ជាមួយ​ក្រុម​អង្គការ​សមាគម​សិទ្ធិមនុស្ស​​នោះឡើយ។

គួរ​បញ្ជាក់​ថា​ ក្នុង​រយៈពេល​នៃ​ការ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​វត្ត​នានា​នៅ​តាមបណ្តា​ខេត្ត លោក សម រង្ស៊ី និង​លោកកឹម​សុខា​ ប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​តែ​បាន​ថ្លែង​សារ​ទៅ​កាន់​អ្នកគាំទ្រ​អំពាវនាវ​ឱ្យ​ពួកគេ​ចូលរួម​ធ្វើ​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ទៀ​ត​ក្នុង​ពេល​ខាង​មុខ។ ជា​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោតដដែល៕

No comments: