RFA/Den Ayuthyea |
ដោយ ហង្ស សាវយុត RFA 2013-11-18
ការព្រួយបារម្ភ គឺបន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រមសម្រេចឱ្យដីនៅជុំវិញ ប្រាសាទព្រះវិហារ ស្ថិតនៅក្រោមអធិបតេយ្យភាពកម្ពុជានោះ ថាអាចនឹងធ្វើឱ្យថៃ អាក់អន់ស្រពន់ចិត្ត។
ទោះជាយ៉ាងណា ទីភ្នាក់ងារទេសចរណ៍ឯកជន និងមន្ត្រីរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបកស្រាយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិជុំវិញរឿងជម្លោះព្រំដែនខ្មែរ-ថៃ នៅជិតប្រាសាទព្រះវិហារ កាលពីពេលថ្មីៗ មិនធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តជនជាតិថៃ ជាច្រើន ដែលចង់មកធ្វើទេសចរណ៍នៅកម្ពុជាទេ។
ទីភ្នាក់ងារទេសចរណ៍ផ្នែកឯកជន បានឱ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៍ចុងក្រោយនេះ ចំនួនជនជាតិថៃ ដែលចូលមកទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅតែកើនឡើង។
តំណាងទីភ្នាក់ងារទេសចរណ៍ គ្រេនដ៍ ប៊ុកឃីង (Grand Booking) គឺលោក តេះ កុសល។ លោកបានមានប្រសាសន៍កាលពីល្ងាចថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ថា ជនជាតិថៃ ជាច្រើននៅតែចុះឈ្មោះមកធ្វើទេសចរណ៍នៅខេត្តសៀមរាប តាមរយៈក្រុមហ៊ុនរបស់លោក។
បុរសដដែលបានបញ្ជាក់ថា លោកមិនទាន់កត់សម្គាល់ឃើញថា ចំនួនអ្នកទេសចរជនជាតិថៃ បានថយចុះដោយសារតែតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលក្រមរឿងជម្លោះព្រំដែននៅជិតប្រាសាទព្រះវិហារនោះទេ បើទោះបីជាការបកស្រាយនោះ បានផ្ដល់ប្រយោជន៍មកឱ្យកម្ពុជាក៏ដោយ៖ «ភ្ញៀវដែលចុះឈ្មោះហើយសុទ្ធតែមានសកម្មភាពធម្មតា អត់មានការលុបចោល ឬក៏មានការផ្អាកដំណើរ គឺអត់ទាន់មានទេ ប៉ុន្តែគ្រាន់តែថា សកម្មភាពដែលត្រូវកក់ (Booking) ថ្មីមក វាអត់ទាន់មាន។ ជនជាតិថៃ កាលពីម្សិលម្ង៉ៃ ខ្ញុំទើបតែនាំចេញទៅ ១ក្រុម ចូលតាមច្រកប៉ោយប៉ែត ហើយក៏ចេញទៅវិញ ច្រកអូរស្មាច់»។
ចំណែកមន្ត្រីមន្ទីរទេសចរណ៍ក៏បានអះអាងប្រហាក់ប្រហែលគ្នាថា ចំនួនជនជាតិថៃ ដែលមកទស្សនាកម្ពុជា នៅតែកើនឡើង។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍ថា អ្នកទេសចរណ៍ជនជាតិថៃ នៅតែបន្តចូលមកទស្សនាប្រាសាទអង្គរវត្តខេត្តសៀមរាប។
លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា ចំនួនជនជាតិថៃ ដែលចូលមកទស្សនាខេត្តសៀមរាប ក្នុងឆ្នាំ២០១៣ មានការកើនឡើងជាងកាលពីឆ្នាំ២០១២ កន្លងទៅ៖ «នៅតែមាន ខេត្តសៀមរាប យើងល្អតើ! ភ្ញៀវមកធម្មតា។ កើនតើ!»។
ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៣ អ្នកទេសចរជនជាតិថៃ ដែលចូលមកទស្សនាកម្ពុជា មានចំនួនប្រមាណជាង ១៦ម៉ឺន ៤ពាន់នាក់។ ចំនួននេះបានកើនឡើង ៧១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២ កន្លងទៅ។
ចំណែកអ្នកវិយោគទុនមួយចំនួនបានមើលឃើញថា សក្ដានុពលនៃពាណិជ្ជកម្មរវាងកម្ពុជា-ថៃ គឺមានការប្រែប្រួលខ្លះៗ ទៅតាមស្ថានភាពនយោបាយនៃប្រទេសទាំងពីរ ក៏ប៉ុន្តែការដោះស្រាយជម្លោះព្រំដែននៅជិតតំបន់ព្រះវិហារដោយពិតប្រាកដ នឹងផ្ដល់ផលប្រយោជន៍ល្អដល់វិស័យពាណិជ្ជកម្មកម្ពុជា-ថៃ៕
No comments:
Post a Comment