Wednesday, November 20, 2013
ប្រមុខបក្សប្រឆាំងចុះជួបអ្នកគាំទ្របន្ទាប់ពីប្រកាសធ្វើបាតុកម្មជាថ្មីនៅថ្ងៃទី១០ធ្នូ
ដោយ លី ម៉េងហួរ rfi, អត្ថបទចុះផ្សាយនៅថ្ងៃ ពុធ 20 វិច្ឆិកា 2013
បន្ទាប់ពីប្រកាសធ្វើបាតុកម្មជាថ្មី នៅថ្ងៃទី១០ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បានបន្តចុះជួបសកម្មជន ដើម្បីគៀងគរ ប្រមូលកម្លាំងអ្នកគាំទ្រ ឡើងមកធ្វើបាតុកម្មជាថ្មី នៅថ្ងៃទី១០ធ្នូ នៅរាជធានីភ្នំពេញ។ នៅថ្ងៃទី២០ និងថ្ងៃទី២១វិច្ឆិកានេះ លោកសម រង្ស៊ី និងលោកកឹមសុខា ត្រូវចុះទៅជួបសកម្មជន នៅខេត្តព្រៃវែង និងខេត្តស្វាយរៀង។
បន្ទាប់ពីហែកឋិន ជួបសំណេះសំណាលជាបន្តបន្ទាប់ជាមួយក្រុមអ្នកគាំទ្រ លោក សម រង្ស៊ី និងលោកកឹមសុខា បានរួមដំណើរគ្នា ចុះជួបប្រជាពលរដ្ឋ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់បក្សប្រឆាំង នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ នៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង។ តាមកម្មវិធី នៅពេលរសៀល មេបក្សប្រឆាំងទាំងពីរ ក៏ត្រូវជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
តាមកម្មវិធី នៅថ្ងៃទី២១ ខែវិច្ឆិកា វេលាម៉ោង ៨ ព្រឹក លោក សមរង្ស៊ី និងលោក កឹម សុខា នឹងបន្តជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅក្រុងស្វាយរៀង ជាប់ព្រំដែនវៀតណាម។ លុះដល់ម៉ោង ២ រសៀល លោកទាំងពីរ នឹងជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅឃុំគ្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ដំណើរចុះមូលដ្ឋានជួបសកម្មជនអ្នកគាំទ្ររបស់មេបក្សប្រឆាំង នាពេលនេះ បានធ្វើឡើង នៅពេលដែលគណបក្សសង្គ្រោះជាតិ បានប្រកាសកំណត់ យកថ្ងៃ១០ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ ជាថ្ងៃធ្វើបាតុកម្មជាថ្មី នៅភ្នំពេញ។ ជាបាតុកម្ម ដែលលោកកឹមសុខា ឲ្យដឹងថា ដើម្បីតវ៉ារកយុត្តិធម៌សម្រាប់អ្នកបោះឆ្នោត និងទាមទារយុត្តិធម៌សម្រាប់បាតុករ ដែលត្រូវបានបាញ់សម្លាប់ និងបង្ក្រាប ក្នុងបាតុកម្មកន្លងមក។
លោក កឹមសុខា បានបញ្ជាក់ថា បាតុកម្មអហិង្សាជាថ្មីរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ធ្នូខាងមុខ នឹងធ្វើឡើង នៅទីលានប្រជាធិបតេយ្យ ហើយមានទាំងការដើរហែក្បួន តាមដងផ្លូវផងដែរ។ ប៉ុន្តែមកដល់ថ្ងៃនេះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ កំពុងតែប្រជុំជជែកបន្ថែម អំពីគម្រោងដឹកនាំបាតុកម្មតវ៉ាជាថ្មីនោះ ដើម្បីកុំឲ្យជាន់គ្នា នឹងក្រុមអង្គការសមាគមសិទ្ធិមនុស្ស ព្រមទាំងសហជីព ដែលនឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ នៅភ្នំពេញ។
ការកំណត់ថ្ងៃធ្វើបាតុកម្មជាថ្មីរបស់គណបក្សសង្គ្រោះជាតិ នាថ្ងៃទី១០ធ្នូ ត្រូវបានលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមានជាមុនថា បើសិនជាការតវ៉ារបស់គណបក្សប្រឆាំង ជ្រុលហួស និងមិនមានសុំច្បាប់ ឬក៏ប្រមូលកម្លាំងបង្កចលាចលអ្វីមួយ នោះរដ្ឋាភិបាល នឹងមានវិធានការទប់ស្កាត់ ជាមិនខាន។
ចាប់តាំងពីថ្ងៃបោះឆ្នោត ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសមរង្ស៊ី និងលោកកឹមសុខា បានធ្វើបាតុកម្ម ៣ លើករួចមកហើយ ដើម្បីតវ៉ានឹងលទ្ធផលបោះឆ្នោត។ បាតុកម្មរបស់បក្សប្រឆាំង ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ មានទាំងទ្រង់ទ្រាយធំ ៣ យប់ ៣ ថ្ងៃ ចំនួន ២ លើក ដោយមានទាំងការដើរហែក្បួន តាមផ្លូវថែមទៀត។ បាតុកម្មទាំងនោះ មិនមានអំពើហិង្សាកើតឡើង ដែលបង្កជាការប៉ះទង្គិចរវាងអាជ្ញាធរសមត្ថកិច្ចប៉ូលិសប៉េអឹម ជាមួយនឹងក្រុមបាតុកររបស់បក្សប្រឆាំងនោះឡើយ៕
Subscribe to:
Post Comments (Atom)
2 comments:
We can't sleep and waiting the justice and freedom drop from the sky. If we don't find the justice for to day. The injustice will come back again and again for ever. We have to find the justice for to day for our self and for our next generation.If it has no justice and freedom our live look like in the darkness.
អ្នកនាំពាក្យបក្សប្រឆាំងរូបនេះបានបញ្ជាក់ថា ការធ្វើបាតុកម្មនេះមិនមានបំណងណាមួយចង់ទម្លាក់រដ្ឋាភិបាលដូចអ្វីដែលគេធ្លាប់លើកឡើងនោះឡើយ...What do this means???
This means just for $$$$$$$$ 0.77.
Post a Comment