Wednesday, November 20, 2013

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ប្រកាស​ពហិការ​មិន​ចូលប្រជុំ​អនុម័ត​ច្បាប់​ថវិកា


ព្រឹទ្ធសភា​កម្ពុជា,  ដោយ ប៉ែន បូណា rfi
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 20 វិច្ឆិកា 2013

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​ចំនួន ១១រូប បាន​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​បដិសេធ​មិន​ចូលប្រជុំ​ដើម្បី​អនុម័ត​ច្បាប់​ថវិកា​ដែល​ព្រឹទ្ធសភា​គ្រោង​បើក​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ​ទេ។ ពួកគេ​បានផ្តល់​ហេតុផល​ថា រដ្ឋសភា​និង​រដ្ឋាភិបាល​ដែល​បង្កើតឡើង​ដោយ​គណបក្ស​ប្រជាជន​ម្នាក់ឯង​គឺ​គ្មាន​ធម្មនុញ្ញភាព​ឡើយ។ ពហិការ​មិន​ចូលប្រជុំ​ពី​សំណាក់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បាន កើតឡើង​ខណៈដែល​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​នៅ​មិនទាន់​អាច​ដោះស្រាយបាន។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ទាំង ១១រូប​បានប្រកាសថា ខ្លួន​នឹងមិន​ចូលប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២១ វិច្ឆិកា​នេះ​ទេ។ ការប្រកាស​មិន​ចូលប្រជុំ​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បាន​ធ្វើឡើង​ខណៈដែល​ព្រឹទ្ធសភា​គ្រោង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​មួយចំនួន​ក្នុងនោះ​ក៏មាន​ច្បាប់​ស្តីពី​ថវិកាជាតិ​ឆ្នាំ ២០១៤ ដែល​រដ្ឋសភា​ទើបតែ​បានអនុម័ត​កាលពី​ថ្ងៃទី ១២វិច្ឆិកា។

សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បាន​លើក​ហេតុផល​ថា ការបង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ឯក​បក្ស​បាន​ល្មើស​ទៅនឹង​រដ្ឋធម្មនុញ្ញ​និង​មិន​ស្របច្បាប់​ឡើយ។ ដូច្នេះ ពួកគេ​មិន​ចូលប្រជុំ​ព្រឹទ្ធសភា​ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​ដែល​រដ្ឋសភា​ឯក​បក្ស​បានអនុម័ត​នោះឡើយ។

គួរ​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​តំណាងរាស្ត្រ​ជាប់ឆ្នោត ៥៥ រូប​បានធ្វើ​ពហិការ​មិន​ចូលប្រជុំ​សភា​រហូតមក​ក្រោម​ហេតុផល​ថា មាន​ភាពមិនប្រក្រតី​ជាច្រើន​ក្នុងពេល​បោះឆ្នោត​កាលពី​ថ្ងៃទី ២៨ កក្កដា។ គណបក្សប្រឆាំង​ដែលជា​ការរួមបញ្ចូល​គ្នា​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នៅតែ​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​ភាពមិនប្រក្រតី​ទាំងនោះ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​មិន​យល់ព្រម​ឡើយ។ គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​ហៅ​រដ្ឋសភា​ថា​មិន​ស្របច្បាប់​ដែរ។

ឆ្លងកាត់​មហា​បាតុកម្ម៣លើក និង​ការចរចា​គ្នា​ជា​បន្តបន្ទាប់ គណបក្ស​ទាំងពីរ​ក៏​នៅតែ​មិនអាច​រក​ច្រក​ចេញពី​វិបត្តិ​នយោបាយ​បាន​ដដែល។ ទីបំផុត គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​គម្រោង​ធ្វើ​មហា​បាតុកម្ម​ម្តងទៀត​នៅ​ថ្ងៃទី១០ធ្នូ​ខាងមុខ។ ការប្រកាស​ធ្វើពហិការ​មិន​ចូលប្រជុំ​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​នៅពេលនេះ​ជា​សញ្ញា​ថ្មី​ទៀត​នៃ​ការមិនចុះសម្រុង​គ្នា​នៅក្នុង​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត​ទាំងពីរ​ថ្នាក់។

ប៉ុន្តែ ពហិការ​នេះ​មិនបាន​បង្ក​ការរាំងស្ទះ​ដល់​ដំណើរការ​កិច្ចប្រជុំ​ទេ។ សេចក្តីព្រាងច្បាប់​ថវិកា​ក៏​ត្រូវបាន​រដ្ឋសភា​អនុម័ត​ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​ស​ង្រោះ​ជាតិ​ដែរ៕

1 comment:

Anonymous said...

If you don't stand up and find the justice,freedom for to day,the injustice will come back again and again for ever. We can't sleep and waiting justice and freedom drop from sky. We have to find justice and freedom to day for our self and for our next generation.