Wednesday, November 20, 2013

លោក​សមរង្ស៊ី ប្រកាសប្រាប់​សកម្មជន​ថា មិន​ចូលប្រជុំ​រដ្ឋសភា និង​អំពាវនាវ​ឲ្យ​ធ្វើបាតុកម្ម​តវ៉ា​


(ថ្ងៃទី 20 វិច្ឆិកា 2013, ម៉ោង 05:24:PM) | ដោយ: លី សិលា CEN​

ភ្នំពេញ: ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ នៅ​ទី​រួម​ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៣ លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​ពី​ជំហរ​ដាច់ខាត​ថា បេក្ខជន​ជាប់ឆ្នោត​ទាំង ៥៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលប្រជុំ​រដ្ឋសភា ជាដាច់ខាត​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិទាំងអស់ អត់ធ្មត់ ហើយ​ធ្វើបាតុកម្ម​តវ៉ា​គ្រប់​ទីកន្លែង​។​

​ចំពោះមុខ​លោក​កឹម​សុខា និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់ នៅ​ខេត្តព្រៃវែង លោក​សមរង្ស៊ី បានប្រកាសថា "​យើង​អត់​ចូល​ដាច់ខាត​។ បើ​ចូល មានតែ​ជួយ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​។ អីចឹង យើង​អត់ធ្មត់ ហើយ​ធ្វើបាតុកម្ម​តវ៉ា នៅ​គ្រប់​ទីកន្លែង ដើម្បី​ទាមទារ​ឲ្យ​អន្តរជាតិ ដាក់​គំនាប​លើ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​"​។​
​សេចក្តីប្រកាស​របស់លោក សមរង្ស៊ី ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​គណបក្ស​សង្គ្រោះ​ជាតិ បានកំណត់​យក​ថ្ងៃ​១០​ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ធ្វើបាតុកម្ម​អហិង្សា ជាថ្មីទៀត នៅ​ទីលាន​ប្រជាធិបតេយ្យ និង​មាន​ទាំង​ការដើរ​ហែ​ក្បួន​ផង​។​

​លោក ទិ​ត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​ជំហរ​ចុងក្រោយ​របស់លោក​សមរ​ង្ស៊ី ដែល​មិន​ព្រម​ឲ្យ​បេក្ខជន​ជាប់ឆ្នោត គណបក្ស​សង្គ្រោះ​ជាតិ ចូលកាន់​តំណែង នៅ​រដ្ឋសភា ថា​ជាការ​បង្ហាញ​នូវ​ភាព​រឹងរូស របស់​មេបក្ស​ប្រឆាំង ដែល​មិន​ដង្ហែ​តាម​ព្រះមហាក្សត្រ ដូច​អ្វីដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​សមរង្ស៊ី បានប្រកាសថា ដង្ហែ​តាម​ព្រះរាជតម្រិះ​របស់​ព្រះមហាក្សត្រ​។​

លោក ទិ​ត សុធា បាន​បញ្ជាក់ថា "​អ្វីដែល​ជាការ​លើកឡើង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង គ្រាន់តែ​ជា​ភាព​ឡប់ឡែ​ខាង​នយោបាយ និង​បាន​ដើរ​ផ្ទុយ​ពីអ្វី​ដែល​ខ្លួន បាន​និយាយ​។ យើង​ក៏​កត់សម្គាល់ថា មកដល់​ម៉ោង​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​បំពេញ​កាតព្វកិច្ច ជា​តំណាងរាស្ត្រ​ឲ្យ​បាន​ស្របច្បាប់​នៅឡើយ​ទេ ដោយ​មិនទាន់​ចូល​ស្បថ ដើម្បី​ចូល​សភា ហើយក៏​មិនទាន់បាន​បំពេញ​តួនាទី នូវ​អ្វីដែល​ជាការ​ចង់បានរ​បស់​ប្រជាពលរដ្ឋ​នោះទេ​"​។​
​លោក ទិ​ត សុធា ក៏បាន​ច្រានចោល​នូវ​ការលើកឡើង​របស់​មេបក្ស​ប្រឆាំង ដែលថា ការមិន​ចូលរួម​កាន់តំណែង​រប​ស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ នាំ​ឲ្យ​រដ្ឋសភា និង​រាជរដ្ឋាភិបាល មិនអាច​ដំណើរការ​ទៅដោយ​ពេញលេញ និង​ដោយ​ខុសច្បាប់​នោះ​។​

​លោក ទិ​ត សុធា បាន​គូសបញ្ជាក់ថា "​ផ្ទុយ​ពី​ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម សមរង្ស៊ី​។ យើង​ឃើញថា ដំណើរការ​របស់​រាជ​រដ្ឋាភិបាល​ក្តី របស់​សភា​ក្តី មិនមាន​អ្វី​ជា​ឧ​ប​ស័គ្គ ជា​វិបត្តិ ជា​ភាព​រាំងស្ទះ ដល់​កិច្ចការងារ​របស់ខ្លួន​នោះទេ​។ យើង​ដឹង​ហើយ​ថា សភា មានការ​ប្រជុំ​ជា​បន្តបន្ទាប់ ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ក៏​ដំណើរការ បាន និង​កំពុង​ឆ្ពោះទៅមុខ ហើយ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៥ នេះ បាន និង​កំពុងធ្វើការ​បំពេញ​កិច្ចការងារ​របស់ខ្លួន ស្របទៅតាម​ច្បាប់ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ផ្សេងៗ បាន​ចូលជួប​សម្តែង​ការគួរសម និង​មាន​កិច្ចសហប្រតិបត្តិការ​ជាច្រើន​។ ដូច​យើង​បានដឹង​ហើយ គឺមាន​ច្រើន​ប្រទេស​ណាស់ បាន និង​កំពុង​សហប្រតិបត្តិការ ជាមួយនឹង​រាជរដ្ឋាភិបាល ស្របច្បាប់​នេះ​។ ដូច្នេះ អ្វីដែល​ជាការ​លើកឡើង​ខាង​សង្គ្រោះ​ជាតិ​នេះ គឺ​វា​មិនមាន​ជា​ឧ​ប​ស័គ្គ​ណាមួយ ឬក៏​រាំងស្ទះ​ដល់​ដំណើរ​ការវិវត្ត​ទៅមុខ នៃ​កិច្ចការងារ​របស់​រដ្ឋា​ភិ​បាល និង​រដ្ឋសភា នោះទេ​"៕

3 comments:

Anonymous said...

Hanoi stay behind Hun Sen every time to find the trick to destroy Khmer. So Sam Rainsy and Kem Sokha don't let your self to be the tool of Hanoi and Hun Sen to destroy Khmer. Good luck you both.

Anonymous said...

អ្ន​ក​នាំ​ពាក្យ​​បក្ស​ប្រឆាំង​​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ធ្វើ​បាតុ​កម្ម​នេះ​មិន​មាន​បំណង​ណាមួយ​ចង់​ទម្លាក់​រដ្ឋា​ភិបាល​ដូច​អ្វីដែល​​គេ​ធ្លាប់​លើក​ឡើង​នោះ​ឡើយ...What do this means???

Anonymous said...

Thie means just for $$$$$$$$ 0.77.