Wednesday, November 20, 2013
លោកសមរង្ស៊ី ប្រកាសប្រាប់សកម្មជនថា មិនចូលប្រជុំរដ្ឋសភា និងអំពាវនាវឲ្យធ្វើបាតុកម្មតវ៉ា
(ថ្ងៃទី 20 វិច្ឆិកា 2013, ម៉ោង 05:24:PM) | ដោយ: លី សិលា CEN
ភ្នំពេញ: ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ នៅទីរួមខេត្តព្រៃវែង នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៣ លោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសពីជំហរដាច់ខាតថា បេក្ខជនជាប់ឆ្នោតទាំង ៥៥ រូប របស់គណបក្សសង្គ្រោះជាតិ មិនចូលប្រជុំរដ្ឋសភា ជាដាច់ខាត។ លោកក៏បានអំពាវនាវឲ្យសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ អត់ធ្មត់ ហើយធ្វើបាតុកម្មតវ៉ាគ្រប់ទីកន្លែង។
ចំពោះមុខលោកកឹមសុខា និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅខេត្តព្រៃវែង លោកសមរង្ស៊ី បានប្រកាសថា "យើងអត់ចូលដាច់ខាត។ បើចូល មានតែជួយដល់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ អីចឹង យើងអត់ធ្មត់ ហើយធ្វើបាតុកម្មតវ៉ា នៅគ្រប់ទីកន្លែង ដើម្បីទាមទារឲ្យអន្តរជាតិ ដាក់គំនាបលើរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា"។
សេចក្តីប្រកាសរបស់លោក សមរង្ស៊ី ខាងលើនេះ បានធ្វើឡើង ខណៈដែលគណបក្សសង្គ្រោះជាតិ បានកំណត់យកថ្ងៃ១០ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ ដើម្បីធ្វើបាតុកម្មអហិង្សា ជាថ្មីទៀត នៅទីលានប្រជាធិបតេយ្យ និងមានទាំងការដើរហែក្បួនផង។
លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកជំហរចុងក្រោយរបស់លោកសមរង្ស៊ី ដែលមិនព្រមឲ្យបេក្ខជនជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ចូលកាន់តំណែង នៅរដ្ឋសភា ថាជាការបង្ហាញនូវភាពរឹងរូស របស់មេបក្សប្រឆាំង ដែលមិនដង្ហែតាមព្រះមហាក្សត្រ ដូចអ្វីដែលគណបក្សសង្គ្រោះជាតិ និងលោកសមរង្ស៊ី បានប្រកាសថា ដង្ហែតាមព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ។
លោក ទិត សុធា បានបញ្ជាក់ថា "អ្វីដែលជាការលើកឡើងរបស់គណបក្សសង្គ្រោះជាតិហ្នឹង គ្រាន់តែជាភាពឡប់ឡែខាងនយោបាយ និងបានដើរផ្ទុយពីអ្វីដែលខ្លួន បាននិយាយ។ យើងក៏កត់សម្គាល់ថា មកដល់ម៉ោងនេះ គណបក្សសង្គ្រោះជាតិ មិនបានបំពេញកាតព្វកិច្ច ជាតំណាងរាស្ត្រឲ្យបានស្របច្បាប់នៅឡើយទេ ដោយមិនទាន់ចូលស្បថ ដើម្បីចូលសភា ហើយក៏មិនទាន់បានបំពេញតួនាទី នូវអ្វីដែលជាការចង់បានរបស់ប្រជាពលរដ្ឋនោះទេ"។
លោក ទិត សុធា ក៏បានច្រានចោលនូវការលើកឡើងរបស់មេបក្សប្រឆាំង ដែលថា ការមិនចូលរួមកាន់តំណែងរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នាំឲ្យរដ្ឋសភា និងរាជរដ្ឋាភិបាល មិនអាចដំណើរការទៅដោយពេញលេញ និងដោយខុសច្បាប់នោះ។
លោក ទិត សុធា បានគូសបញ្ជាក់ថា "ផ្ទុយពីការលើកឡើងរបស់ឯកឧត្តម សមរង្ស៊ី។ យើងឃើញថា ដំណើរការរបស់រាជរដ្ឋាភិបាលក្តី របស់សភាក្តី មិនមានអ្វីជាឧបស័គ្គ ជាវិបត្តិ ជាភាពរាំងស្ទះ ដល់កិច្ចការងាររបស់ខ្លួននោះទេ។ យើងដឹងហើយថា សភា មានការប្រជុំជាបន្តបន្ទាប់ ទោះបីជាគណបក្សសង្គ្រោះជាតិក៏ដោយ ក៏ដំណើរការ បាន និងកំពុងឆ្ពោះទៅមុខ ហើយរាជរដ្ឋាភិបាល អាណត្តិទី៥ នេះ បាន និងកំពុងធ្វើការបំពេញកិច្ចការងាររបស់ខ្លួន ស្របទៅតាមច្បាប់ ហើយមានទំនាក់ទំនងជាមួយបណ្តាប្រទេសផ្សេងៗ បានចូលជួបសម្តែងការគួរសម និងមានកិច្ចសហប្រតិបត្តិការជាច្រើន។ ដូចយើងបានដឹងហើយ គឺមានច្រើនប្រទេសណាស់ បាន និងកំពុងសហប្រតិបត្តិការ ជាមួយនឹងរាជរដ្ឋាភិបាល ស្របច្បាប់នេះ។ ដូច្នេះ អ្វីដែលជាការលើកឡើងខាងសង្គ្រោះជាតិនេះ គឺវាមិនមានជាឧបស័គ្គណាមួយ ឬក៏រាំងស្ទះដល់ដំណើរការវិវត្តទៅមុខ នៃកិច្ចការងាររបស់រដ្ឋាភិបាល និងរដ្ឋសភា នោះទេ"៕
Subscribe to:
Post Comments (Atom)
3 comments:
Hanoi stay behind Hun Sen every time to find the trick to destroy Khmer. So Sam Rainsy and Kem Sokha don't let your self to be the tool of Hanoi and Hun Sen to destroy Khmer. Good luck you both.
អ្នកនាំពាក្យបក្សប្រឆាំងរូបនេះបានបញ្ជាក់ថា ការធ្វើបាតុកម្មនេះមិនមានបំណងណាមួយចង់ទម្លាក់រដ្ឋាភិបាលដូចអ្វីដែលគេធ្លាប់លើកឡើងនោះឡើយ...What do this means???
Thie means just for $$$$$$$$ 0.77.
Post a Comment