Sunday, November 17, 2013

ស្ថាប័ន​ហិរញ្ញវត្ថុ​ប្រតិកម្ម​នឹង​របាយការណ៍​របស់​ធនាគារ​ពិភពលោក


http://www.worldbank.org
ការ​កម្ចី​ប្រាក់​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ ទាំង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់ បាន​ផ្ដល់​ប្រាក់​កម្ចី​មាន​តម្លៃ ៧​ពាន់​លាន​ដុល្លារ​អាមេរិក ដល់​ប្រជាពលរដ្ឋ​ជាង ៥០% ក្នុង​មួយ​ឆ្នាំ។ ទឹក​ប្រាក់​កម្ចី​នេះ បង្ហាញ​ថា ស្ថានភាព​អាជីវកម្ម​នៅ​កម្ពុជា មាន​ការ​រីក​ចម្រើន និង​ចូល​រួម​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ។

ដោយ អាន ស៊ីថាវ RFA 2013-11-16

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​អះអាង​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ គឺ​ផ្ទុយ​ពី​របាយការណ៍​របស់​ធនាគារ​ពិភពលោក ដែល​បាន​រក​ឃើញ​ថា ស្ថានភាព​ប្រជាពលរដ្ឋ​ប្រមាណ​តែ ៤% ប៉ុណ្ណោះ ទទួល​បាន​សេវា​ហិរញ្ញវត្ថុ។

ការ​រីក​ចម្រើន​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា បាន​លូតលាស់​យ៉ាង​ឆាប់​រហ័ស។ វិស័យ​ហិរញ្ញវត្ថុ​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​លើក​កម្ពស់​ចំណូល​ប្រជាពលរដ្ឋ តាម​រយៈ​ការ​ទទួល​បាន​ប្រាក់​កម្ចី​សម្រាប់​អភិវឌ្ឍ​អាជីវកម្ម និង​បង្កើត​មុខ​របរ​នានា។

ប្រធាន​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ចំនួន បាន​អះអាង​ថា តួនាទី​របស់​វិស័យ​ហិរញ្ញវត្ថុ​បាន​ចូល​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ និង​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ការ​រីក​ចម្រើន​ការ​ផ្ដល់​ប្រាក់​កម្ចី។

ស្រប​ពេល​ជាមួយ​គ្នា​នេះ របាយការណ៍​របស់​ធនាគារ​ពិភពលោក ដែល​ចេញ​ផ្សាយ​ប្រចាំ​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា ការ​ទទួល​បាន​ឥណទាន​នៅ​ប្រទេស​កម្ពុជា មាន​កម្រិត​នៅ​ឡើយ មាន​ន័យ​ថា ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៤% ដែល​មាន​គណនី​ផ្ទាល់​ខ្លួន​នៅ​ក្នុង​ស្ថាប័ន​ហិរញ្ញវត្ថុ ក្នុង​នោះ​មាន​ប្រមាណ ១% ប៉ុណ្ណោះ ដែល​ប្រើប្រាស់​គណនី​នោះ​ទៀង​ទាត់។ អត្រា​ប្រជាពលរដ្ឋ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​នៅ​កម្ពុជា មាន​កម្រិត​ទាប​ជាង​គេ បើ​ធៀប​នឹង​ប្រទេស​នានា​តំបន់​អាស៊ាន។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ទាប​ជាង​គេ​នេះ ដោយសារ​តែ​ប្រជាពលរដ្ឋ​មាន​ចំណេះ​ដឹង​តិចតួច ឬ​មិន​ទុក​ចិត្ត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។ ប៉ុន្តែ តំណាង​ខាង​ស្ថាប័ន​ហិរញ្ញវត្ថុ បាន​ច្រាន​ចោល​ការ​រក​ឃើញ​របស់​របាយការណ៍​ធនាគារ​ពិភពលោក​នេះ។

ប្រធាន​សមាគម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ​ជាង ៥០% បាន​ទទួល​ប្រាក់​កម្ចី​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់។ ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​សេវាកម្ម​ពី​ស្ថាប័ន​ហិរញ្ញវត្ថុ ដូច​ជា​តាម​អ្នក​ប្រើប្រាស់​កាត​ដក​ប្រាក់ អេ.ធី.អិម (ATM) ការ​បង់​ប្រាក់​តាម​ទូរស័ព្ទ និង​សេវាកម្ម​ផ្សេងៗ​ទៀត គឺ​មាន​បរិមាណ​ច្រើន​ជាង​ចំនួន​អ្នក​ដែល​ទទួល​បាន​ប្រាក់​កម្ចី។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ការ​ជឿជាក់ ឬ​ការ​ទុក​ចិត្ត​ប្រជាពលរដ្ឋ​លើ​ស្ថាប័ន​ហិរញ្ញវត្ថុ​ទាំងអស់ មាន​ការ​រីក​ចម្រើន​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ដោយសារ​តែ​សេវាកម្ម​របស់​វិស័យ​ហិរញ្ញវត្ថុ​នេះ ជា​ប្រភព​ទុន​សម្រាប់​ការ​បង្កើត​អាជីវកម្ម និង​បម្រើ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ដើម្បី​លើក​កម្ពស់​ប្រាក់​ចំណូល។

លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​បន្ត​ការ​ផ្ដល់​ប្រាក់​កម្ចី និង​លើក​កម្ពស់​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា ទាមទារ​ឲ្យ​ការ​ចូល​រួម​ពី​រដ្ឋាភិបាល និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ថា​វិស័យ​នេះ​បន្ត​ការ​រីក​ចម្រើន​ខ្លាំង​នៅ​ថ្ងៃ​អនាគត។

បន្ថែម​លើ​នេះ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា (Acleda Bank) លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​ថា ប្រតិបត្តិការ​ឥណទាន​របស់​ធនាគារ​នៅ​ក្នុង​ឆ្នាំ​២០១៣ សម្រេច​បាន ១.៤០០​លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​មាន​ចំនួន​ជាង ១.៥០០​លាន​ដុល្លារ​អាមេរិក។ ឥណទាន និង​ប្រាក់​កម្ចី​នេះ បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា ដែល​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​បាន​បរិមាណ​ច្រើន។ លោក​បញ្ជាក់​ថា ការ​រក​ឃើញ​របស់​ធនាគារ​ពិភពលោក គួរ​តែ​សិក្សា​ឡើង​វិញ ដោយសារ​តែ​ការ​រក​ឃើញ​នោះ គឺ​ខុស​នឹង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ។ បច្ចុប្បន្ន ប្រជាពលរដ្ឋ​យ៉ាង​ហោច​ណាស់ ១០% មាន​គណនី​នៅ​តាម​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ។

លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​បន្ថែម​ថា ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​កំពុង​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ ក្នុង​នោះ​ក៏​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រាជ​រដ្ឋាភិបាល ដើម្បី​គាំទ្រ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​នៅ​ប្រទេស​កម្ពុជា។

ទោះ​យ៉ាង​ណា​ក៏ដោយ របាយការណ៍​ហិរញ្ញវត្ថុ​ពិភពលោក ប្រចាំ​ឆ្នាំ​២០១៤ បាន​ស៊ើប​អង្កេត​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​ទាំងអស់​នៅ​លើ​ពិភពលោក។ ទិន្នន័យ​ដែល​យក​មក​សរសេរ​របាយការណ៍​នេះ បាន​ពី​បុគ្គលិក និង​មជ្ឈដ្ឋាន​ខាង​ក្រៅ។ ហើយ​ក្នុង​របាយការណ៍​នោះ ធនាគារ​ពិភពលោក បាន​អះអាង​ថា ការ​រក​ឃើញ​នោះ​មិន​ឆ្លុះ​បញ្ចាំង​ទស្សនៈ​របស់​ខ្លួន និង​រដ្ឋាភិបាល​របស់​ប្រទេស​ណា​មួយ​ឡើយ។

អ្នក​វិភាគ​ហិរញ្ញវត្ថុ និង​អ្នក​ស្រាវជ្រាវ​មួយ​ចំនួន បាន​អះអាង​ថា ធនាគារ​ពិភពលោក ត្រូវ​តែ​រក​ប្រភព​ឯកសារ​ច្បាស់​លាស់ ដើម្បី​វាយតម្លៃ​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ប្រទេស​នីមួយៗ​នៅ​លើ​ពិភពលោក ដូច​ជា​ប្រភព​មក​ពី​ស្ថាប័ន​ធនាគារ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​ជាតិ​របស់​ប្រទេស​នីមួយៗ។

របាយការណ៍​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​២០១៣ បាន​បង្ហាញ​ថា ប្រជាពលរដ្ឋ​ដែល​ខ្ចី ឬ​អ្នក​ដែល​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ពី​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន​ជិត ២​លាន​នាក់។ អ្នក​ដែល​ផ្ញើ​ប្រាក់​វិញ​មាន​ចំនួន ២​លាន ៣​សែន​នាក់ នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា មាន​ចំនួន​ជាង ១៤​លាន​នាក់ ឬ ៣​លាន​គ្រួសារ។ តួលេខ​នេះ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥០% ទទួល​ប្រាក់​កម្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់។

បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​ចំនួន​ស្ថាប័ន​ហិរញ្ញវត្ថុ និង​ធនាគារ​មាន​ប្រមាណ ៥០​ស្ថាប័ន និង​បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ប្រមាណ ៧​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ៕

No comments: