Sunday, November 17, 2013

ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​សុំ​ឲ្យ​អាជ្ញាធរ​ជួសជុល​ផ្លូវ​ខូច​ដោយសារ​ទឹក​ជំនន់


លំនៅឋាន​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ
 ដែល​រង​ការ​លិច​លង់​ដោយសារ​ទឹក​ជំនន់​មក​ពី​ប្រទេស​ថៃ
កាល​ពី​ថ្ងៃ​ទី៩ ខែ​សីហា ឆ្នាំ​២០១៣។ RFA/Soun Sophalmony
គ្រោះ​ធម្មជាតិ​ដោយសារ​ជំនន់​ទឹក​ភ្លៀង​នៅ​ឆ្នាំ​២០១៣​ បាន​ធ្វើ​ឲ្យ​ខូច​ខាត​ប្រព័ន្ធ​ផ្លូវ​ថ្នល់​ជា​ច្រើន​ខ្សែ។ ស្ពាន​ថ្នល់​ដែល​រង​ការ​ខូច​ខាត​ ហើយ​ពុំ​ទាន់​បាន​ជួសជុល​ឡើង​វិញ​ទាំង​នោះ​ កំពុង​បង្ក​ការ​លំបាក​ដល់​ការ​ធ្វើ​ចរាចរណ៍ ការ​ប្រកប​ជួញ​ដូរ​របស់​អ្នក​ស្រុក​ថែម​ទៀត។

ដោយ សួន សុផលមុន្នី RFA 2013-11-16

ជាក់​ស្ដែង​ អ្នក​ភូមិ​ជា​ច្រើន​ពាន់​គ្រួសារ​នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​ បាន​លើក​ឡើង​អំពី​ផល​លំបាក​នៅ​ពេល​ពួកគាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​លើ​កំណាត់​ផ្លូវ​ពីរ​កន្លែង​នៅ​ក្នុង​ភូមិ​ឋាន​របស់​ខ្លួន​រស់​នៅ។

ក្រុម​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​ ឲ្យ​ចុះទៅ​​ជួស​ជុល​កំណាត់​ផ្លូវ​នៅ​ជាប់​ស្ពាន​បែកបាក់​ពីរ​កន្លែង​ ដោយ​មួយ​កន្លែង​ឋិត​នៅ​ឃុំ​ស្រះ​ជីក និង​មួយ​កន្លែង​ទៀត​ឋិត​ក្នុង​ឃុំ​រហាល ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​ឆ្លង​កាត់​ទៅ​វិញ​ទៅ​មក​របស់​អ្នក​ស្រុក​នៅ​តំបន់​នោះ។

ការ​អំពាវនាវ​របស់​ស្រុក​នេះ​ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ជំនន់​ទឹក​ភ្លៀង​ដែល​បាន​ជន់​លិច​នៅ​តំបន់​​នោះ​ បាន​ស្រក​ចុះ​អស់​ទៅ​វិញ​ ប៉ុន្តែ​កំណាត់​ផ្លូវ​វាង​ស្ពាន​ពីរ​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ភ្នំស្រុក​ មាន​ការ​លំបាក​ខ្លាំង​ រថយន្ត​តូច​ធំ​មិន​អាច​បើកបរ​ឆ្លង​កាត់​បាន។

ក្រុម​អ្នក​ភូមិ​ទាំង​នោះ​ថ្លែង​នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ថា ការ​កាត់​ផ្ដាច់​ប្រព័ន្ធ​គមនាគមន៍​ទាំង​ពីរ​កន្លែង​នៅ​ក្នុង​មូលដ្ឋាន​ស្រុក​ភ្នំ​ស្រុក​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាកសិករ​ជួប​ការ​លំបាក​ ទាំង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ និង​មាន​ផល​ប៉ះពាល់​ដល់​តម្លៃ​កសិផល​ថែម​ទៀត៖ «ប្រជាពលរដ្ឋ​គ្នា​ធ្វើ​ផល​ដំណាំ​ស្រូវ​បាន​ហើយ ប៉ុន្តែ​ យ៉ាប់​រឿង​ផ្លូវ​ទៅ​អត់​រួច។ កាល​ពី​ទឹក​លិច​គេ​ធ្វើ​ស្ពាន​ទៅ​វា​ដាច់​កន្លែង​ស្ពាន អាជ្ញាធរ​ស្រុក​គាត់​អត់​ដោះស្រាយ​ឲ្យ​ទេ ឡាន​ឈ្មួញ​គេ​មក​ទិញ​ផលិតផល​ស្រូវ​យើង​ហ្នឹង វា​មក​អត់​រួច ជាប់​រអិល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ហ្នឹង​ចុះ​ថោក ហើយ​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ត្អូញត្អែរ​មែន​ទែន​រឿង​ផ្លូវ»។

កំណាត់​ផ្លូវ​ក្បែរ​ស្ពាន​ដែល​ខូចខាត​ពិបាក​ធ្វើ​ដំណើរ​ឆ្លង​កាត់​នោះ​មាន​ពីរ​កន្លែង។ មួយ​កន្លែង​ឋិត​នៅ​ក្នុង​ភូមិ​គោករំចេក ឃុំ​ស្រះជីក និង​មួយ​កន្លែង​ទៀត ឋិត​នៅ​ក្នុង​ភូមិ​ព្រៃមាន់ ឃុំ​រហាល។ កំណាត់​ផ្លូវ​ដែល​រង​ការ​ខូចខាត​ពិបាក​ធ្វើ​ដំណើរ​នេះ មួយ​កន្លែងៗ​មាន​ប្រវែង​ប្រហែល ៣០​ម៉ែត្រ​ដូច​គ្នា។

អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រះជីក ឲ្យ​ដឹង​ថា ស្ពាន​ខូចខាត​ទាំង​ពីរ​កន្លែង​នោះ​ ជា​គម្រោង​សាងសង់​របស់​មន្ទីរ​សាធារណៈ​ការ​និង​ដឹក​ជញ្ជូន​ រួម​ទាំង​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បន្ទាយមានជ័យ។ មន្ទីរ​ស្ថាប័ន​របស់​រដ្ឋ​ទាំង​ពីរ​នេះ​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​គម្រោង​ធ្វើ​ស្ពាន​ថ្នល់​ក្នុង​ស្រុក​ភ្នំស្រុក។ គម្រោង​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ចាក់​ថ្នល់​កៅស៊ូ​​បាន​ពាក់​កណ្ដាល​ផ្លូវ​ហើយ ​ប៉ុន្តែ​ដោយសារ​តែ​មាន​ជំនន់​ទឹក​ភ្លៀង​លិចលង់​មក​ ក៏​ផ្អាក​ទៅ​វិញ។

ចំណែក​ឯ​ស្ពាន​ទាំង​ពីរ​កន្លែង​ដែល​ត្រូវ​សាងសង់​ជាមួយ​ផ្លូវ​ថ្នល់​នោះ​ ក៏​ត្រូវ​គេ​រុះ​រើ​ចេញ​​ដើម្បី​សាង​សង់​ស្ពាន​ថ្មី​នោះ​ ត្រូវ​រាំង​ស្ទះ​ដោយសារ​តែ​ជំនន់​ទឹក​ភ្លៀង​បាន​ជន់​លិច។ នៅ​ក្នុង​រដូវ​ទឹក​លិច​​អ្នក​ស្រុក​បាន​យក​ក្ដារ​តម្រៀប​គ្នា​នៅ​លើ​ស្ពាន​ចាស់​ទាំង​ពីរ​នោះ​ឆ្លង​កាត់​ជា​បណ្ដោះអាសន្ន៖ «ស្ពាន​ហ្នឹង​នៅ​ឃុំ​គោករំចេក​មួយ ហើយ​មួយ​ទៀត​នៅ​ខាង​ទឹក​ដី​ភូមិ​ព្រៃមាន់ មួយ​កំណាត់​ស្ពាន​ដែល​ត្រូវ​វ៉ៃ​ស្ពាន​ចាស់​ចោល​ដើម្បី​ធ្វើ​ស្ពាន​ថ្មី ប៉ុន្តែ​ដល់​យើង​ធ្វើ​អត់​ទាន់​វា​ហូរ​ដាច់​ផ្លូវ​ដែល​គេ​ចាក់​វាង វា​ជួប​បញ្ហា​ប្រជាពលរដ្ឋ​ខ្ញុំ​នៅ​ស្រូវ​ច្រើន ស្រូវ​ចាស់​ពី​ឆ្នាំ​មុន​ដែល​មិន​មែន​ឡាន​ធំ​ចូល​មក​ទៅ មាន​មក​ទិញ​តិចតួច មិន​បាន​ថ្លៃ។ កន្លង​ទៅ​នេះ​បើ​កុំ​មាន​ភ្លៀង​មក​ឡាន​អាច​បើក​វាង​បាន​ ឡាន​ត្រឹម ៥​តោន​កន្លះ​អី​អាច​បើក​វាង​បាន»។

វិទ្យុ​អាស៊ី​សេរី​ នៅ​ពុំ​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក គឹម សុវណ្ណ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ រួម​ទាំង​ថ្នាក់​ដឹក​នាំ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ជុំវិញ​គម្រោង​ស្តា​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ថ្នល់​ នេះ​បាន​ទេ​ ដោយសារ​ពួកគេ​កំពុង​រវល់​ចូល​រួម​ក្នុង​ពិធី​ធ្វើ​បុណ្យ​សព​លោក ទ្រី ណារិន ​នៅ​ឯ​ខេត្ត​កំពង់ចាម។

ទាក់ទិន​ករណី​ស្ពាន​ថ្នល់​ដែល​រង​ការ​ខូច​ខាត​នៅ​ស្រុក​ភ្នំ​ស្រុក​នេះ ជំទប់​ទី​១ ឃុំ​ស្រះជីក លោក ឡាត សេងជាតិ​ បញ្ជាក់​ថា យោង​លើ​ស្មារតី​នៃ​កិច្ច​ប្រជុំ​របស់​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ កន្លង​ទៅ​ថ្មីៗ​នេះ​ បាន​សម្រេច​ឲ្យ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន រួម​ទាំង​មន្ទីរ​អភិបាល​ជន​បទ​ខេត្ត​បន្ទាយមានជ័យ ចុះ​អនុវត្ត​គម្រោង​កសាង​ស្ពាន​ថ្នល់​នៅ​ក្នុង​ស្រុក​ភ្នំស្រុក ជា​បន្ត​ទៀត​ នៅ​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៣​នេះ​។ លោក​បន្ត​ថា ដើម្បី​សម្រួល​ដល់​ចរាចរណ៍​ឆ្លង​កាត់​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​ស្រុក​ភ្នំ​ស្រុក នឹង​បញ្ជូន​គ្រឿងចក្រ​ទៅ​កាយ​បង្គោល​ឈើ​ចេញ បន្ទាប់​មក​លើក​ដី​ចាក់​ធ្វើ​ផ្លូវ​ប្រើ​ជា​បណ្ដោះអាសន្ន៕

No comments: