៥-វិច្ឆិកា-២០១៣៖ ប្រជាពលរដ្ឋដឹកជញ្ជូនដំឡូងមី នៅខេត្តកំពង់ចាម។ RFA/Saut Sokprathna |
ដោយ សូត សុខប្រាថ្នា RFA 2013-11-16
ម្ចាស់រថយន្តធុនធ្ងន់បានបញ្ជាក់ថា ពួកគាត់អាចអនុវត្តតាមច្បាប់កំណត់បាន ក៏ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់តម្លៃដំឡូងមី ពីព្រោះពួកម្ចាស់រថយន្តអាចទិញដំឡូងក្នុងតម្លៃខ្ពស់ក៏ដោយសារពួកគាត់អាចដឹកបានច្រើន។ ប្រធានក្រុមជញ្ជីងចល័តបានបញ្ជាក់ថា ការអនុវត្តរបស់ពួកគាត់គឺតែងតែមានជាប្រចាំ ដើម្បីធានាបាននូវការប្រើប្រាស់ផ្លូវនិងការគោរពច្បាប់ឱ្យបានត្រឹមត្រូវ។
ឈ្មួញកណ្ដាលដែលជាអ្នកទិញដំឡូងមីយកទៅលក់នៅប្រទេសវៀតណាម បានត្អូញត្អែរពីសកម្មភាពចាប់រថយន្តដើម្បីផាកពិន័យពីសំណាក់ក្រុមមានសមត្ថកិច្ចចំពោះការដឹកទំនិញលើសចំណុះ។ ឈ្មួញកណ្ដាលទាំងនោះបានអះអាងថា ពួកគាត់អាចអនុវត្តតាមការណែនាំរបស់សមត្ថកិច្ចបាន ក៏ប៉ុន្តែអ្នកដែលទទួលរងប៉ះពាល់ខ្លាំងគឺប្រជាពលរដ្ឋដែលជាអ្នកដាំដំឡូង។
ឈ្មួញទិញដំឡូងមីយកទៅលក់នៅប្រទេសវៀតណាម រស់នៅឃុំត្រពាំងព្រិញ ស្រុកតំបែរ ដោយសុំមិនបញ្ចេញឈ្មោះម្នាក់ បានឱ្យដឹងថា ការត្រួតពិនិត្យរបស់មន្ទីរសាធារណការនិងដឹកជញ្ជូននេះ ធ្វើឱ្យពួកគាត់មានការខ្លាចរអា ដូចនេះពួកគាត់មិនហ៊ានទទួលទិញផលិតផលដំឡូងពីប្រជាពលរដ្ឋក្នុងតម្លៃខ្ពស់នោះទេ។
គាត់ថា គាត់អាចទិញថ្លៃ ដោយសារតែពួកគាត់អាចដឹកបានច្រើន ទើបអាចទូទាត់ថ្លៃសេវាដឹកជញ្ជូនបាន៖ «ការប៉ះពាល់ វាប៉ះពាល់ខ្លាំងនៅលើប្រជាពលរដ្ឋខ្លាំងតែម្ដង! ព្រោះប្រជាពលរដ្ឋត្រូវការទីផ្សារដំឡូងអ៊ីចឹងឱ្យល្អ ដល់ឥឡូវខាងក្រសួងសាធារណការនិងដឹកជញ្ជូន គាត់ចុះមកចាប់ឡានអ៊ីចឹងៗ ឡានអត់ហ៊ានដឹកទៀតទេ អ៊ីចឹងដឹកបានត្រឹមតែម្ភៃតោន»។
ឈ្មួញដឹកដំឡូងទៅលក់នៅប្រទេសវៀតណាមម្នាក់ទៀត រស់នៅឃុំសេដា ស្រុកតំបែរ ខេត្តកំពង់ចាម លោក រុណ រដ្ឋា បានឱ្យដឹងថា កាលពីថ្ងៃ១១ វិច្ឆិកា ក្រុមជញ្ជីងចល័តបានចាប់ឃាត់រថយន្តរបស់លោក ដើម្បីធ្វើការផាកពិន័យ ដោយសារតែលោកបានដឹកលើសចំណុះជាច្រើនតោន។ លោកត្រូវបង់ជាង ១០លានរៀលចំពោះរថយន្តមួយគ្រឿង ជាថ្នូរនឹងការលួសរថយន្តមកវិញ។ លោកបន្តថា ការផាកពិន័យនេះ ធ្វើឱ្យប៉ះពាល់ជាខ្លាំងដល់ប្រជាពលរដ្ឋដែលជាអ្នកដាំដុះទៅវិញនោះទេ ពីព្រោះពួកគាត់គ្រាន់ជាអ្នកបន្តទិញតែប៉ុណ្ណោះ។
ប្រភពដដែលបន្ថែមថា ក្រោយពីក្រុមជញ្ជីងចល័តបានចេញសកម្មភាពប៉ុន្មានថ្ងៃមកក៏បាត់ទៅវិញ ហើយលោកឃើញរថយន្តដឹកលើសចំណុះផ្សេងទៀតនៅតែអនុវត្តដដែល ដូចនេះលោកចង់ឱ្យសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នាទើបជាការប្រសើរ៖ «រដ្ឋាភិបាលជួយបង្ក្រាបឱ្យស្មើគ្នាទៅ វាគ្មានអ្នកណាដេញអ្នកណាទេ។ ទិញដូចថា ដំណាំកសិផលយើង គឺនៅតម្លៃថេរ។ ឧទាហរណ៍ថាថ្ងៃហ្នឹងទិញតម្លៃ ៣០០ នៅ ៣០០ថេរអ៊ីចឹង! ដូចថា អ្នកខ្លះគេដឹកបានច្រើនគេយកចំណេញតិចមែន ២០រៀល ៣០រៀល ប៉ុន្តែគេដឹកបានច្រើន គេអាចទិញលើសយើង។ យើងទិញអត់បាន។ បាទៗ! អ៊ីចឹងសូមឱ្យស្មើគ្នាទាំងអស់ទៅ បើថា ៣២០ ស្មើគ្នាទាំងអស់ទៅ»។
បញ្ហានេះត្រូវបានអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនទទួលបន្ទុកផ្នែកជញ្ជីង និងជាសមាជិកក្រុមត្រួតពិនិត្យចម្រុះរបស់ក្រសួង លោក នួន គឹមហេង បានមានប្រសាសន៍នៅថ្ងៃទី១៦ វិច្ឆិកា ថា ការចុះត្រួតពិនិត្យនេះ គឺមិនមែនជាលើកទីមួយនោះទេ ហើយក៏មិនមែនចំពោះតែរថយន្តដឹកដំឡូងនោះដែរ គឺមានជាហូរហែ ក្រោមការសហការពីអាជ្ញាធរខេត្ត ដើម្បីធានាបាននូវការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ និងជៀសវាងការធ្វើឱ្យផ្លូវត្រូវទទួលរងការខូចខាតដោយសារការដឹកលើសចំណុះ។
លោក នួន គឹមហេង៖ «ដោយសារគាត់លើសទម្ងន់ ហើយមានបញ្ជាពីអភិបាលខេត្ត អាផ្លូវ ៧៣ ហ្នឹងឱ្យចុះត្រួតពិនិត្យ អ៊ីចឹងគេមិនគិតថា ដំឡូង ឬអីទេ គ្រាន់តែថា គាត់យល់ច្បាប់គាត់អាចនឹងបន្ថយ ឬដឹកតាមកម្រិតកំណត់មក។ អ៊ីចឹងដល់ពេលយើងចាប់វាប៉ះពាល់បញ្ហាដំឡូងមិនអ៊ីចឹងៗគាត់តែងតែស្រែក។ ជាធម្មតាទេ អាការងារហ្នឹងគេបានផ្សព្វផ្សាយយូរហើយ អាការងារនេះ បើយើងនិយាយទៅ តាំងពីឆ្នាំ២០០០ ដែលគេអនុវត្ត។ អ៊ីចឹងគាត់គួរតែយល់ហើយ គាត់គួរតែដឹងថា គេឱ្យប៉ុន្មានៗ តាមប្រភេទឡានរបស់គាត់ហ្នឹង អ៊ីចឹងមិនមែនឥឡូវឥឡាទេ»។
ដើម្បីជៀសវាងបាននូវការអាប់អន់ចិត្ត និងការប៉ះពាល់ដល់ផលប្រយោជន៍ទាំងអស់គ្នា លោកសំណូមពរឱ្យប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តគប្បីគោរពច្បាប់ឱ្យបានត្រឹមត្រូវ ហើយខាងលោកក៏នៅតែបន្តសកម្មភាពនេះជាប់ជានិច្ច។
ប្រធានអង្គការសេដាក (CEDAC) លោក យ៉ង់ សាំងកុមារ បានមានសាសន៍ថា វាជារឿងធម្មតារបស់ឈ្មួញក្នុងការកេងបន្តិចបន្តួចពីការដឹកលើសចំណុះដើម្បីទទួលបានផលចំណេញ ហើយបញ្ហានេះអាចសម្រួលបាន គឺប្រជាពលរដ្ឋនិងឈ្មួញទាំងនោះត្រូវមានការនឿយហត់បន្តិច ដើម្បីចំណាយពេលសម្ងួតដំឡូងនោះឱ្យស្ងួតសិន មុនពេលនាំចេញ។
លោក យ៉ង់ សាំងកុមារ៖ «មិនត្រឹមតែប៉ុណ្ណឹង ប្រជាកសិករយើងត្រូវធ្វើការថែមខ្លួនឯងបន្តិចទៀត។ក្នុងការងារអ៊ីចឹងវាក៏អាចជាការបន្ថែមតម្លៃដែរ ហើយទី២ យើងអាចរកកន្លែងប្រមូលផ្តុំគ្នាហ្នឹងដែលនៅជិតៗគ្នាហ្នឹង ប្រមូលមកយើងអាចអ្នករកស៊ីដំឡូងហ្នឹង អាចរកកន្លែងសម្ងួតអី»។
លោកបន្តថា ដោយសារតែប្រជាពលរដ្ឋកម្ពុជា ភាគច្រើនរស់នៅអាស្រ័យផលលើរបរកសិកម្មដូចនេះវាក៏ជាចំណែករបស់រដ្ឋាភិបាលក្នុងការដោះស្រាយនូវបញ្ហាមួយចំនួន ដូចជាការដឹកជញ្ជូនប្រេងសាំង និងស្វែងរកអ្នកវិនិយោគទុនដើម្បីបង្កើតទីផ្សារកែច្នៃផលិតផលខ្មែរនៅក្នុងស្រុកតែម្តង៕
No comments:
Post a Comment