RFA/Ratha Visal |
ដោយ វោហារ ជាតិ RFA 2013-11-16
អង្គការអភិរក្សអន្តរជាតិ (Conservation International) សហការជាមួយសកលវិទ្យាល័យ ខនធើប៊ូរី (University of Canterbury) បានធ្វើបទបង្ហាញអំពីផលប៉ះពាល់បរិស្ថាននៃការសាងសង់ទំនប់វារីអគ្គិសនីទន្លេបី កាលពីថ្ងៃទី១៤ វិច្ឆិកា នៅរាជធានីភ្នំពេញ។
បទបង្ហាញនោះសឲ្យឃើញថា បើសិនជាទំនប់វារីអគ្គិសនីទាំងនោះសង់ដូចផែនការកំណត់មែន នឹងធ្វើឲ្យទំហំធារទឹកក្នុងទន្លេមេគង្គ ទន្លេសាប និងទំនប់វារីអគ្គិសនីទន្លេបី ប្រែប្រួលផ្ទុយគ្នាយ៉ាងខ្លាំង រួមទាំងបាត់បង់ពូជត្រី ព្រៃឈើ ដីល្បាប់ ប្រែប្រួលធាតុអាកាស និងការផ្លាស់ប្ដូរទីលំនៅជាដើម។ ចំណែកថាមពលអគ្គិសនីវិញ ក៏នឹងទទួលផលបានតិចដែរ។
នាយិកាបច្ចេកទេសជាន់ខ្ពស់នៃអង្គការអភិរក្សអន្តរជាតិ អ្នកស្រីវេជ្ជបណ្ឌិត ត្រេស៊ី ហ្វារេល (Dr. Tracy Farrell) បានបង្ហើបថា គម្រោងសាងសង់នេះគួរផ្អាកមួយរយៈសិន ព្រោះថា នៅមានអាថ៌កំបាំងច្រើនទៀតអំពីផលប៉ះពាល់ ដែលក្រុមបរិស្ថានត្រូវធ្វើការស្រាវជ្រាវបន្តទៀត មុននឹងឲ្យគម្រោងនេះដំណើរការ៖ «ខ្ញុំគិតថា យើងនៅពិចារណាអំពីបញ្ហាធំៗនៅឡើយ ថាតើអ្វីដែលយើងចង់បានទៅអនាគតនោះ វាដូចម្ដេច? តើគួរទទួលស្គាល់បែបណាចំពោះការបាត់បង់ផលមច្ឆាជាតិ ដោយសារទំនប់វារីអគ្គិសនី ឬក៏ផ្លាស់ប្ដូរវិធីអ្វីផ្សេង ថាតើអ្វីដែលយើងគួរធ្វើ ឬមិនគួរធ្វើចំពោះសេវាទំនប់វារីអគ្គិសនីនេះ»។
ឯកសារបង្ហាញថា មានគម្រោងទំនប់វារីអគ្គិសនីចំនួន៤២ ដែលកំពុងសាងសង់ និងគ្រោងសាងសង់នៅតាមដងទន្លេទាំងបីនេះ។ ហើយបើសិនជាគម្រោងនេះត្រូវដំណើរការដូចការគ្រោងទុកមែន គឺធ្វើឲ្យធារទឹកនៅក្នុងទំនប់ និងទន្លេមេគង្គ ទាំងទន្លេសាប មានច្រើននៅរដូវប្រាំង ហើយក្នុងរដូវវស្សា ធារទឹកដែលធ្លាប់មានច្រើននោះ ប្រែជាស្រកចុះតិចទៅវិញ។ ប្រភពស្ដុកទឹកនៅក្នុងរដូវប្រាំង នឹងកើនឡើងដល់ទៅ ៦៣% ហើយនឹងស្រកចុះក្នុងកម្រិតទាបចំនួន ២២% ក្នុងរដូវវស្សា។ ចំពោះល្បឿនចរន្តទឹកហូរ ក៏មានបញ្ហាដែរ គឺមានការប្រែប្រួលដល់ទៅ ៥៥% នៅរដូវប្រាំង ដោយសារតែកម្លាំងទឹកដែលគេទម្លាក់មកពីទំនប់វារីអគ្គិសនីចំនួន ៧ ខាងលើ ដែលគេគ្រោងសាងសង់ដូចគ្នា ដូចជា ទំនប់ស្រែពក៣ ស្រែពក៤ សេសាន៣ សេសាន២ បូកនឹងស្រែពក សេហុង៥ សេហុង៤ និងសេស៊ូ។
អនុប្រធាននាយកដ្ឋានជលផលនៃក្រសួងកសិកម្ម លោក សម នៅ ទទួលស្គាល់ពីផលប៉ះពាល់នេះ។ ក៏ប៉ុន្តែ លោកថា ទោះយ៉ាងណា រដ្ឋាភិបាលត្រូវការអភិវឌ្ឍសេវាអគ្គិសនីចាំបាច់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ សម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋជិត ៨០% កំពុងខ្វះអគ្គិសនីប្រើប្រាស់៖ «រដ្ឋាភិបាលលោកសម្រេច គឺសម្រេចហើយ។ ក៏ប៉ុន្តែ អ្នកសាងសង់ហ្នឹង ត្រូវធ្វើយ៉ាងណា ដើម្បីជួយសម្រួលផលប៉ះពាល់ហ្នឹងឲ្យកាន់តែតិចទៅៗ ព្រោះមានវិទ្យាសាស្ត្រទៅមុខ គឺការរកឃើញថ្មីៗទៀត ការសាងសង់»។
ក្នុងពិធីធ្វើបទបង្ហាញអំពីផលប៉ះពាល់នោះ មានមន្ត្រីរដ្ឋាភិបាល និស្សិតកសិកម្ម រួមទាំងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាលចូលរួមដែរ។ អ្នកសម្របសម្រួលអង្គការបណ្ដាញទន្លេបី សេសាន ស្រែពក និងសេកុង លោក មៀច មាន សម្ដែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលនៅតែសម្រេចបន្តសាងសង់ទំនប់វារីអគ្គិសនីនេះ បើទោះណាដឹងថា មានផលប៉ះពាល់យ៉ាងក៏ដោយ៖ «រដ្ឋាភិបាលទទួលស្គាល់ថា ទន្លេបី គឺជាដៃទន្លេមេគង្គមួយសំខាន់មែនទែនបន្ទាប់ពីបឹងទន្លេសាប។ ប៉ុន្តែ អ្វីដែលខ្ញុំយល់ឃើញមានលក្ខណៈខុសគ្នានោះ គឺរដ្ឋាភិបាលទោះណាមើលឃើញថា ទន្លេបីនេះមានសក្ដានុពលសម្រាប់ប្រទេសកម្ពុជា យើង ជាពិសេស គឺត្រីទឹកសាបនៅក្នុងប្រទេសកម្ពុជា យើងក៏ដោយ តែរដ្ឋាភិបាលនៅសម្រេចចង់សង់ទំនប់»។
ទាក់ទងផលប៉ះពាល់នេះ អ្នកជំនាញអង្គការអភិរក្សអន្តរជាតិ ក៏បានផលិតខ្សែភាពយន្តខ្លីមួយបង្ហាញអំពីផលប៉ះពាល់បរិស្ថាន អំពីគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅប្រទេសផ្សេងៗ ដែលមិនបានសិក្សាស៊ីជម្រៅ។ ក្រៅពីនេះ ក៏បានផ្ដល់អនុសាសន៍អំពីជម្រើសផ្សេងៗ ដើម្បីបញ្ចៀសផលប៉ះពាល់នេះ «សំឡេងភាពយន្ត» ភាពយន្តនេះបង្ហាញអំពីជម្រើសផ្សេង ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ដូចជា ធ្វើជណ្ដើរដើម្បីឲ្យត្រីឆ្លងកាត់ទំនប់បាន រកកន្លែងសង់ទំនប់ផ្សេង ដើម្បីរក្សាធារទឹក និងចរន្តទឹកធម្មជាតិនៅដដែល ឬរកវិធីផលិតអគ្គិសនីតាមវិធីផ្សេង ដែលមិនប៉ះពាល់ដល់បរិស្ថាន ដូចជា ប្រើថាមពលពន្លឺព្រះអាទិត្យ ប្រើឡជីវឧស្ម័ន ឬថាមពលកែច្នៃពីកាកសំណល់ជាដើម៕
No comments:
Post a Comment