Tuesday, November 19, 2013

ពលរដ្ឋ​ខេត្ត​ព្រៃវែង​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​បញ្ចូល​ស្រែ


កុមារា​ឈ្មោះ ថេត អាយុ​១១​ឆ្នាំ​ជិះ​លើ​ខ្នង​ក្របី​ដែល​កំពុង​ស៊ី​ស្មៅ​តាម​វាល​ស្រែ
​​ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃ​វែង នា​ថ្ងៃ​ទី​៣០ សីហា ២០០៩។ Photo: RFA
ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​ព្រះស្ដេច និង​ស្រុក​ពាមជរ ខេត្ត​ព្រៃវែង ប្រមាណ​ជាង ៥០០​ហិកតារ កំពុង​ប្រឈម​ការ​ខ្វះ​ទឹក​បញ្ចូល​ស្រែ។ ហើយ​ស្រូវ​ទាំង​នោះ នឹង​អាច​ខូច​ខាត​ធ្ងន់ធ្ងរ ប្រសិន​បើ​ពុំ​មាន​ទឹក​បញ្ចូល​ស្រែ​ក្នុង​រយៈពេល ២ ទៅ ៣​សប្ដាហ៍ ខាង​មុខ។

ដោយ ហ៊ុំ ចំរើន RFA 2013-11-19

ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា ដំណាំ​ស្រូវ​របស់​ពួក​គាត់​បាន​ជួប​បញ្ហា​ដាច់​ទឹក​បញ្ចូល​ស្រែ​ជាង ២​សប្ដាហ៍​មក​ហើយ ពោល​គឺ​ស្រូវ​ចាប់​ដាច់​ទឹក​តាំង​ពី​សាបព្រោះ​ដុះ​ថ្មី​រហូត​មក។ ហើយ​ក្នុង​នោះ ស្រូវ​របស់​អ្នក​ភូមិ​មួយ​ចំនួន​ក៏​បាន​ចាប់​ផ្ដើម​ងាប់​បណ្ដើរៗ​ផង​ដែរ។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​លោក អេង ស៊ីណា រស់​នៅ​ភូមិ​សូរិយា ឃុំ​បឹងដោល ស្រុក​ព្រះស្ដេច មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ថា អ្នក​ភូមិ​ពុំ​មាន​ទឹក​បញ្ចូល​ស្រែ​ដោយសារ​បាក់​ទំនប់​ស្តុក​ទឹក​ពោធិ៍បុរី បណ្ដាល​ឲ្យ​ទឹក​ដែល​មាន​នៅ​ក្នុង​ប្រឡាយ ហូរ​ចេញ​អស់​គ្មាន​សល់។ ហើយ​បញ្ហា​ទាំង​នេះ ធ្វើ​ឲ្យ​ដំណាំ​ស្រូវ​របស់​អ្នក​ភូមិ​អម​ប្រឡាយ​ទឹក​ប្រមាណ ៥០០​ហិកតារ រង​ផល​ប៉ះពាល់។ ហើយ​ស្រែ​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ច្រើន​ជាង​គេ គឺ​នៅ​ភូមិ​សូរិយា៖ «ពី​ដើម​មក​ហ្នឹង ប្រើ​ទឹក​ទំនប់​ពោធិ៍បុរី ហ្នឹង​បាទ! ទំនប់​ពោធិ៍បុរី ទប់​នៅ​ត្រង់​អូរ​តាហែន ព្រោះ​វា​ជាន់​ប្រព័ន្ធ​ទឹក​ហ្នឹង​ទាំងអស់។ ដល់​តែ​ជីក​ប្រឡាយ​ពី​ត្បូង​មក​ទៅ ទទួល​វា​បាក់​អា​ទំនប់​ហ្នឹង វា​ហូរ​ទៅ​ទាំងអស់​តែ​ហ្មង។ រីង​ហ្នឹង​ជាប់​កន្លះ​ខែ​ហើយ ពួក​ខ្ញុំ​អត់​មាន​បាច​ដាក់​អី​ទេ រីង​អស់​តែ​ម្ដង។ បាទ! តាំង​ពី​ព្រោះ​ហើយ​ហ្នឹង អស់​ទឹក​ហ្មង បើ​គ្មាន​ដាក់​ទេ​ស្រូវ​ហ្នឹង​ចប់​ហ្មង​អស់​ហ្មង»។

លោក​បន្ត​ថា ស្រែ​របស់​អ្នក​ភូមិ​ដែល​ជួប​បញ្ហា​ខ្វះ​ខាត​ទឹក​បញ្ចូល​ស្រែ​មាន​ប្រមាណ​ជាង ៥០០​ហិកតារ របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​បឹងដោល ស្រុក​ព្រះស្ដេច និង​ស្រែ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​ឫស្សីស្រុក ស្រុក​ពាមជរ ខេត្ត​ព្រៃវែង។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ព្រះស្ដេច លោក ប៉ិច សុង បង្ហាញ​ថា អ្នក​ភូមិ​ខ្វះ​ទឹក​បញ្ចូល​ស្រែ​នោះ​ពិត​ជា​មាន​មែន។ ប៉ុន្តែ ការ​ខ្វះ​ខាត​ទឹក​នេះ​ដោយសារ​ការ​មិន​ចុះ​សម្រុង​គ្នា​រឿង​ការ​បង្ហូរ​ទឹក​បញ្ចូល​ស្រែ​រវាង​អ្នក​ភូមិ​ក្រាំងក្រយ៉ង និង​ប្រជាពលរដ្ឋ​នៅ​ភូមិ​សូរិយា។ លោក​បន្ត​ថា បញ្ហា​នេះ​អាជ្ញាធរ​កំពុង​រៀប​ចំ​ដោះស្រាយ​ឲ្យ​ពួក​គាត់ ដើម្បី​ឲ្យ​បាន​ទឹក​បញ្ចូល​ស្រែ​ហើយ៖ «អត់​ធ្ងន់ធ្ងរ​អី​ទេ​បង គ្រាន់​តែ​ប្រជាជន​ខាង​ណោះ​គាត់​ចង់​បាន​ទឹក​ដែរ យើង​ទៅ​ដោះស្រាយ​ណា​បង បើ​សិន​ទឹក អ៊ីចឹង​យើង​ប្រឹងប្រែង​ហើយ។ ទឹក​វា​មាន​ទឹក​កន្លែង​ស្តុក​ទំនប់​ពោធិ៍បុរី ហ្នឹង​ហើយ តែ​គ្រាន់​តែ​ថា ខាង​ក្រាំងក្រយ៉ង គាត់​អត់​ឲ្យ​ខាង​នេះ​បង្ហូរ​មក​លើ​សូរិយា តែ​ប៉ុណ្ណឹង​ទេ​បង។ តែ​ឥឡូវ ខ្ញុំ​ឲ្យ​នាយក​រដ្ឋបាល ហើយ​និង​ឃុំ​អី ចុះ​ទៅ​ដោះស្រាយ​ជួប​ជាមួយ​ឃុំ​ក្រាំងក្រយ៉ង ស្រុក​ពាមជរ»។

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ស្រែ​ស្រូវ​របស់​អ្នក​ភូមិ​ដែល​នៅ​ឆ្ងាយ​ពី​ដង​ប្រឡាយ​ភាគ​ខាង​ក្រោម បាន​ទទួល​រងគ្រោះ​ការ​ខ្វះ​ខាត​ទឹក​ធ្ងន់ធ្ងរ​ជាង​គេ។

ប្រជាពលរដ្ឋ​អំពាវនាវ​សុំ​ឲ្យ​ក្រសួង​ធនធាន​ទឹក និង​មន្ត្រី​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ធ្វើ​យ៉ាង​ណា​ជួយ​ដោះស្រាយ​ពួក​គាត់​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​បញ្ហា​នេះ​កាន់​តែ​មាន​សភាព​ធ្ងន់ធ្ងរ ពិបាក​ធ្វើ​ការ​ដោះស្រាយ​នោះ៕

1 comment:

Anonymous said...

Help...Mr Rainsy...Where are you???