មន្ត្រីសិទ្ធិមនុស្សខេត្តរតនគិរី ឲ្យដឹងថា អ្នកទោសនៅពន្ធនាគារខេត្តរតនគិរី ចំនួន ៦នាក់ បានរត់ចេញពីពន្ធនាគារចំនួនពីរលើក ពីដើមខែវិច្ឆិកា ឆ្នាំ២០១៣។
១០-វិច្ឆិកា-២០១៣៖ រូបថតអ្នកទោសទាំង ៥នាក់ ដែលរត់ចេញពីពន្ធនាគារខេត្តរតនគិរី។ Adhoc Photo |
ដោយ រដ្ឋា វិសាល RFA 2013-11-10
មន្ត្រីសិទ្ធិមនុស្សខេត្តរតនគិរី ឲ្យដឹងថា អ្នកទោសនៅពន្ធនាគារខេត្តរតនគិរី ចំនួន ៥នាក់ បានរត់ចេញពីពន្ធនាគារ នៅព្រឹកថ្ងៃទី១០ វិច្ឆិកា។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ឆាយ ទី មានប្រសាសន៍បញ្ជាក់ថា នៅវេលាទៀបភ្លឺនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា អ្នកទោសចំនួន ៥នាក់ បានអារចម្រឹងបង្អួច ហើយរត់ចេញពីពន្ធនាគារ ក៏ប៉ុន្តែអ្នកទោសម្នាក់ត្រូវបានសមត្ថកិច្ចចាប់បានមកវិញ ខណៈកំពុងរត់គេចខ្លួននេះ។ ហើយកាលពីសប្ដាហ៍មុន ក៏មានអ្នកទោសក្នុងបទគ្រឿងញៀនម្នាក់ បានរត់គេចខ្លួនបានដូចគ្នា។ លោកកត់សម្គាល់ថា នេះជារឿងមិនប្រក្រតីផ្ទួនគ្នា ដែលក្រសួងមហាផ្ទៃ គួរចាត់វិធានការស៊ើបអង្កេតបញ្ហានេះ។
លោក ឆាយ ទី៖ «ប្រធានពន្ធនាគារគាត់បានបញ្ជាក់ គាត់ថារណាចាស់ ហើយអារទៅលើចម្រឹងដែកចំនួនពីរដើម ហើយបានលោតចេញម៉ោងប្រហែលបីជាងទៀបភ្លឺ។ ស្ថាប័នពន្ធនាគារ គឺមានការធ្វេសប្រហែសក្នុងការរឹតបន្តឹងអំពីការឃុំឃាំងអ្នកទោសហ្នឹង ព្រោះការស៊ើបអង្កេតបឋម យើងឃើញវាមានបញ្ហាមិនប្រក្រតី។ អ្នកទោសបានរត់រួចជាបន្តបន្ទាប់ ហើយយើងអត់មានវិធានការទប់ស្កាត់»។
១០-វិច្ឆិកា-២០១៣៖ ចម្រឹងបង្អួចដែលអ្នកទោសអារ។ Adhoc Photo |
គិតសរុប ក្នុងខែវិច្ឆិកា នេះ មានអ្នកទោស ៦នាក់ ដែលបានរត់ចេញពីពន្ធនាគារ រួមមានឈ្មោះ នៅ សុខណា ជាប់ចោទក្នុងបទឧក្រិដ្ឋសម្លាប់មនុស្ស ឈ្មោះ ក្វើង ទន់ ជាប់ចោទក្នុងអំពើចោរកម្ម ឈ្មោះ ភុំ ខូ ជាប់ចោទអំពើលួចមានស្ថានទម្ងន់ ឈ្មោះ វន់ វិចិត្រ រួមភេទលើអនីតិជន ឈ្មោះ ផៃ វិត បៀតបៀនផ្លូវភេទ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានវិញ និងឈ្មោះ គឺម បូរ៉ាន់ ជាប់ចោទជួញដូរគ្រឿងញៀន រត់គេចខ្លួនកាលពីសប្ដាហ៍មុន។
អ្នកនាំពាក្យសាលាខេត្ត និងជាអភិបាលរងខេត្តរតនគិរី លោក ណាប់ ប៊ុនហេង មានប្រសាសន៍បញ្ជាក់ថា អាជ្ញាធរខេត្តមិនទាន់ទទួលបានរបាយការណ៍លម្អិតស្ដីពីករណីនេះទេ ដោយសារតែសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនអ្នកទោសទាំងនោះ៕
2 comments:
What are these people does!? I can't read Khmer!!!!!
They escape from dictator Hun Sen's prison.
Post a Comment